Wednesday, November 9, 2016

សាលា​រាជធានី​ភ្នំពេញ​នឹង​ពង្វាង​ចរាចរណ៍​ផ្លូវ​ចូល​ក្រុង​ចំនួន​៩​អំឡុង​ពិធី​បុណ្យ​អុំ​ទូក

ប៉ូលិស​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ចរាចរណ៍​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ដើម្បី​ពិនិត្យ​មើល​អ្នក​ដែល​ល្មើស​ច្បាប់ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chum Rasy


គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ដើម្បី​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ពង្វាង​ចរាចរណ៍​លើ​ផ្លូវ​ច្រក​ចូល​ភ្នំពេញ​ចំនួន​៩ នៅ​ក្នុង​ពេល​បុណ្យ​អុំ​ទូក អក​អំបុក និង​សំពះ​ព្រះខែ ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​១៣ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ហាម​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​រថយន្ត​ដឹក​បេតុង​ចេញ​ចូល​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា។ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​ការដ្ឋាន​សំណង់​ទាំងអស់ ក៏​ត្រូវ​ផ្អាក​សកម្មភាព​ដែរ។ ចំពោះ​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ក៏​ត្រូវ​ហាម​ដែរ ចាប់​ពី​ម៉ោង ១០​ព្រឹក រហូត​ដល់​ម៉ោង ១០​យប់។

ក្នុង​អំឡុង​ពេល​ហាមឃាត់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ​រថយន្ត​ទាំងអស់​ឲ្យ​វាង​ផ្លូវ​ចូល​ក្រុង និង​ត្រូវ​ចូល​ចត​នៅ​តាម​ចំណត​ដែល​ត្រូវ​បាន​កំណត់​តាម​ផ្លូវ​សំខាន់ៗ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​១ ដល់​ផ្លូវ​ជាតិ​លេខ​៦ រួម​ទាំង​ផ្លូវ​ជើង​ឯក ផ្លូវ​វ៉េងស្រេង និង​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី ផង។
គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កំណត់​ថា រថយន្ត​តាម​ផ្លូវ​ជាតិ​លេខ​១ ត្រូវ​ចូល​ចត​នៅ​ត្រឹម​វិទ្យាល័យ​ច្បារ​អំពៅ វត្ត​និរោធរង្សី និង​ចំណត​រថយន្ត​ច្បារ​អំពៅ។

ផ្លូវ​ជាតិ​លេខ​២ ត្រូវ​ចូល​ចត​នៅ​ចំណត និង​បរិវេណ​វត្ត​ចាក់អង្រែក្រោម ផ្លូវ ៦០​ម៉ែត្រ និង​អនុវិទ្យាល័យ​ចាក់អង្រែលើ។

ផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ ចត​មិន​ឲ្យ​ហួស​ស្តុប​សាលា​ណ័រ​ប៊្រីជ (North Bridge)។

ផ្លូវ​ជាតិ​លេខ​៥ ចត​នៅ​សាលា​ដែក។ រីឯ​ផ្លូវ​ជាតិ​លេខ​៦ ចូល​ចត​ចំណត​ព្រែកលៀប និង​ជ្រោយចង្វារ វត្ត​កៀនឃ្លាំង និង​សាលា​បឋម​សិក្សា​ព្រែកលៀប។ ចំពោះ​ផ្លូវ​ជើង​ឯក ត្រូវ​ចត​នៅ​ខាង​ត្បូង​ស្ពាន​ម័ល ផ្លូវ​វ៉េងស្រេង ចត​នៅ​សាលា​បឋម​សិក្សា​ស្ទឹងមានជ័យ និង​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី មិន​ឲ្យ​ចូល​ហួស​ផ្លូវ គីម អ៊ីលស៊ុង និង​ឲ្យ​ចត​នៅ​បរិវេណ​បឹងកក់៕

មន្ត្រី​អាជ្ញាធរ​អប្សរា​២​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរធំ

អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈ ថាណាត ក្នុង​ពេល​ប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (ICC) កាល​ពី​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth



