នគរបាលប្រដាប់អាវុធខេត្តស្ទឹងត្រែង ចុះឆែកឆេរទីតាំងផ្ទះជនសង្ស័យជួញដូរគ្រឿងញៀន ក្នុងក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ RFA/Men Sothyr |
ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅតែរីករាលដាលគ្រប់ច្រកល្ហក ទោះបីជារដ្ឋាភិបាលប្ដេជ្ញាចាត់វិធានការក្ដៅដើម្បីលុបបំបាត់ក្តី។ ពលរដ្ឋ និងអ្នកតាមដានបញ្ហាសង្គមយល់ថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលមានប្រសិទ្ធភាពតិចតួចបំផុត ព្រោះគ្មានឆន្ទៈពិតប្រាកដ។
ថ្វីត្បិតតែរដ្ឋាភិបាល ឬអ្នកដឹកនាំលើៗ ខំប្រឹងស្រែកបំពងសំឡេងអំពីវិធានការយ៉ាងណាក្តី តែសង្គមស៊ីវិល និងប្រជារាស្ត្រ នៅតែរាយការណ៍ថា គេនាំគ្នាចែកចាយ ឬលក់ដូរគ្រឿងញៀនដូចស្ករគ្រាប់តាមតូបលក់ចាប់ហួយនៅទូទាំងប្រទេសទៅហើយ។ លើសពីនេះទៀត ពលរដ្ឋក៏រាយការណ៍ថា អាជ្ញាធរមូលដ្ឋានមិនត្រឹមតែមិនហ៊ានចូលរួមទប់ស្កាត់ទេ តែថែមទាំងជួយសម្រួលជំនួញនេះដោយផ្ទាល់ ឬមិនផ្ទាល់ទៀតផង។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលជាថ្មីនេះ នឹងពុំទទួលបានលទ្ធផលធំដុំដូចការប្ដេជ្ញាចិត្តលើកមុនៗដែរ ពោលគឺគ្រាន់តែចាប់បានអ្នកចែកចាយ និងសេពគ្រឿងញៀនកំប៉ិកកំប៉ុកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោកមើលឃើញថា យុទ្ធនាការរបៀបនេះ គ្រាន់តែយកលទ្ធផលតិចតូចទៅអួតអាង ឬឃោសនានយោបាយ៖ «ទំហំគ្រឿងញៀននៅកម្ពុជា វាធ្ងន់ធ្ងរសម្បើមណាស់ ហើយវិធានការដែលរដ្ឋាភិបាលបានធ្វើ គ្រាន់តែជាការនិយាយម្ដងហើយម្ដងទៀត ហើយអត់ចេញជាលទ្ធផលអី ហើយលើកនេះ ខ្ញុំយល់ថា នៅតែជារឿងដដែលសម្រាប់យកទៅឃោសនានយោបាយ។ ខ្នងនៃអ្នកចែកចាយគ្រឿងញៀនមិនមែនតូចតាចទេ ព្រោះគេចែកចាយលែងខ្លាចទៅហើយ»។
ក្រោយពីអនុវត្តផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ដើមឆ្នាំ២០១៧ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៣៧៩ករណី ក្នុងនោះមានករណីជួញដូរចំនួន ២៤៣ករណី ហើយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធនឹងបទល្មើសបានជាង ៩២៧នាក់ (ស្រី ៥៥នាក់) ក្នុងនោះជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរចំនួន ៤៨៩នាក់ និងរឹបអូសបានគ្រឿងញៀនចំនួន ៨៩៩ក្រាម។
អនុប្រធានលេខាធិការដ្ឋាននៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្ដមសេនីយ៍ឯក មាស វីរិទ្ធិ វាយតម្លៃថា ការបង្ក្រាបរយៈពេល ១០ថ្ងៃនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ និងជាសញ្ញាវិជ្ជមានមួយ។ ទន្ទឹមគ្នានេះ សមត្ថកិច្ចនៅតែបន្តយកចិត្តទុកដាក់អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះបន្ថែមទៀត និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ដូចជាអាជ្ញាធរ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋសហការគ្នាជួយដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជា៖ «ការអនុវត្តវិធានការនេះ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ទាំងអស់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ ហើយគ្មានការអន្តរាគមន៍ណាមួយពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេ។ សមត្ថកិច្ចពាក់ព័ន្ធត្រូវតែដកខ្លួន។ ពេលខ្លះចាប់ករណីតូចៗ ក៏អាចឈានទៅរកអ្នកជួញដូរធំៗដែរ»។
