ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានអញ្ជើញមកបំពេញទស្សនកិច្ចត្រួតពិនិត្យទីតាំងបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខេត្តរតនគិរី ដែលជាផ្នែកមួយនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក ទាក់ទងផលវិបាកនៃគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាមនៅវៀតណាម។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយថវិកាជាង ១០០ ទៅ ១៥០លានដុល្លារ ប្រមាណ ២០ឆ្នាំកន្លងទៅនេះ សម្រាប់គម្រោងបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យអង្គការបោសសំអាតមីន ឈ្មោះ អិន.ភី.អេ (NPA= Norwegian People's Aid) នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) កត់សំគាល់ថា អំឡុងទស្សនកិច្ចរបស់លោកនៅកម្ពុជា ឆ្នាំ១៩៩០ តួលេខប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមានរហូតដល់ទៅជាង ៤ពាន់នាក់ក្នុងមួយខែៗ។
រហូតមកទល់នឹងបច្ចុប្បន្ន លោកសង្កេតឃើញថា នៅខេត្តប៉ែកឦសានប្រទេស ជាពិសេសខេត្តរតនគិរី អត្រាអ្នករងគ្រោះដោយសារគ្រាប់បែកទម្លាក់ពីយន្តហោះសហរដ្ឋអាមេរិក សម័យសង្គ្រាមនៅសេសសល់ច្រើន ហេតុនេះហើយ រដ្ឋាភិបាលអាមេរិក ទទួលខុសត្រូវសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យអត្រាប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានថយចុះជាបន្តបន្ទាប់នៅពេលបច្ចុប្បន្ន៖ «អត្រាប្រជាជននៅខេត្តរតនគិរី កើនច្រើន ហើយគ្រាប់មិនទាន់ផ្ទុះដែលទម្លាក់ដោយយន្តហោះសហរដ្ឋអាមេរិក ក៏នៅសេសសល់ច្រើនដែរ អ៊ីចឹងយើងរីករាយជួយគាំទ្រការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ»។
តួលេខរបស់អាជ្ញាធរខេត្តរតនគិរី ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ អង្គការចំនួនពីរ គឺអង្គការ អិន.ភី.អេ និងអង្គការអឹម.អេ.ជី (MAG) បានបោសសំអាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមនៅខេត្តរតនគិរី លើផ្ទៃដីជាង ១៥លានម៉ែត្រការ៉េ និងកម្ទេចគ្រាប់បែកចង្កោមជិត ១ម៉ឺន ៣ពាន់គ្រាប់ និងអំបែងគ្រាប់ទម្លាក់ជាង ៣៥ម៉ឺនអំបែង។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បញ្ជាក់ថា ការកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងពិការភាពរបស់ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា គឺជាកត្តាចាំបាច់ដើម្បីលើកស្ទួយការអភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហេតុនេះជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក គឺជាមធ្យោបាយមានសារសំខាន់ជាទីបំផុត។
លោកអំពាវនាវសុំឲ្យរដ្ឋាភិបាលអាមេរិក បន្តផ្ដល់ជំនួយបោសសំអាតសំណល់ជាតិផ្ទុះពីសង្គ្រាមនេះបន្តទៀត ដើម្បីសម្រេចទិសដៅគោលនយោបាយលុបបំបាត់គ្រោះថ្នាក់ពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅឆ្នាំ២០២៥៖ «មិនឲ្យស្រឡាញ់សង្គ្រាមទៀតទេ មិនឲ្យស្រឡាញ់គ្រាប់ទៀតទេ យើងស្រឡាញ់តែការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារយើង ជាពិសេសស្រែចម្ការដែលយើងកំពុងអភិវឌ្ឍន៍លើដីកំណើតរបស់យើង»។
របាយការណ៍របស់អាជ្ញាធរជាតិកម្ចាត់មីនកម្ពុជា អត្រាមនុស្សស្លាប់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះថយចុះនៅត្រឹមជាង ៨០នាក់ក្នុងឆ្នាំ២០១៦នេះ។
អគ្គលេខាធិការអាជ្ញាធរជាតិកម្ចាត់មីន លោក លី ធុច ថ្លែងកោតសរសើររដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានសហការល្អលើវិស័យសំអាតមីននៅកម្ពុជា។ លោករំពឹងថា សហរដ្ឋអាមេរិកនឹងបន្តឈានមុខគេលើការផ្ដល់ថវិកាបន្ថែមសម្រាប់ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះនៅថ្ងៃអនាគតនេះ៖ «សុំឲ្យអាមេរិក ជាមិត្តនាំមុខគេក្នុងការដោះមីននៅកម្ពុជា យើង។ នៅភាគឦសានមាននៅច្រើនយើងត្រូវបញ្ចប់វាឲ្យបានល្អ អ៊ីចឹងដោយសារសង្គ្រាមទម្លាក់មកហើយនេះឲ្យយកទៅវិញ»។
នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅខេត្តរតនគិរី ប្រជាពលរដ្ឋឃុំត្រពាំងក្រហម និងសហគមន៍ជនជាតិដើមភាគតិចភូមិល្អិន ក្នុងឃុំតឺន រាប់រយគ្រួសារបានជួបសំណេះសំណាល និងបង្ហាញពីការត្រេកអរចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក ដែលបានជួយប្រជាពលរដ្ឋរួចផុតពីគ្រោះថ្នាក់ និងពង្រីកផ្ទៃដីមានគ្រាប់មីនមកជាចម្ការជូនពលរដ្ឋ និងស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋជនជាតិដើមភាគតិចផងដែរ៕
No comments:
Post a Comment