Thursday, January 19, 2017

កសិករ​ខេត្ត​ប៉ៃលិន​ត្អូញត្អែរ​ពី​តម្លៃ​ផ្លែ​តាង៉ែន​ចុះ​ថោក ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ


កសិករ​ប្រមូល​ផល​ផ្លែ​តាង៉ែន​នៅ​ភូមិ​សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided



ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ត្អូញត្អែរ​អំពី​តម្លៃ​ផ្លែ​តាង៉ែន​ចុះ​ថោក​ខ្លាំង ធ្វើ​ឲ្យ​លក់​មិន​បាន​ប្រាក់​កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ អ្នក​ភូមិ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លែ​តាង៉ែន​លក់​មិន​បាន​ប្រាក់​កម្រៃ ដោយសារ​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ យក​ប្រាក់​ពី​រថយន្ត​ឈ្មួញ​ជនជាតិ​ថៃ ច្រើន​ហួសហេតុ។

ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ កំពុង​ព្រួយ​បារម្ភ​ខ្លាច​រក​ប្រាក់​សង​បំណុល​គេ​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើមទុន​ដាំ​តាង៉ែន​មិន​បាន ដោយសារ​តាង៉ែន​ចុះ​ថោក។

ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក គង់ សារ៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មករា ថា លោក​ដាំ​តាង៉ែន​ចំនួន ២​ហិកតារ ហើយ​ចំណាយ​ដើមទុន​អស់​ប្រមាណ ៦​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ថែម​ថា ផ្លែ​តាង៉ែន​ឆ្នាំ​នេះ​ចុះ​ថោក គឺ​ឈ្មួញ​ក្នុង​ស្រុក​ប្រមូល​ទិញ​តាង៉ែន​ល្អ​តម្លៃ ២​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​តាង៉ែន​មិន​សូវ​ល្អ ១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​អះអាង​ថា សព្វថ្ងៃ​មាន​ឈ្មួញ​មក​ពី​ប្រទេស​ថៃ ចូល​ទិញ​ឲ្យ​តម្លៃ​សមរម្យ​ប្រមាណ ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំងនោះ​តម្រូវ​ឲ្យ​កសិករ​ជា​អ្នក​ចំណាយ​ថ្លៃ​បង់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ដែល​រថយន្ត​ចំណុះ ២​តោន​ចំនួន ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង។ លោក​ថា តម្លៃ​ទាំងអស់​នេះ​លក់​មិន​បាន​ប្រាក់​ចំណេញ​នោះ​ឡើយ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​មើល​ច្រក​ព្រំដែន​ផ្សារ​ព្រំ​ផង ព្រោះ​ដោយសារ​តែ​ច្រក​មួយ​នេះ​ធ្វើ​ឲ្យ​ឈ្មួញ​ពិបាក​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ថៃ ខ្លាំង​ណាស់។ ឥឡូវ​កសិករ​បាក់​លែង​ចង់​ដាំ​ដំណាំ​តាង៉ែន​ហើយ ដោយសារ​ពិបាក​រឿង​នាំ​ចេញ ហើយ​គ្មាន​ទីផ្សារ​លក់​ផ្លែ​តាង៉ែន»។


ចម្ការ​តាង៉ែន​នៅ​ភូមិ​សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided

អាស៊ីសេរី ពុំ​អាច​ទាក់ទង​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ មករា។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​ថា ឈ្មួញ​ជនជាតិ​ថៃ នៅ​តែ​បន្ត​ទទួល​ទិញ​តាង៉ែន​ពី​កសិករ​រៀង​រាល់​ថ្ងៃ បើ​ទោះ​ជា​តម្លៃ​ចុះ​ថោក​បន្តិច​ក៏ដោយ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​កសិករ​ជួប​បញ្ហា​តម្លៃ​តាង៉ែន​ចុះ​ថោក គឺ​ពួក​គាត់​អាច​មក​ទាក់ទង​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​អន្តរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​លិខិត​បញ្ជាក់​គុណភាព​អនាម័យ​កសិផល ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ងាយ​ស្រួល៖ «ក្នុង​នោះ​មិន​ជា​យូរ​ទេ ព្រោះ​ថា​ខាង​ជំនាញ​គេ​ដឹង​ថា យើង​ចេញ​ទំនិញ​ស្រស់​អ៊ីចឹង គេ​មិន​ទុក​ឲ្យ​យូរ​ទេ គឺ​យ៉ាង​យូរ​មួយ​សប្ដាហ៍ ឬ​ក៏​មិន​ដល់​ផង ព្រោះ​ប្រទេស​គេ​ភ័យ​ខ្លាច​យើង​នាំ​ទំនិញ​ទៅ​មិន​មាន​អនាម័យ​ត្រឹមត្រូវ ឆ្លង​ដល់​ប្រទេស​គេ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី វ៉ែន ដារ៉ា មាន​ប្រសាសន៍​ថា ទិន្នផល​តាង៉ែន​នៅ​ខេត្ត​ប៉ៃលិន មាន​ស្ទើរ​គ្រប់​រដូវ ក៏ប៉ុន្តែ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មករា ដល់​ចុង​ខែ​កុម្ភៈ មាន​ច្រើន​ជាង​គេ។ អ្នកស្រី​បន្ថែម​ថា បញ្ហា​ទិន្នផល​របស់​កសិករ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ចុះ​ថោក រួម​មាន​ដំឡូងមី ពោត និង​ដំណាំ​តាង៉ែន តែង​ជួប​ប្រទះ​ជា​រៀង​រាល់​ឆ្នាំ៖ «អ៊ីចឹង​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ អត់​មាន​ទីផ្សារ​សម្រាប់​ឲ្យ​កសិផល​របស់​ពួក​គាត់ ដែល​ស្ថិត​ក្នុង​តម្លៃ​សមរម្យ​នៅ​ឡើយ​ទេ។ ខ្ញុំ​ប្រជុំ​លើក​ណា ក៏​ខ្ញុំ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​ទីផ្សារ​លក់​កសិផល​ជូន​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ​ទេ»។

របាយការណ៍​មន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា កសិករ​ដាំ​ដំណាំ​តាង៉ែន​នៅ​ក្នុង​ខេត្ត​នេះ​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ​នៅ​ស្រុក​សាលាក្រៅ និង​ក្រុង​ប៉ៃលិន។

រដ្ឋធម្មនុញ្ញ​មាត្រា​៦២ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិតផល ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល។ ចំណែក​មាត្រា​៦៣ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សមរម្យ៕

No comments:

Post a Comment