សមត្ថកិច្ច​ខេត្ត​សៀមរាប ចាប់​ខ្លួន​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា លោក ឈ ថាណាត និង​ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌​ម្នាក់​ទៀត គឺ​លោក ចេវ ផល យក​ទៅ​សាកសួរ​រយៈពេល ៧​ម៉ោង​ហើយ គិត​មក​ដល់​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

​ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល ៤​ថ្ងៃ បន្ទាប់​ពី​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ និង​ទេសភាព​វប្បធម៌​របស់​អាជ្ញាធរ​អប្សរា​ទាំង​ពីរ​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​កម្លាំង​ឱ្យ​ទៅ​កាប់​រំលំ​ឈើ​គ្រញូង ១​ដើម អាយុ​ជាង ២០០​ឆ្នាំ នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរធំ មក។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​គ្រប់គ្រង​ព្រៃឈើ និង​ទេសភាព​វប្បធម៌ លោក ឈ ថាណាត និង​ប្រធាន​ការិយាល័យ​បរិស្ថាន​ម្នាក់​ទៀត លោក ចេវ ផល ដែល​ជា​អ្នក​បញ្ជា​ឱ្យ​កាប់​ឈើ​គ្រញូង​មួយ​ដើម មាន​អាយុ​ជាង ២០០​ឆ្នាំ​នោះ ថា​គឺ​ជា​ការ​បំផ្លាញ​បេតិកភណ្ឌ​របស់​ជាតិ។


អភិបាល​ខេត្ត​សៀមរាប គឺ​លោក ឃឹម ប៊ុនសុង។ លោក​មាន​ប្រសាសន៍​នៅ​ឯ​កន្លែង​យក​ឈើ​គ្រញូង ១​ដើម​ធំ ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរ​ក្រៅ​វិញ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា ថា ប្រមុខ​រដ្ឋាភិបាល គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ម្នាក់ និង​ប្រធាន​ការិយាល័យ​បរិស្ថាន​របស់​អាជ្ញាធរ​អប្សរា​ម្នាក់​ទៀត​នេះ។



លោក ឃឹមប៊ុន សុង បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ កាល​ពី​វេលា​ម៉ោង ១០​ព្រឹក រហូត​ដល់​ម៉ោង​ជាង ៥​រសៀល​ថ្ងៃ​ដដែល គឺ​សមត្ថកិច្ច​កំពុង​សាកសួរ​អ្នក​ទាំង​ពីរ​នៅ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប នៅ​ឡើយ៖ «គាត់​ជា​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ជា​ប្រធាន​ការិយាល័យ ហើយ​អ្នក​ដែល​គាត់​ប្រើ​ឱ្យ​ទៅ​កាប់​ឈើ​គ្រញូង​នោះ គឺ​ជា​កូនចៅ​នៅ​ក្នុង​ការិយាល័យ​ដែល​គាត់​គ្រប់គ្រង»។

​ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​អប្សរា បាន​ទៅ​កាប់​រំលំ​ដើម​គ្រញូង ១​ដើម​ធំ មាន​មុខ​កាត់ ៩​តឹក និង​កម្ពស់ ១៥​ម៉ែត្រ​នោះ​មក គឺ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​យក​ទៅ​រក្សា​ទុក ក៏ប៉ុន្តែ​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា អាជ្ញាធរ​ខេត្ត​សៀមរាប និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ដឹក​ជញ្ជូន​ដើម​គ្រញូង​នោះ មក​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ វិញ​ហើយ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ ជាង ១០០​នាក់ បាន​នាំ​គ្នា​ចោមរោម​មើល​ឈើ​គ្រញូង​ដែល​ពួកគេ​គោរព​យ៉ាង​ខ្លាំង​នោះ ដោយ​សេចក្ដី​ត្រេកអរ។

