![]() |
ទូកនេសាទសមុទ្រនៅដែនសមុទ្រឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។ រូបថតខែមីនា ឆ្នាំ២០១៦។ RFA/Den Ayuthyea |

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសដល់ប្រជានេសាទសមុទ្រឲ្យផ្អាកធ្វើរបរនេសាទត្រីកាម៉ុង ឬត្រីប្លាធូ រយៈពេល ២ខែកន្លះ ដើម្បីទុកឱកាសឲ្យត្រីប្រភេទនេះពងកូនបន្តពូជក្នុងដែនសមុទ្រកម្ពុជា នារដូវបិទនេសាទឆ្នាំនេះ។
អ្នកឃ្លាំមើលសង្គមគាំទ្រសេចក្ដីចំណាត់ការនេះ ហើយស្នើឲ្យអ្នកនេសាទសមុទ្រ ដែលប្រើឧបករណ៍នេសាទធំៗ ត្រូវចូលរួមអនុវត្តខ្លឹមសារនេះ ឲ្យបានទាំងអស់គ្នា ប្រយោជន៍រក្សាឲ្យត្រីកាម៉ុង ឲ្យកាន់តែសម្បូរច្រើនថែមទៀតនៅថ្ងៃអនាគត។
សេចក្ដីជូនដំណឹងមានចុះហត្ថលេខា និងបោះត្រា លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឲ្យដឹងថា រដូវសម្រាប់ត្រីកាម៉ុង ឬត្រីប្លាធូ បន្តពូជនៅក្នុងដែនសមុទ្រកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
លោក អេង ជាសាន បានស្នើដល់ប្រជានេសាទមានរបរនេសាទត្រីកាម៉ុង ទាំងអស់ឲ្យបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុង នៅរដូវរដ្ឋបាលជលផលហាមឃាត់នេះ ឲ្យបានទាំងអស់គ្នា ប្រយោជន៍រួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្សទៅថ្ងៃអនាគត។
នាយកខណ្ឌរដ្ឋបាលជលផលកំពង់សោម ខេត្តព្រះសីហនុ លោក នេន ចំរើន ផ្ដល់សម្ភាសន៍តាមទូរស័ព្ទឲ្យអាស៊ីសេរី ដឹងនៅថ្ងៃសុក្រ ទី១៣ ខែមករា ថា ការបិទនេសាទនេះ គឺរដ្ឋបាលជលផលមិនបានហាមឃាត់ប្រជានេសាទដែលប្រើឧបករណ៍ចាប់ត្រីកាម៉ុង ជាលក្ខណៈគ្រួសារតូចតាចនោះទេ។
លោកស្នើដល់ប្រជានេសាទប្រើឧបករណ៍ខ្នាតធំ និងអាជ្ញាធរពាក់ព័ន្ធនៅតាមដែនសមុទ្រខេត្តព្រះសីហនុ ឲ្យចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹងផ្អាកនេសាទត្រីកាម៉ុង ឬត្រីប្លាធូ ក្នុងរយៈពេល ២ខែកន្លះនេះ ឲ្យបានទាំងអស់គ្នា៖ «យើងបិទនេសាទត្រីកាម៉ុង ឬត្រីប្លាធូហ្នឹង គឺបិទតែអ្នកនេសាទប្រើឧបករណ៍សិប្បកម្មធំៗ ប៉ុន្តែបើអ្នកនេសាទ ឬប្រជាពលរដ្ឋដែលប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារវិញ គឺយើងមិនហាមឃាត់ពួកគាត់ទេ។ ឧបករណ៍សិប្បកម្ម គឺជាឧបករណ៍ដែលរដ្ឋ បានកំណត់ឲ្យអ្នកនេសាទបង់ប្រាក់ចំពោះការធ្វើនេសាទក្នុងដែនសមុទ្រមានលក្ខណៈទ្រង់ទ្រាយធំ។ ចំណែកឧបករណ៍នេសាទជាលក្ខណៈគ្រួសារ គឺជាឧបករណ៍របស់ប្រជានេសាទនៅតាមសហគមន៍ ឬគាត់មិនជាប់ក្នុងការបង់ប្រាក់ក្នុងការធ្វើដែននេសាទ អាហ្នឹងគឺយើងមិនហាមឃាត់គាត់នោះទេ»។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើដល់រដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមសហការគ្នាអនុវត្តខ្លឹមសារបញ្ឈប់ធ្វើនេសាទត្រីកាម៉ុង នៅរដូវត្រីប្រភេទនេះពងកូនឲ្យបានត្រឹមត្រូវ ជាជាងមានតែនៅលើក្រដាស ប៉ុន្តែគ្មានការអនុវត្ត។ ជាងនេះទៀត ក៏ត្រូវតាមដានទៅលើសកម្មភាពរបស់អ្នកនេសាទឲ្យបានជាប្រចាំ ដើម្បីឲ្យផែនការថែរក្សាការពារត្រីកាម៉ុង ឬត្រីប្លាធូ របស់រដ្ឋបាលជលផល អនុវត្តឲ្យមានប្រសិទ្ធភាព៖ «គួរតែអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលជលផល រួមគ្នាអនុវត្តសេចក្ដីជូនដំណឹងនៅរដូវបិទនេសាទត្រីកាម៉ុង ឬត្រីប្លាធូនេះឲ្យមានប្រសិទ្ធភាព ពីព្រោះជាច្រើនឆ្នាំកន្លងមកយើងឃើញថា ឧបករណ៍នេសាទដែលមានលក្ខណៈធ្វើឧស្សាហកម្ម ឬពាណិជ្ជកម្មនេះ បានបំផ្លាញដល់ធនធានធម្មជាតិ ឬមច្ឆាជាតិធ្ងន់ធ្ងរ ជាពិសេសមានឧបករណ៍នេសាទខ្លះ ត្រូវបានអ្នកនេសាទចូលមកធ្វើនេសាទនៅតំបន់ទឹករាក់ ធ្វើឲ្យខូចខាត ឬប៉ះពាល់ដល់ទីជម្រកសម្រាប់បន្តពូជត្រី និងប៉ះពាល់ដល់ទីកន្លែងធ្វើនេសាទរបស់ប្រជានេសាទជាលក្ខណៈគ្រួសារ សម្រាប់ចិញ្ចឹមគ្រួសារប្រចាំថ្ងៃថែមទៀត»។
នាយកខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក នេន ចំរើន បានឲ្យដឹងថា ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ មានអ្នកប្រកបរបរនេសាទសមុទ្រមានចំនួនជាង ១ម៉ឺន ៥ពាន់គ្រួសារ មានអ្នកនេសាទសរុបចំនួនជាង ៣ម៉ឺន ៥០០នាក់។ លោកឲ្យដឹងថា ផលនេសាទសមុទ្រទូទៅដែលអ្នកនេសាទទទួលបានប្រចាំថ្ងៃសរុបមានចំនួនជាង ១០០តោនក្នុងមួយថ្ងៃៗ៕
No comments:
Post a Comment