Wednesday, January 25, 2017

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​តវ៉ា​ទាមទារ​ដី​ពី​ក្រុមហ៊ុន​ដោយ​អះអាង​ថា​ជា​ដី​ដែល​ធ្លាប់​កាន់​កាប់

ប្រជាពលរដ្ឋ​នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន សុភក្តិ នីកា ប្រគល់​ចំណែក​ដី​ខ្លះ​ឲ្យ​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided


ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុភក្តិ នីកា ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​វិញ។ ប្រជាពលរដ្ឋ​អះអាង​ថា ដី​នោះ​ជា​ដី​ពួក​គាត់​ធ្លាប់​កាន់​កាប់ និង​បង្កបង្កើនផល​តាំង​ពី​ទសវត្សរ៍​៨០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ប្រើ​ល្បិច​រំលោភ​យក ហើយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន។ យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ ដោយ​បញ្ជាក់​ថា ពលរដ្ឋ​កំពុង​រំលោភ​លើ​ដី​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ ៧​ភូមិ​នៅ​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ សម្រេច​នាំ​គ្នា​តវ៉ា ដោយ​បោះ​ជា​បង្គោល​ព្រំ​ដី និង​ធ្វើ​រោង​ស្នាក់នៅ​កន្លែង​ដី​កំពុង​មាន​ជម្លោះ ដើម្បី​ទាមទារ​ចំណែក​ដី​ខ្លះ​ពី​ក្រុមហ៊ុន សុភក្តិ នីកា។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​ចំនួន ៤​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទាំងនោះ​ទទួល​យក​បាន​ទេ។

ពលរដ្ឋ​នៅ​ភូមិ​ក្បាលអូរ លោក រស់ ប៊ុនណាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មករា ថា ក្រោយ​ពេល​ធ្វើ​យុទ្ធនាការ​ទាមទារ​ដី​ពី​ក្រុមហ៊ុន​ត្រឡប់​មក​វិញ គឺ​មាន​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​ចុះ​ទៅ​សម្របសម្រួល ប៉ុន្តែ​មាន​តែ​ការ​ចោទ​ប្រកាន់​ថា ពលរដ្ឋ​រំលោភ​យក​ដី​ក្រុមហ៊ុន​ទៅ​វិញ ដោយ​ពួក​គេ​មិន​បាន​លើក​ឡើង​អំពី​ដើម​កំណើត​ដី​នោះ​ឡើយ។ លោក​រំឭក​អំពី​ប្រវត្តិ​ដី​ប្រមាណ ៥០០​ហិកតារ​ថា ដើម​ឡើយ ពលរដ្ឋ​នៅ​ឃុំ​គរ នាំ​គ្នា​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម​មក។

លុះ​ដល់​ឆ្នាំ​១៩៩៣ អាជ្ញាធរ​បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ក្រោម​ហេតុផល​ថា យក​ដី​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ប្រគល់​ឲ្យ​រដ្ឋ ប៉ុន្តែ​ក្រោយ​មក ទើប​អ្នក​ស្រុក​ដឹង​ថា អាជ្ញាធរ​បាន​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​ទៅ​វិញ៖ «រហូត​ដល់​កៅស៊ូ​គេ​ដាំ​ហើយ គេ​ប្រមូល​ផល​បាន​ហើយ គេ​កាប់​ចោល​ទៅ​វិញ។ អ៊ីចឹង​គេ​យល់​ច្រឡំ​ថា ដី​នោះ​ជា​ដី​ឧកញ៉ា​មួយ​ចំនួន។ ដល់​អ៊ីចឹង ប្រជាពលរដ្ឋ​បង​ប្អូន​ដឹង​ថា ដី​នោះ​មិន​មែន​ជា​ដី​ជូន​រាជ​រដ្ឋាភិបាល​ទេ គឺ​ដី​ហ្នឹង​ជា​ឯកជន​ហើយ បាន​ជា​ពួក​គាត់​នាំ​គ្នា​តវ៉ា​ទៅ»។
ពលរដ្ឋ​សម្រេច​ទាមទារ​ដី​ត្រឡប់​មក​វិញ​នៅ​ពេល​នេះ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រគល់​ដី​ជូន​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​ទទឹង​ប្រវែង ២៥​ម៉ែត្រ និង​បណ្តោយ ៥០​ម៉ែត្រ សម្រាប់​សាងសង់​លំនៅឋាន និង​ដាំ​ដំណាំ​ខ្លះ ហើយ​ពលរដ្ឋ​ដែល​ទាមទារ គឺ​មាន​ប្រហែល ៣០០​គ្រួសារ។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត​មាន​វ័យ​ជាង ៦០​ឆ្នាំ លោក នាង សុផាន ឲ្យ​ដឹង​ថា ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មក​នេះ ឃើញ​មាន​អាជ្ញាធរ​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​សមស្រប​តាម​ការ​ទាមទារ​របស់​ពួក​គាត់​ឡើយ។ លោក​បញ្ជាក់​ជំហរ​ថា ពលរដ្ឋ​នឹង​បន្ត​ទាមទារ​ដដែល​រហូត​ដល់​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ព្រម​ប្រគល់​ចំណែក​ដី​ខ្លះ​ជូន​ពួក​គាត់ បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​យ៉ាង​ណា​ក៏ដោយ៖ «ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើ នៅ​តែ​ទៅ នៅ​តែ​នាំ​គ្នា​ទៅ​បោះ​ជំរំ​ដាំ​ដើម​ចេក​ដាំ​អី នៅ​តែ​ទៅ​បោះ​ជំរំ​ហ្នឹង»។

អាស៊ីសេរី នៅ​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន សុភក្តិ នីកា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ មករា។

