ទិដ្ឋភាពរមណីយដ្ឋានអេកូទេសចរណ៍សម្រស់ធម្មជាតិទន្លេមេគង្គ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ RFA/Men Sothyr |
ពលរដ្ឋរស់នៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ស្នើសុំបង្កើតសហគមន៍អេកូទេសចរណ៍សម្រស់ធម្មជាតិទន្លេមេគង្គ។ ការបង្កើតសហគមន៍អេកូទេសចរណ៍ធម្មជាតិ ប្រយោជន៍គាំពារបរិស្ថានធម្មជាតិ និងទាញយកប្រយោជន៍ពីទេសភាពធនធានធម្មជាតិមកបម្រើវិស័យទេសចរណ៍ ដែលជាផ្នែកមួយរួមចំណែកការពារប្រព័ន្ធជីវចម្រុះទន្លេមេគង្គ និងបង្កើនការងារដល់សហគមន៍។
តើនៅតំបន់នោះមានសក្ដានុពលធម្មជាតិអ្វីខ្លះ បានជាពលរដ្ឋរួមគ្នាបង្កើតសហគមន៍អេកូទេសចរណ៍ធម្មជាតិ?
តំបន់ទេសចរណ៍ធម្មជាតិ នៅតាមដងទន្លេមេគង្គមានលក្ខណៈខុសប្លែកពីតំបន់ផ្សេងៗ កំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សក្ដានុពលធម្មជាតិនៅតំបន់នោះ បានធ្វើឲ្យពលរដ្ឋរស់នៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្ដួចផ្ដើមស្នើសុំបង្កើតសហគមន៍ទេសចរឈ្មោះ "សហគមន៍អេកូទេសចរណ៍សម្រស់ធម្មជាតិទន្លេមេគង្គ"។ អ្នកភូមិបានរៃអង្គាសប្រាក់គ្នា សាងសង់ផ្ទះទឹក ទិញទូកដឹកជញ្ជូនភ្ញៀវ និងសម្ភារៈផ្សេងៗដែលបម្រើឲ្យភ្ញៀវទេសចរ។
សមាជិកសហគមន៍ លោក ប៉ាល់ សុវណ្ណារ៉ា ឲ្យដឹងថា គោលបំណងបង្កើតសហគមន៍អេកូទេសចរណ៍ធម្មជាតិ គឺដើម្បីកាត់បន្ថយភាពក្រីក្រ រួមគ្នាថែរក្សាអន្លង់អភិរក្សថ្មបាំង ឬអភិរក្សជលផល ទប់ស្កាត់បទល្មើសនេសាទ ថែរក្សាតំបន់រ៉ាំសា និងអភិរក្សប្រព័ន្ធជីវចម្រុះ។ លោកបន្តថា លក្ខណៈពិសេសនៅរមណីយដ្ឋានសម្រស់ធម្មជាតិទន្លេមេគង្គ គឺមានរុក្ខជាតិដុះចេញពីផ្ទៃទឹករំលេចឫសឈើស្រស់ស្អាត អមដោយឆ្នេរខ្សាច់ធម្មជាតិ និងមានទឹកទន្លេមេគង្គហូរថ្លាឆ្វេង។ ក្រៅពីនេះ សហគមន៍បានត្រៀមលក្ខណៈស្វាគមន៍បម្រើសេវាកម្មជូនភ្ញៀវទេសចរ ដូចជាមានកាណូត និងទូក លក់ម្ហូបអាហារជាដើម៖ «គឺថាយើងមិនឲ្យគេមកឆក់ ឬមួយគប់គ្រាប់បែកទេ។ គោលបំណងរបស់យើងគឺយើងថែរក្សាកន្លែងហ្នឹង។ ចង់ធ្វើឲ្យប្រជាជនយើងមានមុខរបរ មានការងារធ្វើ ហើយតម្លៃសមរម្យបំផុតគឺនៅទីនេះ»។
ប្រធានសហគមន៍ លោក ហ្វយ ប៊ុនវី កត់សម្គាល់ថា នៅតំបន់នោះសំបូរដោយបទល្មើសនេសាទច្រើន លំបាកនឹងទប់ស្កាត់ទើបអ្នកភូមិមូលមតិគ្នាបង្កើតសហគមន៍ដើម្បីអភិរក្សធនធានធម្មជាតិក្នុងតំបន់នោះ និងការពារសត្វស្វាជាង ២០ក្បាលដែលកំពុងរស់នៅលើកោះនោះ។ ក្រៅពីនេះ ស្ទើរជារៀងរាល់ឆ្នាំនៅដើមខែមីនា រហូតដល់ខែវិច្ឆិកា មានសត្វក្អែកទឹក និងសត្វស្មោញ បានមករស់នៅតំបន់នោះរាប់ម៉ឺនក្បាល។