កាលពីឆ្នាំពី២០១៦ ការចរាចរ និងជួញដូរគ្រឿងញៀនមិនមានការថយចុះទេ។ ជាក់ស្ដែងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនថា ក្នុងឆ្នាំ២០១៦ សមត្ថកិច្ចបង្ក្រាបបាន ៤.១៩១ករណី (បទល្មើសប្រើប្រាស់ ១.១១២ករណី) ចាប់ជនសង្ស័យសរុប ៩.០៨២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន ៣.៦១១នាក់) និងរឹបអូសគ្រឿងញៀនជាង ១៧៥គីឡូក្រាម។
អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងញៀនមានការកើនឡើង និងមានការរីករាលដាលគួរឲ្យបារម្ភពីទីក្រុងរហូតដល់ជនបទ។ ចំនួនអ្នកញៀនគ្រឿងញៀនមាន ១៨.៥៥៤នាក់ គឺកើនឡើង ៤.២៤២នាក់ ដែលស្មើនឹង ២៩,៦ភាគរយ ធៀបនឹងពេលមុន។
ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឲ្យដឹងថា ប្រជាពលរដ្ឋតែងតែឮការប្រកាសរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ប៉ុន្តែពួកគាត់នៅតែមិនឃើញមានការអនុវត្តជាក់ស្ដែងទ្រង់ទ្រាយធំដូចការប្ដេជ្ញាចិត្តនោះឡើយ។ អ្នកស្រីថា អ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀន ហាក់មិនញញើតនឹងប៉ូលិស ឬច្បាប់ឡើយ៖ «រាល់ថ្ងៃនេះ ក្នុងភូមិនេះ ប្រហែលជា ៨០ភាគរយទៅហើយ ព្រោះមានទាំងយុវជន មានទាំងអ្នកកូនមួយ កូនពីរ។ អសន្តិសុខខ្លាំងណាស់! យប់ឡើងមិនបានដេកទេ»។
ពលរដ្ឋខ្លះទៀតលើកឡើងថា សូម្បីតែកូន ឬសាច់ញាតិរបស់អាជ្ញាធរនោះ ក៏ប្រើប្រាស់ និងចែកចាយគ្រឿងញៀនដែរ។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ផ្ដល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពនោះ គ្មានអ្វីធំជាងពង្រឹងការអនុវត្តច្បាប់នោះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលត្រូវពង្រឹងសមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាប ទាំងការបណ្ដុះបណ្ដាលជំនាញ និងស្មារតី និងលើកទឹកចិត្តសមត្ថកិច្ចបង្ក្រាប ដោយផ្ដល់ប្រាក់បៀវត្សរ៍សមរម្យ។ លើសពីនេះ ត្រូវដាក់ទណ្ឌកម្មជាក់ស្ដែងចំពោះមេឈ្មួញតូចធំ និងសមត្ថកិច្ចទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀននេះ។ វិធានការចម្បងផ្សេងៗទៀត គឺត្រូវបង្កើតយន្តការអប់រំសង្គមនៅតាមសាលារៀន សហគមន៍ ដោយផ្សព្វផ្សាយពន្យល់អំពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងបង្កើតមជ្ឈមណ្ឌលកែប្រែអប់រំ និងផ្ដល់ជំនាញឲ្យអ្នកជ្រុលខ្លួនសេពគ្រឿងញៀន៖ «ការដោះស្រាយគ្រឿងញៀន មិនមែនត្រឹមតែនិយាយនោះទេ វាត្រូវតែអនុវត្តច្បាប់ជាក់ស្ដែង»។
អ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា បញ្ហាគ្រឿងញៀននេះ ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង។ កាលណាសង្គមខ្មែរត្រូវបានគ្រឿងញៀនលុកលុយគ្រប់ច្រកល្ហកហើយនោះ វានឹងសម្លាប់ស្មារតីយុវជនខ្មែរ និងព្រលឹងជាតិខ្មែរដែលធ្វើឲ្យសង្គមមួយនេះមិនអាចអភិវឌ្ឍខ្លួនទៅមុខបាននោះទេ។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា ៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ដល់ ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១ ទៅ ២លានរៀល។
ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស៕
No comments:
Post a Comment