អភិបាល​ស្រុក​ត្បូងឃ្មុំ លោក កេង ប៊ុនណា បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២២ មករា បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ មករា គឺ​មាន​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៧ នាំ​គ្នា​មក​ទន្ទ្រាន​កាន់​កាប់​ចំណែក​ដី​អវិនិយោគ​របស់​ក្រុមហ៊ុន សុភក្តិ នីកា មាន​ទំហំ​ប្រមាណ ៥០០​ហិកតារ ដែល​បាន​សិទ្ធិ​វិនិយោគ​ដាំ​កៅស៊ូ និង​ដំណាំ​ផ្សេង​ទៀត​ពី​រាជ​រដ្ឋាភិបាល។ ក្នុង​លិខិត​អះអាង​ទៀត​ថា សកម្មភាព​ចូល​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​នេះ មាន​ដូចជា វាស់វែង​បែង​ចែក​ក្បាល​ដី បោះ​បង្គោល​កំណត់​ព្រំ​ដី និង​សកម្មភាព​សាងសង់​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាដើម។ សកម្មភាព​ទាំងនេះ ធ្វើ​ឲ្យ​ប៉ះពាល់ និង​រាំង​ស្ទះ​ដល់​ដំណើរ​ការ​រៀបចំ​ដី​សម្រាប់​ដាំ​ដុះ​ជា​ថ្មី និង​ការ​កាន់​កាប់​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន។

លិខិត​ដដែល​ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ជា​បន្ទាន់ ហើយ​រុះរើ​បង្គោល​ដែល​បាន​បោះ​កំណត់​ព្រំ​ដី និង​រោង​ស្នាក់​នៅ​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​២៣ មករា ជា​កំហិត។ ប្រសិន​បើ​ពលរដ្ឋ​មិន​ព្រម​ធ្វើ​តាម​សេចក្តី​ជូន​ដំណឹង​នេះ អាជ្ញាធរ​នឹង​អនុវត្ត​តាម​ច្បាប់ ហើយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខាតបង់ ឬ​ឧបទ្ទវហេតុ​ណា​មួយ​ដែល​កើត​ឡើង​ដោយ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ឡើយ។

មេ​ឃុំ​ស្តីទី​នៃ​ឃុំ​គរ លោក លីម គីមហេង មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​ដោយសារ​តែ​ដី​ទាំងនោះ ពួក​គាត់​ធ្លាប់​កាន់​កាប់​កន្លង​មក។ លោក​មើល​ឃើញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាមទារ​ដី​ពី​ក្រុមហ៊ុន គឺ​មាន​មួយ​ចំនួន​គ្មាន​ដី​សម្រាប់​ធ្វើ​លំនៅឋាន និង​មិន​មាន​មុខ​របរ​ទៀត​ផង។ លោក​បន្ថែម​ថា ករណី​នេះ អាជ្ញាធរ​គ្រោង​នឹង​ជួប​ជាមួយ​ពលរដ្ឋ​បន្ត​ទៀត ដើម្បី​រួម​គ្នា​រក​ដំណោះស្រាយ៖ «មាន​ការ​ដោះស្រាយ​គ្នា​ទៅ។ បើ​គាត់​ចង់​បាន យើង​ត្រូវ​តែ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​មក​ដោះស្រាយ​គ្នា​ទៅ។ ដូច​ថា​គាត់​បាន​ចរចា​គ្នា​លឿនៗ​ទៅ គឺ​ល្អ​ដែរ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា បញ្ហា​បែប​នេះ​កើត​ឡើង​ពីព្រោះ​តែ​អាជ្ញាធរ​មិន​បាន​ចេញ​មុខ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ ថា​ដី​ដែល​ពួក​គាត់​ដក​ហូត​ពី​ពលរដ្ឋ​កន្លង​មក គឺ​ទុក​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ឬ​ឯកជន។ នៅ​ពេល​ដែល​អ្នក​ភូមិ​ដឹង​ច្បាស់​ថា ដី​ដែល​អាជ្ញាធរ​ដក​ហូត​ពី​ពួក​គាត់ យក​ទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​នោះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នោះ​ទេ៖ «ហើយ​នៅ​ក្នុង​សមត្ថកិច្ច​របស់​រដ្ឋ​ដែល​ជា​ម្ចាស់​ដី​ហ្នឹង​ចេញ​មុខ​មក ទទួល​ខុស​ត្រូវ​នៅ​មុខ​ប្រជាពលរដ្ឋ​ទៅ ថា​ដី​ហ្នឹង​គេ​ធ្វើ​អវិនិយោគ មិន​មែន​ឲ្យ​ទៅ​ឯកជន​ទេ។ រដ្ឋ​មាន​តួនាទី​ការពារ និង​គ្រប់គ្រង​ដី​រដ្ឋ​ហ្នឹង​ទុក​សម្រាប់​រដ្ឋ»។

លោក នាង សុវ៉ាត បញ្ជាក់​ថា ដី​សាធារណៈ​របស់​រដ្ឋ គឺ​គ្មាន​អាជ្ញាយុកាល​ទេ។ លោក​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពលរដ្ឋ​ត្រូវ​ធ្វើ​លិខិត ឬ​សំណើ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ។ ចំណែក​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​វិញ ត្រូវ​ចេញ​មុខ​បកស្រាយ ឬ​បង្ហាញ​ភស្តុតាង​របស់​ខ្លួន​ដែល​មាន ឲ្យ​ពលរដ្ឋ​បាន​ដឹង​ច្បាស់​ថា ដី​នោះ​នៅ​តែ​ជា​ដី​របស់​រដ្ឋ ឬ​ជា​ដី​ឯកជន ជៀសវាង​ការ​បោកប្រាស់​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ពួក​គាត់​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ៕

No comments:

Post a Comment