Monday, January 2, 2017

ស្ថានទូត​ថៃ​បដិសេធ​ព័ត៌មាន​ដែល​ថា​អាហារ​កំប៉ុង​ថៃ​មាន​ផ្ទុក​មេរោគ​អេដស៍

                                                                                                                                                                 ស្ថានទូត​ថៃ បដិសេធ​ចំពោះ​ព័ត៌មាន​លើ​ហ្វេសប៊ុក (facebook) ដែល​ថា​អាហារ​ផ្លែ​ឈើ​កំប៉ុង​ផលិត​នៅ​ប្រទេស​ថៃ មាន​ផ្ទុក​មេរោគ​អេដស៍។ អ្នក​ជំនាញ​ខាង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា អាហារ​កំប៉ុង​ទាំងនេះ​មិន​មែន​ជា​មធ្យោបាយ​ដែល​អាច​ឆ្លង​កើត​ទេ។

អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា លោក​វេជ្ជបណ្ឌិត ទា ផល្លា អំពាវនាវ​នៅ​ថ្ងៃ​ទី​១ មករា ថា កុំ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​មេរោគ អេច្ឆ.អាយ.វី អេដស៍ (HIV) តាម​រយៈ​អាហារ​ផ្លែ​ឈើ​កំប៉ុង ដែល​ផលិត​នៅ​ប្រទេស​ថៃ នោះ៖ «តាម​មូលដ្ឋាន​វិទ្យាសាស្ត្រ​ហ្នឹង គឺ​យើង​យល់​ឃើញ​ថា មិន​មាន​ការ​ភ័យ​ខ្លាច​នឹង​ការ​ចម្លង​តាម​ម្ហូប​អាហារ​ជា​កំប៉ុង​ជា​អី​អ៊ីចឹង​កើត​ទេ។ កុំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​អី​ពី​រឿង​ហ្នឹង​បាទ»។

ការ​អំពាវនាវ​របស់​លោក​វេជ្ជបណ្ឌិត គឺ​ដោយសារ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​អ្នក​លេង​ហ្វេសប៊ុក​ខ្លះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន អំពី​ការ​ឆ្លង​មេរោគ​អេដស៍​តាម​រយៈ​ការ​ទទួល​ទាន​ម្ហូប​អាហារ​កំប៉ុង​មួយ​ចំនួន ដែល​ផលិត​ដោយ​រោងចក្រ​នៅ​ប្រទេស​ថៃ។ បញ្ហា​នេះ កើត​មាន​ពេល​ដែល​មាន​ព័ត៌មាន​គេ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​សរសេរ​ថា ឲ្យ​ប្រុង​ប្រយ័ត្ន និង​ឈប់​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​កំប៉ុង​របស់​ថៃ ដូចជា ទឹក​គូលែន ទឹក​សាវម៉ាវ ទឹក​ផ្លែ​មៀន និង​បង្អែម​ផ្លែ​ស្វាយ។

ទាក់ទង​នឹង​ព័ត៌មាន​ចម្លង​មេរោគ​អេដស៍​បែប​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ទា ផល្លា ពន្យល់​ថា មេរោគ​អេដស៍​មិន​រស់នៅ​ក្នុង​ម្ហូប​អាហារ​កំប៉ុង​ទាំងនោះ​បាន​យូរ​ទេ៖ «ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា តាម​ធម្មតា មេរោគ​អេដស៍​ហ្នឹង គឺ​រស់នៅ​លើ​កោសិកា​របស់​មនុស្ស។ និយាយ​រួម​ទៅ គឺ​ជាប់​លើ​ខ្លួន​មនុស្ស ហើយ​បើ​មិន​អ៊ីចឹង​ទេ គឺ​ត្រូវ​មាន​កោសិកា​របស់​មនុស្ស ឬ​ក៏​វា​អណ្ដែត​នៅ​ក្នុង​សីតុណ្ហភាព ឬ​ក៏​នៅ​ក្នុង​បរិស្ថាន​ដូច​នៅ​ក្នុង​បរិស្ថាន​របស់​មនុស្ស អា​ហ្នឹង​អាច​ទៅ​រួច។ ដល់​ពេល​ផុត​មួយ​រយៈ​ហ្នឹង​ទៅ គឺ​កោសិកា​របស់​មនុស្ស​ហ្នឹង​វា​ស្លាប់​ផុត​ទៅ អា​មេរោគ​ហ្នឹង​ក៏​វា​ស្លាប់​ទៅ​ដែរ។ ដូច្នេះ​វា​មិន​អាច​នៅ​ក្នុង​ដូច​យើង​ធ្លាប់​លេច​ឮ​ថា មេរោគ​អេដស៍​មាន​នៅ​ក្នុង​ស្រោម​អនាម័យ​អី ទៅ​មិន​រួច​ទេ ព្រោះ​អី​កោសិកា​របស់​មនុស្ស​ហ្នឹង ចេញ​ពី​ទឹក​ក្នុង​ខ្លួន​ហ្នឹង​មួយ​ភ្លែត​ហ្នឹង​ទៅ ក៏​ស្លាប់​បាត់​ទៅ​ហើយ ហើយ​នៅ​ក្នុង​កំប៉ុង​ចំណី​អាហារ​ហ្នឹង ក៏​វា​មិន​អាច​នៅ​រស់​បាន​ដែរ។ អា​ហ្នឹង​គឺ​វា​មិន​មែន​ជា​កោសិកា​របស់​មនុស្ស»។

ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌មាន​ដែល​គេ​ចែកចាយ​តាម​ហ្វេសប៊ុក សរសេរ​ទៀត​ថា រដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​ថា មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដាក់​ឈាម​របស់​គេ​ចូល​ទៅ​ក្នុង​កំប៉ុង​ទឹក​ផ្លែ​ឈើ​ទាំងនេះ។ ប៉ុន្តែ​ស្ថានទូត​ថៃ ប្រចាំ​នៅ​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ចេញ​សេចក្ដី​ប្រកាស​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ ដោយ​អះអាង​ថា ជា​ព័ត៌មាន​មិន​ពិត។ ឯកអគ្គរាជទូត​ថៃ បាន​ឃើញ​ព័ត៌មាន​បំផ្លើស​នេះ​នៅ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ស្ថានទូត​ថៃ ហៅ​ការ​បង្ហោះ​ព័ត៌មាន​នេះ​ជា​ការ​ធ្វើ​ឡើង​ដោយ​ជន​ខិលខូច ដើម្បី​បង្ខូច​ក្រុមហ៊ុន​ដែល​ផលិត និង​នាំ​ចេញ​ផលិតផល​ថៃ។

រហូត​មក​ដល់​ថ្ងៃ​ទី​១ មករា នេះ អាស៊ីសេរី មិន​ទាន់​ឃើញ​ព័ត៌មាន​ពី​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ចំណី​អាហារ​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ទេ ទាក់ទង​នឹង​បញ្ហា​នេះ៕

No comments:

Post a Comment