Sunday, January 22, 2017

លោក ជា មុនី រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​នឹង​អាច​រក​ឃើញ​ឃាតក​សម្លាប់​លោក ជា វិជ្ជា

ពិធី​ដាក់​កម្រង​ផ្កា​រំឭក​ខួប ១៣​ឆ្នាំ វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur

 

ប្អូន​ប្រុស​លោក ជា វិជ្ជា អតីត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី ១៣​ឆ្នាំ​មុន គឺ​លោក ជា មុនី រំពឹង​ទុក​ថា ឃាតក​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង នឹង​អាច​រក​ឃើញ ប្រសិន​បើ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី។

ថ្វីត្បិតតែ​លោក ជា មុនី រំពឹង​ទុក​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ក្រុម​សហជីព កម្មករ និង​ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក ជា វិជ្ជា នៅ​តែ​ផ្ដល់​ក្ដី​សង្ឃឹម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​រក​ឃើញ​ឃាតក ប្រសិន​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ។

ថ្វីត្បិតតែ​ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ​បំផុត មិន​ទាន់​រក​ឃើញ​ថា​ជា​នរណា ហើយ​រយៈពេល ១៣​ឆ្នាំ​មក​នេះ ពលរដ្ឋ​ភាគច្រើន​នៅ​តែ​ទទូច​ចង់​ដឹង​អំពី​មុខ​មាត់​ពិត​របស់​ឃាតក​ក្ដី ប៉ុន្តែ​សាច់ញាតិ និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ជា វិជ្ជា បែរ​ជា​គ្មាន​ជំនឿ​ទៅ​វិញ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​នឹង​មិន​អាច​ស៊ើប​អង្កេត​ដើម្បី​វែក​មុខ​ឃាតក​ពិត​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​រំពឹង​ថា ឃាតក​ពិត​នឹង​រក​ឃើញ​នៅ​ពេល​ដែល​កម្ពុជា មាន​រដ្ឋាភិបាល​ថ្មី​មួយ​ផ្សេង​ទៀត។

ប្អូន​ប្រុស​លោក ជា វិជ្ជា គឺ​លោក ជា មុនី អះអាង​នៅ​ក្នុង​កម្មវិធី​រំឭក​ខួប ១៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧ ថា តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សេចក្ដី​សម្រេច​មួយ​លេខ ៧៣ ស.ស.រ ដើម្បី​បង្កើត​ក្រុម​ស៊ើប​អង្កេត​ជំនាញ​មក​ពី​អន្តរ​ក្រសួង និង​ដឹកនាំ​ដោយ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ជិត ៣​ឆ្នាំ​នៃ​ការ​បង្កើត​សេចក្ដី​សម្រេច​នេះ គឺ​ពុំ​មាន​សកម្មភាព​ស៊ើប​អង្កេត និង​បង្ហាញ​លទ្ធផល​អ្វី​ឡើយ៖ «គ្មាន​សង្ឃឹម និង​ជំនឿ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​ធ្វើ​ទៀត​ទេ យើង​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល នឹង​រក​ឃើញ​ឃាតក​ពិត»។

លោក ជា មុនី បញ្ជាក់​ថា មូលហេតុ​ដែល​លោក​សង្ឃឹម​លើ​រដ្ឋាភិបាល​ថ្មី ដែល​មិន​មែន​ជា​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ ថា​នឹង​រក​ឃើញ​ទាំង​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​បង​ប្រុស​លោក គឺ​ដោយសារ​តាម​ផ្លូវ​ច្បាប់ បទល្មើស​ព្រហ្មទណ្ឌ​គឺ​មាន​អាជ្ញាយុកាល​ស៊ើប​អង្កេត​តែ​រយៈពេល ១៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បើ​អំឡុង​ពេល​នេះ​មិន​បាន​ស៊ើប​អង្កេត​រក​ឃាតក​ពិត គឺ​គេ​នឹង​បិទ​សំណុំ​រឿង​នេះ​ចោល​វិញ​មិន​ខាន។

ក្រៅ​ពី​ថ្លែង​អស់​ជំនឿ​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ជា មុនី ក៏​អះអាង​ថា ក្រុម​គ្រួសារ​លោក​ជា​ជន​រងគ្រោះ តាម​ពិត​គឺ​ដឹង​អំពី​បុគ្គល​នៅ​ពី​ខាង​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប៉ុន្តែ​ការ​ចង្អុល​បង្ហាញ​របស់​លោក​កន្លង​មក ត្រូវ​បាន​សមត្ថកិច្ច​បដិសេធ។ លើស​ពី​នេះ លោក​ថា​ដើម្បី​រឹត​តែ​ដឹង​ច្បាស់​អំពី​អ្នក​នៅ​ពី​ក្រោយ​នៃ​ករណី​ឃាតកម្ម​នេះ ទាល់​តែ​សួរ​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​រង​រាជធានី​ភ្នំពេញ ព្រោះ​លោក ហេង ពៅ ធ្លាប់​បញ្ជាក់​ថា សុខ សំអឿន និង ប៊ន សំណាង ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ធ្លាប់​ចាប់​ខ្លួន និង​ចោទ​ថា​ជា​ឃាតក តាម​ពិត​មិន​មែន​ជា​ឃាតក​ពិត​ឡើយ។

