ក្រុមតន្ត្រីមូលនិធិជនពិការប្រគំតន្ត្រីនៅចំណុចស្តុបអាងទឹកអូឡាំពិក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ RFA/Um Raingsy |
សាលារាជធានីភ្នំពេញ បានផ្ដល់ទីតាំងគ្រោងរៀបចំឆាកចំនួន ៣កន្លែង ឲ្យជនពិការប្រគំតន្ត្រី ដើម្បីបញ្ចប់ការច្រៀងនៅតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ។ ជុំវិញការផ្ដល់ទីតាំងនេះ ក្រុមជនពិការមួយចំនួនស្វាគមន៍ចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញ ក៏ប៉ុន្តែនៅតែក្ដីព្រួយបារម្ភខ្លះ។
សង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិជនពិការ និងជនពិការ ស្នើឲ្យសាលារាជធានីភ្នំពេញ រៀបចំផ្ដល់ទីតាំងឲ្យជនពិការប្រគំតន្ត្រីចំនួន ៥ទីតាំង ឬច្រើនជាងនេះ ដើម្បីកុំឲ្យមានភាពប្រទាញប្រទង់។
សមាជិកក្រុមតន្ត្រីក្ដីសង្ឃឹមថ្មីនៃជនពិការ លោក ឡុង ប៊ុនរ័ត្ន ថ្លែងថា លោកសប្បាយចិត្តដែលសាលារាជធានីយកចិត្តទុកដាក់រៀបចំទីកន្លែងប្រគំតន្ត្រីចំនួន៣ សម្រាប់ជនពិការ ៥ក្រុម។ លោកបន្តថា ការផ្ដល់ទីតាំងឲ្យពួកគាត់ប្រគំតន្ត្រីតែ ៣ទីតាំងដូច្នេះ គឺមានការពិបាកចំពោះបែងចែកផលលាភ ដោយសារពួកគាត់ក្នុងមួយក្រុមៗមានចំនួនច្រើន។ លោកបារម្ភទៀតថា តើការចែកវេនគ្នា ឬដាក់កាលវិភាគប្រគំយ៉ាងដូចម្ដេច៖ «»។
កាលពីថ្ងៃទី២០ ខែមករា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបើកកិច្ចប្រជុំមួយ ជាមួយជនពិការដែលច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយទីតាំង និងរៀបចំឆាកជូនពួកគាត់ឲ្យបានសមស្រប។
លោក ប៉ា សុជាតិវង្ស បានបង្ហោះព័ត៌មាននៅលើហ្វេសប៊ុក (Facebook) របស់លោកថា អង្គប្រជុំបានសម្រេចចំនួន ៣ចំណុច ទី១ ឯកភាពបញ្ចប់ការច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ជំនួសវិញនូវការច្រៀងតាមទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជូនចំនួន ៣ទីតាំង ដែលមានរមណីយដ្ឋានវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារមុខវត្តបទុមវតី។ ទី២ មន្ទីរសង្គមកិច្ចរាជធានី ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ដើម្បីធ្វើបច្ចុប្បន្នភាពជនពិការ និងទី៣ មន្ទីរសង្គមកិច្ច ត្រូវជួបជាមួយជនពិការ ស្វែងយល់អំពីសមត្ថភាពចំណេះជំនាញដើម្បីមានលទ្ធភាពផ្ដល់ការងារជូនពួកគាត់។
ជនពិការច្រៀងតាមទីសាធារណៈបច្ចុប្បន្នមាន ២១ក្រុម សរុបចំនួន ១៩៤នាក់ ដោយបានបែងចែកជាក្រុមប្រគំតន្ត្រីជា ៥ក្រុម។
ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មើលឃើញថា ទីតាំងទាំង៣ ដែលសាលារាជធានីរៀបចំឲ្យនៅមានបញ្ហាខ្លះ ជាងនេះទៅទៀត លោកស្នើឲ្យស្ថាប័នពាក់ព័ន្ធបន្តអនុវត្តប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា នឹងឧបត្ថម្ភឲ្យជនពិការទាំងឧបករណ៍តន្ត្រី រថយន្ត និងស្បៀងអាហារជាជំនួយផ្សេងៗទៀត ទើបអាចបញ្ចប់ការច្រៀងតាមទីសាធារណៈរបស់ជនពិការបាន ពីព្រោះពួកគាត់ប្រកបរបរនេះសម្រាប់តែក្រពះ៖ «»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែងថា ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខដោយផ្ដល់ទីតាំង ៣សិន ហើយ២ ទីតាំងដែលសុំបន្ថែមទៀតនោះសាលារាជធានីនឹងពិចារណានៅពេលក្រោយ។ លោកមិនទាន់អាចកំណត់ពេលវេលាថា នឹងដំណើរការនៅពេលណានៅឡើយទេ ពីព្រោះនៅមានកិច្ចការជាច្រើនដែលសាលារាជធានីត្រូវធ្វើដូចជាការរៀបចំឆាក ឧបករណ៍តន្ត្រី និងមធ្យោបាយធ្វើដំណើរដល់ជនពិការ នឹងត្រូវឧបត្ថម្ភប្រចាំខែក្នុងមួយក្រុម ១លានរៀល។
មួយសប្ដាហ៍ក្រោយ សាលារាជធានីនឹងជួបប្រជុំក្រុមប្រឹក្សាជាតិដើម្បីជនពិការ ដើម្បីជជែកលើកិច្ចការលំអិតផ្សេងទៀត ក្រោយពីការកំណត់ទីតាំងរួចនេះ៕
No comments:
Post a Comment