Wednesday, November 30, 2016

អភិបាល​ខេត្ត​កំពង់ចាម​ប្រាប់​មន្ត្រី​នគរបាល​ឲ្យ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​សីលធម៌​និង​ច្បាប់


មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​ត្រៀម​សម្ដែង​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​នូវ​ជំនាញ​មួយ​ចំនួន នា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna



អាជ្ញាធរ​ខេត្ត​កំពង់ចាម ផ្ដាំ​ផ្ញើ​ទៅ​មន្ត្រី​នគរបាល​ដែល​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ថា ពួក​គេ​គប្បី​ត្រូវ​យក​ចំណេះ​ដឹង​របស់​ខ្លួន​ទៅ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ក្រម​សីលធម៌ និង​អនុវត្ត​ទៅ​តាម​ច្បាប់។ ការ​លើក​ឡើង​នេះ ក្នុង​ពិធី​បិទ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា។

ជំនាញ​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​កង​អន្តរាគមន៍​ពិសេស​ចំនួន ១០៥​នាក់​រួម​មាន​ជំនាញ​ទប់ទល់​បាតុកម្ម កូដកម្ម ជំនាញ​បង្ការ និង​ពន្លត់​អគ្គិភ័យ ជំនាញ​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ ដូចជា​ខ្យល់​គ លង់​ទឹក ស្ទះ​ផ្លូវ​ដង្ហើម គ្រោះ​មហន្តរាយ​ផ្សេងៗ ដើម្បី​ធានា​ឲ្យ​បាន​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង។

វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងនេះ​បាន​ដំណើរ​ការ​អស់​រយៈពេល​ចំនួន ៤៥​ថ្ងៃ​សម្រាប់​កង​អន្តរាគមន៍​ពិសេស​នៅ​ខេត្ត​កំពង់ចាម ហើយ​បាន​បិទ​បញ្ចប់​ក្រោម​អធិបតីភាព​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ និង​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ។

អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃ មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ទៅ​មន្ត្រី​នគរបាល​ទាំងនោះ​ថា ពួក​គេ​ត្រូវ​យក​ជំនាញ និង​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ទៅ​បម្រើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គុណធម៌ និង​យុត្តិធម៌។ លើស​ពី​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹកដី​នៃ​ខេត្ត​មួយ​នេះ​ប្រកប​ទៅ​ដោយ​សុខ​សន្តិភាព​គ្រប់គ្រាន់ ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ។ លោក​ថា មន្ត្រី​នគរបាល​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​កាន់​តែ​រីក​ចម្រើន៖ «អ៊ីចឹង​ទេ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​យក​ចំណេះ​ដឹង​នេះ​ទៅ​អនុវត្ត​ប្រកប​ដោយ​គុណធម៌​ប្រកប​ដោយ​យុត្តិធម៌ និង​ដើម្បី​សម្រេច​គោលដៅ​ចុង​ក្រោយ​នោះ គឺ​ការពារ​ប្រទេស​ជាតិ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​ព្រះមហាក្សត្រ​របស់​យើង»។
មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស ដែល​ត្រៀម​សម្ដែង​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា​នូវ​ជំនាញ​មួយ​ចំនួន នា​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna

ក្នុង​ពិធី​បិទ​វគ្គ​បំពាក់បំប៉ន​នេះ​ដែរ គឺ​មាន​ការ​ចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត​ជិត​២០ នៅ​ទូទាំង​ប្រទេស ដើម្បី​បាន​ស្វែង​យល់ និង​រៀន​សូត្រ​តាម។ ជាមួយ​គ្នា​នេះ ជំនាញ​មួយ​ចំនួន​ត្រូវ​បាន​យក​មក​បង្ហាញ​ឲ្យ​អ្នក​ចូលរួម​បាន​ទស្សនា ដូចជា​ជំនាញ​ទប់ទល់ ឬ​រំសាយ​ក្រុម​បាតុកម្ម។ សកម្មភាព​នេះ ប្រៀប​ដូចជា​ហេតុការណ៍​កើត​ឡើង​ជាក់ស្តែង ដោយ​មាន​កម្លាំង​ទប់ទល់ មាន​ខែល ដំបង គ្រាប់​បែក​ផ្សែង ឡាន​ទឹក ជាដើម។ ចំណែក​ក្រុម​ដើរ​តួនាទី​ជា​បាតុករ​វិញ គឺ​មាន​ដំបង មាន​ដប​ទឹក​ច្រក​ខ្សាច់ តំណាង​ឲ្យ​ដប​សាំង​សម្រាប់​តតាំង​ជាមួយ​សមត្ថកិច្ច។

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ពុំ​មែន​ដើម្បី​ត្រៀម​បង្ក្រាប​បាតុកម្ម​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​លើក​កម្ពស់​សមត្ថភាព​របស់​មន្ត្រី​នគរបាល ហើយ​លោក​ថា​ប្រទេស​ណា​ក៏​មាន​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ដែរ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន ដែល​ជា​អ្នក​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កង​អន្តរាគមន៍​ពិសេស​នេះ​ឡើង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា គោល​បំណង គឺ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ព្រម​ទាំង​ការពារ​ស្ថាប័ន​របស់​ជាតិ។ លោក​បញ្ជាក់​ថា ខេត្ត​កំពង់ចាម ជា​ខេត្ត​ទី​មួយ​ដែល​រៀបចំ​ឲ្យ​មាន​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​បែប​នេះ៖ «ពីព្រោះ​យើង​បាន​ទទួល​អំណាច​ពី​រាជ​រដ្ឋាភិបាល​តែ​មួយ​គត់ គឺ​អំណាច​បម្រើ​ប្រជាពលរដ្ឋ»។

