Friday, January 20, 2017

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​វិធានការ​ធ្ងន់ធ្ងរ​លើ​អាជីវករ​ដែល​ដាក់​សារធាតុ​គីមី​រក្សា​ទំនិញ


អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea



មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ទៅលើ​ក្រុម​អាជីវករ​ទាំងឡាយ​ណា ដែល​មុខ​ទំនិញ​របស់​ពួកគេ ត្រូវ​មន្ត្រី​ជំនាញ​រក​ឃើញ​មាន​សារធាតុ​គីមី ដាក់​លក់​នៅ​លើ​ទីផ្សារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ធ្វើ​ពិសោធន៍​រក​ឃើញ​សារធាតុ​គីមី នៅ​លើ​គ្រឿង​សមុទ្រ​ស្រស់​មួយ​ចំនួន ដែល​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​វាលរេញ និង​ផ្សារ​លើ។​

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ដុត​បំផ្លាញ បង្គា និង​មឹក​ស្រស់​សរុប​មាន​ចំនួន​ជាង ៥០​គីឡូក្រាម ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចាប់ និង​ដកហូត ពី​ក្រុម​អាជីវករ នៅ​ផ្សារ​វាលរេញ និង​ផ្សារ​លើ។

មន្ត្រី​ជំនាញ​រូប​នេះ ព្រួយបារម្ភ​អំពី​ខុស​ភាព របស់​ប្រជាពលរដ្ឋ នៅ​គ្រា​ស្ថាប័ន​នេះ បាន​នាំ​យក​មន្ទីរ​ពិសោធន៍​ចល័ត​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល មក​ពិសោធន៍​គ្រឿង​សមុទ្រ ឬ​ម្ហូប​សមុទ្រ​ស្រស់ៗ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ហើយ​បាន​រក​ឃើញ បង្គារ និង​មឹក​ស្រស់ ព្រមទាំង​ស្ពៃ​ជ្រក់ មាន​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ទៅលើ​ចំណីអាហារ។

លោក ជា ប៉ិច រៀបរាប់​ថា គ្រឿង​សមុទ្រ​ស្រស់ ដែល​អាជីវករ​ដាក់​លក់ នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ ៤ នៅ​ទល់មុខ​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់ មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​មុខទំនិញ ២០​ប្រភេទ​ផ្សេងគ្នា បាន​រក​ឃើញ​ស្តង់​លក់​គ្រឿង​សមុទ្រ​ស្រស់ ២​តូប មាន​ផ្ទុក​សារធាតុ​គីមី ទៅលើ​បង្គារ​ស្រស់​ប្រមាណ ១៤​គីឡូក្រាម។ ចំណែក​នៅ​ផ្សារ​លើ ការ​ត្រួតពិនិត្យ ទៅលើ​ស្តង់ ឬ​តូប​អាជីវករ​លក់ដូរ នៅ​ក្នុង​ផ្សារ​នេះ​ចំនួន ៥៣​តូប រក​ឃើញ​តូប​លក់ដូរ​ចំនួន ១១ តូប ដាក់​លក់​គ្រឿង​សមុទ្រ​ស្រស់ គឺ​ប្រភេទ​បង្គារ និង​មឹក​ស្រស់​ជិត ៤០​គីឡូក្រាម មាន​ដាក់​សារធាតុ​គីមី ដែល​មន្ត្រី​ជំនាញ​ហាមឃាត់។


លោក ជា ប៉ិច បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់ដូរ​ចំណីអាហារ​ទូទៅ ត្រូវ​មាន​ភាព​ស្មោះត្រង់ ដោយ​មិន​ត្រូវ​លួច​ដាក់​សារធាតុ​គីមី ទៅលើ​ចំណីអាហារ ដើម្បី​ទុក​លក់ដូរ​បាន​យូរ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​អ្នក​ទទួលទាន​នោះ​ទេ ៖ «ខ្ញុំ​ស្នើសុំ​ទៅដល់​អាជីវករ​លក់ដូរ​ម្ហូប​អាហារ និង​ចំណីអាហារ​គ្រប់​ប្រភេទ ទាំង​អ្នក​បោះ​ដុះ​លក់ និង​អ្នក​លក់រាយ នៅ​លើ​ទីផ្សារ សូម​មេត្តា បញ្ឈប់​នូវ​ការប្រើប្រាស់​សារធាតុ​គីមី ហាមឃាត់​ទៅលើ​គ្រឿង​សមុទ្រ និង​មុខម្ហូប​គ្រប់​ប្រភេទ​ជា​បន្ត​ទៅ​ទៀត»។

