Friday, January 13, 2017

មន្ត្រី​ជំនាញ​ប្រកាស​ឲ្យ​អ្នក​នេសាទ​ផ្អាក​នេសាទ​ត្រី​កាម៉ុង​រយៈពេល​២​ខែ​កន្លះ

ទូក​នេសាទ​សមុទ្រ​នៅ​ដែន​សមុទ្រ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ រូបថត​ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea



រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រកាស​ដល់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ធ្វើ​របរ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ រយៈពេល ២​ខែ​កន្លះ ដើម្បី​ទុក​ឱកាស​ឲ្យ​ត្រី​ប្រភេទ​នេះ​ពង​កូន​បន្ត​ពូជ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នា​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ។

អ្នក​ឃ្លាំមើល​សង្គម​គាំទ្រ​សេចក្ដី​ចំណាត់​ការ​នេះ ហើយ​ស្នើ​ឲ្យ​អ្នក​នេសាទ​សមុទ្រ ដែល​ប្រើ​ឧបករណ៍​នេសាទ​ធំៗ ត្រូវ​ចូលរួម​អនុវត្ត​ខ្លឹមសារ​នេះ ឲ្យ​បាន​ទាំង​អស់​គ្នា ប្រយោជន៍​រក្សា​ឲ្យ​ត្រី​កាម៉ុង ឲ្យ​កាន់​តែ​សម្បូរ​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។

សេចក្ដី​ជូន​ដំណឹង​មាន​ចុះ​ហត្ថលេខា និង​បោះត្រា លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹង​ថា រដូវ​សម្រាប់​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ បន្ត​ពូជ​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។

លោក អេង ជាសាន បាន​ស្នើ​ដល់​ប្រជា​នេសាទ​មាន​របរ​នេសាទ​ត្រី​កាម៉ុង ទាំង​អស់​ឲ្យ​បញ្ឈប់​សកម្មភាព​ធ្វើ​នេសាទ​ត្រី​កាម៉ុង នៅ​រដូវ​រដ្ឋបាល​ជល​ផល​ហាម​ឃាត់​នេះ ឲ្យ​បាន​ទាំង​អស់​គ្នា ប្រយោជន៍​រួម​ចំណែក​ថែរក្សា និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត។

នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម ខេត្ត​ព្រះសីហនុ លោក នេន ចំរើន ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​មករា ថា ការ​បិទ​នេសាទ​នេះ គឺ​រដ្ឋបាល​ជលផល​មិន​បាន​ហាមឃាត់​ប្រជា​នេសាទ​ដែល​ប្រើ​ឧបករណ៍​ចាប់​ត្រី​កាម៉ុង ជា​លក្ខណៈ​គ្រួសារ​តូចតាច​នោះ​ទេ។
លោក​ស្នើ​ដល់​ប្រជា​នេសាទ​ប្រើ​ឧបករណ៍​ខ្នាត​ធំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​ចូលរួម​សហការ​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​ផ្អាក​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ ក្នុង​រយៈពេល ២​ខែ​កន្លះ​នេះ ឲ្យ​បាន​ទាំង​អស់​គ្នា៖ «យើង​បិទ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ​ហ្នឹង គឺ​បិទ​តែ​អ្នក​នេសាទ​ប្រើ​ឧបករណ៍​សិប្បកម្ម​ធំៗ ប៉ុន្តែ​បើ​អ្នក​នេសាទ ឬ​ប្រជាពលរដ្ឋ​ដែល​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ គឺ​យើង​មិន​ហាមឃាត់​ពួកគាត់​ទេ។ ឧបករណ៍​សិប្បកម្ម គឺ​ជា​ឧបករណ៍​ដែល​រដ្ឋ បាន​កំណត់​ឲ្យ​អ្នក​នេសាទ​បង់​ប្រាក់​ចំពោះ​ការ​ធ្វើ​នេសាទ​ក្នុង​ដែន​សមុទ្រ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ ចំណែក​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ គឺ​ជា​ឧបករណ៍​របស់​ប្រជា​នេសាទ​នៅ​តាម​សហគមន៍ ឬ​គាត់​មិន​ជាប់​ក្នុង​ការ​បង់​ប្រាក់​ក្នុង​ការ​ធ្វើ​ដែន​នេសាទ អា​ហ្នឹង​គឺ​យើង​មិន​ហាម​ឃាត់​គាត់​នោះ​ទេ»។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើ​ដល់​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា​អនុវត្ត​ខ្លឹមសារ​បញ្ឈប់​ធ្វើ​នេសាទ​ត្រី​កាម៉ុង នៅ​រដូវ​ត្រី​ប្រភេទ​នេះ​ពង​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជា​ជាង​មាន​តែ​នៅ​លើ​ក្រដាស ប៉ុន្តែ​គ្មាន​ការ​អនុវត្ត។ ជាង​នេះ​ទៀត ក៏​ត្រូវ​តាមដាន​ទៅ​លើ​សកម្មភាព​របស់​អ្នក​នេសាទ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ឲ្យ​ផែនការ​ថែរក្សា​ការពារ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ របស់​រដ្ឋបាល​ជលផល អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៖ «គួរ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ជលផល រួមគ្នា​អនុវត្ត​សេចក្ដី​ជូន​ដំណឹង​នៅ​រដូវ​បិទ​នេសាទ​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​យើង​ឃើញ​ថា ឧបករណ៍​នេសាទ​ដែល​មាន​លក្ខណៈ​ធ្វើ​ឧស្សាហកម្ម ឬ​ពាណិជ្ជកម្ម​នេះ បាន​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ ឬ​មច្ឆា​ជាតិ​ធ្ងន់ធ្ងរ ជា​ពិសេស​មាន​ឧបករណ៍​នេសាទ​ខ្លះ ត្រូវ​បាន​អ្នក​នេសាទ​ចូល​មក​ធ្វើ​នេសាទ​នៅ​តំបន់​ទឹក​រាក់ ធ្វើ​ឲ្យ​ខូចខាត ឬ​ប៉ះពាល់​ដល់​ទី​ជម្រក​សម្រាប់​បន្ត​ពូជ​ត្រី និង​ប៉ះពាល់​ដល់​ទី​កន្លែង​ធ្វើ​នេសាទ​របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ​ថែម​ទៀត»។

