Friday, February 3, 2017

February 3, 2017 ពលរដ្ឋ​នៅ​ឃុំ​ល្វេ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​រឿង​សំរាម​នៅ​តាម​មាត់​ទន្លេ




ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​ទន្លេតូច ក្នុង​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម មិន​ពេញ​ចិត្ត​ចំពោះ​បរិស្ថាន​ក្បែរ​ទីប្រជុំជន​ផ្សារ​ព្រែកសណ្តែក។ ពលរដ្ឋ​មិន​ពេញ​ចិត្ត​ដោយសារ​នៅ​តាម​មាត់​ទន្លេ​តូច​ក្បែរ​ផ្សារ​នេះ ម្ខាង​នៃ​ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង មាន​សំរាម​ជា​ច្រើន​ត្រូវ​បាន​គេ​យក​មក​បោះចោល ហើយ​ហូរ​ចូល​ទឹក​ទន្លេ​ថែម​ទៀត​ផង។ អភិបាល​ស្រុក​ស៊ីធរកណ្តាល បញ្ជាក់​ថា អាជ្ញាធរ​ធ្លាប់​ចាត់​វិធានការ​លើ​ករណី​នេះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​លោក​ថា នឹង​រៀបចំ​តំបន់​នោះ​ឱ្យ​ប្រសើរ​ក្នុង​ពេល​ឆាប់ៗ​នេះ។

​បើទោះបី​ជា​មាន​ស្លាក​សញ្ញា​ដែល​សរសេ​ថា ហាម​ចោល​សំរាម​ក៏ដោយ ប៉ុន្តែ​សំរាម ពិសេស​ពពួក​ថង់​ប្លាស្ទិច គឺ​ព័ទ្ធ​ជុំវិញ​ស្លាក​សញ្ញា​នោះ​តែម្តង។ សំរាម​មិន​ត្រឹមតែ​ព័ទ្ធ​បង្គោល​ស្លាក​សញ្ញា​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ហូរហែ​តាំង​ពី​មាត់​ច្រាំង រហូត​ដល់​មាត់​ទឹក​ទន្លេ​តែម្តង។ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេតូច គឺ​នៅ​ខាង​ឃុំ​ល្វេ ស្រុក​កោះសូទិន មិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា​នេះ ត្បិត​មាន​ពលរដ្ឋ​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ទន្លេ​នោះ​ដែរ ពិសេស​សម្រាប់​សត្វពាហនៈ​របស់​ពួកគាត់។ សំរាម​ទាំង​នោះ​មាន​ច្រើន គឺ​ស្ថិត​នៅ​ត្រើយម្ខាង​ក្នុង​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង ព្រោះ​ជាទី​ប្រជុំជន​ផ្សារ​ព្រែកសណ្តែក។

​ពលរដ្ឋ​នៅ​ឃុំ​ល្វេ មួយ​រូប លោក បូ រី មាន​ប្រសាសន៍​ថា សំរាម​ទាំង​នោះ​ភាគ​ច្រើន​ពលរដ្ឋ​អ្នក​លក់​ដូរ​នៅ​ផ្សារ​សណ្តែក ជា​អ្នក​យក​មក​ចោល។ លោក​យល់​ថា ត្បិតតែ​ពលរដ្ឋ​ខ្លះ​មាន​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ក៏ដោយ ប៉ុន្តែ​ការ​បោះ​ចោល​សំរាម​ចូល​ទន្លេ​បែប​នេះ គឺ​ជា​រឿង​មិន​ល្អ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សុខភាព មនុស្ស សត្វ ជាដើម៖ «យក​មក​បោះចោល​អ៊ីចឹង​វា​គោក​ទន្លេ គោក​អី​អស់​ហើយ។ អា​ហ្នឹង​មក​ពី​ផ្សារ​ហ្នឹង​គេ​មិន​ដោះស្រាយ»។

សំរាម​ជា​ច្រើន​បាន​រសាត់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​តូច​ធ្វើឱ្យ​ទឹក​កខ្វក់ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ចុះ​ស្ពាន​សមាគមន៍ ឬ​ស្ពាន​បណ្តោះអាសន្ន ដែល​ភ្ជាប់​ពី​ឃុំ​ល្វេ ស្រុក​កោះសូទិន មក​កាន់​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល នោះ ក្លិន​ស្អុយ​បាន​ភាយ​ចេញ​ពី​សំរាម។ យូរៗ​ម្តង ពលរដ្ឋ​នៅ​ឃុំ​ល្វេ បាន​យក​សត្វ​គោក្របី​មក​លាង​ទឹក​ទន្លេ​តូច​ថែម​ទៀត។
ពលរដ្ឋ​មួយ​រូប​ទៀត លោក ឡុង វណ្ណដា បញ្ជាក់​ថា បញ្ហា​សំរាម​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​វិធានការ​ដោះស្រាយ​ឡើយ។ លោក​ថា ប្រសិន​រាជរដ្ឋាភិបាល ឬ​អង្គការ​ជា​ដៃគូ​ជួយ​ដោះស្រាយ ទើប​អាច​មាន​ប្រសិទ្ធភាព​ជាង។

