កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរារាំងរថយន្តរបស់លោក ឌិន ពុទ្ធី មិនឲ្យធ្វើដំណើរទៅមុខ បន្ទាប់ពីមានការប៉ះសម្ដីគ្នាពាក់ព័ន្ធនឹងអ្នករត់ម៉ូតូឌុបម្នាក់។
ភ្នំពេញ — សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះបានសម្រេចឲ្យលោក ឌិន ពុទ្ធី ដែលរងការចោទថាបើករថយន្តបុកមន្ត្រីនគរបាលមួយរូបឈ្មោះ ឈាន ពិសិដ្ឋ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរារាំងរថយន្តរបស់លោក ឌិន ពុទ្ធី មិនឲ្យធ្វើដំណើរទៅមុខ បន្ទាប់ពីមានការប៉ះសម្ដីគ្នាពាក់ព័ន្ធនឹងអ្នករត់ម៉ូតូឌុបម្នាក់។
ក្រុមប្រជាពលរដ្ឋមួយចំនួន ដែលបានឃើញលោក ឈាន ពិសិដ្ឋ រារាំងរថយន្តរបស់លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានថតវីដេអូជាឃ្លីបខ្លីៗបង្ហាញថា លោក ឈាន ពិសិដ្ឋ បានដួលដោយខ្លួនឯងនៅមុខរថយន្តរបស់លោក ឌិន ពុទ្ធី ក្នុងពេលដែលរថយន្តស្ទើរតែមិនវិលកង់ទៅមុខផង។
ក្រោយពេលលោក ឈាន ពិសិដ្ឋ ដួលពីមុខរថយន្ត លោក ឌិន ពុទ្ធី នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតក្នុងក្រុងប៉ោយប៉ែតរួចមក ក្រុមមន្ត្រីមានសមត្ថកិច្ច បានឃាត់ខ្លួនប្រធានសមាគមរូបនោះហើយបញ្ជូនទៅតុលាការ។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់លោក ឌិន ពុទ្ធី ពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត។
នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករានេះ ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ លោកងួន រតនា បានសម្រេចដោះលែងលោក ឌិន ពុទ្ធី ឲ្យនៅក្រៅឃុំបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបសួរ និងសវនាការរបស់សាលាដំបូងខេត្តបន្ទាយមានជ័យជាបន្តក្រោយពីស្តាប់សំអាងហេតុរបស់មេធាវីការពារក្តី។
សវនាការនៅសាលាឧទ្ធរណ៍ដោយគ្មានវត្តមានរបស់លោក ឌិន ពុទ្ធី នេះធ្វើឡើងតាមបណ្តឹងទាស់របស់មេធាវីការពារក្តីឲ្យលោក ឌិន ពុទ្ធី ដែលប្តឹងសុំឲ្យកូនក្តីរបស់លោកនៅក្រៅឃុំ។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់ VOA ថា ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចឲ្យលោក ឌិន ពុទ្ធី នៅក្រៅឃុំ ដោយយោងតាមសំអាងហេតុរបស់មេធាវី។
លោក គីម សុជាតិ មេធាវីការពារក្តីឲ្យលោក ឌិន ពុទ្ធី ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការថា លោកបានលើកពីសំអាងហេតុប្រាប់តុលាការពាក់ព័ន្ធនឹងស្ថានភាពគ្រួសាររបស់លោក ឌិន ពុទ្ធី។ លោកថា លោក ឌិន ពុទ្ធី នឹងគោរពតាមលក្ខខណ្ឌដែលតុលាការបានកំណត់ ដោយចូលបង្ហាញខ្លួនតាមការកោះហៅឲ្យចូលរបស់តុលាការគ្រប់ពេលមិនផ្លាស់ប្តូរទីលំនៅ និងមិនធ្វើដំណើរទៅក្រៅប្រទេសជាដើម។