នាយក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម លោក នេន ចំរើន បាន​ឲ្យ​ដឹង​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ មាន​អ្នក​ប្រកប​របរ​នេសាទ​សមុទ្រ​មាន​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​គ្រួសារ មាន​អ្នក​នេសាទ​សរុប​ចំនួន​ជាង ៣​ម៉ឺន ៥០០​នាក់។ លោក​ឲ្យ​ដឹង​ថា ផល​នេសាទ​សមុទ្រ​ទូទៅ​ដែល​អ្នក​នេសាទ​ទទួល​បាន​ប្រចាំ​ថ្ងៃ​សរុប​មាន​ចំនួន​ជាង ១០០​តោន​ក្នុង​មួយ​ថ្ងៃៗ៕

"ការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅ​តែ​រីក​រាលដាល​ក្នុង​សង្គម​ខ្មែរ"

នគរបាល​ប្រដាប់​អាវុធ​ខេត្ត​ស្ទឹងត្រែង ចុះ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជន​សង្ស័យ​​ជួញដូរ​គ្រឿងញៀន ​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Men Sothyr




ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​តែ​រីក​រាលដាល​គ្រប់​ច្រកល្ហក ទោះបីជា​រដ្ឋាភិបាល​ប្ដេជ្ញា​ចាត់​វិធានការ​ក្ដៅ​ដើម្បី​លុបបំបាត់​ក្តី។ ពលរដ្ឋ និង​អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត ព្រោះ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ។

ថ្វីត្បិតតែ​រដ្ឋាភិបាល ឬ​អ្នកដឹកនាំ​លើៗ ខំ​ប្រឹង​ស្រែក​បំពង​សំឡេង​អំពី​វិធានការ​យ៉ាង​ណា​ក្តី តែ​សង្គម​ស៊ីវិល និង​ប្រជារាស្ត្រ នៅ​តែ​រាយការណ៍​ថា គេ​នាំ​គ្នា​ចែកចាយ ឬ​លក់​ដូរ​គ្រឿង​ញៀន​ដូច​ស្ករ​គ្រាប់​តាម​តូប​លក់​ចាប់ហួយ​នៅ​ទូទាំង​ប្រទេស​ទៅ​ហើយ។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ក៏​រាយការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹមតែ​មិន​ហ៊ាន​ចូលរួម​ទប់ស្កាត់​ទេ តែ​ថែម​ទាំង​ជួយ​សម្រួល​ជំនួញ​នេះ​ដោយ​ផ្ទាល់ ឬ​មិន​ផ្ទាល់​ទៀត​ផង។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ជា​ថ្មី​នេះ នឹង​ពុំ​ទទួល​បាន​លទ្ធផល​ធំដុំ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​លើក​មុនៗ​ដែរ ពោល​គឺ​គ្រាន់​តែ​ចាប់​បាន​អ្នក​ចែកចាយ និង​សេព​គ្រឿងញៀន​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត លោក​មើល​ឃើញ​ថា យុទ្ធនាការ​របៀប​នេះ គ្រាន់តែ​យក​លទ្ធផល​តិច​តូច​ទៅ​អួតអាង ឬ​ឃោសនា​នយោបាយ៖ «ទំហំ​គ្រឿងញៀន​នៅ​កម្ពុជា វា​ធ្ងន់ធ្ងរ​សម្បើម​ណាស់ ហើយ​វិធានការ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ គ្រាន់​តែ​ជា​ការ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​អត់​ចេញ​ជា​លទ្ធផល​អី ហើយ​លើក​នេះ ខ្ញុំ​យល់​ថា នៅ​តែ​ជា​រឿង​ដដែល​សម្រាប់​យក​ទៅ​ឃោសនា​នយោបាយ។ ខ្នង​នៃ​អ្នក​ចែកចាយ​គ្រឿងញៀន​មិន​មែន​តូចតាច​ទេ ព្រោះ​គេ​ចែកចាយ​លែង​ខ្លាច​ទៅ​ហើយ»។
​ក្រោយ​ពី​អនុវត្ត​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ដើម​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៣៧៩​ករណី ក្នុង​នោះ​មាន​ករណី​ជួញដូរ​ចំនួន ២៤៣​ករណី ហើយ​ឃាត់​ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បាន​ជាង ៩២៧​នាក់ (ស្រី ៥៥​នាក់) ក្នុង​នោះ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ចំនួន ៤៨៩​នាក់ និង​រឹបអូស​បាន​គ្រឿងញៀន​ចំនួន ៨៩៩​ក្រាម។

អនុប្រធាន​លេខាធិការដ្ឋាន​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក​ឧត្ដមសេនីយ៍ឯក មាស វីរិទ្ធិ វាយ​តម្លៃ​ថា ការ​បង្ក្រាប​រយៈពេល ១០​ថ្ងៃ​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​ជា​សញ្ញា​វិជ្ជមាន​មួយ។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​បន្ថែម​ទៀត និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដូចជា​អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​សហការ​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា៖ «ការ​អនុវត្ត​វិធានការ​នេះ សម្ដេច​ក្រឡា​ហោម បាន​បញ្ជាក់​ថា ទាំង​អស់​គ្នា​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន​ទេ។ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវតែ​ដក​ខ្លួន។ ពេល​ខ្លះ​ចាប់​ករណី​តូចៗ ក៏​អាច​ឈាន​ទៅ​រក​អ្នក​ជួញដូរ​ធំៗ​ដែរ»។

កាល​ពី​ឆ្នាំ​ពី​២០១៦ ការ​ចរាចរ និង​ជួញដូរ​គ្រឿងញៀន​មិន​មាន​ការ​ថយ​ចុះ​ទេ។ ជាក់ស្ដែង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បញ្ជាក់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០១៦ សមត្ថកិច្ច​បង្ក្រាប​បាន ៤.១៩១​ករណី (បទល្មើស​ប្រើប្រាស់ ១.១១២​ករណី) ចាប់​ជនសង្ស័យ​សរុប ៩.០៨២​នាក់ (អ្នក​ប្រើប្រាស់​គ្រឿងញៀន ៣.៦១១​នាក់) និង​រឹបអូស​គ្រឿងញៀន​ជាង ១៧៥​គីឡូក្រាម។

អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​កើន​ឡើង និង​មាន​ការ​រីក​រាលដាល​គួរ​ឲ្យ​បារម្ភ​ពី​ទីក្រុង​រហូត​ដល់​ជនបទ។ ចំនួន​អ្នក​ញៀន​គ្រឿងញៀន​មាន ១៨.៥៥៤​នាក់ គឺ​កើន​ឡើង ៤.២៤២​នាក់ ដែល​ស្មើ​នឹង ២៩,៦​ភាគរយ ធៀប​នឹង​ពេល​មុន។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ឃុំ​គោកត្រប់ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​តែងតែ​ឮ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួកគាត់​នៅ​តែ​មិន​ឃើញ​មាន​ការ​អនុវត្ត​ជាក់ស្ដែង​ទ្រង់ទ្រាយ​ធំ​ដូច​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ឡើយ។ អ្នកស្រី​ថា អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​គ្រឿងញៀន ហាក់​មិន​ញញើត​នឹង​ប៉ូលិស ឬ​ច្បាប់​ឡើយ៖ «រាល់​ថ្ងៃ​នេះ ក្នុង​ភូមិ​នេះ ប្រហែល​ជា ៨០​ភាគរយ​ទៅ​ហើយ ព្រោះ​មាន​ទាំង​យុវជន មាន​ទាំង​អ្នក​កូន​មួយ កូន​ពីរ។ អសន្តិសុខ​ខ្លាំង​ណាស់! យប់​ឡើង​មិន​បាន​ដេក​ទេ»។

​ពលរដ្ឋ​ខ្លះ​ទៀត​លើក​ឡើង​ថា សូម្បី​តែ​កូន ឬ​សាច់ញាតិ​របស់​អាជ្ញាធរ​នោះ ក៏​ប្រើប្រាស់ និង​ចែក​ចាយ​គ្រឿងញៀន​ដែរ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ផ្ដល់​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ឲ្យ​មាន​ប្រសិទ្ធភាព​នោះ គ្មាន​អ្វី​ធំ​ជាង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​បង្ក្រាប ទាំង​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ស្មារតី និង​លើក​ទឹក​ចិត្ត​សមត្ថកិច្ច​បង្ក្រាប ដោយ​ផ្ដល់​ប្រាក់​បៀវត្សរ៍​សមរម្យ។ លើស​ពី​នេះ ត្រូវ​ដាក់​ទណ្ឌកម្ម​ជាក់ស្ដែង​ចំពោះ​មេ​ឈ្មួញ​តូច​ធំ និង​សមត្ថកិច្ច​ទាំង​ឡាយ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​គ្រឿងញៀន​នេះ។ វិធានការ​ចម្បង​ផ្សេងៗ​ទៀត គឺ​ត្រូវ​បង្កើត​យន្តការ​អប់រំ​សង្គម​នៅ​តាម​សាលារៀន សហគមន៍ ដោយ​ផ្សព្វផ្សាយ​ពន្យល់​អំពី​ផលវិបាក និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ព្រម​ទាំង​បង្កើត​មជ្ឈមណ្ឌល​កែប្រែ​អប់រំ និង​ផ្ដល់​ជំនាញ​ឲ្យ​អ្នក​ជ្រុល​ខ្លួន​សេព​គ្រឿងញៀន៖ «ការ​ដោះស្រាយ​គ្រឿងញៀន មិន​មែន​ត្រឹមតែ​និយាយ​នោះ​ទេ វា​ត្រូវ​តែ​អនុវត្ត​ច្បាប់​ជាក់ស្ដែង»។

​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើក​ឡើង​ថា បញ្ហា​គ្រឿងញៀន​នេះ ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ខ្លួន​ឯង​ផង គ្រួសារ​ផង និង​សង្គម​ជាតិ​ផង។ កាលណា​សង្គម​ខ្មែរ​ត្រូវ​បាន​គ្រឿងញៀន​លុកលុយ​គ្រប់​ច្រកល្ហក​ហើយ​នោះ វា​នឹង​សម្លាប់​ស្មារតី​យុវជន​ខ្មែរ និង​ព្រលឹង​ជាតិ​ខ្មែរ​ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​មិន​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​បាន​នោះ​ទេ។

ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ត្រង់​មាត្រា ៤៥ ចែង​ថា ជន​ណា​ដែល​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​តាម​គ្រប់​រូបភាព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន ដល់ ១​លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ទៅ ២​លាន​រៀល។

ចំពោះ​ការ​រក្សាទុក ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ជនល្មើស​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល។ បើសិនជា​បទល្មើស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ប្រព្រឹត្ត​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ​ពី ៥ ដល់ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់ ៤០​លាន​រៀល អាស្រ័យ​ទៅ​តាម​ស្ថាន​ទម្ងន់​ទោស៕

សាលាឧទ្ធរណ៍​សម្រេច​ដោះលែង លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

                                                                                                                                                                ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា គឺ​លោក ឌិន ពុទ្ធី ដែល​ជាប់​ចោទ​ថា បើក​ឡាន​បុក​ប៉ូលិស​នៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ មន្ត្រី​សហជីព​ថា តុលាការ​គួរ​ទម្លាក់​ចោទ​បទ​ទាំង​ស្រុង។

សេចក្ដី​សម្រេច​ឲ្យ​ដោះ​លែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន គឺ​ធ្វើ​ឡើង​ដោយ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ក្នុង​សវនាការ​បិទ​ទ្វារ​ជា​មួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​ចុង​ចោទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឌិន ពុទ្ធី គឺ​លោក គីម សុជាតិ ថ្លែង​នៅ​ក្រោយ​សវនាការ​នោះ​ថា ការ​ដោះ​លែង​នេះ ជា​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន៖ «គឺ​មិន​ឲ្យ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​គ្មាន​ការ​សម្រេច​ពី​តុលាការ ហើយ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះហៅ​គ្រប់​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ មាន​ន័យ​ថា ត្រូវ​បង្ហាញ​ខ្លួន។ ក្នុង​សេចក្ដី​សម្រេច​ចៅក្រម​អម្បាញ់មិញ គឺ​ឲ្យ​ដោះលែង​ភ្លាម។ អ៊ីចឹង​បើ​ដីកា​សម្រេច​ធ្វើ​បាន​ថ្ងៃ​ហ្នឹង គឺ​ដោះលែង​ថ្ងៃ​ហ្នឹង»។

