Wednesday, January 25, 2017

អ្នក​ភូមិ​រាប់​ពាន់​នាក់​នៅ​ខេត្ត​ស្វាយរៀង​នឹង​ត្រូវ​ជម្លៀស​បន្ទាប់​ពី​រក​ឃើញ​គ្រាប់​បែក​ឧស្ម័ន




អាជ្ញាធរ​គ្រោង​ជម្លៀស​អ្នក​ភូមិ​ជាច្រើន​ពាន់​នាក់​ពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ទៅ​ទីកន្លែង​មាន​សុវត្ថិភាព បន្ទាប់​ពី​អាជ្ញាធរ​រក​ឃើញ​គ្រាប់​បែក​អាមេរិក​ប្រភេទ​ធុង​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​ចំនួន​ពីរ​ធុង​ធំៗ​ទម្ងន់ ២០០​គីឡូក្រាម នៅ​ជិត​សាលា​បឋម​សិក្សា​មួយ​កន្លែង។

នាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ថា អាជ្ញាធរ​ត្រូវ​ជម្លៀស​អ្នក​ភូមិ​ទាំងនោះ​ចេញ​ពី​ភូមិ ដើម្បី​ឲ្យ​ក្រុម​សម្អាត​មីន​ចុះ​ទៅ​ពិនិត្យ​គ្រាប់​បែក​នោះ។ គាត់​ជឿ​ថា គ្រាប់​បែក​នេះ​ត្រូវ​យន្តហោះ​ចម្បាំង​អាមេរិក​ទម្លាក់​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៧០ ដើម្បី​បណ្ដេញ​ទាហាន​កុម្មុយនីស្ត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា នៅ​ជាប់​ព្រំដែន​វៀតណាម។ គ្រាប់​បែក​នេះ​មាន​ផ្ទុក​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក​ដែល​កងទ័ព​អាមេរិក​ប្រើ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បណ្ដេញ​កងទ័ព​បច្ចាមិត្ត​ឲ្យ​ចេញ​ពី​ក្នុង​ព្រៃ។

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ សហរដ្ឋ​អាមេរិក បាន​ទម្លាក់​គ្រាប់​បែក​ជាង ២​លាន ៧​សែន​តោន​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​កាត់​ផ្តាច់​ផ្លូវ​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅ​កាន់​កងទ័ព​វៀតណាម​ខាង​ជើង។ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២​ម៉ឺន​នាក់ បាន​រងគ្រោះ​ដោយសារ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ចូលរួម​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិក ផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។ ប្រមុខ​រដ្ឋាភិបាល​ចាត់​ទុក​ថា ប្រាក់​បំណុល​ទាំងនេះ គឺ​កើត​ឡើង​ពី​ការ​ទិញ​គ្រាប់​បែក​មក​ទម្លាក់​សម្លាប់​ប្រជាជន​ខ្មែរ៕

No comments:

Post a Comment