លោក​បង្ហាញ​ពី​មោទនភាព​ចំពោះ​ការ​បញ្ចប់​វគ្គ​បំប៉ន​ជំនាញ​កង​អន្តរាគមន៍​ពិសេស​នេះ​ទៀត​ផង។ ជាមួយ​គ្នា​នោះ លោក​ថែម​ទាំង​លើក​ឡើង​អំពី​ជោគជ័យ​ក្នុង​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ក្នុង​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ចុង​ក្រោយ ព្រម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​មន្ត្រី​នគរបាល​បាន​បម្រើ​ប្រជាពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ស្នងការ​នគរបាល​ខេត្ត​រូប​នេះ​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ទៅ​ធ្វើ​ជា​ស្នងការ​នៅ​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ម៉ៅ ពៅ ហើយ​ពិធី​ផ្ទេរ​តំណែង​ជា​ផ្លូវ​ការ គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា កង​កម្លាំង​ទាំងនេះ គឺ​តែងតែ​បង្កើត​ឲ្យ​មាន​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មើល​ឃើញ​ថា កន្លង​មក​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​លើ​ក្រុម​បាតុករ គឺ​មាន​ភាព​សាហាវ ពិសេស​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​ការ​បណ្តុះបណ្តាល​វគ្គ​នេះ លោក​ថា​ពុំ​គួរ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន​ឡើយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ ពិសេស​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច៖ «ភ័យ​ខ្លាច​ត្រង់​ណា​ប្រហែល​ជា​នៅ​ខេត្ត​កំពង់ចាម ឬ​សភាពការណ៍​នៅ​ថ្ងៃ​ខាង​មុខ​អី ប្រាកដ​ជា​មាន​បាតុកម្ម​ផ្ទុះ​ឡើង ហើយ​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​ខេត្ត​ជា​អ្នក​បង្ក្រាប»។

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​ការ​បណ្តុះបណ្តាល​វគ្គ​ទាំងនេះ​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ទទួល​ការ​អប់រំ​បន្ថែម​ទៀត ទាំង​ផ្នែក​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស ពិសេស​អប់រំ​ដល់​មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ព្រោះ​ជា​អ្នក​បញ្ជា​នៅ​ពេល​មាន​ហេតុការណ៍​ណា​មួយ​កើត​ឡើង៕

គ.ធ.ខ.ប ថែម​កុំព្យូទ័រ​៣​គ្រឿង​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​សង្កាត់​ប៉ោយប៉ែត

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បន្ត​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ចុង​ក្រោយ នៅ​ការិយាល័យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ (គ.ធ.ខ.ប) បាន​បញ្ជូន​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ៣​គ្រឿង​បន្ថែម​ទៀត​ទៅ​ឲ្យ​ការិយាល័យ​សង្កាត់​នេះ ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​ឲ្យ​បាន​ឆាប់​រហ័ស។
ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

ក្រសួង​ពីរ​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​សារ​សន្ទនា​រវាង​លោក ហ៊ុន មានិត និងធី សុវណ្ណថា

លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក



ភ្នំពេញៈ មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ម្សិលមិញ​ថា ក្រុម​អាជ្ញាធរ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សារ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​បង្ហាញ​ពី​ ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​កូន​ប្រុស​ទី​ ២ របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ និង​ជា​ប្រធាន​​អង្គភាព​ចារកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ​គឺ លោក ហ៊ុន មានិត ជាមួយ​​តារា​បណ្តាញ​​ផ្សព្វ​ផ្សាយ​សង្គមគឺ កញ្ញា​ ធី សុវណ្ណថា ក្នុង​​អត្ថន័យ​រៀប​ចំ​ផែន​ការ​បង្ខូច​ឈ្មោះ​ លោក កឹម សុខា ប្រធាន​ស្តីទី​​គណបក្ស​ប្រឆាំង។

ការ​សន្យា​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​លោក ឈុំ សុជាតិ ​ត្រូវ​បានធ្វើ​ឡើង បន្ទាប់​ពី​គណនី​ Facebook​ របស់ កញ្ញា ធី សុវណ្ណ​ថា បាន​បង្ហោះ​រូប​ថត​ចេញ​ពី​អេក្រង់​ទូរស័ព្ទ​ជាង ៤០០ សន្លឹក ដែល​បង្ហាញ​ពី​ការ​ឆ្លើយ​ឆ្លង​របស់​នាង ជាមួយ​​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ផ្ទាល់​តែ​ម្តង។

លោក ឈុំ សុជាតិ ថ្លែង​ថា លោកពុំ​បាន​ដឹង​ពី​សារ​ឆ្លង​ឆ្លើយ​រវាង ​ធី សុវណ្ណថា ជាមួយ​​​លោក ហ៊ុន សែន នោះ​ទេ ក៏​ប៉ុន្តែបាន​អះអាងថា ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​នឹង​ធ្វើការ​ស៊ើបអង្កេត​លើភាព​ពិត​ប្រាកដ​នៃ​សារ​បែក​ធ្លាយ​ដែល​មាន​ទាក់​ទង​ជាមួយ​លោក ហ៊ុន មានិត ជា​ឧត្តមសេនីយ៍​ទោ និង​ទើប​ដំឡើង​ឋានៈ​ជា​ប្រធាន​​អង្គភាព​ចារកម្ម​​​កាល​ពី​ឆ្នាំ​មុន។

លោក​អះអាង​ថា ការ​រកឃើញ​ណាមួយ​គឺជា «បញ្ហា​ចារកម្ម​សម្ងាត់» និង​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ។

លោក​និយាយថា៖ «យើង​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា វា​ជា​ការ​ពិតឬ​ក៏អត់​បាន​នោះទេ... ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​នឹង​បើក​ការ​ស៊ើប​អង្កេត​ស្តី​ពី​ព័ត៌មាន​នេះ»។

កញ្ញា​ ធី សុវណ្ណថា ចូលរួម​ក្នុងវេទិកា​បរិស្ថានដែល​មានវត្តមាន​របស់នាយករដ្ឋមន្រ្តី នៅវិមាន​សន្តិភាព នៅ​ឆ្នាំ​នេះ។ ហេង ជីវ័ន

ត្រូវ​បាន​ទាក់ទង​ទៅ​កាល​ពី​ម្សិលមិញ​តាម​រយៈ Facebook លោកឧត្តមសេនីយ៍ទោ ហ៊ុន មានិត ពុំ​បាន​បដិសេធ​​សារ​ឆ្លង​ឆ្លើយ​របស់​លោក​ជាមួយ​​កញ្ញា​ ធី សុវណ្ណថា នោះទេ ក៏ប៉ុន្តែ​លោក​ក៏ពុំ​បាន​ឆ្លើយ​សំណួរ​ស្តី​ពីភាព​ពិត​​របស់​សារ​ទាំង​នោះ​ដែរ។

លោក ហ៊ុន មានិត សរសេរ​ថា៖ «ប្រហែល​ជា​អ្នក (អ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍) អាច​ជួយ​ខ្ញុំ​រក​ឲ្យ​ឃើញ​ថា ហេតុអ្វី​បាន ជា​វីដេអូ និងប្រធានបទ​ប្រភេទ​នេះត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម»។