ការ​ដោះ​លែង​លោក ឌិន ពុទ្ធី ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប៉ុន្តែ​លោក​ចង់​បាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក ឌិន ពុទ្ធី និង​ដោះលែង​ទាំង​ស្រុង​តែ​ម្ដង៖ «នៅ​ពេល​នេះ​យើង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ខាង​សាលាឧទ្ធរណ៍​បាន​ដោះលែង​ឲ្យ​គាត់​មាន​សេរីភាព។ ប៉ុន្តែ​យ៉ាង​ណា​គាត់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ បាន​ន័យ​ថា សិទ្ធិ​របស់​គាត់​ត្រូវ​បាន​ដក​មួយ​ចំនួន​ហើយ។ ដល់​ពេល​អ៊ីចឹង យើង​ចង់​ឲ្យ​តុលាការ​ហ្នឹង​ស្វែង​រក​ភស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ ហើយ​បន្ទាប់​មក គឺ​ថា ដោះលែង ហើយ​បន្ទាប់​មក​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​តែ​ម្ដង ព្រោះ​កុំ​ឲ្យ​បាត់បង់​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​សមាគម ក៏​ដូច​ជា​សកម្មភាព​ផ្សេងៗ ក្នុង​នាម​ជា​ពលរដ្ឋ​របស់​គាត់»។
មេធាវី​ការពារ​ក្ដី គឺ​លោក គីម សុជាតិ ថ្លែង​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក ងួន រតនា បាន​ចេញ​សេចក្ដី​សម្រេច​ដោះលែង​លោក ឌិន ពុទ្ធី ក្រោយ​ពេល​ដែល​លោក​លើក​សម្អាង​ហេតុ ៦​ចំណុច៖ «ទី​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ចៅក្រម​សាលា​ដំបូង ដែល​គេ​លើក​ឡើង​ថា រឿង​ហ្នឹង​អត់​ទាន់​ជឿនលឿន ហើយ​បើ​សិន​ជា​ត្រូវ​ដោះលែង​អាច​មាន​ការ​ត្រូវរ៉ូវ​ជាមួយ​សាក្សី។ ប៉ុន្តែ​រឿង​នេះ គឺ​អត់​ទេ។ បាន​ន័យ​ថា រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​បំពេញ​កិច្ច​អស់​ហើយ សាក្សី​បាន​ចូល​ឆ្លើយ​ដូច​យើង​បាន​ដឹង​ហើយ។ ទី​ពីរ ខ្ញុំ​បាន​លើក​ពី​សេរីភាព​របស់​ជន​ត្រូវ​ចោទ ហើយ​ចំណុច​មួយ​ទៀត យើង​បាន​ពី​លើក​ព្យសនកម្ម ព្រោះ​អី តាម​អ្វី​ដែល​យើង​បាន​ដឹង ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​ឆ្លើយ​ហ្នឹង គឺ​គាត់​អត់​មាន​អី​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ ហើយ​គាត់​មិន​បាន​ប្ដឹង​ទាមទារ​សំណង​ទេ។ មួយ​ទៀត យើង​លើក​អំពី​ស្ថានភាព​ជីវភាព​គ្រួសារ​របស់​គាត់។ គាត់​មាន​កូន​ក្នុង​បន្ទុក​ជា​ដើម។ ចំណុច​សំខាន់​មួយ​ទៀត យើង​លើក​ឡើង​អំពី​មជ្ឈដ្ឋាន​ទូទៅ ដែល​គេ​យល់​ថា រឿង​ហ្នឹង វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ឃុំ​ខ្លួន​អ៊ីចឹង​ទេ។ អា​ហ្នឹង​សម្អាង​ហេតុ​ទាំង​អស់​ខ្ញុំ​បាន​លើក​ឡើង​ជូន​អង្គ​សវនាការ»។

ទាក់ទង​នឹង​វីដេអូ​ឃ្លិប ដែល​បង្ហាញ​ពី​ហេតុការណ៍ លោក ឌិន ពុទ្ធី បើក​ឡាន នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នោះ លោក​មេធាវី​មិន​បាន​លើក​មក​ទេ ព្រោះ​លោក​ថា បាន​ដាក់​បង្ហាញ​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ រួច​ហើយ។

លោក ឌិន ពុទ្ធី ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា លោក ឌិន ពុទ្ធី ជា​សកម្មជន​មាន​ឥទ្ធិពល​មួយ​រូប​ដែល​បាន​តស៊ូ​មតិ​ជាមួយ​ប៉ូលិស​ខ្មែរ និង​ថៃ ដើម្បី​ជួយ​ពលករ និង​អ្នក​អូស​រទេះ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត។ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា លោក ឌិន ពុទ្ធី នៅ​តែ​មិន​ទាន់​បាន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ឡើយ​ទេ ព្រោះ​ដីកា​សម្រេច​មិន​ទាន់​ទៅ​ដល់៕

ចិន​ផ្តល់​រថពាស​ដែក​ ៣ ​គ្រឿង​សម្រាប់​ប្រើ ​ដើម្បី​បង្ក្រាប​បាតុកម្ម

រថពាស​ដែក​បំពាក់​ដោយ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ប្រើ​សម្រាប់​បង្ក្រាប​បាតុកកម្ម​​។ រូបថត ម៉ិច ដារ៉ា



ភ្នំពេញៈ កងរាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​កាលពី​ឆ្នាំ​មុន​បាន​ទទួល​រថពាស​ដែក​ចំនួន​ ៣ ​គ្រឿង​ពី​ប្រទេស​ចិន​ដែល​បំពាក់​ដោយ​​កាណុង​បាញ់​ឧស្ម័ន​ចេញ​ទឹកភ្នែក​ដែល​ប្រើ​សម្រាប់​បង្ក្រាប​បាតុកម្ម។ នេះ​បើ​តាម​មន្រ្តី​យោធា​ម្នាក់​។​

រថពាស​ដែក​​ទាំង​នេះ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​រូបថត​​ពី​​ពេល​ថ្មី​​នេះ​នៅ​ថ្ងៃ​​ប្រកួត​កីឡា​យោធា​​នៅ​កោះពេជ្រ​​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បាន​បញ្ជាក់​ថា​ឧបករណ៍​​​ទាំង​នោះ​ត្រូវ​បាន​​ផ្គត់ផ្គង់​​ដោយ​​ចិន​​កាល​ពាក់​កណ្តាល​ឆ្នាំ​មុន​។ លោក​ ហ៊ី បាន​បង្វែរ​សំណួរ​អំពី​​​ការ​ទទួល​បាន​រថពាស​ដែក​ទាំង​នេះ​ទៅ​ក្រសួង​ការពារ​ជាតិ​ដែល​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​នេះ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​។

លោក ហ៊ី បាន​ថ្លែង​ពី​មុន​ពេល​​បិទ​ទូរស័ព្ទ​​​ថា​៖ «​យើង​នឹង​ប្រើ​ឧបករណ៍​ទាំង​នោះ​សម្រាប់​ការ​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ការពារ​សន្តិសុខ​»។