ស្ត្រី​ចំណាស់​អាយុ​ជាង ៦០​ឆ្នាំ ជា​អ្នក​ភូមិ​នគរក្រៅ គឺ​អ្នកស្រី គ្រៀល ឡម មាន​ប្រសាសន៍​ថា រូប​គាត់​តាំង​ពី​កើត​មក​ឃើញ​ដើម​គ្រញូង​១​ដើម​នេះ​ទៅ​ហើយ។ រូប​គាត់​ក៏​ដូចជា​អ្នក​ភូមិ​តែង​នាំ​គ្នា​ទៅ​បន់​ស្រន់​នៅ​ដើម​គ្រញូង​នោះ ក៏ប៉ុន្តែ​ពេល​នេះ​វា​គួរ​ឱ្យ​ស្ដាយ ពីព្រោះ​វា​ត្រូវ​គេ​កាប់​ទៅ​ហើយ៖ «ខ្ញុំ​គោរព​ពេល​ថ្ងៃ​សីល ថ្ងៃ​អី​ក៏​ខ្ញុំ​ដើរ​ទៅ​កន្លែង​ដើម​គ្រញូង​នោះ។ ដើម​គ្រញូង​នេះ មាន​អាយុកាល​យូរ​ណាស់​ហើយ ពីព្រោះ​ពេល​ខ្ញុំ​កើត​មក​ឃើញ​ប៉ុណ្ណោះ​ទៅ​ហើយ»។

​អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហើប​ឱ្យ​ដឹង​ថា មិន​មែន​ត្រឹមតែ​អគ្គនាយករង​អាជ្ញាធរ​អប្សរា និង​ប្រធាន​ការិយាល័យ​បរិស្ថាន និង​ទេសភាព​វប្បធម៌ ២​នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​ចាប់​ខ្លួន​ដោយសារ​តែ​ការ​កាប់​ឈើ​គ្រញូង​អាយុ​ជាង ២០០​ឆ្នាំ នៅ​ឧទ្យាន​អង្គរធំ​នោះ គឺ​អាជ្ញាធរ​កំពុង​ស៊ើប​រក​មុខ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត៕

សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ថា​បទល្មើស​កាប់​ឈើ​តូចៗ​កើត​មាន​កាន់​តែ​ច្រើន

 គំនរ​ឈើ​ដែល​គេ​កាប់​គរ​ទុក​ក្នុង​ព្រៃ​ឡង់ ឋិត​ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​សហគមន៍​រក​ឃើញ​ពេល​ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​៦-៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided



ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លើក​ឡើង​ថា បទល្មើស​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ​នៅ​តែ​កើត​មាន​ឡើង។ ជាង​នេះ​ទៀត បទល្មើស​កាប់​ឈើ​តូចៗ​ដែល​ជា​ប្រភេទ​ឈើ​មិន​ទាន់​គ្រប់​អាយុ គឺ​កើត​មាន​កាន់​តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​មាន​ក្តី​បារម្ភ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ប្រជា​សហគមន៍​នាំ​គ្នា​ចុះ​ល្បាត​ព្រៃ​ការពារ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា។

សកម្មជន​ការពារ​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ យល់​ថា មូលហេតុ​ក្រុម​ជន​ល្មើស​ចាប់​ផ្ដើម​ងាក​មក​កាប់​ឈើ​តូចៗ​នៅ​តាម​ដង​ផ្លូវ ដែល​ពួក​គេ​ធ្លាប់​រំលង​កន្លង​ទៅ គឺ​អាច​ដោយសារ​តែ​ឈើ​ធំៗ​ត្រូវ​បាន​បាត់បង់​ច្រើន។