លោក​ពុំ​បាន​ធ្វើ​ការ​ឆ្លើយតបទៅ​នឹង​បណ្តាសំណួរបន្ទាប់​មក​ទៀត​ទាក់​ទិន​នឹង​ទំនាក់ទំនង​របស់​កញ្ញា ធី សុវណ្ណថា ជាមួយ​នឹង​ឪពុក​របស់​លោក​នោះទេ។

សារ​នៃ​ការ​​សន្ទនាទាំង​ពីរ បាន​លេច​ចេញ​ជា​លើក​ដំបូង​នៅ​លើ​គណនី Facebook របស់ឈ្មោះ ផែ សុវណ្ណារិទ្ធិ ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​ ធី សុវណ្ណថា និង​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប កាល​ពី​ចុង​សប្តាហ៍​មុន។

ជា​សញ្ញា​នៃ​ការ​ពាក់ព័ន្ធរបស់​ Hacker មួយ​រូប​នៅ​ក្នុង​រឿង​នេះ អ្នក​ប្រើប្រាស់​ម្នាក់នៃ​គណនីឈ្មោះ ផែ សុវណ្ណា​រិទ្ធិ ដែល​បាន​ឆ្លងឆ្លើយ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​​អាទិត្យ​បាន​បញ្ជាក់​ថា រូប​គេ​មិន​មែន​ជា ផែ សុវណ្ណារិទ្ធិ ទេ តែ​គេ​ជា​ «អ្នក​ផ្សេង​ទៀត» ដែលកំពុង «ព្យាយាម​បកអាក្រាត​ពី​ការ​ពិត»។

កាល​ពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង លោក ផែ សុវណ្ណារិទ្ធិ ឬ កញ្ញា ធី សុវណ្ណថា បាន​ឡើយ។

សូម​បញ្ជាក់​ថា កញ្ញា ធី សុវណ្ណថា ធ្លាប់​ជា​សកម្មជន​ដ៏​ខ្លាំង​ក្លា​មួយ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ ក៏​ប៉ុន្តែ​បាន​មាន​ទំនាស់​ជាមួយ​គណបក្ស​នេះ និង​បាន​ក្លាយ​ជា​អ្នក​រិះគន់​គណបក្ស​សង្រ្គោះជាតិ​មិន​សំចៃមាត់ ជា​ពិសេស​ប្រឆាំង​នឹង​លោក​ កឹម សុខា។ ​

នៅ​ក្នុង​ចំណោម​​សញ្ញា​ចម្លែក​ទាំង​អស់​ដែល​លេច​ឡើង​ស្រប​គ្នា​នឹងរឿង​បែក​ធ្លាយ​សារ​សន្ទនា​នេះ មានសេចក្តី​បង្ហោះ​មួយនៅលើគណនី Facebook របស់​កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​អាទិត្យ ដែល​មាន​អត្ថន័យ​សុំ​អភ័យ​ទោស​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ឆ្នាំ​នេះ តារា​បណ្តាញសង្គម​បាន​អនុវត្ត​នូវ​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​លោក កឹម សុខា ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​​នារី​ម្នាក់ ជា​ជាង​ធ្វើ​សក់​​​ដែល​គេ​សង្ស័យ​ថា ជា​ស្រីស្នេហ៍​របស់លោក។ ធី សុវណ្ណថា ធ្លាប់​ទាំង​បាន​ប្តឹង​អ្នក​នយោបាយ​រូប​នេះ​ ដោយ​ទារ​ជម្ងឺ​ចិត្ត ១ លាន ដុល្លារ ចំពោះ​ការ​និយាយ​បន្ទុះបង្អាប់​រូប​នាង​នៅ​ក្នុង​ខ្សែ​អាត់​សម្លេង​សន្ទនាទូរស័ព្ទរវាង​លោក​ កឹម សុខា ជាមួយ​នារី​ដែល​គេ​សង្ស័យ​ថា ជា​ស្រីស្នេហ៍​របស់​លោក​នេះ។

ការ​សន្ទនា​គ្នា​ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក ហ៊ុន មានិត និង​កញ្ញា ធី សុវណ្ណថា ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ក្នុង Youtube មួយ ដែល​មាន​បង្ហាញទាំង​សម្លេង​និង​សារ​ជា​អក្សរ និយាយ​អំពីផែនការ​ធ្វើ​បាតុកម្ម​ប្រឆាំង និងបង្ខូច​ឈ្មោះ​លោក កឹម សុខា ដែល​ត្រូ​វ​បាន​គាំទ្រ​ដោយ លោក ហ៊ុន មានិត។​

នៅ​ក្នុង​ការ​សន្ទនា​កាល​ពី​ខែមីនា កូន​ប្រុស​របស់​នាយក​រដ្ឋមន្រ្តីបាន​ហៅ​បាតុកម្ម​ទាំង​នោះ​ថា «ត្រឹមត្រូវ និង​ត្រូវ​បាន​រៀប​ចំ​ឡើង​បាន​យ៉ាង​ល្អ» និង​បាន​លើកទឹកចិត្ត​ ធី សុវណ្ណថា ឲ្យ «រំខាន​ហើយ​រំខាន​ទៀត» និង​«សុំឲ្យ​បាន​ចម្លើយ​ថា​ពិត​ឬ​ក៏អត់»។ លោក​បាន​បន្ថែម​ថា លោក មាន​មោទនភាព​ចំពោះ​ក្រុម​បាតុករ​នេះ។​

នៅ​ក្នុង​សារ​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មីនា កញ្ញា​ ធី​ សុវណ្ណថា បាន​សុំ​សមាជិក ៥០ នាក់​ពី​ក្រុម​យុវជន​របស់​លោក​ ហ៊ុន មានិត ឲ្យ​ចូល​រួម​ធ្វើ​ការ​តវ៉ា​នៅ​ផ្ទះ​លោក កឹម សុខា។