លោក Jon Grevatt អ្នក​យក​ព័ត៌មាន​អាស៊ី‑ប៉ាស៊ីហ្វិក​សម្រាប់​​អ្នក​វិភាគ​វិស័យ​ការពារ​ជាតិ​ HIS Janes បាន​ថ្លែង​ថា​ឧបករណ៍​ទាំង​នោះ​ពិត​ណាស់​ជា​ VN4s ជា​រថពាស​ដែក​ធុន​ស្រាល​​​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ដោយ​ក្រុមហ៊ុន Norinco របស់​ចិន​។


អ្នក​នាំពាក្យ​ស្ថានទូត​ចិន​​ និង​​អនុព័ន្ធ​យោធា​របស់​ស្ថានទូត​​មិន​​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​ការ​ផ្គត់ផ្គង់​រថពាស​ដែក​​នេះ​ទេ​​។

លោក Grevatt ​បាន​ថ្លែង​ថា​​ VN4s ​ទំនង​ជា​ត្រូវ​បាន​បរិច្ចាគ​​​ និង​ជា​របស់​ប្រើប្រាស់​មួយ​ទឹក​​ពី​ចិន​​ខណៈ​ចិន​បាន​ក្លាយ​ជា​​អ្នក​ផ្តល់​ជំនួយ​​យោធា​ធំ​បំផុត​​​របស់​កម្ពុជា​។

លោក​បន្ត​ថា​៖ «​​ចិន​នឹង​បរិច្ចាគ​យានយន្ត​​ហើយ​​​កម្ពុជា​នឹង​បង់​ថ្លៃ​ដឹក​​ជញ្ជូន​។​ ចិន​កំពុង​ផ្តល់​ជំនួយ​​ដល់​កម្មវិធី​សំខាន់ៗ​​របស់​កម្ពុជា​»។ លោក Grevatt បន្ត​ថា​បើ​តាម​​ការ​រាយការណ៍​តាម​អនឡាញ​ VN4s ត្រូវ​បាន​ប្រើ​​ដោយ​កម្លាំង​​សន្តិសុខ​​នៅ​ក្នុង​ការ​បង្ក្រាប​ប្រឆាំង​​នឹង​ការ​តវ៉ា​​​ប្រឆាំង​រដ្ឋាភិបាល​​ក្នុង​ឆ្នាំ ២០១៤​។

បើ​យោង​តាម​វេបសាយ armyrecognition.com រថពាស​ដែក​​មាន​ទម្ងន់​ ៩ ​​តោន​នេះ​មាន​ទំហំ ​៤x៤s និង​​ផ្ទុក​កាំភ្លើង​យន្ត​ធុន​ធ្ងន់​មាន​​ទំហំ ១២,៧ mm រួម​ទាំង​ប្រដាប់​បាញ់​គ្រាប់បែក​ផ្សែង​ផង​​ដែរ។ លោក Grevatt ឲ្យ​ដឹង​ថា​រថពាស​ដែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​ «គិត​ខ្លាំង​អំពី​សន្តិសុខ​ផ្ទៃក្នុង» ​ព្រោះ​វា​មាន​សំណាញ់​បាំង​​បង្អួច​ជិត​ដែល​គេ​មិន​អាច​មើល​ឃើញ​នៅ​ខាង​ក្នុង។

លោក​ថ្លែង​ថា៖ «នោះ​មាន​ន័យ​ថា​បញ្ហា​កុបកម្ម​ជាក់ស្តែង​ និង​ស្រដៀង​គ្នា​នៃ​ភាព​ចលាចល​ផ្ទៃ​ក្នុង​អាច​នៅ​កើត​មាន»។

នាយ​ទាហាន​មួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​លោក​ជឿជាក់​ថា​រថពាស​ដែក (APCs) ចំនួន​បី​គ្រឿង​ដែល​លោក​បញ្ជាក់​ថា​ទទួល​បាន​ប្រហែល​ជា​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ឬ​កក្កដា​វា​អាច​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ប្រឈម​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​ផ្សេងៗ​។ ​«កាំភ្លើង​បាញ់​គ្រាប់​បែក​ផ្សែង​ទាំង​នេះ​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ហើយ​​វា​អាច​នឹង​ត្រូវ​ប្រើ​ដើម្បី​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា»។ «វា​ងាយ​ស្រួល​សម្រាប់​ក្រុម​ប៉ូលិស​ប្រើ​វា​​ពីព្រោះ​ពួកគេ​មិន​ចាំបាច់​មក​ប្រឈម​មុខ​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​តវ៉ា... និង​ដុំថ្ម​នោះ​ទេ»។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​កងរាជ​អាវុធហត្ថ​ត្រូវការ​ «រថពាស​ដែក​សម្រាប់​បង្ក្រាប​ហ្វូង​មនុស្ស​ច្រើន» ​គឺជា​ «រឿង​សំខាន់​ខ្លាំង​ណាស់»។

លោក​បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា៖ «មើល​ទៅ​ច្បាស់​ដូចជា​ការ​សម្លាប់​រង្គាល​នៅ​ពេល​ដែល​គិត​អំពី​ការ​តវ៉ា​ក្នុង​រយៈពេល​​ជាង​ ៥ ​ឆ្នាំ​កន្លង​មក​​នេះ​ដែល​ភាគច្រើន​បំផុត​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​​ទាំង​ស្រុង»។ «មិន​មាន​ការ​គេចវេះ​​ចេញ​ពី​សំណួរ​ធ្ងន់ៗ​ដែល​លើក​ឡើង​អំពី​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​លើ​ស្ថានភាព​នយោបាយ​ថា ​វា​នឹង​មាន​លក្ខណៈ​យ៉ាង​ណា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ឆ្នាំ​ ២០១៨ ​នោះ​ទេ​។ តើ​ពួកគេ​កំពុង​រៀបចំ​សម្រាប់​ធ្វើ​​អ្វី​ឲ្យ​ប្រាកដ​?​ »​៕ NS

តើ​អ្នក​កាសែតស្រុកខ្មែរ​​ចង់និយាយ​​ប្រាប់​លោក ហ៊ុន សែន អ្វីខ្លះ?