លោក គីម សុជាតិ ប្រាប់ VOA បន្ថែម ដោយលោករំពឹងថា កូនក្តីរបស់លោកនឹងត្រូវរួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងមួយនេះ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចឲ្យកូនក្តីរបស់លោកនៅក្រៅឃុំ ។
លោកបញ្ជាក់ថា៖ «ការសម្រេចនេះគឺដូចជាភ្លើងខៀវអញ្ចឹង ព្រោះអីដំបូងឡើងរឿងហ្នឹងហាក់បីដូចជាតឹងតែង ដូចជាធ្ងន់ធ្ងរណាស់ ប៉ុន្តែចុងបញ្ចប់មកដល់ពេលនេះឃើញដូចជាស្ថានភាពវាធូរស្រាលវិញ។ សភាស៊ើបសួរព្រឹកមិញក៏យល់លើស្ថានភាពអញ្ចឹងដែរ គឺគាត់ឲ្យនៅក្រៅឃុំ អញ្ចឹងការដែលគាត់ឲ្យនៅក្រៅឃុំហ្នឹងក៏អាចបើកទៅដល់ថ្ងៃចុងក្រោយសំណុំរឿងបិទការស៊ើបសួរដែរ។ ប្រសិនជាចៅក្រមស៊ើបសួរសាលាដំបូង គាត់ពិនិត្យទៅលើភស្តុតាង ទៅលើអង្គហេតុពិតប្រាកដ ដែលយើងបានស្នើនិងភាគីពាក់ព័ន្ធបានបំភ្លឺ ខ្ញុំជឿថាគាត់អាចរួចផុតពីបទចោទ»។
មុនសវនាការសាលាឧទ្ធរណ៍ប៉ុន្មានថ្ងៃ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក ឈាន ពិសិដ្ឋ គួរតែត្រូវផ្លាស់ប្តូរចេញពីទីតាំងឈរជើងនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ ហើយថាលោកចង់ឲ្យនគរបាលរូបនោះសម្របសម្រួលជាមួយ លោក ឌិន ពុទ្ធី ដើម្បីបញ្ចប់សំណុំរឿងដែលរងការរិះគន់មួយនេះ។
VOA មិនអាចទាក់ទងសុំការបំភ្លឺពី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យដើម្បីបញ្ជាក់ពីព័ត៌មានលម្អិតបានទេ។
លោក ស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ និងជាអ្នកឃ្លាំមើលសំណុំរឿងនេះ ប្រាប់ VOA ថា លោកមិនភ្ញាក់ផ្អើលចំពោះការសម្រេចរបស់តុលាការដែលឲ្យលោក ឌិន ពុទ្ធី នៅក្រៅឃុំនោះទេ។
លោកបន្ថែមថា ចំណាត់ការរបស់តុលាការក្នុងការចោទប្រកាន់ និងឃុំខ្លួនលោក ឌិន ពុទ្ធី មានភាពឆាប់រហ័ស និងយោងតាមតែឯកសារផ្សេងៗរបស់សមត្ថកិច្ច តែមិនព្រមស៊ើបអង្កេតឲ្យបានច្បាស់ពីសាក្សីដែលនៅកន្លែងកើតហេតុ និងវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គម។
លោកបញ្ជាក់ថា៖ «មិនមានជាអ្វីដែលយើងគួរឲ្យភ្ញាក់ផ្អើល ឬក៏អបអរសាទរទេ ដោយសារតែយើងមានការខកបំណងច្រើនទាក់ទងទៅលើការសម្រេចរបស់តុលាការលឿនពេក បើសិនជាគ្មានការអន្តរាគមន៍ គ្មានប្រជាពលរដ្ឋហ្នឹងស្រែក ឬក៏រិះគន់យ៉ាងខ្លាំងដល់រាប់ម៉ឺននាក់ ទាំងក្រៅទាំងក្នុងប្រទេស ទាំងបរទេសផង ថាតើតុលាការហ្នឹងបានពិនិត្យមើលខ្លួនឯងទេ បានឆ្លុះកញ្ចក់ខ្លួនឯងទេ បានអីទេ?»។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានរិះគន់ថា លោក ឈាន ពិសិដ្ឋ បានធ្វើពុតជាដួលសន្លប់ និងបានចែករំឡែកវីដេអូឃ្លីបនានា ដែលបង្ហាញពីការសម្តែងការធ្វើត្រាប់តាម លោក ឈាន ពិសិដ្ឋ ថាជាការធ្វើពុតរត់បុករថយន្ត៕
No comments:
Post a Comment