បន្ថែម​ពី​នេះ ផ្លូវ​ចូល​ព្រៃ​ជ្រៅ​ពិបាក ហើយ​ការ​កាប់​ឈើ​មិន​ទាន់​គ្រប់​អាយុ​នៅ​ក្បែរៗ​ដង​ផ្លូវ​ទាំងនោះ គឺ​អាច​ងាយ​ស្រួល​ដឹក​ជញ្ជូន​ចេញ​មក​ខាង​ក្រៅ។
សកម្មជន​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព អះអាង​ថា ការ​ចុះ​ល្បាត​ព្រៃ​ម្តង​នេះ គឺ​សហគមន៍​សង្កេត​ឃើញ​ថា ឈើ​ទំហំ​តូចៗ​ដែល​មាន​មុខ​កាត់​ពី ៣​តឹក​ទៅ ៥​តឹក​នៅ​ក្បែរ​ផ្លូវ ត្រូវ​បាន​ក្រុម​ជន​ល្មើស​កាប់​យ៉ាង​ច្រើន។ លោក​បន្ត​ថា វា​ខុស​ពី​ពេល​មុនៗ ដែល​ក្រុម​ជន​ល្មើស​កាប់​យក​ឈើ​ធំៗ​ដោយ​មាន​មុខ​កាត់​ពី ៦​តឹក​ទៅ​ជាង ១​ម៉ែត្រ ហើយ​ជា​ប្រភេទ​ឈើ​ចាស់ៗ និង​មាន​តម្លៃ មិន​មែន​ជា​ឈើ​ខ្ចីៗ​ដូច​ពេល​នេះ​ឡើយ។ លោក ហឿន សុភាព បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​វាសនា​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ការពារ​មួយ​នេះ៖ «រយៈពេល​ខែ​នោះ យើង​ឃើញ​ឈើ​ជាច្រើន​នៅ​តាម​ផ្លូវ ហើយ​វា​អត់​ទាន់​កាប់​រំលំ ហើយ​យើង​បាន​ឃើញ​ឈើ​ពី​ខែ​មុន​បាន​ដួល​រលំ​អស់​ទៅ​ហើយ»។

សហគមន៍​ព្រៃ​ឡង់​បាន​ចុះ​ល្បាត​រយៈពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន ៥​គ្រឿង ឈើ​ប្រមាណ ៦​ម៉ែត្រ​គូប ប៉ុន្តែ​ពួក​គេ​បញ្ជាក់​ថា បទល្មើស គឺ​មិន​បាន​ថយ​ចុះ​ឡើយ ពីព្រោះ​ក្នុង​ព្រៃ​នៅ​តែ​ឮ​សូរ​សំឡេង​រណារ​អារ​ឈើ​ដដែល។

លោក ហឿន សុភាព បញ្ជាក់​ថា មន្ត្រី​អនុរក្ស​តំបន់​ព្រៃ​ឡង់​ក៏​មាន​ការ​ពិបាក​ទប់ស្កាត់​បទល្មើស និង​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ដែរ ពីព្រោះ​មន្ត្រី​បរិស្ថាន​មាន​ចំនួន​តិច ហើយ​ក្រុម​ជន​ល្មើស​ភាគច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់។

កាល​ពី​ថ្ងៃ​ទី​៩ ឧសភា រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃ​ឡង់ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤៣១.៦៨៣​ហិកតារ) ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក កុប កក្កដា និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ទេ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី កាល​ពី​ខែ​តុលា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ធ្លាប់​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជា​ហូរហែ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ស្ថានភាព​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ពិត​ជា​មាន​កើត​ឡើង​ដោយ​លួច​លាក់​ខ្លះ​ប្រាកដ​មែន។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃ​ឡង់ លោក សេង សុខហេង បញ្ជាក់​ថា បទល្មើស​កាប់​បំផ្លាញ​ឈើ​មិន​ទាន់​គ្រប់​អាយុ គឺ​កើត​ឡើង​ជិត​មួយ​ឆ្នាំ​មក​ហើយ។ លោក​ថា ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​កាប់​យក​ធ្វើ​គ្រឿង​សង្ហារិម រួម​មាន តុ ទូ កូន​ក្រឡឹង ឬ​កៅអី ជាដើម។ ចំណែក​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​មិន​ទាន់​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ៖ «យើង​ឃើញ​ថា ការ​កាប់​បំផ្លាញ​ឈើ​មិន​ទាន់​គ្រប់​អាយុ​នេះ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ធនធាន​ព្រៃ​ឈើ​ដែល​នៅ​សេសសល់ វា​បាត់បង់​ទាំងស្រុង​តែ​ម្តង»។