                                                                                                                                                                   តាម​គម្រោងថ្ងៃស្អែកនេះ លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន ​នឹង​ទទួល​​ជួប​ជុំ​អ្នក​​កាសែត​​ទូទាំង​ប្រទេស ប្រមាណ​ជា​១ពាន់​នាក់​។ អ្នក​កាសែត​ខ្លះ បាន​ត្រៀម​សំណួរ​និង​យោបល់​ជា​ស្រេច​ដើម្បី​និយាយ​ប្រាប់​ប្រមុខរដ្ឋាភិបាល ប្រសិន​ជា​មាន​ឱកាស។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត គិត​ថាជំនួប​នេះ​​​ជារឿង​ធម្មតា ហើយ​ពួក​គេ​ក៏​គ្មាន​ចង់​និយាយ​អ្វី​ប្រាប់​លោក ហ៊ុន សែន ទៀត​ដែរ ព្រោះ​ពួក​​គេ​សរសេរ​​និង​និយាយ​រាល់​ថ្ងៃទៅហើយ។

លោក ជាង សុខា ប្រធាន​គ្រប់​គ្រងព័ត៌មាន​របស់​កាសែត​ខ្មែរថាមស៍ បាន​ប្រាប់វិទ្យុ​បារាំងថា ប្រសិន​បើ​មាន​ឱកាសនិយាយចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ លោក​នឹង​លើកឡើង​ពី​សារៈ​សំខាន់​នៃ​សារព័ត៌មានដែ​ល​ជួយ​បម្រើ​សង្គម ហើយ​អ្នក​កាសែតជើង​ចាស់​រូបនេះ ចង់​ប្រាប់លោក ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​មន្ត្រី​អ្ន​កនាំពាក្យ​តាម​ក្រសួងនានា​​ដែល​បានតែង​តាំង​ហើយ តែ​គ្មាន​ពាក្យ​នាំ ហើយ​គ្មាន​កិច្ច​សហការ​ល្អ​ជាមួយ​អ្នក​កាសែត​។ តាម​លោក ជាង សុខា, បើ​មាន​កិច្ច​សហការ​ល្អ​ពីមន្ត្រី​អ្នកនាំពាក្យ គឺនឹង​ធ្វើ​ឲ្យ​ការ​ផ្តល់​ព័ត៌មាន​ដល់​មហាជន​បាន​ទូលំទូលាយ និង​ច្បាស់​លាស់​។

 រីឯ​កញ្ញា យ៉ាន់ លីណា និពន្ធនាយិកា​សារព័ត៌មាននៃវិទ្យុវាយោ ​ ចង់​សុំ​សម្ភាស​​ផ្ទាល់​ជាមួយ​លោកនាយករដ្ឋមន្ត្រី ពី​ជីវិត​ឯកជន​របស់​លោក ហ៊ុន សែន ផ្ទាល់​តែម្តង។ ​ ធ្វើ​ជាអ្នក​កាសែត​៨ឆ្នាំហើយនោះ កញ្ញា យ៉ាន់ លីណា​ ​​មិន​ចង់​និយាយ​ពីរឿង​នយោបាយអ្វី​ទេ ប៉ុន្តែ​ចង់​ដឹងពី​ការ​​លំបាក​នានា​ដែល​លោកប្រមុខ​រដ្ឋាភិបាល​រូប​នេះ​ជួប​ប្រទះ​ ហើយក៏ចង់​ដឹង​ដែរថា តើ​បន្ទាប់ពី​កាន់​អំណាច៥អាណត្តិមកនេះ មានប៉ុន្មានដង ដែលលោកលំបាកខ្លាំង និងនឹក​ចង់​ចាក​ចេញពីតំណែងព្រោះតែសម្ពាធ?

ចំណែក​ លោក កៃ គឹមសុង នាយកនិពន្ធ​កាសែត​ភ្នំពេញ និយាយ​ថា បើ​ក្នុង​នាម​ស្ថាប័ន​កាសែត​របស់​លោក គឺ​លោកគ្មាន​អ្វីត្រូវនិយាយ​ទេ។​ លោក​គ្រាន់តែ​ចង់​ទៅចូលរួម​​ស្តាប់​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ក្នុង​នាម​ខ្លួន​លោក​ផ្ទាល់, អ្នក​កាសែត​ជើង​ចាស់​រូប​នេះ ចង់​លើកឡើង​ពី​សេរីភាព​សារព័ត៌មានប្រាប់​លោក ហ៊ុន សែន ​និង​​ចង់​ប្រាប់​ថា​មាន​ការ​អើសអើង​អ្នកកាសែតនៅ​កន្លែង​ផ្សេងៗ​ ហើយ​លោក​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​កុំឲ្យ​មាន​ករណី​សម្លាប់​អ្នក​កាសែត ឬ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​កាសែត​ដោយសារ​តែ​សំណេរ​របស់ពួកគេ។


ចំណែក​អ្នក​កាសែត​ផ្សេង​ទៀត ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ថា គ្មាន​អ្វី​ពិសេសនោះ​ទេ គឺគ្មាន​តែ​ជា​ជំនួប​ទទួល​ទាន​អាហារ​ធម្មតា​ ហើយ​ពួក​គេ​គ្មាន​ចង់​ប្រាប់​ ចង់​និយាយ​អ្វី​ប្រាប់​លោកនាយករដ្ឋមន្ត្រីទៀតទេ ព្រោះ​កិច្ច​ការ​សរសេរនិង​ការ​ផ្សាយ​របស់​ពួក​គេ បើ​លោក​ ហ៊ុន សែន ចង់​ស្តាប់ ចង់​មើល គឺ​លោក​បាន​ឃើញ​ និង​ស្តាប់​បាន​ រៀង​រាល់ថ្ងៃ​ស្រាប់​ហើយ។​ អ្នក​កាសែត​ខ្លះ​ទៀត ដែល​មិន​បាន​ចូលរួម រិះគន់ថា ការ​រៀប​ចំ​ជំនួប​នេះ គឺមាន​ការ​អើសអើង និង​បក្សពួក​។

ជាការ​កត់​សម្គាល់ សារព័ត៌មាន​ធំៗ​មួយ​ចំនួន វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA បាន​បញ្ជូន​ឈ្មោះអ្នក​កាសែត ៣នាក់ ​ទៅ​អ្នក​រៀបចំ​កម្មវិធី​។ កាសែត​ខែមបូឌាដេលី Cambodia Daily ផ្ញើឈ្មោះ ២ នាក់ ហើយ​វិទ្យុ​បារាំងRFI ២នាក់។ ចំណែក​សារព័ត៌មាន​វិទ្យុ VOD និង​វិទ្យុ​អាស៊ីសេរី RFA គឺ​គ្មាន​ការអញ្ជើញ​នោះទេ៕

អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ RFI/Im Rachna

លោក ឌិន ពុទ្ធី ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​ឋិត​ក្រោម​ការ​ឃ្លាំ​មើល

