ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការ ធ្វើយ៉ាងណាស៊ើបអង្កេតរកឈ្មួញឈើធំៗ ដែលជាអ្នកនៅពីក្រោយខ្នងទីតាំងស្តុកឈើមួយកន្លែង។ ការស្នើនេះ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងកាលពីថ្ងៃទី១១ ខែមករា ដោយចាប់បានមនុស្សចំនួន ៦នាក់ បញ្ជូនទៅតុលាការ ប៉ុន្តែសហគមន៍យល់ថា ពួកគេទាំងនោះគឺជាកម្មករ ពុំមែនជាមេខ្លោងនោះឡើយ។
ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ បញ្ជាក់ថា បទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ នឹងលែងកើតមាន ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងតុលាការអាចស៊ើបអង្កេតរកមេខ្លោងធំៗ ដែលនៅពីក្រោយខ្នងបទល្មើសទាំងនោះឃើញ។ បន្ថែមពីនេះ គឺជួយឱ្យព្រៃឈើនៅតំបន់ព្រៃការពារគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ជាជាងចាប់ខ្លួនកូនចៅ ឬកម្មករតូចតាចនោះ។
ប្រជាសហគមន៍នៅស្រុកសណ្ដាន់ ម្នាក់ លោក ជុំ យីន មានប្រសាសន៍ថា យុទ្ធនាការបង្ក្រាបកន្លែងស្តុកឈើប្រណិតនៅក្បែរផ្ទះរបស់អធិការស្រុកសណ្តាន់ គឺលោក អួង ម៉ូលី កាលពីថ្ងៃទី១១ ខែមករា គឺទទួលការសាទរពីប្រជាពលរដ្ឋច្រើន។ លោកបន្តថា យុទ្ធនាការបង្ក្រាបនេះ គឺសមត្ថកិច្ចចាប់បានរថយន្តដឹកឈើមួយចំនួន និងមនុស្សចំនួន ៦នាក់ ប៉ុន្តែលោកថា អាចជាកម្មករច្រើនជាង។
លោកបញ្ជាក់ថា កន្លែងស្តុកទុកឈើក្បែរគេហដ្ឋានលោក អួង ម៉ូលី គឺអាចមានពាក់ព័ន្ធជាមួយអធិការស្រុកសណ្ដាន់ រូបនេះ ពិសេស ប្រពន្ធរបស់លោក គឺអ្នកស្រី ផានី ព្រមទាំងឈ្មួញឈើធំៗផ្សេងទៀត៖ «សហគមន៍ពួកខ្ញុំសប្បាយចិត្តខ្លាំងមែនទែនចំពោះសកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើ ទាន់ពេលវេលាទីមួយ។ ទីពីរ ខ្ញុំស្នើឱ្យព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ចុះស៊ើបអង្កេតមន្ត្រីស្ថាប័នជាអ្នកពាក់ព័ន្ធ»។
សកម្មជនការពារព្រៃឡង់ ដដែលបញ្ជាក់ថា មុនពេលបង្ក្រាបបទល្មើសកើតឡើង សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ គឺមានច្រើន ដោយសម្រុកដឹកចូលទីតាំងក្បែរផ្ទះអធិការស្រុកសណ្ដាន់ ប៉ុន្តែក្រោយពេលបង្ក្រាបរួចមក សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃគឺស្ងប់ស្ងាត់ទៅវិញ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា មានប្រសាសន៍ថា ជនទាំង ៦នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត។ លោកបន្តថា សំណុំរឿងនេះបានបញ្ជូនទៅចៅក្រមស៊ើបរួចហើយ ប៉ុន្តែប្រសិនបើគេរកឃើញថា ជនទាំង ៦នាក់នោះ មិនបានប្រព្រឹត្តទេ នឹងត្រូវដោះលែងវិញ។ ចំណែកការស៊ើបអង្កេតបន្តទៀតយ៉ាងណា គឺជាភារកិច្ចរបស់ចៅក្រមស៊ើបសួរ៖ «ជាធម្មតាចៅក្រមគាត់ស៊ើបសួរសិន ប្រសិនបើរកឃើញថា ពួកគាត់មិនបានប្រព្រឹត្តទេ អាហ្នឹងគេឱ្យគាត់ទៅវិញ»។
ជុំវិញករណីនេះ អធិការស្រុកសណ្ដាន់ លោក អួង ម៉ូលី មិនបានឆ្លើយតបយ៉ាងណាទេ នៅថ្ងៃទី១៩ ខែមករា ដោយថា លោកជាប់ប្រជុំ។ ប៉ុន្តែក្នុងព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា លោក អួង ម៉ូលី បានបដិសេធការចោទប្រកាន់ទាំងនេះ។ លោកថា រថយន្តដឹកឈើមិនមែនជារបស់លោកទេ ហើយប្រពន្ធរបស់លោកក៏មិនបានពាក់ព័ន្ធដែរ។
កាលពីខែកក្កដា ឆ្នាំ២០១៦ បុរសម្នាក់ដែលអះអាងថា ខ្លួនជាកម្មករអារឈើឱ្យប្រពន្ធអធិការស្រុកសណ្ដាន់ បញ្ជាក់ថា អ្នកស្រី ផានី គឺជាមេខ្លោងជួលពួកគាត់ឱ្យចូលទៅកាប់ឈើក្នុងតំបន់ព្រៃឡង់។
បុរសដដែលបន្តថា សកម្មភាពនេះធ្វើឡើងជាប្រព័ន្ធ ដោយពួកគាត់អះអាងថា ក្រុមគ្រួសារអធិការស្រុកសណ្ដាន់ បានបង់ប្រាក់ប្រចាំខែមួយចំនួនទៅស្ថាប័នពាក់ព័ន្ធជាថ្នូរការចូលទៅកាប់ និងដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក អួង ម៉ូលី ទាត់ចោល ដោយលើកឡើងថា ជាការបង្ខូចកិត្តិយសក្រុមគ្រួសាររបស់លោកទៅវិញ។
មន្ត្រីសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ លោក សេង សុខហេង មានប្រសាសន៍ថា បទល្មើសកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារនៅតែកើតមានឡើង បើទោះបីជារាជរដ្ឋាភិបាលមានវិធានការតឹងរ៉ឹងក៏ដោយ។ លោកយល់ថា បទល្មើសនៅតែកើតឡើង គឺដោយសារតែមានអំពើពុករលួយតែម្ដង ហើយករណីនេះ លោកពុំមានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ ឬតុលាការអាចស្វែងរកមេខ្លោងឃើញណាស់៖ «ប្រសិនបើចាប់បានអ្នកកាប់ព្រៃឈើគ្មានខ្សែបណ្ដាញ មនុស្សគ្មានបុណ្យស័ក្ដិអី គឺយើងឃើញថា មានប្រសិទ្ធភាពច្រើន ប៉ុន្តែប្រសិនបើចាប់បានឈើខុសច្បាប់របស់មន្ត្រីរាជរដ្ឋាភិបាល របស់មន្ត្រីមានអំណាចហ្នឹង គឺយើងឃើញថា មិនដែលមានប្រសិទ្ធភាពទេ»។
បើទោះបីជាមិនសូវមានជំនឿលើការស៊ើបអង្កេតរកមេខ្លោងក៏ដោយ ប៉ុន្តែលោក សេង សុខហេង យល់ថា ដើម្បីឱ្យយន្តការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធភាព គឺទាមទារឱ្យស្ថាប័នពាក់ព័ន្ធត្រូវស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នងឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ត្រូវដាក់ទោសទណ្ឌជនទាំងនោះដោយគ្មានការលើកលែង៕
No comments:
Post a Comment