Sunday, January 8, 2017

កសិករ​ខេត្ត​ពោធិ៍សាត់​ស្ដី​បន្ទោស​អាជ្ញាធរ​ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​តម្លៃ​ដំឡូង

                                                                                                                                                                       កសិករ​ជាច្រើន​នៅ​ស្រុក​ភ្នំក្រវ៉ាញ និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ កំពុង​ខាតបង់​ប្រាក់ និង​ខ្លះ​ជំពាក់​បំណុល​ធនាគារ ដោយសារ​ទិន្នផល​ដំឡូង​ពួក​គេ​លក់​បាន​ថោក។ កសិករ​ជាច្រើន​ភូមិ​នៃ​ស្រុក​ទាំង​ពីរ​អះអាង​ថា រយៈពេល​ពីរ​ឆ្នាំ​ហើយ​ដែល​ទិន្នផល​ដំឡូង​សម្រាប់​នាំ​ចូល​រោងចក្រ ឬ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ចុះ​ថោក គឺ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី ៣០០​រៀល​ទៅ ៤៥០​រៀល។ ក្រុម​កសិករ​បាន​ស្ដី​បន្ទោស​អាជ្ញាធរ និង​ឈ្មួញ​កណ្ដាល​ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​ទីផ្សារ​ដំឡូង និង​ថា​ឈ្មួញ​ខ្លះ​ឲ្យ​តម្លៃ​ដំឡូង​ថោក ឬ​ថ្លៃ​ទៅ​តាម​ចិត្ត​របស់​ពួក​គេ។

កសិករ​ម្នាក់​នៅ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវ៉ាញ លោក អ៊ូ ថា មាន​ប្រសាសន៍​ថា ផល​ដំឡូង​ដែល​លោក​បាន​ដាំ​លើ​ផ្ទៃដី​ជាង ៥​ហិកតារ ដោយ​ចំណាយ​ថ្លៃ​ដើម​ស្ទើរ​សព្វគ្រប់​នោះ ទទួល​បាន​ផល​តែ ១០​តោន​ប៉ុណ្ណោះ ហើយ​ឆ្នាំ​នេះ​លក់​បាន​ថោក​ទៀត។ លោក​លក់​បាន ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយសារ​ដំឡូង​របស់​លោក​ខ្លះ​ត្រូវ​ទឹក​សើម និង​ដុះ​ផ្សិត ទើប​លោក​បង្ខំ​ចិត្ត​លក់​ចេញ​ទាំង​ខាតបង់​ច្រើន៖ «អ្ហឺ! ចប់​ហើយ​បង​អើយ! រលួយ​ខូច​អស់ ហើយ​ធ្វើ​បាន​មក​លក់​បាន​ថោក​ទៀត និយាយ​ទៅ​អត់​រួច​ខ្លួន​បណ្ដោយ។ ដូច​អស់​ទឹក​ចិត្ត ព្រោះ​វា​ដាច់​ដើម​អស់​ហើយ។ លោក ជិន ជេដ្ឋា៖ បង​មាន​គោល​បំណង​ថា​នឹង​ដាំ​ដំណាំ​ផ្សេង​ក្រៅ​ពី​ដំឡូង​ទេ? មិន​ដឹង​ដាំ​អី​ម្ដង បើ​ដូច​ថា​ស្រូវ​ក៏​ដាំ​អត់​កើត ដំឡូង​ដល់​ខាត​អ៊ីចឹង​ទៅ​លំបាក»។

ចំណែក​កសិករ​ម្នាក់​ទៀត លោកស្រី គីម ស៊ាន់ បញ្ជាក់​ថា កម្មករ និង​ប្ដី​របស់​លោកស្រី​ទើប​ចុះ​គាស់​ដំឡូង ដើម្បី​កាប់​ហាល​បាន​ប្រហែល ១០​តោន ហើយ​មិន​ទាន់​បាន​គាស់​ប្រហែល​ពីរ ឬ​បី​តោន​ទៀត។ ដំឡូង​របស់​លោកស្រី​រយៈពេល​ពីរ​ឆ្នាំ​នេះ ទទួល​បាន​ផល​ច្រើន​គួរ​សម ប៉ុន្តែ​លក់​បាន​ថោក។ ការ​ដែល​លោកស្រី​បន្ត​ដាំ​ដំឡូង ដោយសារ​គ្មាន​មុខ​របរ និង​មិន​ដឹង​កែប្រែ​ដី​ដំណាំ​អ្វី​ផ្សេង​បាន៖ «និយាយ​ទៅ​យើង​គ្រាន់​តែ​ទូទាត់​ឲ្យ​កម្មករ ថ្លៃ​ភ្ជួរ និង​ថ្លៃ​ជី​អស់​ពីរ​បី​លាន ហើយ​ដល់​បាន​វិញ​មិន​ដឹង​បាន​ប៉ុន្មាន? សំណូមពរ​ឲ្យ​ដំឡូង​ឡើង​ថ្លៃ​បន្តិច​ទៅ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ពោធិ៍សាត់ អ្នកស្រី ឃឹម សៀងគាន បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដោយ​អ្នកស្រី​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