សារ​ឆ្លើយតប​នឹង​សារ​ខាង​លើ ដែល​ត្រូវ​បាន​សង្ស័យ​ថា ជា​របស់​លោក ហ៊ុន មានិត ​មាន​សេចក្តីថា៖ « បង​​អត់​​ឲ្យ​​ពួក​គាត់​​ចូលរួម​​ទេ មិន​​ចង់​​ឲ្យ​​បែកការ​​ទេ កម្លាំង​​បង​​រក្សា​ទុក​ទាល់​​តែ​​ពេល​ចាំបាច់​បាន​ប្រើ​គាត់»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យដឹងថា លោក​ជឿជាក់​ថា ការពិភាក្សា​គ្នា​រវាង​អ្នក​ទាំង​ពីរ​នេះ​គឺជា​ការ​ពិត ហើយ​ត្រូវ​បាន​ទទួល​ដោយ​ជន​ណា​ម្នាក់​ដែល​បាន​ទិញ​ទូរស័ព្ទ​ចាស់​របស់​ធី សុវណ្ណថា។

លោក​ថ្លែងថា៖ «គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភនោះទេ ព្រោះ​ករណី​នេះ​គឺ​ជា​រឿងរបស់​បុគ្គល មិន​មាន​បញ្ហា​អ្វី ហើយ​ក៏​មិន​មាន​ការ​ប៉ះពាល់​លើ​សិទ្ធិ​​អ្នក​ដទៃ​ដែរ»។

លោក​បន្ថែម​ទៀត​ថា លោកមិន​បាន​ដឹង​ពីសារសន្ទនា​ទាក់ទង​នឹង​លោក ហ៊ុន សែន​ នោះ​ឡើយ។

សារ​ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ទម្រង់​ជា​រូប​ភាព​ថត​ចេញ​ពី​អេក្រង់ទូរស័ព្ទត្រូវ​បាន​បង្ហោះ​នៅ​លើគណនី Facebook របស់ កញ្ញា ធី សុវណ្ណថា កាល​ពី​​ម្សិលមិញ អម​នឹង​សេចក្តី​ដែល​ត្រូវ​បាន​សរសេរ​ថា៖ «ខ្ញុំ​ចង់​បង្ហាញ​ពីការពិត​នៃ​រឿង​រវាង​ជីតា និង​ចៅស្រី» ជា​ពាក្យ​​ដែល​ដៃ​គូរ​សន្ទនាទាំង​ពីរ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មុខ​នៅ​ក្នុង​សារ​ទាំង​នោះ។

សារ​សន្ទនា​នេះ​មាន​សេចក្តី​ថា លោក​ ហ៊ុន សែន ផ្តល់​ប្រាក់ ១ លាន​ដុល្លារទៅ​ឲ្យ​ ធី សុវណ្ណថា សម្រាប់​ទ្រទ្រង់​សកម្មភាព​របស់​នាង ព្រម​ទាំង​មាន​ការ​ពិភាក្សា​ពី​ការ​បាញ់​កាំភ្លើង និង​និយាយ​ពី​គម្រោង​កម្ទេចគណបក្ស​សង្គ្រោះ​ជាតិ​ថែម​ទៀត​ផង។

ទោះបីជា​យ៉ាងណា ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​បញ្ជាក់​ភាព​ពិត​នៃ​ការ​សន្ទនា​នេះ​បាន​ទេ ហើយ​មន្រ្តី​នាំពាក្យ​របស់​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ក៏​មិ​នច្បាស់​ពី​ភាព​ពិត​របស់​សារ​ទាំង​នេះ​ដែរ។

លោក​និយាយថា៖ «ប្រសិនជា​វា​ជា​ការ​ពិត ឬ​មិន​ពិត យើង​ត្រូវ​រង់ចាំ​ម្ចាស់​ទំព័រ Facebook ទាំង​នោះ​សិន ថា តើ​ធី សុវណ្ណថា និយាយ​ថាម៉េច ឬសម្តេច​នាយករដ្ឋ​មន្រ្តី​និយាយ​ថា​ម៉េច បើ​មិន​អ៊ីចឹងទេ វា​គ្រាន់​តែ​ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​មិន​បារម្ភ​ច្រើន​ពី​រឿង​នេះទេ វា​អាច​ជា​ការពិត ឬ​ជា​ការ​ក្លែងក្លាយ»។

នៅពេល​ត្រូវ​បាន​ទាក់​ទង​ទៅ​ កាល​ពី​ម្សិលមិញ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ករណី​នេះ​ ដោយ​គ្រាន់​តែ​និយាយថា៖​ «យើង​ចង់​ឲ្យ​នយោបាយ​នៅ​កម្ពុជា​មាន​​ភាព​ស្អាត​ស្អំ​សម្រាប់​ជំនាន់​ក្រោយ»៕TN

ផែនទីបោន ផែនទីយូធីអឹម តើវាខុសគ្នាយ៉ាងណាដែរ?

ចំណែក​មួយ​នៃ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang



ខ្ញុំអាចសារភាពជាចំហថា ខ្ញុំអៀនខ្មាស់បន្តិចដែរ ដែលខ្ញុំក៏(អត់យល់)ជម្លោះរវាងខ្មែរនិងខ្មែរពីរឿងផែនទីបោនខ្នាតមួយ
លើ១០០ពាន់ និងផែនទី UTM ខ្នាត១លើ៥០ពាន់។ ជម្លោះដដែលៗនេះ ខ្ញុំបានឮយូរយាំងណាស់មកហើយ តាំងពីការបក
ស្រាយដូចៗគ្នារបស់ខ្មែរជាច្រើន មានដូចជាលោកស៊ានប៉េងសែ អតីតអ្នកមុខអ្នកការដ្ឋផ្នែងខាងព្រំដែន, លោកលីឌៀប,
ខ្មែរដទៃ, និងពេលថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ លោកថាច់សេដ្ឋា, ដែលអស់លោកអះអាងថាការប្រើប្រាស់ផែនទីយូធីអឹម
គឺខុសច្បាប់ ហើយវានឹងធ្វើឱ្យខ្មែរខាតបង់ទឹកដីខ្លួន ទៅក្នុងដៃយួន។ ខ្ញុំអត់យល់ជម្លោះរវាងខ្មែរនិងខ្មែរត្រង់ចំណុចហ្នឹង។

