សម្រាស់ និងរបាំងអួនក្រឡាញឹកនៅតំបន់ព្រែកអភិរក្ស ឬបឹងអភិរក្សប៉ព្រេង នៅក្នុងភូមិបុស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។ Photo Provided |
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បារម្ភថា ទិន្នផលត្រីក្នុងបឹង និងព្រែក នឹងត្រូវថយចុះ ដោយសារបទល្មើសនេសាទកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់។ បន្ថែមពីនេះ គឺបណ្ដាលឲ្យប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិទៀតផង ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបណ្តោយឲ្យសកម្មភាពទាំងនោះកើតឡើងបន្តទៀត។
ប្រជាសហគមន៍ឃុំត្រពាំងព្រីង ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍លើករណីបទល្មើសនេសាទនៅតំបន់ព្រែកអភិរក្សប៉ព្រេង ឬបឹងអភិរក្សប៉ព្រេង ក្នុងភូមិបុស្នោរ ឲ្យបានឆាប់រហ័ស។
បទល្មើសនេសាទទាំងនោះមានដូចជា ការឆក់ ដាក់របាំងអួនសាច់ក្រឡាញឹកស្ទើរពេញផ្ទៃព្រែក ព្រមទាំងការដាក់សម្រាស់ជាច្រើនកន្លែងទៀតផង។ ប្រជាសហគមន៍បានត្រឹមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែមិនទាន់ឃើញមានវិធានការណាមួយឡើយ បើទោះបីជាសកម្មភាពទាំងនោះកើតឡើងជាយូរណាស់មកហើយក្តី។
ប្រជាសហគមន៍ភូមិបុស្នោរ ឃុំត្រពាំងព្រីង លោក ផុន ឈឿន មានប្រសាសន៍ថា ក្នុងផ្ទៃព្រែកប៉ព្រេង ឬបឹងអភិរក្សប៉ព្រេង ស្ទើរតែទាំងអស់ត្រូវបានគ្រប់គ្រងដោយបុគ្គលម្នាក់ ឬពីរនាក់ប៉ុណ្ណោះ។ លោកបន្តថា ពួកគេគ្រប់គ្រងតាមរយៈធ្វើអាជីវកម្មនេសាទរបស់ខ្លួន ដូចជាកាប់ឫស្សីដែលមានដុះនៅក្បែរៗមាត់ព្រែកដាក់សម្រាស់ផ្តាច់មុខដែលមានជិត ២០កន្លែង។ បន្ថែមពីនេះ ពួកគេដាក់របាំងអួនកាត់ទទឹងលើផ្ទៃព្រែកស្ទើរតែទាំងស្រុងទៀតផង។ បញ្ហានេះ លោកបារម្ភថាវាមិនត្រឹមតែប៉ះពាល់ដល់ប្រជានេសាទលក្ខណៈគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឲ្យប៉ះពាល់ដល់ព្រៃលិចទឹក និងបាក់ច្រាំងព្រែក ជាដើម៖ «បារម្ភបំផុតខ្លាចទៅថ្ងៃក្រោយទេ ត្រីសាច់ហ្នឹងប្រជាជនចេះតែខ្វះខាត ហើយប្រជាជនហ្នឹងចេះតែមានគំនុំគុំកួន ហើយគាត់ចង់ទៅហ្នឹងយកស្បៃអួនប្រុងនាំគ្នាយកទៅដុតចោល ដែលនាំឲ្យមានកើតអំពើហិង្សា»។
ព្រែកអភិរក្សប៉ព្រេង មានបណ្តោយជិត ១ពាន់ម៉ែត្រ និងទទឹងជិត ១០០ម៉ែត្រ ដែលហូរចាក់ពីព្រែកឆ្លូង ខេត្តក្រចេះ។
ប្រភពដដែលបញ្ជាក់ថា ក្រុមអ្នកប្រព្រឹត្តបទល្មើសទាំងនោះ ជាពលរដ្ឋមកពីភូមិផ្សេង ដែលគេដឹងថាមានសែស្រឡាយជាប់ជាមួយមន្ត្រីរាជការបម្រើការងារនៅស្រុកតំបែរ។
អាស៊ីសេរី មិនអាចទាក់ទងទៅមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំត្រពាំងព្រីង និងមន្ត្រីរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានទេនៅថ្ងៃទី២១ មករា។
ចំណែកមន្ត្រីអង្កេតអង្គការលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក វ៉ន សេងធុយ ដែលបានតាមដានករណីនេះ មានប្រសាសន៍ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ ឬរបៀបនេសាទបែបនេះក្នុងតំបន់បឹង ឬព្រែកអភិរក្ស គឺជារឿងខុសច្បាប់។ ករណីនេះ គឺទាមទារឲ្យអាជ្ញាធរត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព ជៀសវាងធ្វើឲ្យមានការចោទប្រកាន់ថា អាជ្ញាធរអាចពាក់ព័ន្ធជាមួយក្រុមជនល្មើសទាំងនោះ៖ «បាទ! ច្បាស់ណាស់! ព្រោះបទល្មើសហ្នឹងកើតឡើងយូរមកហើយ ហើយនៅពេលប្រជាពលរដ្ឋគាត់បានប្ដឹង គាត់បានរាយការណ៍មកតាមរយៈតំណាងសហគមន៍របស់ពួកគាត់ហ្នឹង មិនមានការដោះស្រាយ គឺប្រាកដជាប្រជាពលរដ្ឋគាត់យល់ថាមានការពាក់ព័ន្ធជាមួយអាជ្ញាធរណាមួយហើយ»។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា៩៨ ចែងថា ត្រូវផ្ដន្ទាទោសបទល្មើសជលផលថ្នាក់ទី១ ដោយដាក់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ និងរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមាន នេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទក្នុងដែននេសាទ។ នេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍ដែលបង្កើតឡើងថ្មី ឬរបៀបនេសាទបែបថ្មី ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ឬធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ជាដើម៕
No comments:
Post a Comment