លោក សេង សុខហេង មើល​ឃើញ​ថា ចំនួន​មន្ត្រី​ការពារ​ព្រៃ​ឈើ​មាន​ចំនួន​តិច គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​នៅ​តែ​កើត​មាន ប៉ុន្តែ​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត​ក៏​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​ជន​ល្មើស នៅ​តែ​អាច​បន្ត​កាប់​ឈើ​ក្នុង​ព្រៃ​បាន។ កត្តា​ទាំងនោះ​រួម​មាន ការ​អនុវត្ត​ច្បាប់​ពុំ​ទាន់​មាន​ប្រសិទ្ធភាព បញ្ហា​ពុក​រលួយ ការ​ឃុបឃិត​គ្នា​រវាង​ក្រុម​ជន​ល្មើស និង​មន្ត្រី​ពាក់ព័ន្ធ។ ជាង​នេះ​ទៀត គឺ​មាន​ក្រុម​ឈ្មួញ​ឈើ​ធំៗ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ជន​ល្មើស ហើយ​អាជ្ញាធរ​នៅ​តែ​មិន​អាច​ចាប់​ខ្លួន​ពួក​គេ​យក​ទៅ​ផ្ដន្ទាទោស​បាន។ លើស​ពី​នេះ រោងចក្រ​កែច្នៃ​ឈើ ឬ​ដេប៉ូ​លក់​ឈើ​នៅ​តែ​អាច​បន្ត​សកម្មភាព​របស់​ខ្លួន​ឥត​ឈប់ឈរ៕

ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​សុំ​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ

 សហគមន៍​ក្នុង​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo ADHOC


សហគមន៍​ព្នង រស់នៅ​ឃុំ​ចំនួន​៧ ក្នុង​ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ថា​គំរាម​កំហែង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពាក់ព័ន្ធ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក។ ចំណែក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បដិសេធ​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ពិត​ឡើយ។

ជនជាតិ​ដើម​ភាគតិច​ជាង ៥០០​នាក់ បាន​ផ្ដិត​មេដៃ​លើ​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី ក្រោម​ហេតុផល​ថា មន្ត្រី​រូប​នេះ​មាន​ចេតនា​រំខាន​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក និង​គំរាម​ប្រមាថ​ជនជាតិ​ដើម​ភាគតិច។

ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចំនួន​បី​ឋិត​ក្នុង​ស្រុក​ពេជ្រាដា ស្រុក​កោះញែក និង​ស្រុក​កែវសីមា អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​រំខាន​អ្នក​ភូមិ​ដែល​ជួប​ជុំ​គ្នា​សែនព្រេន​បែប​ប្រពៃណី កាល​ពី​ថ្ងៃ​ទី​៩ សីហា ដើម្បី​អបអរ​ខួប​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។ ចំណែក​នៅ​ឃុំ​ដាក់ដាំ សហគមន៍​មិន​បាន​ប្រារព្ធ​ទិវា​នេះ​ទេ ដោយសារ​តែ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លើក​ពេល​ប្រារព្ធ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ វិញ ផ្ទុយ​ទៅ​នឹង​គម្រោង​ដែល​បាន​ឯកភាព​គ្នា។ តំណាង​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ ចាត់​ទុក​ថា​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។
តំណាង​អ្នក​ប្ដឹង​តវ៉ា​ទាំង ៥០០​នាក់ គឺ​លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា ពាក្យ​ប្ដឹង​បាន​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​រួច​ហើយ​ក្នុង​កម្មវត្ថុ​សុំ​ឲ្យ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ដែល​គំរាម​កំហែង​រំខាន​ការ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច ជា​ប្រការ​រំលោភ​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លើស​ពី​នេះ​ទៀត ពាក្យ​ប្ដឹង​នេះ​នឹង​ត្រូវ​ដាក់​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ​បន្ត​ទៀត ដើម្បី​ដោះស្រាយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ទៀត​ថា តំណាង​សហគមន៍ និង​ចាស់​ទុំ​តាម​បណ្ដា​ភូមិ​មួយ​ចំនួន ត្រូវ​បាន​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ប្រើ​ពាក្យ​ប្រមាថ និង​គំរាម​កំហែង ខណៈ​ពួក​គេ​ដាក់​លិខិត​ជូន​ដំណឹង​ពី​គម្រោង​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច​កាល​ពី​ខែ​សីហា៖ «ប្រជាពលរដ្ឋ​គាត់​គិត​ថា​ក្នុង​នាម​គាត់​ជា​ប្រធាន​ជនជាតិ​ដើម​ភាគតិច ដែល​មាន​នាយកដ្ឋាន​មួយ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ទាំង​សារ​របស់​សម្ដេច ហ៊ុន សែន សារ​របស់​ឯកឧត្តម យឹម ជុង ទាំង​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ស្រាប់ គាត់​មិន​មើល​ផង!»។