លោករំពឹងថា ការបង្កើតអេកូទេសចរណ៍នឹងបង្កលក្ខណៈងាយស្រួលអភិរក្សធនធានធម្មជាតិកាន់តែប្រសើរជាងមុន៖ «ទីមួយខ្ញុំចង់ឲ្យមានការងារធ្វើនៅហ្នឹងទៅកុំឲ្យវាដើរសេពគ្រឿងញៀនដើរលេងបនល្បែងពាលាអាវ៉ាសែ។ ខ្ញុំចង់ឲ្យប្អូនៗដឹងអំពីអភិរក្សសត្វព្រៃ និងតំបន់រ៉ាំសា របស់យើងហ្នឹង កុំឲ្យមានជនខិលខូចមកកាប់ យើងថែរក្សាដើម្បីតទៅអនាគតកូនចៅយើងជំនាន់ក្រោយ»។
ទិដ្ឋភាពរមណីយដ្ឋានអេកូទេសចរណ៍សម្រស់ធម្មជាតិទន្លេមេគង្គ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។ RFA/Men Sothyr |
រមណីយដ្ឋានសម្រស់ធម្មជាតិទន្លេមេគង្គ ឋិតនៅផ្នែកមួយដៃកោះហាន នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឋិតនៅទិសខាងជើងនៃទីរួមខេត្តស្ទឹងត្រែង ឆ្ងាយពីទីរួមខេត្តប្រមាណជាង ៣០គីឡូម៉ែត្រ។ តំបន់នោះជាតំបន់រ៉ាំសា មានដើមឈើច្រើនប្រភេទដុះបញ្ចេញឫសខែប្រាំង ដូចជាដើមកញ្ច្រែង ដើមរាំង និងដើមពោធិ៍ ជាដើម។ រុក្ខជាតិទាំងនោះជាជម្រកសត្វត្រីពងកូន និងកន្លែងអភិរក្សជីវចម្រុះធម្មជាតិរបស់សហគមន៍។
ពលរដ្ឋរស់នៅភូមិខេ លោក អ៊ិន ជឿន កត់សម្គាល់ថា អ្នកភូមិរស់នៅតំបន់នោះមានទម្លាប់អាស្រ័យផលនេសាទលក្ខណៈគ្រួសារ កម្រទិញម្ហូបអាហារពីផ្សារលើកលែងតែរដូវបិទនេសាទ។ លោកថា នៅរដូវប្រាំងកោះតំបន់នោះមានចំនួនប្រហែលជាង ៥០កោះ ហើយត្រូវលិចស្ទើរទាំងអស់នៅខែវស្សា គេឃើញនៅសេសសល់តែកោះធំៗ។ លោកមានបំណងចង់ឲ្យសហគមន៍មានលទ្ធភាព បង្កើតអេកូទេសចរណ៍ និងគ្រប់គ្រងដោយខ្លួនឯង ដោយមិនចង់ឲ្យមានអ្នកវិនិយោគគ្រប់គ្រងតំបន់នោះ ព្រោះខ្លាចក្រែងការគ្រប់គ្រង និងអាស្រ័យផលធនធានធម្មជាតិមិនច្បាស់លាស់៖ «ដល់ពេលខែប្រាំងពួកខ្ញុំចង់ធ្វើកន្លែងលេងធម្មតាដល់ពេលចាប់ពីខែ ៦ ទៅទឹកលិចអស់ ព្រោះពួកខ្ញុំប្រមូលទៅវិញអស់ហើយអីវ៉ាន់។ ទឹកលិចអស់វាជាជម្រកសត្វពងត្រីដែលពងនៅហ្នឹងមានត្រីក្អែក ត្រីក្របី ត្រីក្រពើ»។
