Sunday, January 8, 2017

សង្គម​ស៊ីវិល​សាទរ​គម្រោង​អភិវឌ្ឍន៍​សង់​លំនៅឋាន​លក់​ក្នុង​តម្លៃ​សមរម្យ

                                                                                                                                                                           មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​មួយ​របស់​ក្រុមហ៊ុន វើលដ៍ប្រ៊ិឡែន (Worldbridge Land Cambodia) ដែល​អភិវឌ្ឍ​សង់​លំនៅឋាន​លក់​ជូន​ពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ។

នៅ​ថ្ងៃ​ទី​៧ មករា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន​សាធារណៈ​មាន​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ ដែល​ថា​គម្រោង​នេះ​ជា​គម្រោង​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ពលរដ្ឋ​កម្ពុជា។

សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​វិស័យ​លើក​កម្ពស់​សិទ្ធិ​លំនៅឋាន បាន​អបអរ​សាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​សង់​លំនៅឋាន​លក់​ក្នុង​តម្លៃ​សមរម្យ​ដល់​មន្ត្រី​រាជការ​ដែល​មាន​បៀវត្ស​ទាប។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន វើលដ៍ប្រ៊ិឡែន (Worldbridge Land Cambodia) ដែល​អភិវឌ្ឍ​សង់​លំនៅឋាន​សម្រាប់​លក់​ជូន​គ្រួសារ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ គឺ​ជា​គម្រោង​មួយ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​ខែ​តិច ដែល​អាច​ឲ្យ​មន្ត្រី​រាជការ​ផ្ដល់​សេវាកម្ម​បាន​ល្អ​ជូន​ពលរដ្ឋ។

លោក​សង្ឃឹម​ថា គម្រោង​ដូច​គ្នា​នេះ អាច​នឹង​ផ្ដល់​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ដទៃ​ទៀត​ទទួល​បាន​ដូច​គ្នា​ដែរ៖ «សង្ឃឹម​ថា​គម្រោង​នេះ​ជោគជ័យ។ សង្ឃឹម​ថា​គាត់​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ផ្សេងៗ​ទៀត គិតគូរ​សង់​លំនៅឋាន​សម្រាប់​អ្នក​ដែល​ក្រីក្រ ស្រប​ទៅ​តាម​គោល​នយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​អ្នក​ក្រីក្រ​ទទួល​បាន​លំនៅឋាន​សមរម្យ​ដូច​អ្នក​ផ្សេងៗ​ទៀត​ដែរ»។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​លំនៅឋាន​សាធារណៈ​មាន​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ ថ្ងៃ​ទី​៧ មករា នៅ​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថ្លែង​ថា គម្រោង​សាងសង់​ផ្ទះ​ដែល​ធ្វើ​ឡើង​នេះ នឹង​ជួយ​ឲ្យ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ។

គម្រោង​អភិវឌ្ឍន៍​សង់​ផ្ទះ​ល្វែង​របស់​ក្រុមហ៊ុន វើលដ៍ប្រ៊ិឡែន (Worldbridge Land Cambodia) នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១ ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ចំនួន ២.២៩៧​ល្វែង ដែល​តម្លៃ​ផ្ទះ​ចន្លោះ​ពី ២​ម៉ឺន​ដុល្លារ​ទៅ ២​ម៉ឺន ៥​ពាន់​ដុល្លារ ហើយ​អាច​បង់​រំលស់​បាន ដោយ​ក្រុមហ៊ុន​នេះ​សហការ​ជាមួយ​ធនាគារ​យក​ការប្រាក់​ទាប។

គម្រោង​អភិវឌ្ឍន៍​នេះ ក៏​មាន​សាលា​រៀន ផ្សារ និង​មន្ទីរពេទ្យ​ផង។ ព័ត៌មាន​ពី​ក្រុមហ៊ុន​នេះ ឲ្យ​ដឹង​ថា អ្នក​ចង់​ទិញ​ផ្ទះ​នេះ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ហើយ​ក្រុមហ៊ុន​នឹង​បើក​លក់ ហើយ​ទទួល​ពាក្យ​ស្នើសុំ​ទិញ​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

No comments:

Post a Comment