ចំណែកឯសម្តេចតេជោហ៊ុនសែន និងលោកសមរង្ស៊ី បានបញ្ជាក់ដូចគ្នាថា ការប្រើផែនទីយូធីអឹម គឺ(វាគ្រាន់តែ)មានរូប
ខ្សែផែនទីធំហើយច្បាស់ជាងផែនទីបោនខ្នាត១លើ១០០ពាន់តែប៉ុណ្ណោះ។ ប៉ុន្តែជា(ផែនទីដដែល)តែមួយ។ គឺគ្មានការ
គូរវាសជាថ្មីដោះដូរចំណុចត្រង់ណា ឱ្យខុសពីសំណៅដើមនៃផែនទីបោនខ្នាត១លើ១០០ពាន់នោះទេ។ អត់ទេ។

ដូច្នេះខ្ញុំចង់សួរបញ្ជាក់ថា តើអ្នកដែលយល់ថា ការផ្តោះប្តូរនិងប្រើប្រាស់ផែនទីយូធីអឹមហ្នឹង វាខុសគ្នាយ៉ាងណាពីការប្រើ
ប្រាសផែនទីបោនខ្នាត១លើ១០០ពាន់ ហើយវានឹងធ្វើឱ្យខ្មែរបាត់បង់ដីជាបន្ថែមទៅយួន ដោយសារអ្វីដែរ បើខ្មែរនឹងប្រើ
ផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ? ខ្ញុំមិនយល់ជម្លោះខ្មែរត្រង់ចំណុហ្នឹង ហើយក៏(មិនដែល)បានឮឬអានការបកស្រាយ
ច្បាស់លាស់ម្តងណា ពីខ្មែរណាម្នាក់សោះឡើយ។ សួថា តើយើងចេះតែនិយាយតៗគ្នា ដោយព្រួយបារម្មណ៍ពីរឿងបាត់ដី
ខ្លាំងពេកទេឬយ៉ាងម៉េច? ខ្ញុំនឹងសាកល្បងសរសេរអ៊ីមែល ផ្ញើជូននិងសួរនាំ ឯ.ឧ. ថាច់សេដ្ឋាពីចំណុចនេះ។

ខ្ញុំខ្លួនឯងក៏យល់ដូច្នេះដែរ គឺថា ផែនទីបោននិងផែនទីយូធីមឹន គឺជាDVDតែមួយ ដែលគេបញ្ចាំងក្នុងទូរទស្សន៍ មានទំហ៊ំ
ធំឬតូចជាងគ្នាតែប៉ុណ្ណោះ ប៉ុន្តែរូបភាពវានៅដដែលទាំងអស់ មិនប្រែប្រួលក្រឡៃខុសពីសំណៅដើមនោះទេ។ តែខ្មែរអ្នក
ជាតិនិយមដែលតែងតែអះអាងតៗគ្នាថា វាគ្រាន់តែជាករណីកិច្ច(បំពេញបន្ថែម) ឱ្យស្របតាមសន្ធិសញ្ញាបំពេញបន្ថែម
រវាងខ្មែរនិងយួននោះ គួរតែឆ្លៀតពេលសរសេរ ឬនិយាយ(បំភ្លឺឱ្យច្បាស់) ត្រង់ចំណុចដែលអស់លោក ទទូចជាដដែលៗ
ថានឹងធ្វើឱ្យខ្មែរ ត្រូវបាត់បង់ដីទៅយួន ដោយការប្រើផែនទីយូធីអឹមខ្នាត១លើ៥០ពាន់នេះ។

(សូមឈប់) និយាយដដែលៗបើយើងមិនអាចពន្យល់បាន នូវចំណុចនៃការអះអាងរបស់យើងនោះទេ។  ប៉ុន្តែបើយល់
សូមសរសេរ ឬនិយាយពន្យល់ឱ្យបានល្អក្បោះក្បាយ ពីការយល់ឃើញជាក់ច្បាស់ តាមចំណេះដឹងពិតប្រាកដរបស់អស់
លោក។ ធ្វើអ៊ីចឹងទើបយើងអាចបញ្ចប់ជម្លោះវែងឆ្ងាយ ដ៏ឥតប្រយោជន៍នេះបាន។

Tuesday, November 29, 2016

សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ

នារី​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ក្នុង​រឿង​ចាប់​រំលោភ​ពី​សំណាក់​លោក អធិការ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទទួល​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ពី​មន្ត្រី​សមាគម​អាដហុក (Adhoc) ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Chin Chetha

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​របាយការណ៍​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦ ស្តី​អំពី​ការ​រួច​ខ្លួន​ពី​បទល្មើស​រំលោភ​សេពសន្ថវៈ​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ នៃ​អង្គការ​លីកាដូ កញ្ញា ណាប់ សុម៉ាលី បញ្ជាក់​ថា ការ​ផ្ដន្ទាទោស​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ដែល​បញ្ហា​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា នេះ​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដូចជា​ការ​ប្រើប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ក្តី ការ​រីក​រាលដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល និង​តុលាការ ចៅក្រម​នៅ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​អនុវត្ត​ច្បាប់ និង​អាកប្បកិរិយា​រើសអើង​ចំពោះ​ស្ត្រី​ភេទ។

កញ្ញា ណាប់ សុម៉ាលី បន្ត​ថា៖ «ជាង ៥០​ភាគរយ គឺ​កុមារ​អាយុ​ចន្លោះ​ពី ១២​ឆ្នាំ​ទៅ ១៧​ឆ្នាំ ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​រំលោភ​សេពសន្ថវៈ​នៅ​ការិយាល័យ​ដែល​លីកាដូ​ទទួល​បាន។ បើ​សិន​ជា​ការ​រំលោភ​សេពសន្ថវៈ​នៅ​តែ​កើត​មាន​ឡើង ហើយ​អាជ្ញាធរ និង​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ខ្ញុំ​យល់​ថា​វា​នឹង​ក្លាយ​ជា​ហានិភ័យ​មួយ ដោយសារ​តែ​ស្ត្រី និង​កុមារ​នៅ​កម្ពុជា ស្ថិត​នៅ​ក្នុង​និទ្ទណ្ឌភាព​មួយ​ដោយសារ​តែ​ជន​ល្មើស​អាច​ប្រើប្រាស់​លុយ ដើម្បី​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​ការ​ប្រើប្រាស់​លុយ​ដើម្បី​គេច​ពី​សំណាញ់​ច្បាប់​ដែរ»។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ បាន​នៅ​ឡើយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ។

