កម្មករចំនួន ១១នាក់ដែលធ្វើការសំណង់ស្ថិតនៅក្នុងខណ្ឌសែនសុខ អំពាវនាវឲ្យអាជ្ញាធរខណ្ឌមួយនេះ ចេញធ្វើអន្តរាគមន៍ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់ បន្ទាប់ពីមេការម៉ៅសំណង់មិនព្រមបើកប្រាក់ថ្លៃពលកម្មជាច្រើនខែ។ កម្មករទាំងនេះបញ្ជាក់ថា ការសម្រេចចិត្តអំពាវនាវដល់អាជ្ញាធរនេះ ស្របពេលពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាពរឹតតែខ្លាំង និងមិនមានលុយសងបំណុល។
អស់រយៈពេលជាច្រើនខែហើយដែលអ្នកម៉ៅការសំណង់ឈ្មោះ សុ វិចិត្រ បានរកលេសមិនបើកប្រាក់ថ្លៃពលកម្មឲ្យកម្មករសំណង់ចំនួន ១១នាក់ ថ្វីត្បិតតែមកដល់ពេលនេះ កម្មករទាំងនេះកំពុងប្រឈមការលំបាកគ្មានប្រាក់ទិញអង្ករច្រកឆ្នាំងក្ដី។
ស្ត្រីកម្មករម្នាក់មកពីខេត្តព្រៃវែង លោកស្រី ហ៊ួន ជា ប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ មករា ថា លោកស្រីបានមកបម្រើការជាកម្មករសំណង់ជាមួយកូនៗចាប់ពីខែសីហា លុះដល់ខែវិច្ឆិកា ចំរដូវភ្ជុំបិណ្ឌ លោកស្រីបានទៅសុំបើកប្រាក់ថ្លៃពលកម្ម ដើម្បីទៅលេងស្រុកកំណើត ប៉ុន្តែត្រូវបានអ្នកម៉ៅការឈ្មោះ សុ វិចិត្រ សន្យាថានឹងបើកប្រាក់សរុបឲ្យ ប៉ុន្តែក្រោយមកបែរជាឲ្យខ្ចីលុយចំនួន ៣០ម៉ឺនរៀលទៅវិញ ហើយដែលជាទឹកប្រាក់ដែលមិនគ្រប់គ្រាន់សម្រាប់លោកស្រីនាំកូនៗទៅធ្វើបុណ្យក្នុងរដូវភ្ជុំកាលពីឆ្នាំ២០១៦ កន្លងទៅនេះ៖ «ប្រាក់ថ្លៃឈ្នួលមិនទាន់ឲ្យខ្ញុំ គឺមានជាង ១លានរៀលទៀត រីឯកូនខ្ញុំវិញពីរនាក់ប្ដីប្រពន្ធ គឺមានជាង ២លាន»។
លោកស្រី ហ៊ួន ជា បញ្ជាក់ថា មូលហេតុនាំឲ្យពួកគាត់លើកគ្នាមកស៊ីឈ្នួលធ្វើសំណង់នៅទីក្រុងបែបនេះ ព្រោះតែគ្មានចំណេះដឹង និងមិនដឹងថារកអ្វីផ្សេងធ្វើ ដើម្បីទទួលបានប្រាក់កម្រៃចិញ្ចឹមជីវិត ហើយអ្នកខ្លះមិនមានដីស្រែ ជាដើម។ រយៈពេលកន្លងមក លោកស្រីធ្លាប់ទៅនិយាយរឿងថ្លៃឈ្នួលពលកម្មជាមួយលោក សុ វិចិត្រ ប៉ុន្តែលោក សុ វិចិត្រ បានឆ្លើយឲ្យរង់ចាំប៉ុណ្ណោះ។
លោកស្រី ហ៊ួន ជា បញ្ជាក់ថា បច្ចុប្បន្នក្រៅពីគ្មានលុយទិញអង្ករចិញ្ចឹមជីវិត លោកស្រី និងកូនៗកំពុងពិបាកចិត្តរឿងជំពាក់លុយធនាគារថែមទៀត។
