ពោធិ៍សាត់ៈ ពលរដ្ឋជាង ១០០ នាក់បានប្រមូលផ្តុំគ្នានៅខាងមុខតុលាការខេត្តពោធិ៍សាត់នៅពេលដែលសកម្មជនការពារដីធ្លី និងធនធានធម្មជាតិរបស់ពួកគាត់ត្រូវបានតុលាការសួរនាំចំនួន ៣ បទចោទដែលប្តឹងដោយអាជ្ញាធរបន្ទាប់ពីសកម្មជនរូបនេះបានធ្វើការរិះគន់រឿងដកហូតដី ៦៣ ហិកតា និងកាត់ទោសគ្រូបង្រៀនម្នាក់ដាក់ពន្ធនាគារ។
សកម្មជនដីធ្លី និងធនធានធម្មជាតិលោក គុជ វេង អាយុ ៥២ ឆ្នាំត្រូវបានតុលាការខេត្តពោធិ៍សាត់ធ្វើការសាកសួរអស់រយៈពេល ២ ម៉ោងកាលពីព្រឹកម្សិលមិញពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងរបស់លោក មោក កោ មេឃុំ ស្នាអន្សា ក្នុងស្រុកក្រគរកាលពីខែ សីហាឆ្នាំ ២០១៦ លើបទ «បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ»។
ដោយខ្លាចមានការចាប់ឃុំខ្លួនពលរដ្ឋចំនួន ១៤៩ នាក់មកពី ៥ ឃុំបាននាំគ្នាប្រមូលផ្តុំគ្នារហូតលោក វេង ត្រូវអនុញ្ញាតឲ្យចេញពីតុលាការវិញ។
លោក គុជ វេង បញ្ជាក់ថា៖ «ខ្ញុំអត់បានធ្វើដូចការចោទទេ។ ការរិះគន់ និងបញ្ចេញមតិដើម្បីស្ថាបនាគឺស្របតាមច្បាប់។ យើងផ្តល់ព័ត៌មានដើម្បីជួយសង្គមមិនមែនញុះញង់ឲ្យធ្វើសង្គ្រាមនោះទេ។ ខ្ញុំមិនបានវាយប្រហារអ្នកណាទេគឺនិយាយដើម្បីឲ្យចាត់ការ និងឈប់បំផ្លាញធនធានទៀតទៅ»។
លោក វេង រំឭកថាពលរដ្ឋ ២១ គ្រួសារបានទៅបង្កបង្កើនផលលើដីរដ្ឋចាប់តាំងពីឆ្នាំ ១៩៨៣ មកក្នុងឃុំស្នាអន្សា ប៉ុន្តែត្រូវបានអាជ្ញាធរដកហូតយកដីនោះទៅវិញដើម្បីបង្កើតជាសហគមន៍មួយកាលពីអំឡុងឆ្នាំ ២០១២ និង ២០១៣។ ពលរដ្ឋជាម្ចាស់ដីបាននាំគ្នាតវ៉ាដែលក្នុងនោះគ្រូបង្រៀននៅអនុវិទ្យាល័យស្នារអន្សាម្នាក់ឈ្មោះ សោម សារ៉ាវុធ មានភាពសកម្មជាងគេហើយក៏ត្រូវតុលាការខេត្តចោទប្រកាន់ពីបទកាប់រានដីព្រៃរដ្ឋដោយខុសច្បាប់ និងសម្រេចដាក់ពន្ធនាគារចំនួន ៥ ឆ្នាំកាលពីឆ្នាំ ២០១៥។
លោក សារ៉ាវុធ បានប្តឹងទាស់តែត្រូវសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម។ ការសម្រេចនេះបានធ្វើឲ្យលោក សារ៉ាវុធ បង្ខំចិត្តរត់គេចខ្លួនរហូតដល់សព្វថ្ងៃនេះ។
លោក វេង ថ្លែងថាដោយសារតែលោកជាអ្នកស្រលាញ់យុត្តិធម៌សង្គមទើបលោកបានចុះធ្វើការស្រាវជ្រាវពីករណីនោះ និងបានធ្វើការរិះគន់ទៅលើចំណាត់ការរបស់អាជ្ញាធរ និងតុលាការហើយអំពាវនាវឲ្យប្រគល់ដីនោះទៅពលរដ្ឋ ២១ គ្រួសារវិញ។ ហេតុនោះហើយទើបលោកត្រូវបានគេប្តឹងចំនួន ៣ បទចោទបែបនេះ។ សកម្មជនរូបនេះក៏កំពុងតែមានជំងឺប្រចាំកាយដែលត្រូវវះកាត់ដូចជាក្រួសក្នុងប្រមាត់លំពែងធ្លាក់ និងខ្វះឈាមក្រហមផងដែរ ដែលតម្រូវឲ្យលោកត្រូវពិសាថ្នាំជាប្រចាំ។
លោក គុជ វេង ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាង ៣ ខែផងដែរកាលពីឆ្នាំ ២០១៣។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំមិនបម្រើនយោបាយទេ។ បើតុលាការមានយុត្តិធម៌មានឯករាជ្យមិនអាចឃុំខ្លួនខ្ញុំទេ។ សំអាងទី ១ ខ្ញុំអត់បានធ្វើអីខុស ទី ២ សុខភាពខ្ញុំប្រឈមនឹងការវះកាត់ លេបថ្នាំរាល់ថ្ងៃ។ អ៊ីចឹងបើយកខ្ញុំទៅឃុំខ្លួនមានន័យថាគេមានគំនិតចង់សម្លាប់ខ្ញុំហើយ»។
លោក វេង បានសំណូមពរឲ្យតុលាការទម្លាក់រាល់ការចោទប្រកាន់លើរូបលោក។
លោក មោក កោ មេឃុំស្នាអន្យាបានឲ្យដឹងថាការដែលលោកប្តឹងលោក វេង នោះគឺពាក់ព័ន្ធទៅនឹងរឿងដីសហគមន៍។ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយលើរឿងនោះទេ។
លោកមេឃុំថ្លែងថា៖ «ខ្ញុំបានចូលទៅបំភ្លឺជូនតុលាការក្នុងនាមជាដើមបណ្តឹងរួចហើយ។ អ៊ីចឹងវាសម្រេចលើតុលាការជាអ្នកធ្វើការ»។
លោក ឡុង ជាមន្ត្រីនាំពាក្យតុលាការខេត្តពោធិ៍សាត់បានថ្លែងថាការប្រមូលផ្តុំគ្នានៅតុលាការរបស់ពលរដ្ឋមិនមានពាក់ព័ន្ធនឹងមានឥទ្ធិពលអ្វីដល់ការសម្រេចរបស់តុលាការនោះទេ។
លោកថា បន្ទាប់ពីការសួរនាំដើមចោទ និងចុងចោទរួចតុលាការនឹងធ្វើការស៊ើបអង្កេតបន្តទៀតហើយបើមានវត្ថុតាងគ្រប់គ្រាន់នឹងធ្វើការចោទប្រកាន់ទៅតាមផ្លូវច្បាប់។ ប៉ុន្តែបើគ្មានវត្ថុតាងគ្រប់គ្រាន់ទេតុលាការនឹងតម្កល់រឿងនេះទុក៕
No comments:
Post a Comment