សត្វស្វាព្រៃដែលអ្នកភូមិក្នុងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បាញ់បានកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Men Sothyr |
ពលរដ្ឋ និងអង្គការសង្គមស៊ីវិល អំពាវនាវជាថ្មីទៀត ដល់រដ្ឋាភិបាលឲ្យលប់បំបាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដ្បិតឈ្មួញនៅតែបន្តដាក់លក់ជាសាធារណៈនៅផ្សារខែត្រស្ទឹងត្រែង បើទោះបីជា មន្ត្រីជំនាញធ្លាប់បានបង្ក្រាបច្រើនសាក្ដី។ សង្គមស៊ីវិលចាត់ទុកការបណ្ដោយឲ្យឈ្មួញលក់សត្វព្រៃ និងការអនុវត្តច្បាប់ធូររលុង គឺជា ការរួមចំណែកបំផ្លាញសត្វព្រៃដ៏កម្រនៅកម្ពុជា។
មន្ត្រីសង្គមស៊ីវិលរកឃើញថា ការជួញដូរសត្វព្រៃនៅផ្សារខែត្រស្ទឹងត្រែងកំពុងបើកទូលាយជាសាធារណៈ និងលក់ជាប្រចាំថ្ងៃ ដូចជាសត្វឈ្លូស ប្រើស ត្រកូត និង ជ្រូកព្រៃជាដើម ពុំឃើញមានស្ថាប័នណា បង្ហាញជំហរច្បាស់លាស់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពឡើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក(ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងនៅថ្ងៃទី ១៩ មករាថា ឈ្មួញមុខដដែលៗបានលក់សត្វព្រៃនៅផ្សារខែត្រស្ទឹងត្រែងចំនួន ៤ ទៅ ៥ ទីតាំងច្រើនឆ្នាំមកហើយ កម្រឃើញសមត្ថកិច្ចឃាត់ជនល្មើសឲ្យទទួលខុសត្រូវទណ្ឌកម្មច្បាប់ឡើយ គឺឃើញតែរឹបអូសសត្វព្រៃ និងវត្ថុតាងដុតបំផ្លាញចោល។
ក្រៅពីនេះនៅភោជនីយដ្ឋានមួយចំនួន នៅខែត្រស្ទឹងត្រែង ក៏មានដាក់លក់សត្វព្រៃដែរ។ លោករិះគន់ អាជ្ញាធររដ្ឋាភិបាលថា គ្មានឆន្ទៈលប់បំបាត់ការជួញដូរសត្វព្រៃនោះទេ បែរជាបណ្ដោយឲ្យករណីនេះកើតឡើងដដែលៗ ធ្វើឲ្យពលរដ្ឋកាន់តែអស់ជំនឿ ការអនុវត្តច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធ៖ «គ្រាន់តែធ្វើលំៗកន្ទេលធំប្រឡំដេកដែរហ្នឹង រហូតដល់ពេលខ្លះទាល់តែអាជ្ញាធរថ្នាក់ជាតិដូចជាក្រសួងចុះមកធ្វើការបង្ក្រាបអីចឹងទៅ ប៉ុន្តែដោយឡែកជំនាញនៅក្នុងខែត្រនេះដូចជា មិនបានធ្វើអីទេទាំងបទល្មើសសត្វព្រៃ ទាំងបទល្មើសព្រៃឈើទាំងបរិស្ថានអីយើងឃើញថា ដូចជាមិនមានចំណាត់ការអីឲ្យធំដុំ»។
កាលពីចុងឆ្នាំ ២០១៦ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអាវុធហត្ថនិងអង្គការមិនមែនរដ្ឋាភិបាល បានចុះបង្ក្រាបការជួញដូរសត្វព្រៃ នៅផ្សារខេត្តស្ទឹងត្រែងរឹបអូសបានសាច់សត្វព្រៃរាប់រយគីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនល្មើសបាន ៣នាក់ និងត្រូវបានដោះលែងវិញ។ សត្វព្រៃដែលអាជ្ញាធរជំនាញបង្ក្រាបនោះមានដូចជាឈ្លូសប្រើស ស្វាអណ្ដើកជ្រូកព្រៃ ត្រកួតនិងរញីជាដើម។ ក្រោយពីការបង្ក្រាបបាន ៤ថ្ងៃមន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋនៅតែប្រទះឃើញឈ្មួញដាក់លក់សត្វព្រៃដដែល។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈៀង តុលា ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី ១៩ មករា ព្រោះទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ប្រធានកម្មវិធីប្រចាំកម្ពុជានៃអង្គការអភិរក្សសត្វស្លាបអន្តរជាតិ (Birth Life international) លោក ប៊ូ វីរសក្ស សម្ដែងក្តីបារម្ភយ៉ាងខ្លាំង ខណៈការចរាចរលក់សត្វព្រៃនៅតែកើតមានគគ្រឹកគគ្រេង។
បញ្ហានេះអង្គការលោកកំពុងជួយដល់មន្ទីរបរិស្ថាន ក្នុងកិច្ចការងារគ្រប់គ្រងអនុវត្តច្បាប់ គ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច នៅគ្រាដែលបទល្មើសបរបាញ់ដោយកាំភ្លើងច្នៃ និងការដាក់អន្ទាក់កើនឡើង។
លោកថា ការប្រើប្រាស់កាំភ្លើងកែច្នៃ និងការដាក់អន្ទាក់គឺជាមូលហេតុដែលឈ្មួញប្រើប្រាស់សម្រាប់ចាប់សត្វព្រៃធ្វើអាជីវកម្ម ហេតុនេះលោកចង់ឃើញ អាជ្ញាធរជំនាញទទួលខុសត្រូវក្នុងការបង្ក្រាប និងគ្រប់គ្រងអាវុធកែច្នៃគ្រប់ប្រភេទ៖ «ជាសំណូមពរសុំឲ្យអាជ្ញាធរខែត្រដែរគាត់នៅជិតទីផ្សារជាងគេហ្នឹង ទាំងរដ្ឋបាលព្រៃឈើទាំងមន្ទីរបរិស្ថានខែត្រ សួមជួយផងក្នុងការពិនិត្យមើលពីលទ្ធភាពក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃហ្នឹង»។
ពលរដ្ឋរស់នៅឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង លោក អ៊ុក ម៉ៅ ទទូចឲ្យរដ្ឋាភិបាលលប់បំបាត់ការប្រើប្រាស់កាំភ្លើងច្នៃគ្រប់ប្រភេទ នៅគ្រាដែលអ្នកភូមិមួយចំនួននៅជនបទភាគច្រើនប្រើប្រាស់ដើម្បីបាញ់សត្វព្រៃ។ លោកចាត់ទុកកាំភ្លើងទាំងនេះ ជាប្រភពវិនាសកម្មសត្វព្រៃ និង ប៉ះពាល់សុវត្ថិភាពរស់នៅរបស់ពលរដ្ឋផង៖ «បើថាកាំភ្លើងខ្យល់ហ្នឹងឃើញ ៥បាន ៥ បើឃើញ១០គឺបានទាំង ១០ គិតទៅវាចង់ខ្លាំងជាងកាំភ្លើងមែនទែនផង។ បើកាំភ្លើងមែនទែនបាញ់ទៅអាចឮដល់ប៉ូលិសគេទៅដកយកទៅខានទៅ។ បើកាំភ្លើងខ្យល់ឆ្ងាយពីគ្នា ប្រហែល២០ទៅ ៣០ម៉ែត្រក៏អត់ដឹងដែរ»។
មន្ត្រីសង្គមស៊ីវិលរកឃើញថា សត្វព្រៃដែលឈ្មួញដាក់លក់ ទំនងជាត្រូវបានចរាចរពី តំបន់ព្រៃការងារសៀមប៉ាងខាងលិច តំបន់ព្រៃឡង់ ស្រុកថាឡាបរិវ៉ាត់ តំបន់ឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកសៀមប៉ាង និងតំបន់ព្រៃស្រោងមួយចំនួនទៀតនៃស្រុកសេសាន និងស្រុកសៀមបូក ខែត្រស្ទឹងត្រែង។
ច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ មាត្រា៤៩ ចែងថា ហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយីបំផ្លាញសត្វព្រៃគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការនាំចេញនាំចូល៕
No comments:
Post a Comment