បច្ចុប្បន្ន កម្មករទាំង ១១នាក់ដែលទាមទារប្រាក់ថ្លៃពលកម្មទាំងនេះបញ្ជាក់បន្ថែមថា ពួកគាត់កំពុងស្នាក់នៅក្នុងកន្លែងកម្មករមួយកន្លែងស្ថិតក្បែរក្រុមហ៊ុនរតនាឧកញ៉ាម៉េង នៅសង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរង់ចាំការទូទាត់ប្រាក់ថ្លៃពលកម្មពីអ្នកម៉ៅការ ប៉ុន្តែមកដល់ពេលនេះ ហាក់ស្ងាត់ឈឹង។ កម្មករអះអាងថា មេការឈ្មោះ សុ វិចិត្រ គឺជាអ្នកម៉ៅការសាងសង់វីឡាឯកជន។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយបំភ្លឺពីអ្នកម៉ៅការឈ្មោះ សុ វិចិត្រ បានទេនៅថ្ងៃទី៨ មករា ថ្វីត្បិតតែទូរស័ព្ទហៅចូលច្រើនលើក តែពុំមានអ្នកទទួល។
កម្មករសំណង់ម្នាក់ទៀត លោក ចាន់ សុខុន មកពីខេត្តបាត់ដំបង បញ្ជាក់ថា អ្នកម៉ៅការសំណង់បានឲ្យថ្លៃឈ្នួលលោកមួយថ្ងៃប្រហែល ៤ម៉ឺនរៀលសម្រាប់អ្នកដែលអាចរៀបឥដ្ឋ ឬបូកជញ្ជាំង ប៉ុន្តែមកទល់ពេលនេះ លោកពុំទាន់ទទួលបានប្រាក់ដើម្បីផ្ញើទៅគ្រួសារនៅឯស្រុកឡើយ ស្របពេលប្រពន្ធចោទថាលោកកំពុងផិតក្បត់នៅពេលមិនឃើញមានប្រាក់ផ្ញើទៅឲ្យ៖ «មេការបញ្ជាក់ថា រង់ចាំសិនទៅ ទម្រាំគាត់ដកបាន ដកឯណាទៀត បើគាត់ដកអស់ហើយហ្នឹង ព្រោះខ្ញុំបានទៅសួរម្ចាស់ផ្ទះ»។
កម្មកររូបនេះអះអាងបន្តថា ខាងកម្មករទាំង ១១នាក់ហាក់អស់សង្ឃឹម ដោយសារកន្លងមក ការពឹងពាក់ឲ្យអាជ្ញាធរក្នុងខណ្ឌ និងសង្កាត់សែនសុខ ជួយរកអន្តរាគមន៍ ប៉ុន្តែអាជ្ញាធរហាក់ព្រងើយកន្តើយ។ ទោះបីជាយ៉ាងណា កម្មករចំណាកស្រុកទាំងនេះបញ្ជាក់ថា មានតែអាជ្ញាធរទេដែលអាចជួយពួកគាត់ ដើម្បីដោះស្រាយភាពលំបាកនៅពេលនេះបាន។
ពាក់ព័ន្ធនឹងរឿងនេះ អាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខណ្ឌសែនសុខ បាននៅឡើយនៅថ្ងៃទី៨ មករា។
សៀវភៅកម្រងទស្សនៈសង្គម និងនយោបាយរបស់លោកបណ្ឌិត កែម ឡី បញ្ជាក់ថា ជំរឿនពលរដ្ឋឆ្នាំ២០០៨ និងពាក់កណ្ដាលជំរឿនឆ្នាំ២០១៣ បង្ហាញថា យុវជន ១៨,១ភាគរយ បានធ្វើការងារជាកម្មករនៃចំនួនយុវជនសរុប។ សៀវភៅនេះបន្តថា យុវជនភាគច្រើនធ្វើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនបានអនុវត្តច្បាប់ការងារ និងមិនមានសហជីពគាំទ្រ គឺមានតែ ៣,៥ភាគរយប៉ុណ្ណោះដែលមានសហជីព។ ជារួម យុវជនស្ថិតក្នុងស្ថានភាពរងគ្រោះ និងអត់ការងារធ្វើ។
ថ្វីត្បិតតែអាជ្ញាធរព្រងើយកន្តើយបែបណាក្ដី ក៏កម្មករទាំង ១១នាក់ដែលទាមទារប្រាក់ថ្លៃឈ្នួលពលកម្មនេះ នៅតែទទូចឲ្យអាជ្ញាធរខណ្ឌសែនសុខ ឬលោកនាយករដ្ឋមន្ត្រីតែម្ដង នៅពេលដឹងរឿងនេះ គួរជួយអន្តរាគមន៍ដោះស្រាយផលលំបាកជូនពួកគាត់ឲ្យបានឆាប់ផង និងមិនត្រូវទុកឲ្យពួកគាត់ជាពលរដ្ឋសាមញ្ញបន្តរងភាពអយុត្តិធម៌បែបនេះទៀតទេ៕
No comments:
Post a Comment