បទល្មើសនេសាទនៅតំបន់បឹងស្នេហ៍ ប៉ែកខាងត្បូងស្ថិតនៅក្នុងស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងកើតឡើងយ៉ាងពេញបន្ទុក ដោយពលរដ្ឋថាពុំមានការបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធនោះឡើយ។ សង្គមស៊ីវិល និងពលរដ្ឋ អំពាវនាវឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តព្រៃវែង បញ្ចេញសកម្មភាពបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹម។
«សំឡេងទូក»
នេះគឺជាសំឡេងទូកម៉ាស៊ីនដែលយើងធ្វើដំណើរទៅមើលបទល្មើសនេសាទ។ សៃយ៉ឺន ឬស្បៃមុងក្រឡាញឹករាប់រយម៉ែត្រ ដែលជាឧបករណ៍នេសាទខុសច្បាប់ ត្រូវបានគេដាក់ពង្រាយលើផ្ទៃបឹងនៅចំណុចបឹងខ្សាច់ស ឬបឹងស្នេហ៍ប៉ែកខាងត្បូង ចន្លោះភូមិទីតាង៉ើយ ក្នុងឃុំរោងដំរី និងភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទិដ្ឋភាពនេសាទខុសច្បាប់ទាំងនោះ មានបង្គោលឫស្សីខ្ពស់ទាបនៅលើផ្ទៃទឹក ដែលហ៊ុមព័ទ្ធដោយស្បៃមុងដែលមានក្រឡាយ៉ាងល្អិត ត្រូវគេរាយបណ្ដាក់ជាជួរៗកាត់មុខទឹកយ៉ាងស្អេកស្កះ ស្ទើររកផ្លូវទឹកដើម្បីចែវ ឬអុំទូកមិនរួចផង។
បុគ្គលិកអង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ ឬហៅថាអង្គការ Women និងជាអនុប្រធានសហគមន៍នេសាទតំបន់បឹងស្នេហ៍ លោក ស សាវន។ លោកមានប្រសាសន៍ថា ប្រសិនបើជំនាញរបស់រដ្ឋាភិបាល នៅតែបណ្ដោយឲ្យមានបទល្មើសនេសាទបន្តដុះស្លែដូចនេះទៀត នោះមនុស្សជំនាន់ក្រោយនឹងលែងស្គាល់ត្រីធម្មជាតិ ហើយប៉ះពាល់ដល់របរធ្វើនេសាទជាលក្ខណៈគ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោកបន្តថា ប្រជានេសាទនៅតំបន់នេះ គឺពុំដែលបានគិតពីរដូវហាមឃាត់ ឬរដូវបើកនេសាទនោះឡើយ៖ «បើនៅតែដាក់ចឹងទៀត អស់ហើយត្រីនៅតំបន់បឹងស្នេហ៍នោះ គឺរកលែងបាន។ ឥឡូវនេះមានតែសំណូមពរឲ្យថ្នាក់ដឹកនាំ ជាពិសេសបងជំនាញជលផល សូមឲ្យគាត់ចុះមើលផ្ទាល់ ហើយអន្តរាគមន៍កុំឲ្យមានស្បៃមុង ឬសៃយ៉ឺនផង»។
អង្គការ Women បានចាប់ផ្ដើមគម្រោងអភិរក្សផ្ទៃបឹងស្នេហ៍ដែលមានទំហំ ៥ពាន់ហិកតារ ចាប់តាំងពីឆ្នាំ២០១១ ហើយបានបន្តពង្រីកគម្រោងអភិរក្សនៅតំបន់បឹងស្នេហ៍ប៉ែកខាងត្បូង ឬខ្សាច់សនៅពាក់កណ្ដាលឆ្នាំ២០១៦ ប៉ុន្តែបុគ្គលិកអង្គការ Women ថារហូតមកដល់ពេលនេះ ការអភិរក្សតំបន់បឹងស្នេហ៍ប៉ែកខាងត្បូង ពុំទាន់ទទួលបានជោគជ័យឡើយ ដោយសារខ្វះកិច្ចសហការពីខាងអាជ្ញាធរមូលដ្ឋាន។