កាល​ពី​ឆ្នាំ​២០១៥ អង្គការ​លីកាដូ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​ជិត ៣០០​ករណី (២៨២​ករណី) ដែល​ក្នុង​នោះ​មាន ១២៥​ករណី ត្រូវ​បាន​បិទ​បញ្ចប់ និង ១៥៧​ករណី​ផ្សេង​ទៀត​នៅ​បើក​បន្ត។ ក្នុង​ចំណោម​សំណុំ​រឿង​ដែល​នៅ​បើក​បន្ត​មាន​ជិត ៤០​ករណី (៣៨​ករណី) ត្រូវ​បាន​ចុះ​កាលបរិច្ឆេទ​តាំង​ពី​ត្រី​មាស​ទី​១ នៃ​ឆ្នាំ​២០១៥ ដែល​នេះ​មាន​ន័យ​ថា សំណុំ​រឿង​ទាំងនោះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​រយៈពេល​ជិត ២​ឆ្នាំ​កន្លង​ទៅ​នេះ។

អង្គការ​លីកាដូ ចាត់​ទុក​ការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​នេះ ថា​ជា​ការ​រួម​ចំណែក និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រំលោភ​សេពសន្ថវៈ​ជា​បន្ត​ទៀត ហើយ​ថា​វប្បធម៌​និទ្ទណ្ឌភាព​ចំពោះ​ជន​ប្រព្រឹត្តិ​បទល្មើស​បែប​នេះ នឹង​បង្ក​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព​ស្ត្រី និង​កុមារ៕

ការ​សន្ទនា​ឆ្លើយ​ឆ្លង​គ្នា​រវាង​​កញ្ញា ធី សុវណ្ណថា និង​លោក ហ៊ុន ម៉ានិត តាម​​ហ្វេសប៊ុកត្រូវ​​បែក​​ធ្លាយ​




អ្វីដែលទំនងជាការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយរវាង កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំងដែលចេះដឹងច្រើនអំពីបណ្តាញទំនាក់ទំនងសង្គម និង កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសផ្សេងៗទៀតរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញអំពីអ្នកទាំងពីរពិភាក្សាពីផែនការរៀបចំការតវ៉ាប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។

ការទម្លាយលក្ខណៈអនាមិកនេះ ដែលត្រូវបានបង្ហោះជាវីដេអូរយៈពេល២២នាទីក្នុងគេហទំព័រយូធ្យូបកាលពីថ្ងៃអាទិត្យ គឺជាសំណាងអាក្រក់ដែលមិនសមនឹងកើតមានចំពោះក្រុមប្រឆាំងនឹងគណបក្សប្រឆាំង ដែលបានឆ្លៀតឱកាសទាញប្រយោជន៍ពីខ្សែអាត់សំឡេងដែលបែកធ្លាយកាលពីខែមីនាស្តីពីការសន្ទនាដែលគេអះអាងថា រវាងលោក កឹម សុខា  អនុប្រធានគណបក្សប្រឆាំងនិងស្រីកំណាន់ម្នាក់ដែលគេចោទថា ជារបស់លោក។


ការឆ្លើយឆ្លងគ្នាតាមហ្វេសប៊ុកដែលទើបតែបែកធ្លាយនេះ ដែលមានភ័ស្តុតាងបង្ហាញថា រវាងកញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កូនប្រុសទីពីររបស់លោកនាយករដ្ឋមន្ត្រី ដែលជាឧត្តមសេនីយ៍ទោនៅក្នុងជួរកងទ័ពនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ គឺជាការសន្ទនាតាំងពីខែតុលាឆ្នាំមកម្លេ៉ះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការសន្ទនាឆ្លើយឆ្លងគ្នានេះគឺពិត ប៉ុន្តែបានបន្ទោសការបែកឆ្លាយនេះលើអ្នកដែលហ៊ែកទូរស័ព្ទ បន្ទាប់ពីលោក  ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានលក់វាចោល។

កញ្ញា ធី សុវណ្ណថា ធ្លាប់ជាអ្នកជួយគាំទ្រជ្រោមជ្រែងគណបក្សសង្គ្រោះជាតិដ៏ស្មោះស្ម័គ្រ ដោយមានអ្នកគាំទ្រតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើន ប៉ុន្តែបានរងការចោទប្រកាន់ថា ជាចារកម្មរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅក្នុងឆ្នាំ២០១៤ ហើយទីបំផុតបានបំបែកខ្លួនចេញពីគណបក្សប្រឆាំងនេះកាលពីខែមីនា ពេលដែលខ្សែអាត់សំឡេងដែលគេអះអាងថា រវាងលោក កឹម សុខា និងស្រីកំណាន់របស់លោកត្រូវបានបង្ហោះយ៉ាងព្រោងព្រាតតាមអុីនធឺណិត។នាងបានប្តូរបក្សភ្លាមៗ ហើយបានចាប់ផ្តើមវាយប្រហារលើគណបក្សសង្គ្រោះជាតិ ដោយផ្តោតកំហឹងរបស់នាងលើរឿងស្នេហាលួចលាក់របស់លោក កឹម សុខា។

វីដេអូក្នុងគេហទំព័រយូធ្យូបបានអូសចុះមកក្រោមម្តងបន្តិចៗនូវការសន្ទនាឆ្លើយឆ្លងគ្នាដែលបង្ហាញយ៉ាងច្បាស់ថា រវាង កញ្ញា ធី សុវណ្ណថា អាយុជាង២០ ឆ្នាំ និង លោក ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដោយប្រើភាសាលាយឡំគ្នា ទាំងអង់គ្លេសនិងខ្មែរ ព្រមទាំងមានសារ រូបភាព និងសារជាសំឡេងអមដោយរូបតុក្កតា។

នៅក្នុងការឆ្លើយឆ្លងគ្នាកាលពីថ្ងៃទី២៧ ខែមីនា គឺនិយាយអំពីផែនការរៀបចំការហែក្បួនរបស់នាងដើម្បីដាក់សម្ពាធឲ្យលោក កឹម សុខា ឆ្លើយសារភាពពីរឿងស្នេហាលួចលាក់ ដែលលោកបានដិសេធរហូតមកទល់ពេលនេះ និងការស្នើសុំជំនួយពីក្រុមយុវជនរបស់នាង។

នាងបានសេរសេរថា “បងនិត ថ្ងៃអង្គារម៉ោងពីររសៀល ខ្ញុំហែក្បួនពី UNទៅបក្សសង្គ្រោះជាតិ ចេញពីសង្គ្រោះជាតិទៅផ្ទះ កឹម សុខា និងសុំកម្លាំងយុវជនបង៥០នាក់ជិះម៉ូតូហែក្បួន”។

ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានឆ្លើយតបថា “បងអត់ឲ្យពួកគាត់ចូលរួមទេ។ កុំលាក់កម្លាំងអី ថា យកកម្លាំងយុវជនរបស់ ថា ចេញមកប្រើសិនទៅ ដើម្បីបង្ហាញអំពីឆន្ទៈរបស់ពួកគាត់លើការងារនេះ។ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាល់តែពេលចំាបាច់បានប្រើគាត់”។

ពីរថ្ងៃក្រោយមក នៅថ្ងៃទី ២៩ ខែ មីនា កញ្ញា ធី សុវណ្ណថា បានផ្ញើរូបភាពស្តីពីអ្នកហែក្បួននៅខាងក្រៅរដ្ឋសភា ហើយលោក ហ៊ុន ម៉ានិត បានឆ្លើយថា “ហា ហា …អបអរសាទរ!”។

នៅថ្ងៃដដែលនោះ កញ្ញា ធីសុវណ្ណថា បានសួរថា ”កំពុងរកនឹកវិធីញ៉ោះគេទៀត បងនិតមានគំនិតអីទេ?”។ លោក ហ៊ុន ម៉ានិត បានឆ្លើយដោយប្រើរូបតុក្កតាសេើច។

កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងតាមទូរស័ព្ទបានទេ។ ទាំងនាងនិងលោក ហ៊ុន ម៉ានិត សុទ្ធតែមិនឆ្លើយតបនឹងសំណើសុំការបំភ្លឺតាមហ្វេសប៊ុក។

នៅក្នុងការបង្ហោះមុនៗនោះ អ្នកទាំងពីរបានឆ្លើយឆ្លង  ដោយពិភាក្សាអំពីរឿងផ្ទះ រថយន្តដែលជាកម្មសិទ្ធិរបស់កញ្ញា ធី សុវណ្ណថា និងដល់ចំណុចមួយ និយាយអំពីរឿងធ្វើច្រមុះរបស់នាង។

នាងបាននិយាយថា “ខ្ញុំទើបតែធ្វើច្រមុះរួច មិនទាន់ស្អាតទេ មិនអាចជួបពូបានទេ ចាំពីរខែទៀត”។

លោក ហ៊ុន ម៉ានិត បានឆ្លើយតបថា “អឺទៅធ្វើច្រមុះធើអី  ច្រមុះយើងគ្រប់គ្រាន់ហើយតើ ទៅធើច្រមុះធើអី មិនព្រមទុកឲ្យធម្មជាតិទៅ”។

លោក សុខ ឥសាន បានលើកឡើងកាលពីម្សិលមិញថា សំឡេងរបស់បុរសនៅក្នុងសារជាសំឡេង ពិតជាដូចសំឡេង ឧត្តសេនីយ៍ទោ ហ៊ុន ម៉ានិត ហើយថា ការបែកធ្លាយនេះទំនងជាចេញមកពីទូរស័ព្ទដែលលក់ចេញមួយគ្រឿង។

លោកបានមានប្រសាសន៍ទាក់ទិននឹងការសន្ទនាឆ្លើយឆ្លងជាមួយកញ្ញា ធី សុវណ្ណថា ថា “ខ្ញុំគិតថា  វាជាសំឡេងរបស់គាត់។ ទូរស័ព្ទរបស់គាត់បានលក់ជាយូរមកហើយ ហើយគេបានដោនឡូដ រួចធ្វើឲ្យវាបែកធ្លាយ។វាគ្រាន់តែជាការសន្ទនាឆ្លើយឆ្លងធម្មតាតើ ម៉េចក៏ចំបាច់យកចិត្តទុកដាក់ពីរឿងនេះមេ៉ះ”

Monday, November 28, 2016

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​គ្រោង​ផាក​ពិន័យ​ចំពោះ​អ្នក​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់

យុទ្ធនាការ​រើស​សំរាម​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ RFA/Men Sothyr

យុទ្ធនាការ​រើស​សំរាម​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ RFA/Men Sothyr


អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង គ្រោង​ផាក​ពិន័យ និង​អនុវត្ត​ច្បាប់​ចំពោះ​ពលរដ្ឋ អាជីវករ និង​បុគ្គល​ដែល​ចោល​កាកសំណល់​សំរាម​គ្មាន​សណ្ដាប់ធ្នាប់។ អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង រក​ឃើញ​ថា បច្ចុប្បន្ន អាជីវករ និង​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​ចោល​កាកសំណល់​រឹង​តាម​ផ្លូវ និង​តាម​ទី​សាធារណៈ​បែប​អនាធិបតេយ្យ បើ​ទោះ​បី​អាជ្ញាធរ​ក្រុង​បាន​បង្កើត​ទីតាំង​ចាក់​សំរាម​ជាច្រើន​កន្លែង​ក្តី។

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង គ្រោង​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​សំណល់​សំរាម​នៅ​ទីប្រជុំជន ដោយ​គ្រប​ដណ្ដប់​ចំនួន ៣​សង្កាត់​នៃ​ក្រុង​ស្ទឹងត្រែង ដើម្បី​តាមដាន និង​អនុវត្ត​ការ​ពិន័យ​បែប​អន្តរកាល​ផ្អែក​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល ប្រយោជន៍​លើក​ស្ទួយ​បរិស្ថាន​នៅ​ក្រុង​ស្ទឹងត្រែង។