ដូចគ្នានេះដែរ អ្នកទេសចរម្នាក់ក្នុងចំណោមអ្នកទេសចរច្រើនទៀត ដែលកំពុងកម្សាន្តនៅរមណីយដ្ឋានអេកូទេសចរណ៍សម្រស់ធម្មជាតិទន្លេមេគង្គ គឺកញ្ញា ម៉ា ឡេនី មានចំណាប់អារម្មណ៍ថា មូលហេតុដែលកញ្ញាមកកម្សាន្តនៅតំបន់នោះ ដោយសារទទួលព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ កញ្ញាចង់ឲ្យសហគមន៍មានគោលជំហរច្បាស់លាស់គ្រប់គ្រង និងការទាញប្រយោជន៍ពីអ្នកទេសចរ មិនប៉ះពាល់ដល់ប្រព័ន្ធជីវចម្រុះ ជាពិសេសមានការគ្រប់គ្រងកាកសំណល់ត្រឹមត្រូវ៖ «ខ្ញុំមិនចង់ឲ្យគេកាប់បំផ្លាញព្រៃឈើទេ យើងជួយថែរក្សាធម្មជាតិ ឬរុក្ខជាតិនៅប្រទេសយើងឲ្យបានល្អកុំឲ្យមានការកាប់បំផ្លាញ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន សម្ដែងការគាំទ្រចំពោះការបង្កើតសហគមន៍អេកូទេសចររបស់ពលរដ្ឋ ក៏ប៉ុន្តែលោកថា ការបង្កើតអេកូទេសចរណ៍លក្ខណៈសហគមន៍ត្រូវមានការបោះឆ្នោតជ្រើសរើសគណៈកម្មការរចនាសម្ព័ន្ធ លក្ខន្តិកៈ និងបែងចែកផលប្រយោជន៍ច្បាស់លាស់ ដោយមានមន្ទីរទេសចរណ៍ទទួលស្គាល់នូវលក្ខន្តិកៈរបស់សហគមន៍ផង។ លោកថា មន្ទីរជំនាញនឹងផ្តិតផ្តូងជំរុញឲ្យមានការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ផ្ដោតសំខាន់ពង្រឹងផលិតផលទេសចរណ៍ ការផ្ដល់សេវាកម្ម និងគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ។
លោក អ៊ន់ ប៉ោសឿន បញ្ជាក់ថា មន្ទីរជំនាញនឹងចុះអប់រំណែនាំសហគមន៍ផ្ទាល់ពីគុណភាពសេវាកម្ម សុខសុវត្ថិភាព គ្រប់គ្រងសំរាម និងកំណត់តម្លៃសេវាកម្មជាដើម៖ «មន្ទីរទេសចរណ៍មិនមែនជាកម្មសិទ្ធិតំបន់ណាមួយនោះទេ។ មន្ទីរទេសចរណ៍ជាស្ថាប័នជំនាញមួយជួយពង្រឹងគុណភាពនៃសេវាកម្ម ប្រសិនមានការវិនិយោគ។ ពាក់ព័ន្ធតំបន់រ៉ាំសា ពាក់ព័ន្ធជាមួយមន្ទីរបរិស្ថានទៀត ព្រោះគេមានចេញអនុក្រឹត្យនៅតំបន់ហ្នឹង ព្រោះកាណាគេកំណត់កន្លែងលេងយ៉ាងម៉េចអីម៉េច? ព្រោះវាអាចប៉ះពាល់ជីវចម្រុះនៅតំបន់ហ្នឹង។ បំពងសំឡេងខ្លាំងពេកវាអាចប៉ះពាល់ដល់សត្វនៅតំបន់ហ្នឹង អ៊ីចឹងមន្ទីរបរិស្ថានគេអាចនឹងចុះទៅវាយតម្លៃបន្ថែមទៀតដែរ គួរកំណត់ឲ្យបាននៃការរៀបចំ»។
ខេត្តស្ទឹងត្រែង មានរមណីយដ្ឋានអេកូទេសចរណ៍ចំនួន ២៧កន្លែង ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន ៧កន្លែង ដែលផ្ដល់សក្ដានុពលខ្លាំង គឺរមណីយដ្ឋានធម្មជាតិបុប្ផាភ្លុក រមណីយដ្ឋានអូរឫស្សីកណ្ដាល សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល សហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ រមណីយដ្ឋានអេកូទេសចរណ៍សម្រស់ធម្មជាតិទន្លេមេគង្គ សហគមន៍អេកូទេសចរណ៍វើនសៀន និងសហគមន៍អេកូទេសចរណ៍អាហារត្មាត៕
No comments:
Post a Comment