លោក ទី ផន អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការស្ត្រីប្រចាំនៅខេត្តព្រៃវែង លើកឡើងថា អាជ្ញាធរបានដឹងដែរអំពីបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ ប៉ុន្តែហាក់មិនចាប់អារម្មណ៍ចូលរួមទប់ស្កាត់ឡើយ៖ «យើងមើលដូចអត់ឃើញមានសកម្មភាពបង្ក្រាបអីទៅតាមច្បាប់ជលផលអីកើតផង ព្រោះបើតាមច្បាប់ជលផល គឺឲ្យដាក់រកត្រីមួយភាគបីនៃផ្ទៃទឹក តែបើដាក់នៅទីនេះ គឺបឹងប្រវែងប៉ុន្មាន ដាក់ស្បៃមុងប្រវែងហ្នុងដែរ គឺកាត់ទទឹងបឹងតែម្តង។ ដាក់នេះ យើងឃើញខួបប្រាំងខួបវស្សាតែម្តង ដូច្នេះត្រីមិនអាចកើតទៀតទេ»។
លោក ទី ផន បញ្ជាក់ថា កន្លងទៅ ពេលលោកចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ម្តងៗនៅតំបន់បឹងស្នេហ៍នោះ គឺមានតែទាហានម្នាក់ពីរនាក់ប៉ុណ្ណោះចូលរួម ដូច្នេះពុំមានកម្លាំងគ្រប់គ្រាន់ឡើយ បណ្ដាលឲ្យពួកលោកជួបការលំបាកច្រើន ដោយសារប្រជានេសាទពុំខ្លាចរអា ហើយថែមទាំងឡោមព័ទ្ធទូករបស់លោកទៀតផង ដោយម្នាក់ៗបិទមុខ និងមានអ្នកបញ្ជាត្រឹមត្រូវ។ ប្រជានេសាទខុសច្បាប់ទាំងនោះ ប្រហែលជាគិតថា ពួកលោកគ្មានសមត្ថកិច្ចទប់ស្កាត់ឡើយ ពោលគឺមានតែខាងជំនាញជលផលមួយប៉ុណ្ណោះ៖ «ពេលចុះល្បាតម្តងៗយើងជួបហានិភ័យណាស់ ព្រោះអ្នកប្រព្រឹត្តបទល្មើសនេសាទ គេថាយើងទៅបំផ្លាញរបស់គេហើយ ដូច្នេះគេមកព័ទ្ធយើងតែម្តង»។
ប្រជានេសាទម្នាក់ដែលបានសង់ខ្ទមជាប់មាត់បឹង ដើម្បីធ្វើនេសាទត្រីលក្ខណៈគ្រួសារនោះលើកឡើងថា ធនធានត្រីមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានការដាក់ពង្រាយស្បៃមុងខុសច្បាប់ច្រើនឥតគណនា នៅតំបន់បឹងស្នេហ៍ប៉ែកខាងត្បូងនោះ។ លោកអះអាងថា មិនដែលឃើញអាជ្ញាធរជំនាញចុះទៅបង្ក្រាបដល់ទីនោះឡើយ ហើយក៏មិនដឹងថា អាជ្ញាធរទទួលសំណូកពីប្រជានេសាទណាម្នាក់ដែរ៖ «ពីមុនមករកបាន ៤ ទៅ ៥គីឡូដែរ ក្នុងរយៈពេល ១យប់ ១ថ្ងៃ តែឥឡូវបានតែ ១គីឡូ ឬជាង ១គីឡូ។ ដើម្បីរកបានវិញ ទាល់តែបិទកុំឲ្យមានស្បៃមុង»។
មេបញ្ជាការរងក្រុងព្រៃវែង លោក នួន សារ៉េត ដែលទទួលបន្ទុកសហការជាមួយក្រុមអភិរក្សតំបន់បឹងស្នេហ៍ មានប្រសាសន៍ថា ខាងលោក និងអង្គការ Women បានរួមគ្នាទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងស្នេហ៍បឹងខាងជើង ទទួលបានជោគជ័យ តែលោកសោកស្ដាយដែលបរាជ័យក្នុងការទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងស្នេហ៍ប៉ែកខាងត្បូង ព្រោះថាអាជ្ញាធរដែនដីមិនសូវចូលរួម៖ «គាត់សហការដែរ ប៉ុន្តែសហការមិនរលូន ពោលគឺមានការរអាក់រអួលច្រើន។ នេះហើយជាផលលំបាក។ ក្នុងនាមខ្ញុំមកពីខាងខេត្តគ្រាន់តែសំណូមពរថា អាជ្ញាធរដែនដីនេះមេត្តាចូលរួមសហការជាមួយអភិរក្ស ឬជាមួយសហគមន៍ ដើម្បីឲ្យទទួលបានជោគជ័យ»។
