Thursday, January 26, 2017

ជនជាតិ​ដើម​​ និង​មន្ត្រី NGO ប្ដឹង​អាជ្ញាធរ​ពី​រឿង​កាប់​ទន្ទ្រាន​ព្រៃ





មណ្ឌលគិរីៈ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជិត​ ១០ ​នាក់​បាន​រួម​គ្នា​ប្តឹង​មន្ត្រី​អាជ្ញាធរ​ទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​​នឹង​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​ទន្ទ្រាន​ដីធ្លី​ប្រហែល​ ១ ​ពាន់​ហិកតា​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ​។

ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ប្រជាសហគមន៍​ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​មណ្ឌល​គិរី​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​បទល្មើស​កាប់​រាន​ដី​ក្នុង​ដែន​ជម្រក​នៅ​ស្រុក​ពេជ្រាដា និង​អូររាំង​កាលពី​ចុង​ធ្នូ​កន្លង​មក​។

លោក ក្រើង តុលា តំណាង​បណ្តាញ​សហគមន៍​ជនជាតិ​ភាគតិច​ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ​ដែល​សហគមន៍​កំពុង​អាស្រ័យ​ផល​ត្រូវ​បាន​គេ​លួច​កាប់​បំផ្លាញ និង​ទន្ទ្រាន​កាន់កាប់​ខុស​ច្បាប់​នាពេល​ថ្មីៗ​នេះ​សរុប​ប្រហែល​ ១ ​ពាន់​ហិកតា។

លោក​បាន​ចោទ​ថា ​អាជ្ញាធរ​មូលដ្ឋាន​ចាប់​តាំងពី​ភូមិ ឃុំ ស្រុក នាយក​ដែន​ជម្រក និង​មន្ទីរ​បរិស្ថាន​ជាដើម​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​នោះ​ទេ​។ ហេតុ​នោះ​ហើយ​ដើម​បណ្តឹង​ជិត​ ១០ ​នាក់​ដែល​ជា​តំណាង​ពលរដ្ឋ​ ១០ ​ភូមិ​ក្នុង​ឃុំ​ប៊ូស្រា និង​ដាក់​ដាំ​រួម​នឹង​លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​អង្គការ​អាដហុក​បាន​រួម​គ្នា​ប្តឹង​មន្ត្រី​ប្រមាណ​ជា​ ៨ នាក់​ទៅ​តុលាការ​។

លោក​ តុលា បាន​បញ្ជាក់​ថា៖ «ពួកគាត់​មិន​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​បទល្មើស​ការពារ​ព្រៃឈើ​ទេ។ ព្រៃ​ហ្នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់។ គាត់​មាន​ចេតនា​បណ្តែត​បណ្តោយ​ឲ្យ​ជនល្មើស​កាប់​រាន​តែ​ម្តង»។

លោក​បន្ត​ថា​សហគមន៍​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជនល្មើស​នោះ​ទេ​ព្រោះ​ថា​ពេល​ដែល​ចុះ​ទៅ​នោះ ពួកគេ​បាន​គេច​បាត់​អស់​។ ប៉ុន្តែ​ពេល​សហគមន៍​ចេញ​បាត់ ពួកគេ​ក៏​ធ្វើ​សកម្មភាព​កាប់​ជា​បន្ត​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

លោក​ ប៉ែន ប៊ុណ្ណារ៍ បាន​ថ្លែង​ថា​លោក​បាន​ទទួល​ព័ត៌មាន និង​តាមដាន​ពី​បទល្មើស​ព្រៃឈើ​នេះ​ហើយ​បាន​សម្រេច​ប្តឹង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ការពារ​ដី​រដ្ឋ​សម្រាប់​ប្រយោជន៍​រួម​ហើយ​ជំរុញ​ឲ្យ​ផ្តន្ទាទោស​ជនល្មើស ឬ​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ទៅ​តាម​ផ្លូវ​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា៖ «ក្រម​ព្រហ្មទណ្ឌ​មាត្រា​ ៥២៩ ​ថា​បុគ្គល​ណា​បាន​ដឹង​បទល្មើស​កើតឡើង​ត្រូវ​ចូលរួម​ប្តឹង និង​ទប់ស្កាត់​បទល្មើស។ បើ​មិន​ប្តឹង​ទេ​យើង​ក៏​មាន​ទោស​ដែរ។ ពលរដ្ឋ​គ្រប់​រូប​មិន​ថា​មន្ត្រី​រាជការ ឬ​អង្គការ​ទេ​មាន​សិទ្ធិ​ប្តឹង​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ»។

