សវនាការនៃសាលាក្ដីខ្មែរក្រហមក្នុងសំណុំរឿង ០០២ វគ្គ ២ ប្រឆាំង នួន ជា និង ខៀវ សំផន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ Photo courtesy of ECCC |
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការរបស់ខ្លួនទៀតនៅថ្ងៃច័ន្ទ ទី៩ មករា។ សវនាការនេះ អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបទាក់ទងនឹងបញ្ជីឈ្មោះអ្នកទោសនៅគុកទួលស្លែង។
ប្រធានសាលាដំបូង គឺលោក និល ណុន ដែលប្រកាសឲ្យគ្រប់ភាគីក្នុងសំណុំរឿង០០២ វគ្គ២ ដឹងពីប្រធានបទជំនុំជម្រះនៅថ្ងៃច័ន្ទ ទី៩ មករា នោះ មិនបានបញ្ចេញឈ្មោះសាក្សីនៅឡើយទេ ក្រៅពីលេខកូដ៖ «សវនាការនៅថ្ងៃច័ន្ទ ទី៩ ខែមករា ឆ្នាំ២០១៧ អង្គជំនុំជម្រះនឹងធ្វើសវនាការស្ដាប់សក្ខីកម្មសាក្សី 2TCW-1042 ទាក់ទងនឹងវិធីសាស្ត្រក្នុងការរៀបចំបញ្ជីឈ្មោះអ្នកជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខ ស២១។ សូមភាគីជម្រាប និងអញ្ជើញតាមពេលវេលាបានកំណត់នេះ»។
មន្ទីរសន្តិសុខ ស២១ ឬគុកទួលស្លែង គឺជាមន្ទីរសន្តិសុខមួយក្នុងចំណោមមន្ទីរសន្តិសុខចំនួន ៣កន្លែងនៃសំណុំរឿង០០២ វគ្គ២ ដែលអង្គជំនុំជម្រះសាលាដំបូងពិនិត្យភស្តុតាង ចាប់តាំងពីដើមឆ្នាំមក ទាក់ទងនឹងការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មន្ទីរសន្តិសុខពីរទៀត គឺមន្ទីរសន្តិសុខអូរកន្សែង ខេត្តរតនគិរី និងមន្ទីរសន្តិសុខភ្នំក្រោល ខេត្តមណ្ឌលគិរី។
សវនាការក្នុងសប្ដាហ៍នេះ គឺនៅថ្ងៃទី៤ និងថ្ងៃទី៥ មករា អង្គជំនុំជម្រះបានស្ដាប់ការដេញដោល និងការជំទាស់រវាងភាគីដើមបណ្ដឹងរដ្ឋប្បវេណី ភាគីសហព្រះរាជអាជ្ញា និងភាគីការពារក្ដីជនជាប់ចោទ ចំពោះការដាក់ឯកសារគន្លឹះបន្ថែមសម្រាប់ធ្វើសវនាការជំនុំជម្រះសំណុំរឿង០០២ វគ្គ២ បន្តទៅទៀត។ ប៉ុន្តែអង្គជំនុំជម្រះមិនទាន់សម្រេចដាច់ស្រេចលើឯកសារទាំងនេះទេ៖ «ដូច្នេះអង្គជម្រះសម្រេចថា ការឆ្លើយតបចុងក្រោយរបស់សហមេធាវីការពារក្ដី ខៀវ សំផន ទៅនឹងសេចក្ដីជំទាស់ទាំងឡាយរបស់សហព្រះរាជអាជ្ញាចំពោះឯកសារគន្លឹះ ដែលបានដាក់ដោយសហមេធាវីការពារក្ដី ខៀវ សំផន នោះ ទៅថ្ងៃអង្គារ នៅក្រោយពេលដែលបញ្ចប់នូវការស្ដាប់សក្ខីកម្មអ្នកជំនាញ វឿន វុទ្ធី»។
លោក វឿន វុទ្ធី ជាអ្នកជំនាញមួយរូបដែលធ្វើវិភាគ និងកោសល្យវិច័យលើឆ្អឹងមនុស្ស ដែលត្រូវគេសម្លាប់នៅក្នុងរបបខ្មែរក្រហម។
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ លោក វឿន វុទ្ធី បានជម្រាបអង្គជំនុំជម្រះសាលាដំបូងថា លោកបានធ្វើកោសល្យវិច័យ និងធ្វើវិភាគលើឆ្អឹងមនុស្សជាជនរងគ្រោះ ដែលត្រូវគេសម្លាប់នៅក្នុងរបបខ្មែរក្រហម ដូចជានៅខេត្តកំពង់ចាម ខេត្តតាកែវ ហើយចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ លោកបានធ្វើវិភាគឆ្អឹងជនរងគ្រោះនៅវាលពិឃាដជើងឯក ដែលជាសាខារបស់មន្ទីរសន្តិសុខ ស២១ និងអភិរក្សឆ្អឹងទាំងនោះបានចំនួន ៦.៤២៦នាក់។
ឆ្អឹងជនរងគ្រោះដែលលោកបានវិភាគនោះ គឺលោកអាចដឹងពីមូលហេតុសម្លាប់ ដូចជាដោយការវាយដំ កាប់ ចាក់ និងដាក់ថ្នាំគីមីពុល ជាដើម។
លោក វុទ្ធី ឲ្យដឹងទៀតថា ឆ្អឹងលលាដ៍ក្បាលជាផ្នែកឆ្អឹងសំខាន់សម្រាប់កំណត់អាយុ ភេទ និងបញ្ជាក់ស្លាកស្នាមអំពីការវាយដំនៅក្នុងរបបខ្មែរក្រហមនោះ។ ក្រៅពីនេះ ក៏មានឆ្អឹងជាង ៦ម៉ឺន (៦៣.១១២) ផ្នែកទៀតដែលលោកបានវិភាគ ដូចជា ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ កំភួនដៃជាដើម។
លោក វឿន វុទ្ធី ថ្លែងថា លោកបានចងក្រងលទ្ធផលពីការវិភាគឆ្អឹងទាំងនោះ និងថតទុកស្លាកស្នាមដើម្បីកុំឲ្យបាត់បង់ នៅពេលដែលឆ្អឹងទាំងនោះពុកផុយអស់។
ក្នុងចំណោមមន្ទីរសន្តិសុខជិត ២០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ក្នុងរបបខ្មែរក្រហម មន្ទីរសន្តិសុខ ស២១ ត្រូវបានសាលាក្ដីខ្មែរក្រហមចាត់ទុកជាភស្តុតាងកាប់សម្លាប់ដ៏សំខាន់មួយ ក្នុងការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហមនៅក្នុងសំណុំរឿង០០២ វគ្គ២ សព្វថ្ងៃនេះ។
សាក្សីដែលនឹងឡើងមកផ្ដល់សក្ខីកម្មនៅថ្ងៃច័ន្ទ ទី៩ មករា អំពីវិធីសាស្ត្រក្នុងការរៀបចំបញ្ជីឈ្មោះអ្នកជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខ ស២១ ឬហៅថាគុកទួលស្លែង គឺជាសក្ខីកម្មបន្ថែមមួយទៀតបន្ទាប់ពីអង្គជំនុំជម្រះបានស្ដាប់សក្ខីកម្មស្ដីពីបទបញ្ជាចាប់ចង ការគ្រប់គ្រង សួរចម្លើយ ធ្វើទារុណកម្ម និងការសម្លាប់ដោយប្រព័ន្ធសន្តិសុខខ្មែរក្រហម៕
No comments:
Post a Comment