សហគមន៍អេកូទេសចរណ៍ព្រះរំកិល ដែលកំពុងរងគ្រោះពីផលប៉ះពាល់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) របស់ឡាវ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សាជាមួយរដ្ឋាភិបាលឡាវ រកមធ្យោបាយអភិរក្សសត្វផ្សោតនៅដងទន្លេមេគង្គឲ្យគង់វង្ស ដើម្បីធានានិរន្តរភាពវិស័យទេសចរណ៍។ ការលើកឡើងនេះ នៅគ្រាដែលលោក ហ៊ុន សែន គ្រោងមកទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខែត្រស្ទឹងត្រែង នៅថ្ងៃទី១០ មករា។
អាជ្ញាធរខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៩ មករា ថា អាជ្ញាធរខែត្របានសហការជាមួយគណៈកម្មការការពារសន្តិសុខ ដើម្បីត្រៀមទទួលស្វាគមន៍វត្តមានប្រមុខរដ្ឋាភិបាលគ្រោងចុះបំពេញទស្សនកិច្ចនៅខែត្រស្ទឹងត្រែង នៅព្រឹកថ្ងៃទី១០ មករា។ ដំណើរទស្សនកិច្ចនោះ ដើម្បីសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងក្រៀល និងអគារត្រូវពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា កម្មវិធីសម្ពោធនេះធ្វើឡើងរួមគ្នាជាមួយភាគីឡាវ ដែលមានមនុស្សចូលរួមទាំងខ្មែរ និងឡាវ ជិត ១ពាន់នាក់ (៨៤០នាក់)។ ចំណែកព័ត៌មានក្រៅផ្លូវការថា លោក ហ៊ុន សែន នឹងពិនិត្យស្ថានភាពទំនប់វារីអគ្គិសនីដនសាហុង ឬយ៉ាងណានោះ លោកមិនអាចបញ្ជាក់បានទេ គឺអាស្រ័យទៅលើកម្មវិធីជាក់ស្តែង៖ «ដោយសារយើងសម្ពោធរួមគ្នាជាមួយនឹងភាគីឡាវ ចឹងហើយម្ខាងៗមាន ៤២០នាក់»។
ពលរដ្ឋរស់នៅឃុំព្រះរំកិល និងជាគណៈកម្មការអេកូទេសចរណ៍ឃុំព្រះរំកិល លោក ផយ វណ្ណា ឲ្យដឹងថា ក្តីកង្វល់របស់ប្រជាពលរដ្ឋទាក់ទងការអភិរក្សតំបន់ត្រីផ្សោត និងនិរន្តរភាពនៃភ្ញៀវទេសចរចូលមកតំបន់កម្សាន្តនៅតាមព្រំដែនប្រទេសទាំងពីរ គឺជារឿងសំខាន់ ទាក់ទិនការបែងចែកផលប្រយោជន៍ចំនួនភ្ញៀវទេសចរប្រទេសទាំងពីរ ក្រោយពីមានវត្តមានទំនប់វារីអគ្គិសនីដនសាហុង នៅតំបន់នោះ។ បញ្ហានេះ ពួកគេទាមទារឲ្យរដ្ឋាភិបាលខ្មែរ និងឡាវ ស្រាយបំភ្លឺរួមគ្នាស្ដីពីការធានាអភិរក្សសត្វផ្សោតតាមដងទន្លេមេគង្គ។
លោកកត់សម្គាល់ថា ច្រើនខែមកហើយដែលសត្វផ្សោតរស់នៅអូរឈើទាល នៃឃុំព្រះរំកិល បានបន្លាស់ទីទៅរស់នៅខ្សែទឹកខាងលើ ហើយសត្វផ្សោតរស់នៅអូរឈើទាលកន្លងមកមាន ៦ក្បាល ក្រោយពីសាងសង់ទំនប់ដនសាហុង នៅតំបន់នោះគេឃើញមានតែ ៣ក្បាលងើបបង្ហាញខ្លួន។ បញ្ហានេះ លោកចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកពិភាក្សាជាមួយភាគីឡាវ រកវិធានការដោះស្រាយ និងទទួលខុសត្រូវលើការសាងសង់ទំនប់នេះ៖ «តស៊ូមតិកន្លងមក គឺចង់ឲ្យមានការទទួលខុសត្រូវហ្នឹងហើយ។ ចុះបើគាត់ធ្វើទៅខាងគាត់តែវាប៉ះពាល់ដល់ខាងយើង។ តើបើគាត់មិនទទួលស្គាល់ចុះយើងធ្វើម៉េចទៅ»។
លោក ផយ វណ្ណា បន្ថែមថា ពលរដ្ឋរស់នៅតំបន់នោះជាច្រើនគ្រួសារមានជីវភាពពឹងផ្អែកលើប្រាក់ចំណូលពីវិស័យទេសចរណ៍ដែលមកទស្សនាសត្វផ្សោត ដូចជាលក់សំបុត្រចូលទស្សនា ផ្តល់កន្លែងស្នាក់នៅ បម្រើសេវាដឹកជញ្ជូនជូនភ្ញៀវទេសចរ និងលក់ម្ហូបអាហារបានធ្លាក់ចុះបណ្ដើរៗ ដោយសារចំនួនភ្ញៀវទេសចរថយចុះ ហើយសហគមន៍អេកូទេសចរណ៍ព្រះរំកិលលក់សំបុត្រមួយថ្ងៃបានពី ៥០០ដុល្លារដល់ ១.០០០ដុល្លារសហរដ្ឋអាមេរិក តែបច្ចុប្បន្នការលក់សំបុត្រមិនបាន ១០០ដុល្លារផង។