អភិបាល​រង​ក្រុង​ស្ទឹងត្រែង លោក លី មីនា មាន​ប្រសាសន៍​ថា ជំហាន​ដំបូង អាជ្ញាធរ​មាន​វិធានការ​ជូន​ដំណឹង​តាម​រយៈ​អាជ្ញាធរ​ភូមិ និង​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​ស្ដីពី​ការ​ទុក​ដាក់​សំរាម និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​អាជ្ញាធរ​រៀបចំ​ទីតាំង​លក់​ដូរ​ថ្មី​ជូន​អាជីវករ​នៅ​ផ្សារ​ថ្មី​រួច​រាល់ មន្ត្រី​ជំនាញ​នឹង​ផ្ដើម​អនុវត្ត​វិធានការ​ពិន័យ​ដោយ​មិន​រើស​មុខ។ លោក​កត់​សម្គាល់​ថា អាជ្ញាធរ​ក្រុង​បាន​បង្កើត​ធុង​សំរាម​ធំៗ​ចំនួន ៣​ទីតាំង​ផ្ទុក​សំរាម​បាន ៧ ទៅ ៨​ម៉ែត្រ​គូប ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អាជីវករ​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ តែ​ផ្ទុយ​ទៅ​វិញ អាជីវករ​មួយ​ចំនួន​នៅ​តែ​បោះ​សំរាម​ចោល​នៅ​លើ​ផ្លូវ​សាធារណៈ​ដដែល។ លោក​ថា វិធានការ​ច្បាប់ និង​ការ​ផាក​ពិន័យ នឹង​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ ផ្អែក​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​សំរាម និង​កាក​សំណល់​នៅ​ទីប្រជុំជន។ លោក​ថា ប្រសិន​បើ​ខ្វះ​ការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ផែនការ​គ្រប់គ្រង​បញ្ហា​អនាម័យ និង​សុខភាព​ក្នុង​សង្គម​របស់​មន្ត្រី​ជំនាញ មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ៖ «សេចក្តី​សម្រេច​ហ្នឹង​បាន​ចេញ​រួច​ហើយ គ្រាន់​ថា​យើង​រៀបចំ​កិច្ច​ប្រជុំ ថា​តើ​យើង​នឹង​អនុវត្ត​កិច្ចការ​ហ្នឹង​នៅ​ពេល​ណា? បើ​តាម​អ្វី​ដែល​យើង​ចង់​ធ្វើ យើង​ត្រៀម​ធ្វើ​ឆាប់ៗ​នេះ។ ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ជំហាន​ដំបូង គឺ​ការ​អប់រំ​ផ្សព្វផ្សាយ​សិន ពីព្រោះ​ច្បាប់​ហ្នឹង​ការ​អប់រំ​ត្រូវ​ដើរ​ទន្ទឹម​គ្នា»។

តួលេខ​ប៉ាន់ប្រមាណ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បង្ហាញ​ថា ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង បញ្ចេញ​ចោល​កាក​សំណល់ និង​សំរាម​ជាង ៣០​តោន​ក្នុង​មួយ​ថ្ងៃៗ។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង កញ្ញា ឈុំ កន្និកា មើល​ឃើញ​ថា ពលរដ្ឋ​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ការ​ទុក​ដាក់​សំរាម​ត្រឹមត្រូវ ដោយ​អាជីវករ​ខ្លះ​បោះ​ចោល​សំរាម​តាម​ផ្លូវ និង​ទី​សាធារណៈ បង្ក​ជះ​ក្លិន​ស្អុយ​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប៉ះពាល់​សោភ័ណភាព​ក្រុង។ កញ្ញា​សម្ដែង​ការ​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ដែល​គ្រោង​ផាក​ពិន័យ និង​អនុវត្ត​ច្បាប់​ចំពោះ​បញ្ហា​នេះ។ ក៏ប៉ុន្តែ​នាង​បារម្ភ​ខ្លាច​ក្រែង​វិធានការ​នេះ​បាន​តែ​មួយ​ឆាវ ឬ​ភ្លើង​ចំបើង ជាពិសេស​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លាភាព៖ «ប្រជាពលរដ្ឋ​យើង​នៅ​ពេល​ដែល​គាត់​លក់​អីៗ​ហើយ គឺ​គាត់​មិន​បាន​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ទុង​សំរាម ជាពិសេស​មុខ​ផ្សារ​ហ្នឹង​តែ​ម្តង ពេល​ដែល​ជិះ​ម៉ូតូ​កាត់ ឬ​ដើរ​កាត់​ជះ​ក្លិន​ស្អុយ ជាពិសេស​គឺ​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង សំរាម​គរ​ពេញ​ហ្នឹង»។

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ (BBU) សាខា​ខេត្ត​ស្ទឹងត្រែង ដែល​ដឹកនាំ​ក្រុម​និស្សិត​រើស​សំរាម លោក សាន់ តុលា មាន​ចំណាប់​អារម្មណ៍​ថា ប្រសិន​បើ​ពលរដ្ឋ​ប្ដូរ​ឥរិយាបថ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នឹង​ផ្តល់​សារប្រយោជន៍ ៣​យ៉ាង​សំខាន់ៗ គឺ​សុខភាព សោភ័ណភាព និង​សេចក្តី​ថ្លៃថ្នូរ។ លើស​ពី​នេះ​ទៀត ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​ស្រស់​ស្អាត​នោះ​ទេ បញ្ហា​នេះ​វា​ក៏​បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ដែរ៖ «ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយ​ដែល​ស៊ីវិល័យ យើង​ត្រូវ​មាន​សណ្ដាប់ធ្នាប់​តាំង​ពី​ការ​រស់នៅ​ចឹង​ឡើង ជាពិសេស​គឺ​បណ្ដុះ​ស្មារតី​ឲ្យ​ប្អូនៗ​យុវជន​គាត់​មាន​គំនិត​ចូលរួម​សង្គម។ នេះ​ជា​រឿង​សំខាន់»។

អនុក្រឹត្យ​លេខ​១១៣ របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ បង្គាប់​ឲ្យ​ស្ថាប័ន​ជំនាញ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​កំណត់​វិធានការ​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន។ លើក​កម្ពស់​ការ​យល់​ដឹង​សាធារណៈ ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ ត្រូវ​ហាមឃាត់​ដាច់ខាត​នូវ​ការ​បោះ​ចោល​សំរាម ឬ​ការ​ដុត​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន នៅ​តាម​ផ្លូវ និង​ទី​សាធារណៈ ជាដើម។ ចំពោះ​បុគ្គល​ដែល​បោះ​ចោល​សំរាម​នៅ​តាម​ដង​ផ្លូវ ត្រូវ​ទទួល​ការ​ផាក​ពិន័យ​អន្តរកាល ២​ម៉ឺន​រៀល​សម្រាប់​អ្នក​ដំណើរ និង​ទេសចរ ជាដើម ពិន័យ ៥​ម៉ឺន​រៀល​ចំពោះ​អ្នក​លក់​ដូរ ឬ​អាជីវករ ពិន័យ ១៥​ម៉ឺន​រៀល​ចំពោះ​អ្នក​លក់​ដូរ​តាម​ផ្លូវ ភោជនីយដ្ឋាន និង​ទី​កម្សាន្ត៕