Sunday, January 22, 2017

សហគមន៍​និង​អាជ្ញាធរ​ក្រុង​សែនមនោរម្យ​គ្រោង​ពិនិត្យ​កន្លែង​ដែល​គេ​លួច​កាប់​ឈើ​ច្បោះ


មន្ត្រី​សាលា​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កោះ​ហៅ​តំណាង​សហគមន៍​ឡៅកា ចូល​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្ដឹង​លួច​កាប់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឬ​ដើម​ច្បោះ​របស់​អ្នក​ភូមិ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ជា​ចំណុច​វិជ្ជមាន​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រួម​ចំណែក​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​អភិរក្ស។

អាជ្ញាធរ​ក្រុង​សែនមនោរម្យ បាន​សម្របសម្រួល​ឲ្យ​ដើម​បណ្ដឹង និង​ចុង​ចោទ​ករណី​កាប់​ឈើ​ច្បោះ​សហគមន៍​ភូមិ​ឡៅកា យោគយល់​គ្នា មុន​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ដោយសារ​ភាគី​ទាំង​ពីរ​ជា​ជនជាតិ​ដើម​ភាគតិច​មិន​មាន​ការ​យល់​ដឹង​ផ្លូវ​ច្បាប់។

តំណាង​សហគមន៍​ឡៅកា​ជាង ១០​នាក់ បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​មុខ​មន្ត្រី​ជំនាញ​សាលា​ក្រុង​សែនមនោរម្យ នៅ​ថ្ងៃ​ទី​២០ ខែ​មករា និង​មាន​មន្ត្រី​អង្គការ​អាដហុក (ADHOC) ចូលរួម​ជា​អ្នក​សង្កេតការណ៍។

តំណាង​សហគមន៍​ឡៅកា លោកស្រី ផ្លឹក ណាវី កត់​សម្គាល់​ថា អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បណ្ដឹង​របស់​ពលរដ្ឋ ខណៈ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ។ លោកស្រី​បន្ត​ថា មន្ត្រី​សាលា​ក្រុង​បាន​សុំ​ឲ្យ​សហគមន៍​បញ្ជាក់​ពី​អង្គ​ហេតុ ទាក់ទិន​ពាក្យ​បណ្ដឹង​សហគមន៍​ចោទ​មនុស្ស ៤​នាក់ ជាប់​ពាក់ព័ន្ធ​កាប់​ដើម​ច្បោះ​អ្នក​ភូមិ និង​វត្ថុ​តាង​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ការ​កាប់​ដើម​ឈើ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​តាម​ប្រពៃណី៖ «ពួក​ខ្ញុំ​ដែល​ចុះ​ទៅ​ល្បាត គាត់​ឃើញ​រហូត​ខាង​ក្រុង​គេ​ថា​គេ​នឹង​ចូលរួម​ទប់ស្កាត់ និង​ល្បាត។ យើង​អាច​មាន​ជំនឿ​ទៅ​លើ​ពួក​គាត់ គេ​ថា​ថ្ងៃ​ច័ន្ទ​នេះ​គេ​នឹង​ចុះ​ជាមួយ​ពួក​ខ្ញុំ»។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា បាន​អន្តរាគមន៍​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ឡៅកា ជូន​អាជ្ញាធរ​ក្រុង​ដោះស្រាយ ខណៈ​សហគមន៍​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​លួច​កាប់​ដើម​ច្បោះ​អ្នក​ភូមិ និង​ឈ្មោះ​ជន​ពាក់ព័ន្ធ​ដែល​សហគមន៍​បាន​ប្ដឹង​ចំ​ឈ្មោះ ថា​ជា​អ្នក​លួច​កាប់​ឈើ​នោះ។ ជន​សង្ស័យ​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ឡៅកា រួម​មាន​ឈ្មោះ ច្រើង ខែន មែវ ចន្ថា ញាន ថៃ ជា​សមាជិក​សហគមន៍​ឡៅកា និង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ឈ្មោះ តា សឿន បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឡៅកា។

អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល ថ្លែង​ថា អាជ្ញាធរ​រក​ឃើញ​ថា ពិត​ជា​មាន​ការ​រំលោភ​កាប់​ដើម​ច្បោះ​សហគមន៍​ដូច​ពាក្យ​ប្ដឹង​មែន ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ព្យាយាម​ឲ្យ​ភាគី​ទាំង​ពីរ​យោគយល់​គ្នា ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា មុន​នឹង​ឈាន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ពីព្រោះ​ពួក​គាត់​ជា​ជនជាតិ​ដើម​ភាគតិច​រស់នៅ​សហគមន៍​តែ​មួយ។ លោក​បន្ត​ថា ចុង​ចោទ​បាន​ទទួល​ស្គាល់​កំហុស ក៏ប៉ុន្តែ​ប្រសិន​ភាគី​ទាំង​ពីរ​មិន​អាច​រក​ដំណោះស្រាយ​សន្តិវិធី​បាន​នោះ អាជ្ញាធរ​នឹង​ដាក់​បណ្ដឹង​នេះ​ទៅ​មន្ត្រី​ជំនាញ ឬ​ទៅ​តុលាការ​ដោះស្រាយ​បន្ត៖ «ដោយសារ​ភាគី​ទាំង​ពីរ​សុទ្ធ​សឹង​ជនជាតិ​ទាំង​ពីរ​អ៊ីចឹង យើង​ចង់​ឲ្យ​គាត់​ជជែក​គ្នា​ឲ្យ​បាន​ច្រើន មុន​ឈាន​ទៅ​ដាក់​បន្ទុក​ផ្លូវ​ច្បាប់។ កន្លង​ទៅ បង​ប្អូន​កាលណា​តឹងតែង​ពេក គាត់​ផ្ដិត​មេដៃ​ដាក់​ញត្តិ​តវ៉ា​សុំ​នៅ​ក្រៅ​ឃុំ ឬ​ដោះលែង»។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា សមាជិក​សហគមន៍​ឡៅកា ១០​នាក់ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ពីរ​នាក់ បាន​ធ្វើ​ដំណើរ​ចូល​ព្រៃ​ដែន​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ នា​សង្កាត់​សុខដុម ស្ថិត​នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ ចំណុច​អូរ​ចុងចារ ដើម្បី​ពិនិត្យ​មើល​វត្ថុ​តាង​ទាក់ទិន​ជន​ល្មើស​កាប់​យក​ឈើ​មូល ជា​ដើម​ច្បោះ​របស់​សហគមន៍​រក្សា​ទុក​ប្រកប​របរ​ដង​ជ័រ​ទឹក។ ជាក់ស្តែង គេ​បាន​រក​ឃើញ​គល់​ឈើ​ប្រមាណ ៣០​គល់ រួម​ទាំង​ឈើ​មូល​ប្រមាណ ២០​ដើម​បន្សល់​ចោល​នៅ​ក្នុង​ព្រៃ។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​ក្រុង​សែនមនោរម្យ ថា​ជា​សញ្ញា​ល្អ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ។ លោក​ថា យន្តការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​អាជ្ញាធរ​ព្យាយាម​យក​មក​ដោះស្រាយ​រឿង​ក្តី​សហគមន៍​នេះ គួរ​កំណត់​ឲ្យ​ភាគី​ចុង​ចោទ​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ព្រៃ​ឈើ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ប្រសិន​មិន​រាងចាល ដើម្បី​ជា​គំរូ​សម្រាប់​សហគមន៍​ផ្សេង​ទៀត៖ «ឲ្យ​ជន​ប្រព្រឹត្តិ​ដែល​គាត់​បាន​កាប់​ប៉ុន្មាន​ដើម ចុះ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ ហើយ​បញ្ឈប់​រាល់​សកម្មភាព​កាប់​ឈើ ដឹក​ជញ្ជូន និង​ប្រមូល​អនុផល​ព្រៃ​ឈើ​ខុស​ច្បាប់»។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ មករា ដែរ​ថា មន្ត្រី​ព្រៃ​ឈើ​ទទួល​ស្គាល់​ថា ដើម​ច្បោះ​អ្នក​ភូមិ​ពិត​ជា​ត្រូវ​គេ​លួច​កាប់ ក៏ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធំ​ដុំ​នោះ​ទេ។ លោក​ថា សហគមន៍​ជា​ម្ចាស់​ដើម​ច្បោះ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ដែល​សហគមន៍​មាន​សំអាង​ថា ជា​ជន​សង្ស័យ​កាប់​ឈើ​នោះ​មក​សមត្ថកិច្ច​ព្រៃ​ឈើ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​ដើម​ចោទ​មិន​យល់ព្រម​ដោះ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​សហគមន៍៖ «អារ​ធ្វើ​ផ្ទះ​គ្នា​គាត់​ហ្នឹង​ណា! ខ្ញុំ​ប្រាប់​មេ​ភូមិ​ហើយ​ឲ្យ​ម្ចាស់​ដើម​ច្បោះ​ដាក់​ពាក្យ​ប្ដឹង​មក​រដ្ឋបាល​ព្រៃ​ឈើ​មក ដើម្បី​ខ្ញុំ​បញ្ជូន​ទៅ​លើ​ទៀត»។

ពាក្យ​បណ្ដឹង​របស់​ភាគី​ដើម​ចោទ លោកស្រី ផ្លឹក ណាវី ទាមទារ​សំណង​ដើម​ច្បោះ​មួយ​ដើម ១​លាន​រៀល និង​សុំ​ឲ្យ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ល្មើស​តាម​ច្បាប់។

តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយ មន្ត្រី​អាជ្ញាធរ​ក្រុង​សែនមនោរម្យ រួម​ជាមួយ​សហគមន៍​ឡៅកា ទាំង​ចុង​ចោទ ដើម​ចោទ នឹង​នាំ​គ្នា​ទៅ​ពិនិត្យ​កន្លែង​កាប់​ឈើ​ច្បោះ​សហគមន៍​ឡើង​វិញ ដើម្បី​វាយ​តម្លៃ​ការ​ខូចខាត​សម្រាប់​ជា​មូលដ្ឋាន​នៃ​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ៕

No comments:

Post a Comment