ទោះ​ជា​មាន​ការ​លើក​ឡើង​ពី​ប្អូន​ប្រុស​លោក ជា វិជ្ជា បែប​នេះ​ក្ដី តំណាង និង​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​មួយ​កន្លែង​នៅ​សង្កាត់​ចាក់អង្រែក្រោម អ្នកស្រី មឿន សារ៉េត រំឭក​ថា លោក ជា វិជ្ជា ជា​បុគ្គល​ម្នាក់​ហ៊ាន​ទាំង​ការ​លះបង់​ជីវិត និង​គ្មាន​នរណា​ហ៊ាន​លះបង់​ដូច​គាត់​ឡើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​លើក​កម្ពស់​សិទ្ធិ​កម្មករ​នៅ​តាម​រោងចក្រ គេច​ផុត​ពី​ការ​ជិះជាន់​របស់​ថៅកែ​រោងចក្រ ជាពិសេស​លោក​ជា​អ្នក​ទាមទារ​ដំបូង​គេ​ឲ្យ​ប្រាក់​ខែ​កម្មករ​ចាប់​ពី ២០​ដុល្លារ​ក្នុង​មួយ​ខែ ឡើង​មក​ដល់ ៤០​ដុល្លារ។ បន្ទាប់​មក ប្រាក់​ខែ​កម្មករ​បាន​ឡើង​ជា​បន្តបន្ទាប់ ថ្វីត្បិតតែ​លោក ជា វិជ្ជា បាន​ស្លាប់​អស់​រយៈពេល ១៣​ឆ្នាំ​ក្ដី។ ជាមួយ​គ្នា​នោះ អ្នកស្រី មឿន សារ៉េត សង្ស័យ​ថា ហេតុ​អ្វី​បាន​រដ្ឋាភិបាល​មិន​អាច​ស្វែងរក​ឃាតក​ពិត​ដែល​សម្លាប់​លោក ជា វិជ្ជា ស្រប​ពេល​ករណី​ឃាតកម្ម​ខ្លះ អាជ្ញាធរ​រដ្ឋាភិបាល​អាច​វែក​មុខ​ឃាតក​ពិត​ក្នុង​រយៈពេល​ដ៏​ខ្លី​បាន?៖ «ត្រូវ​តែ​រង​ការ​រិះគន់​អ៊ីចឹង​ហើយ ប្រសិន​បើ​រដ្ឋាភិបាល​រក​មិន​ឃើញ ជា​រឿង​ធម្មតា»។

នៅ​ក្នុង​កម្មវិធី​ជិត​មួយ​ព្រឹក​ដើម្បី​រំឭក​នៃ​ការ​ចងចាំ​ថ្ងៃ​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្កា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ មាន​ការ​ចូលរួម​ពី​សហជីព កម្មករ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រំឭក​អំពី​ករណី​បាញ់​ប្រហារ​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​មិន​អាច​រក​ឃាតក​ឃើញ ដូចជា​ប្រធាន​សហជីព តារា​ចម្រៀង តារា​សម្ដែង ព្រះសង្ឃ និង​ករណី​ឃាតកម្ម​ចុង​ក្រោយ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ឯករាជ្យ​ដ៏​ល្បី ជាដើម។

អតីត​សហការី​របស់​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សង្ស័យ​ថា អ្នក​ដែល​សម្លាប់​លោក ជា វិជ្ជា អាច​ជា​ថៅកែ​រោងចក្រ ឬ​ជា​មន្ត្រី​មាន​អំណាច​ណា​មួយ​ដែល​យល់​ថា លោក ជា វិជ្ជា ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ និង​ប្រជាប្រិយភាព​ពួក​គេ។ លោក​បន្ត​ថា នៅ​ពេល​រដ្ឋាភិបាល​មិន​អាច​ស្វែងរក​ឃាតក​ពិត មិន​មែន​ជា​រឿង​អយុត្តិធម៌​សម្រាប់​តែ​លោក ជា វិជ្ជា ទេ ប៉ុន្តែ​អំពើ​និទ្ទណ្ឌភាព​នៅ​បន្ត​មាន ហើយ​បុគ្គល​ដែល​ចូល​ចិត្ត​បាញ់​បោះ​សម្លាប់​មនុស្ស នឹង​កាន់​តែ​សម្បូរ​នៅ​ក្នុង​សង្គម​ខ្មែរ៖ «រដ្ឋាភិបាល​ត្រូវ​បន្ត​ចាប់​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស ឲ្យ​សម​ទៅ​នឹង​តួនាទី​រដ្ឋ និង​ច្បាប់​រដ្ឋធម្មនុញ្ញ»។

អ្នក​ជិតស្និទ្ធ​របស់​លោក ជា វិជ្ជា រូប​នេះ​រំឭក​ថា នៅ​អំឡុង​ឆ្នាំ​២០០០ សហការី​របស់​លោក ជា វិជ្ជា បាន​ចាប់​ផ្ដើម​តស៊ូ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​សិទ្ធិ​ផ្សេងៗ​ជូន​កម្មករ។ កាល​នោះ កម្មករ​កម្មការនី​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជួប​ភាព​លំបាក​ខ្លាំង ព្រោះ​ត្រូវ​ថៅកែ​ប្រើ​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ហើយ​ប្រសិន​ពួក​គេ​ធ្វើ​ការ​លើស​ម៉ោង​រហូត​ធ្លាក់​ខ្លួន​ឈឺ ត្រូវ​គេ​បញ្ឈប់​ចោល និង​អ្នក​ខ្លះ​ស្លាប់​វិញ គឺ​គ្មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ៕

No comments:

Post a Comment