                                                                                                                                                                                សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ទរណ៍ បាន​សម្រេច​ឲ្យ លោក ឌិន ពុទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន តែ​ឋិត​ក្រោម​ការ​ឃ្លាំ​មើល។ ការ​សម្រេច​ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលា​ការ​បាន​បើកសវនាការ​អសាធារណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ក្នុង​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ។ លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ផង​នោះត្រូវបានចោទប្រកាន់ថាបើក​ឡាន​បុក​លោក​ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរ​បាល​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត។

តាម​គម្រោង​លោក ឌិន ពុទ្ធី អាច​នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ល្ងាច​នេះ​ឬ​ព្រឹក​ស្អែក។ ភ្លាមៗ​ក្រោយ​សភា​ស៊ើប​សួរ​នៃ​សាលាឧទ្ទរណ៍​បានសម្រេច​ឲ្យ លោក ឌិន ពុទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​មេធាវី​របស់​លោក ឌិន ពុទ្ធី កំពុង​ដុត​ដៃ​ដុត​ជើង​បំពេញ​ឯកសារ​ច្បាប់​នានា​ដើម្បី​ឲ្យ​លោក ឌិន ពុទ្ធី ឆាប់​ចេញ​ពី​ពន្ធនាគារ។

គិត​រហូត​មក​ដល់​ពេល​នេះ​លោក ឌិន ពុទ្ធី បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​២​សប្ដាហ៍មក​ហើយ។ ជំហរ​មេធាវី​និង​អ្នក​ពាក់ព័ន្ធ​នឹង​បន្ត​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក ឌិន ពុទ្ធី ទាំង​ស្រុង​ព្រោះ​ថា ដ្បិត​តែ​លោក​ពុទ្ធី​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​មែន​ពិត​តែ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដដែល​ពោល​គឺ​មិន​ត្រូវ​ផ្លាស់ប្ដូរ​ទី​លំនៅ​ និង​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ជាដើម​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​បានឃ្លាំ​មើល​ដំណើរ​ការ​ជំនុំ​ជម្រៈ​សំណុំ​រឿង​នេះ​បាន​អះអាង​ជំនួស​តុលាការ​ថា ទំនង​ជាតុលាការ​ទទួល​ស្គាល់​ថា មាន​ភាព​មិន​ប្រក្រតី​លើ​សំណុំ​រឿង​លោក ឌិន ពុទ្ធី តាំង​ពី​ថ្នាក់ដំបូង​មក​ហើយ​ទើប​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ទរណ៍​សម្រេច​ឲ្យ លោក ឌិន ពុទ្ធី នៅក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​យ៉ាង​ដូច្នេះ។  
សូមបញ្ជាក់ថា កន្លង​មក​ទាំង​ក្រសួង​មហា​ផ្ទៃ​និង​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​សុទ្ធ​តែអះ​អាង​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ចោទ​ប្រកាន់​មក​លើ​លោក ឌិន ពុទ្ធី ប្រធាន​សមាគមពង្រឹង​សេដ្ឋ កិច្ច​ក្រៅ​ប្រព័ន្ធ​និង​ជា​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ថា លោក​ឌិន ពុទ្ធី បាន​បើក​ឡាន​បុក​លោក​ឈាន ពិសិដ្ឋ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត។ ចំណែក​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឃុំ​ខ្លួនលោក ឌិន ពុទ្ធី​នៅ​ក្នុង​ពន្ធនាគារ​ និង​បើក​ការ​ស៊ើប​សួរ​ពី​បទ “ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស”តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

ហេតុការណ៍​នេះ​មិន​ថា​មុន​តុលាការ​ជម្រះ​ក្ដី​ឬ​ក្រោយ​តុលា​ការ​ធ្វើ​សេចក្ដី​សម្រេច បាននាំ​ឲ្យ​សាធារណជន​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែលបានកើតឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៦​ដោយ​ចោទលោក​ឈាន ពិសិដ្ឋ ​ថាបាន​ធ្វើ​ពុត​ជាដួល​សន្លប់​នៅ​មុខ​រថយន្ត​ដើម្បី​​ចាប់ ​លោក ឌិន ពុទ្ធី៕

មន្ត្រី​និយាយ​ ពី​ការ​ដូរ​ដី​ខ្មែរ​តាម​ព្រំដែន

                                                                                                                                                                               ភ្នំពេញៈ គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា​រដ្ឋាភិបាល​​កម្ពុជា​‑វៀតណាម បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ដោះដូរ​ដី​​​នៅ​តាម​ព្រំដែន​​ដើម្បី​ការពារ​អត្ថប្រយោជន៍​​​របស់​ប្រជាជន​ខ្លួន​រៀងៗ​ខ្លួន​​​ បន្ទាប់ពី​បង្គោល​ព្រំដែន​​ត្រូវ​បាន​បោះ​​រួច​ហើយ ​ហើយ​កន្លែង​ខ្លះ​បាន​បាត់បង់​ដី​ទៅ​គ្នា​ទៅវិញ​ទៅមក។

នៅលើ​ហ្វេសប៊ុក​​របស់​​ លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ បាន​ស្រង់​សម្តី​របស់​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​​​​ដែល​បាន​ថ្លែង​​ថា​កម្ពុជា កូសាំងស៊ីន និង​ទ្បាវ ព្រម​ទាំង​វៀតណាម​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​និយម​បារាំង​ជិត ១០០ ឆ្នាំ។ ស្ថិត​នៅ​ក្រោម​ម្ចាស់​តែ​មួយ​ប្រជាជន​បាន​កាប់​ឆ្ការ​ដី​កាន់កាប់​ដោយ​មិន​បាន​គិត​ពី​ខ្សែ​ព្រំដែន​ទេ។

ប៉ុន្តែ​ នៅ​ពេល​បណ្តា​ប្រទេស​​ទាំង​នេះ​បាន​ឯករាជ្យ​ប្រទេស​នីមួយៗ​ចាប់​គិត​ពី​ខ្សែ​បន្ទាត់​ព្រំដែន។ ខ្សែ​បន្ទាត់​ព្រំដែន​ផ្អែក​លើ​ផែនទី​ដែល​បារាំង​គូស​លើ​ផែនទី​ខ្នាត​ ១ លើ ១០០០០០ ដែល​ផែន​ទី​​នេះ​គូស​មិន​បាន​គិត​ពី​ការ​កាន់កាប់​របស់​ប្រជាជន​ទេ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ដែល​ខ្សែ​ព្រំដែន​រត់​លើ​ដី​ជាក់ស្តែង​វា​បាន​រត់​តាម​ខ្សែ​ព្រំដែន​លើ​ផែនទី។