មន្ត្រី​ជំនាញ​ចំណីអាហារ លោក ជា ប៉ិច ស្នើ ឲ្យ​ក្រុម​អាជីវករ​លក់ដូរ​បន្លែ​ត្រី​សាច់​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​រក​សារធាតុគីមី នៅ​លើ​ចំណីអាហារ នៅ​តាម​ទីតាំង​ផ្សេងៗ មាន​ទីផ្សារ​ជាដើម ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​អាច​នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់ បើ​ក្រុម​អាជីវករ​រូប​ណា​រឹងទទឹង មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ។

មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​សាធារណៈ​ជន​ទូទៅ បាន​គាំទ្រ​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក្នុង​ការងារ​ចុះ​ត្រួតពិនិត្យ​រក​សារ​ធាតុគីមី​ជា​បន្តបន្ទាប់ ទៅលើ​ចំណីអាហារ និង​បន្លែ​ផ្លែឈើ​ជាដើម ដើម្បី​ចូលរួម​ថែរក្សា​សុខភាព​ពលរដ្ឋ​។​

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​មន្ត្រី ជំនាញ​កាំកុងត្រូល ឲ្យ​បង្កើន​សកម្ម​ភាព​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នេះ ឲ្យ​បាន​ញឹកញាប់​ជាប្រចាំ​ថ្ងៃ ឬ​យ៉ាង​ហោច​ឲ្យ​បាន ១​សប្ដាហ៍​ម្ដង។

អ្នកស្រី សុធារី ដែល​ជា​ស្ត្រី​មេផ្ទះ និង​មាន​កូនស្រី​ក្នុង​បន្ទុក មាន​ជំងឺ​ក្រពះ​ពោះវៀន​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ទៅតាម​វេជ្ជបញ្ជា ជាប្រចាំ​ផង​នោះ​។

អ្នកស្រី បាន​ទទូច​ដល់​មន្ត្រី​កាំ​កុង សាខា​ខេត្ត​ព្រះសីហនុ បើ​រក​ឃើញ​អាជីវករ និង​អ្នក​ជាប់​ពាក់ព័ន្ធ​រូប​ណា បាន​ដាក់​សារធាតុ​គីមី ម្ហូបអាហារ និង​មុខទំនិញ​គ្រប់​ប្រភេទ ដើម្បី​អាច​រក្សាទុក​លក់ដូរ​បា​ន​យូរ ត្រូវតែ​នាំ​ជន​ប្រព្រឹត្តិ​ល្មើស​ទាំងនោះ ទៅ​ផ្ដន្ទាទោស​តាមច្បាប់ ឬ​ដាក់​ពិន័យ ឲ្យ​បាន​ធ្ងន់ធ្ងរ ទើប​ពួកគេ​រាងចាល៖ «សូម​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ និង​ម្ហូបអាហារ​ដាក់​លក់​នៅ​លើ​ទីផ្សារ ឲ្យ​បាន​ញឹកញាប់ ហើយ​បើសិនជា​រក​ឃើញ​គួរ​តែ​មាន​ការ​ផាក​ពិន័យ និង​គួរ​មាន​បម្រាម​បិទ​ដាក់​នៅ​តាម​ទីតាំង​នីមួយៗ​ដើម្បី​ជា​ការ​ពញាក់​ស្មារតី ដល់​សាមី​ខ្លួន​ផង និង​ប្រាប់​ទៅដល់​អតិថិជន​ផង។ ប៉ុន្តែ​បើ​មន្ត្រី​យើង​គ្រាន់តែ​ទៅ​ដក​ហូត​យក​គ្រឿង​សមុទ្រ ឬ​មុខទំនិញ​ទាំងនោះ​យក​មក ដុត​កម្ទេច​ចោល ដោយ​មិនបាន​អប់រំ និង​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ នៅ​ពេល​ភ្លេចត្រចៀក​នឹង​ទំនិញ​មាន​ដាក់​សារធាតុ​គីមី​ទាំងនោះ នឹង​វិល​ត្រឡប់មកវិញ​។ សព្វ​ថ្ងៃ​នេះ មនុស្ស​យើង​ភាគច្រើន​ចង់​មាន​ចង់​បាន ដោយ​លែង​ខ្វល់ខ្វាយ​ពី​សុខភាព​អ្នកណា​ទាំងអស់ ដោយសារតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ម្នាក់ៗ»។

យ៉ាងណា​ក៏​ដោយ​ចុះ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ប្រកាស​លេខ​ទូរស័ព្ទ ជូន​ដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ បើ​មាន​ព័ត៌មាន​សង្ស័យ​ថា ទីតាំង​ណាមួយ​មាន​លក់​អាហារ​ស្រស់ ឬ​ចំណីអាហារ​ទាំង​ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន ឲ្យ​បាន​ឆាប់ មកកាន់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាមរយៈ​លេខ​៖ ០៩៨ ៥៥៥ ៦៦៦- ០១៧ ៤៤ ៣៧ ៣៧ និង ០១២ ៩៤៦ ០៤៦៕

No comments:

Post a Comment