នាយកប្រតិបត្តិនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា (WWF-Cambodia) លោក ឈិត សំអាត ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល គឺជារឿងសំខាន់ ហើយលោកជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលយកនូវក្តីកង្វល់របស់សហគមន៍ទៅជជែកពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាលឡាវ ទាក់ទិនផលប៉ះពាល់ទំនប់វារីអគ្គិសនីដនសាហុង។ លោកទទួលស្គាល់ថា ចំនួនសត្វផ្សោតរស់នៅក្នុងតំបន់នោះកាន់តែធ្លាក់ចុះ ហើយការបន្តពូជរបស់សត្វផ្សោត ក៏ពុំមានដែរ។ បញ្ហានេះ សង្គមស៊ីវិលទាមទារឲ្យមានការសិក្សាឡើងវិញដោយឯករាជ្យពីផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកចង់ឲ្យមានការសិក្សាឲ្យឆ្ងាយពីតំបន់ឆ្លងដែនប្រទេសទាំងពីរប្រមាណ ១០គីឡូម៉ែត្រ ថាតើមានផលប៉ះពាល់អ្វីខ្លះ និងមានវិធានការអ្វីខ្លះដែលត្រូវដោះស្រាយ?៖ «តែយើងទាមទារឲ្យមានការសិក្សា ១០គីឡូម៉ែត្រពីទំនប់ហ្នឹងមកក្រោម ជាពិសេសតំបន់ឆ្លងដែនប្រទេសកម្ពុជា យើង តើវាមានហេតុប៉ះពាល់អីខ្លះ? តើវិធានការអីខ្លះដែលគាត់បកស្រាយ? តាមខ្ញុំដឹង គឺមិនទាន់បានធ្វើនៅឡើយទេពីហេតុប៉ះពាល់បរិស្ថានឆ្លងដែន»។
លោក ឈិត សំអាត យល់ថា ប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋ និងសហគមន៍រងផលប៉ះពាល់មានសិទ្ធិលើកឡើងពីផលលំបាកជីវភាពរស់នៅរបស់ពួកគាត់ ទៅកាន់ប្រមុខរដ្ឋាភិបាល ឬអ្នកធ្វើគោលនយោបាយផ្សេងៗដើម្បីជួយដោះស្រាយ។
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ទាំងយប់ថ្ងៃ ចាប់ពីខែតុលា ឆ្នាំ២០១៥ រហូតមកទល់ពេលនេះ សម្រេចបានជាង ៤០ភាគរយ។ ក្រុមហ៊ុន មេហ្គាហ្វើស (Mega First Corporation Berhad) ទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនីដនសាហុង មានកម្ពស់ពី ៣០ម៉ែត្រទៅ ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ។ ចំណែកលទ្ធភាពផលិតថាមពលអគ្គិសនី គឺមានចាប់ពី ២៤០មេហ្គាវ៉ាត់ទៅ ៣៦០មេហ្គាវ៉ាត់ គ្រោងចំណាយថវិកាអស់ ៣០០លានដុល្លារសហរដ្ឋអាមេរិក។ ទំនប់នេះមានចម្ងាយ ១គីឡូម៉ែត្រកន្លះ (១.៥០០ម៉ែត្រ) ពីព្រំដែនខេត្តស្ទឹងត្រែង។
អតីតអ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ពុំមានសង្ឃឹមសោះឡើយក្នុងការទាមទារឲ្យរដ្ឋាភិបាលឡាវ ពិចារណាទំនប់វារីអគ្គិសនីដនសាហុងឡើងវិញ ខណៈដំណើរការសាងសង់សម្រេចបានជាង ៤០ភាគរយ ហើយប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ថ្លែងគាំទ្រឲ្យមានការកសាងទំនប់ដនសាហុងដែរនោះ។ យ៉ាងណា លោកចង់ឃើញថាប្រមុខរដ្ឋាភិបាលទាំងពីរចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្នុងការប្ដេជ្ញាចិត្តធានាឲ្យបានចំពោះការថែរក្សាសត្វផ្សោតឲ្យគង់វង្ស និងជំរុញឲ្យរដ្ឋាភិបាលឡាវ បើកផ្លូវទឹកនៅតំបន់ណាមួយជាក់លាក់ ដែលអនុញ្ញាតឲ្យត្រីអាចបន្លាស់ទីទៅផ្នែកខាងលើបាន៖ «មិនមែនប្រើតែពាក្យថា ទំនប់នេះមិនមានផលប៉ះពាល់ដល់សត្វផ្សោត គឺយើងមិនជឿទេ។ ចំណុចត្រង់ហ្នឹងមិនអាចទទួលយកបានទេ។ រដ្ឋាភិបាលត្រូវចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ប្ដេជ្ញាក្នុងការថែរក្សាសត្វផ្សោតហ្នឹង»។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងជំនួបប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនៅខេត្តសៀមរាប ដោយបញ្ជាក់ថា កម្ពុជា បានពិនិត្យទិដ្ឋភាពតំបន់សាងសង់ទំនប់វារីអគ្គិសនីដនសាហុងរួចហើយឃើញថា ពុំមានប៉ះពាល់ចលនារបស់ត្រី និងកង្វះខាតទឹកនោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល បង្ហើបថា ពលរដ្ឋមានជម្លោះដីធ្លីមួយចំនួននៅខែត្រស្ទឹងត្រែង គ្រោងដាក់ញត្តិឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយ ខណៈវត្តមានលោក ហ៊ុន សែន មកខែត្រស្ទឹងត្រែង កាលពីឆ្នាំ២០១៦ ពួកគាត់បានខកខានមិនបានដាក់ញត្តិដោយសារសមត្ថកិច្ចរារាំង៕
No comments:
Post a Comment