Saturday, January 14, 2017

ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ជាង​៣០០​នាក់​ទទួល​សេវា​ព្យាបាល​សុខភាព​ឥត​គិត​ថ្លៃ


 

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី បាន​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដើម្បី​លើក​កម្ពស់​សេវា​សុខភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ។ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចាត់​ទុក​ការ​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​ថា ជា​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគ​តិច​ជាង ៣០០​នាក់ នៅ​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ទទួល​សេវា​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា។

គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី ប្រមាណ ២០​នាក់ បាន​ពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​គងធំ ភូមិ​ប្លង់ និង​ភូមិ​គងយុ ផ្ដល់​ថ្នាំ​ព្យាបាល​ជំងឺ និង​ថ្នាំ​បំប៉ន​ជីវជាតិ។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី លោក ជា សានិត កត់សំគាល់​ថា ទិន្នន័យ​ដែល​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​សុខភាព​ភាគ​ច្រើន​អ្នក​ភូមិ​មាន​ជំងឺ​​ក្រពះ ឈឺ​សន្លាក់​ដៃជើង រលាក​ផ្លូវ​ដង្ហើម និង​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ។ លោក​បន្ត​ថា ​យុទ្ធនាការ​ផ្ដល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​នៅ​តំបន់​ជនបទ​នេះ បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ជនបទ​មាន​លទ្ធភាព​ថែទាំ​សុខភាព​បាន​ងាយស្រួល​មិន​ចំណាយ​ប្រាក់៖ «បង​ប្អូន​យើង​ពាក់ព័ន្ធ​បញ្ហា​សុខភាព​គាត់​មាន​ការ​ឈឺ​ថ្កាត់​ច្រើន បើ​មាន​បញ្ហា​សុខភាព​ខ្លាំង ដូចជា​ជំងឺ​រាករូស សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ស្រុក ឬ​មន្ទីរពេទ្យ​ខេត្ត​យើង​មាន​រថយន្ត​សង្គ្រោះ»។

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ឥត​យក​ថ្លៃ​ជូន​ជន​ជាតិ​ដើម​ភាគ​តិច ៣​ភូមិ ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Ratha Visal

ការ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នេះ ធ្វើ​ឡើង​តាម​រយៈ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ដែល​ប្រើប្រាស់​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្លួន​ក្នុង​កម្មវិធី​លើក​កម្ពស់ និង​ផ្ដល់​សេវា​សុខភាព​ទូទៅ​ជូន​ពលរដ្ឋ។

មេ​ឃុំ​ប៉ាតេ លោក រម៉ាម យុត មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កន្លង​ទៅ​នេះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែទាំ​សុខភាព​បាន​ល្អ​នោះ​ទេ ដោយសារ​កង្វះ​ខាត​ចំណេះ​ដឹង និង​ប្រាក់​ចំណូល​គ្រួសារ​មាន​កម្រិត​ទាប។ លោក​ថា កម្មវិធី​លើកកម្ពស់​សុខភាព និង​សេវា​ព្យាបាល​ជំងឺ​ពលរដ្ឋ​ឥត​គិត​ថ្លៃ​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ពេល​បច្ចុប្បន្ន៖ «យើង​ខ្វះខាត​អនាម័យ​គឺ​យើង​ឈឺ​ថ្កាត់​យើង​ខ្វះខាត​យើង​ទៅ​ពេទ្យ ឥឡូវ​ពេទ្យ​មក​ខ្ញុំ​អរ​ណាស់ ពេទ្យ​គេ​មក​ពិនិត្យ​ដល់​ភូមិ»។

ឃុំ​ប៉ាតេ គឺ​ជា​ឃុំ​ទី​មួយ ដែល​កម្មវិធី​លើក​កម្ពស់ និង​ផ្ដល់​សេវា​សុខភាព​ឥត​គិត​ថ្លៃ​ចូល​មក​ពិនិត្យ​សុខភាព​ជូន​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៧។

ប្រជាពលរដ្ឋ​ភូមិ​គងយុ លោក រម៉ាម ប្រេញ បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​មិន​មាន​ប៉ុស្តិ៍​សុខភាព​ទេ​ហេតុ​នេះ អ្នក​ភូមិ​ក្រីក្រ​ជួប​បញ្ហា​លំបាក​កាល​ណា​មាន​ជំងឺ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​សុខភាព​ស្រុក​នៅ​ឆ្ងាយ​ពី​ភូមិ។ លោក​ថា អ្នក​ភូមិ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​ប៉ុស្តិ៍​សុខភាព ឬ​ផ្ដល់​សេវា​ពិនិត្យ​ជំងឺ​ដល់​ពលរដ្ឋ​ផ្ទាល់​នៅ​មូលដ្ឋាន ដោយសារ​អ្នក​ភូមិ​ភាគ​ច្រើន​ជា​អ្នក​ក្រីក្រ​គ្មាន​ប្រាក់​សម្រាប់​សេវាកម្ម​ព្យាបាល​ជំងឺ​តាម​មន្ទីរពេទ្យ​ឯកជន​នោះ​ទេ៖ «ពិបាក​មែន​ទែន​ពិបាក​ឈឺ​អត់​លុយ អ៊ីចឹង​ឥឡូវ​មាន​ពេទ្យ​ស្រុក​ពេទ្យ​ភូមិ​អត់​មាន​ទេ សំណូមពរ​ចង់​ជា​ជំងឺ»។

កាល​ពី​ឆ្នាំ​២០១៦ កម្មវិធី​លើក​កម្ពស់ និង​ផ្ដល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​ឥត​គិត​ថ្លៃ​នេះ ធ្វើ​ឡើង​នៅ​ភូមិ​ចំនួន​៩ ក្នុង​ស្រុក​ចំនួន​៦ ក្នុង​ខេត្ត​រតនគិរី និង​មាន​ពលរដ្ឋ​ជាង ៤.៥០០​នាក់ មក​ទទួល​សេវា​ពិនិត្យ​ជំងឺ​ឥតគិតថ្លៃ​នេះ៕

No comments:

Post a Comment