លោក​បាន​ឲ្យ​ដឹង​ថា​កាលពី​ឆ្នាំ​ ២០១៦ ​កន្លង​មក​លោក​ និង​សហគមន៍​បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្តឹង​ស្រដៀង​គ្នា​នេះ​ចំនួន​ ៥ ​នៅ​ខេត្ត​ផ្សេងៗ​គ្នា​ហើយ​ក្នុង​ឆ្នាំ​​នេះ​លោក​គ្រោង​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ចំនួន​ ៥០ ​ផ្សេង​​ទៀត​ផង​ដែរ​។

លោក ខាំ ភងជា នាយរង​រដ្ឋបាល​សាលា​ស្រុក​ពេជ្រាដា​បាន​យល់​ឃើញ​ថា​ ការ​ដាក់​ពាក្យ​បណ្តឹង​នោះ​គឺ​មិន​សូវ​សម​ហេតុផល​​ទេ​ហើយ​ថា​រាល់​ការ​ប្តឹង​គឺ​ត្រូវ​ផ្អែក​លើ​វត្ថុតាង​ច្បាស់លាស់​មិនមែន​ចេះ​​តែ​ប្តឹង​​ទេ​។

លោក ភងជា បាន​ថ្លែង​ថា៖ «មិន​អាច​ទេ។ អត់​មាន​សិទ្ធិ​ទេ​ព្រោះ​ថា​បណ្តឹង​ហ្នឹង​អត់​មាន​ចំ​បុគ្គល​ដែល​ប្រព្រឹត្ត។ អ៊ីចឹង​គាត់​ប្តឹង​ប្រយោល​ដោយ​ផ្តោត​លើ​អាជ្ញាធរ​ទាំងអស់​នោះ​ដូចជា​មិន​ត្រូវ។ ការ​ប្តឹង​ត្រូវ​មាន​​វត្ថុតាង​ជាក់​ច្បាស់»។

លោក​បាន​បន្ថែម​ថា​ការ​ការពារ​ដី​ព្រៃ​ក្នុង​តំបន់​នោះ​គឺ​មាន​ការ​លំបាក​ព្រោះ​វា​នៅ​ឆ្ងាយ។ ​ម្យ៉ាង​វិញ​ទៀត​​ដែន​ជម្រក​នោះ​ក៏​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំ​ការ​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ដែរ។

លោក ហាន ខន នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ​បាន​បដិសេធ​ថា​គ្មាន​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​នោះ​ទេ។

លោក​បាន​បន្ត​ថា ​ក្នុង​​ពេល​បច្ចុប្បន្ន​នេះ​គឺ​គ្មាន​បទល្មើស​កាប់រាន​នោះ​ទេ​ ប៉ុន្តែ​កន្លង​មក​មាន​ពលរដ្ឋ​ប្រមាណ​ជា​ ៣០ គ្រួសារ​បាន​លួច​ចូល​កាប់​ឆ្ការ​ព្រៃ​ដោយ​ក្នុង ១ ​គ្រួសារ​ចន្លោះ​ពី​ ១ ទៅ​ ២ ហិកតា​ដើម្បី​បង្ក​បង្កើន​ផល​រីឯ​ពលរដ្ឋ​ខ្លះ​ចេះ​តែ​លួច​កាប់​ព្រៃ​ហើយ​ទុក​ចោល​ និង​ធ្វើ​ចម្ការ​វិលជុំ​ក៏​មាន​ដែរ​។ ​

លោក​បាន​បញ្ជាក់​ថា ​កន្លង​មក​ កម្លាំង​បរិស្ថាន​ក៏​បាន​ចាប់​បង្ខំ​ឲ្យ​អ្នក​កាប់​ឆ្ការ​ព្រៃ​ខ្លះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​នោះ​ផង​ដែរ​៕

No comments:

Post a Comment