ប៉ុន្តែ​ប្រធាន​មន្ទីរ​កសិកម្ម លោក ឡាយ ពិសិទ្ធ បញ្ជាក់​ថា ផ្ទៃដី​ដាំ​ដំឡូង​នៅ​ស្រុក​បាកាន និង​ស្រុក​ភ្នំក្រវ៉ាញ មាន​ជាង ១​ម៉ឺន​ហិកតារ ក្នុង​ចំណោម​ផ្ទៃដី​ដាំ​ដំឡូង​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ជាង ៣​ម៉ឺន​ហិកតារ៖ «យើង​បាន​ជួយ​រក​ឈ្មួញ​រក​អី​គេ​មក​ឲ្យ​ជួយ​ទិញ ដូចជា​អ្នក​ប៉ៃលិន មក​ជួយ​ទិញ​ដល់​យើង​ហ្នឹង ហើយ​មួយ​ចំនួន​ទៀត នាំ​យក​ទៅ​ភ្នំពេញ។ យើង​គ្រាន់​ថា កុំ​ឲ្យ​គាត់​គាស់ ឬ​ប្រមូល​ផល​ដូច​គ្នា ឧបមា​ថា ឥឡូវ​ដល់​ខែ​មួយ​នេះ អ្នក​ខ្លះ​គួរ​ពន្យារ​ដល់​ខែ​ពីរ ឬ​ដើម​ខែ​បី​អី​ទៅ បើ​គាស់​ប្រមូល​ផល​ទាំងអស់​គ្នា​អត់​កើត​ទេ មិន​ដូច​ស្រូវ​ទេ ឲ្យ​តែ​ទុំ​ហើយ​ត្រូវ​ប្រមូល​ហើយ តែ​ដំឡូង​អត់​អី​ទេ យើង​អាច​ពន្យារ​ពេល​បាន»។

ឈ្មួញ​កណ្ដាល​ប្រមូល​ទិញ​ដំឡូង​នៅ​ស្រុក​ភ្នំក្រវ៉ាញ លោកស្រី ម៉ៅ សំណាង មាន​ប្រសាសន៍​ថា លោកស្រី​ចុះ​ទិញ​ដំឡូង​កសិករ​ថ្លៃ ឬ​ថោក អាស្រ័យ​លើ​តម្លៃ​នាំ​ចេញ​ក្រៅ​ប្រទេស​ជាក់ស្ដែង៖ «ពលរដ្ឋ​ថា​ដំឡូង​ថោក តែ​ខ្ញុំ​យក​ទៅ​លក់​ណោះ​ក៏​ថោក​ដែរ​លោកគ្រូ! ទៅ​ដល់​ណោះ​បាន ៤,៣​បាត និង ៤,៤​បាត។ ខ្ញុំ​ចុះ​ទិញ​នៅ​តំបន់​ជ្រៃក្រឹម បឹង​ស្ដុក ជង្រុក​២០។ និយាយ​ទៅ​ខ្ញុំ​បាន​ចាប់​អារម្មណ៍​គិត​ជា​តោន​ទេ ប៉ុន្តែ​គ្រាន់​ថា​រយៈពេល​ពីរ​ថ្ងៃ​បាន​មួយ​ជើង​ក្នុង​ឡាន​ចំណុះ​១៣ និង ១៤​តោន»។

កសិករ​នៅ​ស្រុក​បាកាន និង​ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ បាន​កាប់​ដំឡូង​ហាល​ច្រក​ការុង​ទុក​ក្រោម​ផ្ទះ និង​ខ្លះ​ដាក់​នៅ​ក្បែរ​ផ្លូវ​មុខ​ផ្ទះ រង់ចាំ​ឈ្មួញ​ចូល​ទិញ​ដែល​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​ទើប​លក់។ ប៉ុន្តែ​កសិករ​ខ្លះ បង្ខំ​ចិត្ត​លក់​ក្នុង​តម្លៃ​ថោក ព្រោះ​ពួក​គេ​ត្រូវ​ការ​ប្រាក់​ប្រើប្រាស់​បន្ទាន់ ដូចជា​បង់​ធនាគារ ឬ​សង​បំណុល​ឯកជន​ដែល​ពួក​គេ​ខ្ចី​មក​រៀបចំ​ដី និង​ថ្លៃ​ជី ដើម្បី​កុំ​ឲ្យ​ឡើង​ប្រាក់​ការ​កាន់​តែ​ច្រើន៕

No comments:

Post a Comment