លោក សុខ ឥសាន បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​​ជាមួយ​វិទ្យុ​អាស៊ីសេរី​​កាលពី​ថ្ងៃ​អង្គារ​ថា​៖​ «​ដូច្នេះ​នៅ​លើ​ដី​ជាក់ស្តែង​វា​មាន​ប៉ះពាល់​ ឬ​ដី​ដែល​ប្រជាជន​កាន់កាប់​ត្រូវ​ចេញ​ចូល​ពី​ខ្សែ​ព្រំដែន។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​បោះ​បង្គោល​ព្រំដែន​រួច​មាន​ដី​ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​ដែន​ដី​វៀតណាម​ប្រមាណ​ជាង ២០០០ ហិកតា ដី​ប្រជាជន​វៀតណាម​កាន់កាប់​ចូល​មក​ក្នុង​ដែនដី​កម្ពុជា ជាង ១០០០ ហិកតា»។

លោក សុខ ឥសាន ​បន្ត​ថា​៖ «ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ធ្វើការ​ដោះដូរ​ដី​ដែល​ចូល​ទៅ​វិញ​ទៅ​មក​នោះ​តាម​ទំហំ​ជាក់ស្តែង។ នេះ​ជា​នយោបាយ​ការពារ​ផលប្រយោជន៍​ប្រជាជន​ផង ការពារ​បូរណភាព​ដែនដី​ផង​ដោយ​ស្មើភាព សន្តិវិធី និង​យោគយល់​គ្នា​ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​»។
នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក សុខ ឥសាន បាន​ថ្លែង​ដដែល​ថា​អ្វី​ដែល​លោក​​និយាយ​​ថា​គឺ​គ្រាន់​តែ​ជា​គោលការណ៍​ហើយ​ក៏​​​​បាន​បញ្ជាក់​ជាថ្មី​ផង​ដែរ​ថា​លោក​មិន​​ប្រាកដ​​អំពី​តួលេខ​នៃ​ចំនួន​​​ផ្ទៃដី​​ដែល​ចូល​គ្នា​ទៅវិញ​ទៅមក​ទេ​​ហើយ​ថា​​តួលេខ​ដី​ជាង ២០០០ ​ហិកតា​ និង​តួលេខ​ជាង ១០០០ ​ហិកតា​លោក​មិន​ប្រាកដ​ថា​តួលេខ​ណា​​ចូល​កម្ពុជា​​ និង​តួលេខ​ណា​ចូល​វៀតណាម​នោះ​ទេ​។ ​ពាក់ព័ន្ធ​នឹង​គោលការណ៍​ដោះដូរ​ដី​លោក សុខ ឥសាន ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ លោក​មិន​ប្រាកដ​ទេ​ថា​តើ​​មាន​ដី​ចំនួន​ប៉ុន្មាន​ហិកតា​​​ និង​ទីតាំង​ណា​ខ្លះ​​ដែល​រដ្ឋាភិបាល​ កម្ពុជា‑វៀតណាម ​​នឹង​ដោះដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​​បាន​បង្វែរ​សំណួរ​​នេះ​ឲ្យ​ទៅ​សួរ​​ទេសរដ្ឋមន្រ្តី​​ដែល​ទទួល​បន្ទុក​​​កិច្ចការ​ព្រំដែន​លោក វ៉ា គីមហុង​។

ប៉ុន្តែ​លោក វ៉ា គីមហុង​ មិន​បាន​ថ្លែង​លម្អិត​​ទេ​កាលពី​ម្សិលមិញ​ដោយ​គ្រាន់តែ​ថា​ផ្អែក​តាម​យន្តការ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការងារ​​លើ​បញ្ហា​នេះ​ដើម្បី​​ឲ្យ​ប្រជាជន​មិន​បាត់បង់​ដី​​របស់​ខ្លួន។ ​«​​​ខ្ញុំ​មិន​និយាយ​ថា​ជា​ការ​ដោះដូរ​ទេ។ ខ្ញុំ​និយាយ​ថា​ជា​យន្តការ​ដែល​ [យើង​] ​មាន​​ជា​យូរ​មក​ហើយ​​»។

មាន​ការ​​រិះគន់​ជា​យូរ​មក​ហើយ​ថា​ការ​ដោះដូរ​ដី​នៅ​តាម​ព្រំដែន​គឺ​នឹង​កាន់តែ​ធ្វើឲ្យ​ខ្មែរ​ខាតបង់​ទឹកដី​កាន់​តែ​ច្រើន​ថែម​ទៀត។

អ្នក​វិភាគ​សង្គម​លោក គីម សុខ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​តាម​​​ព្រំដែន​​បាន​ថ្លែង​ថា​ កម្ពុជា​​​មិន​មាន​​ទីតាំង​ដី​ណា​មួយ​ដើម្បី​ដោះដូរ​ជាមួយ​វៀតណាម​​ទេ​ដោយសារ​ការ​​​ដាំ​បង្គោល​ព្រំដែន​គឺ​កំពុង​ធ្វើ​ឡើង​​​នៅ​លើ​​ទីតាំង​នៃ​​ទឹកដី​កម្ពុជា​តាម​​បណ្តោយ​ព្រំដែន។ ​

លោក គីម សុខ បាន​ថ្លែង​ថា​៖ «​​មិន​មាន​អ្វី​ត្រូវ​ដោះដូរ​។ យើង​មិន​ដែល​ចូល​ [ទៅ​ខាង​វៀតណាម​] [​វៀតណាម​] ​បាន​ចូល​មក​យើង​។ វា​មាន​ន័យ​ថា [យើង​] ​កាត់​ច្រើន​ជាង​ទៅ​ឲ្យ [​វៀតណាម​] វា​មិនមែន​ជា​ការ​ដោះដូរ​ទេ​។ ​ខ្ញុំ​ចុះ​ទៅ​ព្រំដែន​យើង​គ្រាន់​តែ​សុំ​មើល​កៀក​ព្រំដែន [វៀតណាម] ​មិន​អនុញ្ញាត​​ឲ្យ​យើង​មើល​។ ​តើ​ឲ្យ​យើង​និយាយ​ថា​យើង​ចូល​​ [ខាង​វៀតណាម​] ​យ៉ាង​ម៉េច​ទៅ​? តើ​ [យើង] ​ចូល​ [ខាង​វៀតណាម​] យ៉ាង​ម៉េច​? PS