​ពលរដ្ឋ និង​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ព្រែកសណ្តែក​ខ្លះ បាន​បដិសេធ​ថា ពួកគេ​មិន​បាន​ចោល​សំរាម​ទី​នោះ​ទេ ហើយ​បាន​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​លើ​អ្នក​លក់​ដូរ​តូច​តាច ឬ​អ្នក​លក់​ដូរ​បន្លែ​ផ្លែឈើ​ទៅ​វិញ។

អភិបាល​ស្រុក​ស៊ីធរកណ្តាល លោក មុនី បណ្ឌិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ថា កន្លង​មក​អាជ្ញាធរ​តែង​ចាត់​វិធានការ​លើ​ករណី​នេះ​ជា​ច្រើន​លើក​ច្រើន​សា ដោយ​មាន​ទាំង​នាំ​សិស្ស​សាលា​វិទ្យាល័យ​មក​សំអាត​ទៀត​ផង។ បន្ថែម​ពី​នេះ អាជ្ញាធរ​ក៏​បាន​អប់រំ​ណែនាំ​ពលរដ្ឋ និង​អាជីវករ​នៅ​ផ្សារ​ព្រែកសណ្តែក មិន​ឱ្យ​បោះចោល​សំរាម​ទៅ​មាត់​ទន្លេ​តូច​នោះ​ឡើយ ប៉ុន្តែ​អាច​ដោយសារ​ទម្លាប់​របស់​ពលរដ្ឋ ទើប​បញ្ហា​នេះ​នៅ​តែ​កើត​ឡើង។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀបចំ​គម្រោង​ច្បាស់លាស់​ហើយ គឺ​កែប្រែ និង​រៀបចំ​ផ្សារ​ព្រែកសណ្តែក ឱ្យ​បាន​ប្រសើរ​ឡើង ព្រម​ទាំង​ចាត់​វិធានការ​លើ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ៖ «ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​តែ​អាជ្ញាធរ​មួយ​ទេ គឺ​ជា​រឿង​ទាំង​អស់​គ្នា។ រឿង​សំរាម​នេះ គឺ​ផ្តើម​ចេញ​ទាំង​អស់​គ្នា បើ​ផ្តើម​ចេញ​តែ​ពី​អាជ្ញាធរ​មួយ​ក៏​ធ្វើ​ការងារ​ហ្នឹង​មិ​នបាន​ល្អ​ទេ គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​សមាសភាគី ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ហ្នុង​តែម្តង»។

ករណី​បោះចោល​សំរាម និង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ គឺ​រង​ការ​រិះគន់​ពី​ពលរដ្ឋ​នៅ​ឃុំ​ល្វេ ភាគ​ច្រើន ហើយ​ពួកគាត់​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ថែម​ទៀត។ ជំទប់​ទី​១ ឃុំ​ល្វេ មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស លោក ឈន់ ឈឿន មាន​ប្រសាសន៍​ថា កន្លង​មក​ពលរដ្ឋ​ពិត​ជា​ធ្លាប់​ស្នើ​ឱ្យ​ចាត់​វិធានការ​លើ​ករណី​នេះ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធិភាព​ទេ។ លោក​បន្ត​ថា ត្បិតតែ​ពលរដ្ឋ​មិន​បាន​ប្រើប្រាស់​ទឹក​ទន្លេ​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​ទឹក​ស្អាត​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ គឺ​គេ​បូម​ទឹក​ពី​ទន្លេ​ដើម្បី​យក​ទៅ​ចម្រុះ​ដូច​គ្នា​ដែរ៖ «សំណូម​ប្រជាពលរដ្ឋ​ក្រុមប្រឹក្សា​ឃុំ​យើង​ក៏​បាន​លើក​ដែរ ស្តីពី​បរិស្ថាន ពីព្រោះ​ទី​មួយ​ទឹក​អី វា​ត្រូវ​ការ​ប្រើ​ទឹក​ហ្នឹង​ដែរ»។

ជំទប់​ឃុំ​រូប​នេះ​យល់​ថា ការ​ចោល​សំរាម និង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេតូច គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​មច្ឆាជាតិ​ក្នុង​ទឹក​ទៀត​ផង៕

No comments:

Post a Comment