លោក ទី ផន បញ្ជាក់ថា ដើម្បីឲ្យធនធានមច្ឆជាតិសម្បូរឡើងវិញដូចនៅតំបន់ស្នេហ៍ប៉ែកខាងជើង ឬនៅប៉ែកខាងលើនោះ ប្រជានេសាទត្រូវចូលរួមគោរពច្បាប់ជលផលដោយអនុញ្ញាតឲ្យរកត្រីលើផ្ទៃទឹកមួយភាគបី។ ទន្ទឹមគ្នានេះ លោកថាអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានជាធ្លុងមួយ ដើម្បីទប់ស្កាត់ប្រជានេសាទណាដែលមិនគោរពច្បាប់។
ក្រោយទទួលបានសេចក្តីរាយការណ៍របស់អាស៊ីសេរី នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង លោក អូន ស៊ីណាត បញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា លោកបានបញ្ជូនកម្លាំងចុះទៅទប់ស្កាត់បទល្មើសនេសាទនៅតំបន់មានបញ្ហានោះហើយ។ ទោះយ៉ាងណា លោក អូន ស៊ីណាត ហាក់មិនសប្បាយចិត្តចំពោះអ្នកដែលរាយការណ៍មកអាស៊ីសេរី អំពីបទល្មើសនេសាទ និងអ្នកដែលបានចោទថា វិធានការរបស់អាជ្ញាធរជលផលហាក់ពុំសូវមានប្រសិទ្ធភាពទៀត៖ «សំខាន់ឲ្យតែខាងសហគមន៍រាយការណ៍ថា កន្លែងណាមានបទល្មើសនោះ យើងទៅជួយហើយ ព្រោះថាកម្លាំងយើងតិច យើងមិនអាចទៅល្បាតដោយខ្វះព័ត៌មានបានទេ។ ឥឡូវនេះ យើងធ្វើការហើយ កន្លងមកយើងក៏បានធ្វើការដែរ»។
ប្រជាពលរដ្ឋ និងបុគ្គលិកអង្គការ Women ឲ្យដឹងដែរថា នៅតំបន់បឹងស្នេហ៍ប៉ែកខាងត្បូងនោះ ក៏មានប្រជានេសាទមួយចំនួនបានជីកបៀ ឬស្រះនៅបាតបឹងនៅរដូវទឹករីង ដើម្បីប្រមូលពូជត្រីគ្រប់ប្រភេទ។ ចំណែកពលរដ្ឋដែលមានទ្រព្យធន និងមានអំណាចមួយចំនួនទៀត ក៏បានលើកភ្លឺទប់បឹងម្ខាង ដើម្បីបូមទឹកឲ្យរីង ហើយពង្រោះស្រូវប្រាំងទៀតផង ដែលបញ្ហានេះនាំឲ្យផ្ទៃបឹងទាំងមូលកាន់តែរួមតូចទៅៗ។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងថា ត្រូវផ្ដន្ទាទោសបទល្មើសជលផលថ្នាក់ទី១ ដាក់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន នេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទក្នុងដែននេសាទ។ នេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍ដែលបង្កើតឡើងថ្មី ឬរបៀបនេសាទបែបថ្មី ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ឬធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ជាដើម៕
No comments:
Post a Comment