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី សហការ​រៀបចំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ឃុំ​ដាក់ដាំ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ក៏ប៉ុន្តែ​មិន​មាន​ជនជាតិ​ដើម​ភាគតិច​ណា​ម្នាក់​ចូលរួម​ឡើយ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី លោក យន់ សារោម បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហគមន៍​គ្មាន​មូលដ្ឋាន​ពិត​នោះ​ទេ ពីព្រោះ​លោក​មិន​បាន​គំរាម ឬ​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​ណា​មួយ​ចំពោះ​សហគមន៍ ក្រៅ​ពី​ពន្យល់​ទិដ្ឋភាព​ច្បាប់​ដល់​សហគមន៍ ខ្លាច​ក្រែង​អ្នក​ភូមិ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​គោលការណ៍​ណែនាំ​ស្ដីពី​ការ​ប្រើប្រាស់​សិទ្ធិ។ លោក​ថា​នឹង​ស្រាវជ្រាវ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​ប្ដឹង ដើម្បី​បញ្ជាក់​ថា តើ​ការ​ប្ដឹង​នេះ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​សហគមន៍ ដើម្បី​ទម្លាក់​កំហុស​លើ​រូប​លោក ឬ​យ៉ាង​ណា៖ «ឲ្យ​គេ​យក​ទៅ​ចុះ! ខ្ញុំ​ឆ្លើយ​មុខ​ក្រសួង។ ខ្ញុំ​ត្រូវ​តែ​ការពារ​ឲ្យ​តែ​គាត់ និយាយ​អ៊ីចឹង​បុគ្គល​ហ្នឹង​អ្នក​ប្ដឹង ហ្នឹង​ហើយ​មេ​ដឹកនាំ​ប្ដឹង​ហ្នឹង ខ្ញុំ​ស្រាវជ្រាវ​ហើយ​ពាក់ព័ន្ធ​បរិហារ​កេរ្តិ៍​ខុស​ផ្លូវ​ច្បាប់។ ខ្ញុំ​ប្ដឹង​ទៅ​តុលាការ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ពិធី​សែនព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ត្រូវ​ប្រារព្ធ​នៅ​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​កោះញែក ស្រុក​កែវសីមា ស្រុក​ពេជ្រាដា និង​ក្រុង​សែនមនោរម្យ។ គ្រា​នោះ​ដែរ អ្នក​ភូមិ​បង្ហាញ​ការ​ភ័យ​ខ្លាច ខណៈ​អាជ្ញាធរ​គំរាម​ចាប់​ដាក់​ខ្នោះ ប្រសិន​អ្នក​ភូមិ​ចូលរួម​អបអរ​ទិវា​ជនជាតិ​ដើម​ភាគតិច ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​តាម​លំដាប់​ថ្នាក់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ប៉ុន្តែ​កន្លង​ទៅ លោក​បាន​ទទួល​ស្គាល់​ថា ការ​រៀបចំ​ការ​សែនព្រេន​បែប​ប្រពៃណី​ក្នុង​ពិធី​ណា​មួយ​របស់​ជនជាតិ​ដើម​ភាគតិច មិន​ចាំបាច់​តម្រូវ​ឲ្យ​សុំ​ច្បាប់​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​ពិភាក្សា​ឡើង​វិញ​ពី​បញ្ហា​នេះ ដើម្បី​កំណត់​ការ​ណែនាំ​ទៅ​មន្ត្រី​មូលដ្ឋាន និង​សហគមន៍​ទាក់ទិន​បាតុភាព​ដែល​កើត​ឡើង។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​អាជ្ញាធរ ក្នុង​បទ​ចោទ​ថា រំលោភ​សិទ្ធិ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​អន្តរជាតិ។ លោក​ថា សហគមន៍​មាន​សិទ្ធិ​ប្ដឹង​តវ៉ា ប្រសិន​បើ​ពួក​គេ​យល់​ថា សេរីភាព​ក្នុង​ការ​ប្រារព្ធ​ខួប​របស់​ខ្លួន ត្រូវ​បាន​រំខាន ឬ​គំរាម​កំហែង​ណា​មួយ​ពី​មន្ត្រី​អាជ្ញាធរ៖ «ពលរដ្ឋ​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ ឬ​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទៅ​សមត្ថកិច្ច​នានា​តាម​អ្វី​ដែល​ពលរដ្ឋ​មើល​ឃើញ​ថា ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​គាត់។ ខ្ញុំ​នឹង​បន្ត​តាមដាន​ទៅ​មុខ​ទៀត​ថា តើ​រាល់​ចំណាត់​ការ​របស់​ស្ថាប័ន​ដែល​គាត់​ដាក់​ជូន​ហ្នឹង»។

នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា តំណាង​សហគមន៍​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​យក​ពាក្យ​ប្ដឹង​របស់​សហគមន៍ ដាក់​ជូន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា និង​ក្រសួង​មហាផ្ទៃ ទាក់ទិន​ការ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​មន្ត្រី​រាជ​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​នេះ៕

ព្រះសង្ឃ ប៊ុត ប៊ុនតិញ លាលែង​ពី​តំណែង​ប្រធានបណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ

 ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពេល​ព្រះអង្គ​ដឹក​នាំ​ព្រះសង្ឃ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះរកា ស្ថិត​ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth


ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​ហើយ កាល​ពី​ថ្ងៃ​អង្គារ ទី​៨ ខែ​វិច្ឆិកា។

ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា មូលហេតុ​ដែល​លា​ឈប់​នោះ គឺ​ព្រះអង្គ​ចង់​បន្ត​ការ​សិក្សា​យក​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ក្រៅ​ប្រទេស៖ «ចង់​ធ្វើ​ជា​បណ្ឌិត​សេដ្ឋកិច្ច និង​នយោបាយ ឬ​នយោបាយ​សាធារណៈ។ ពេញ​ចិត្ត​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ប៉ុន្តែ​មិន​ទាន់​ត្រៀម​ខ្លួន​ទេ អ៊ីចឹង​ហើយ​បាន​ជា​អាត្មា​ត្រូវ​រង់ចាំ​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ទើប​អាត្មា​អាច​រក​អាហារូបករណ៍​បាន ពីព្រោះ​មិន​រំពឹង​រក​ប្រាក់​ទៅ​បង់​សាលា​ទេ រំពឹង​លើ​បទពិសោធន៍​ការងារ។ អាត្មា​សង្ឃឹម​ថា បទពិសោធន៍​ទាំង​នោះ​អាច​ទទួល​បាន​អាហារូបករណ៍។ ប្រសិន​បើ​អត់​បាន​អាមេរិក និង​អាល្លឺម៉ង់​ទេ ជម្រើស​ទី​៣ គឺ​ប្រទេស​អូស្ត្រាលី»។

ក្រៅ​ពី​ចង់​បន្ត​ការ​សិក្សា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ចង់​ធ្វើ​ជា​គំរូ​ដល់​អ្នកដឹកនាំ​នានា ឲ្យ​ហ៊ាន​លះបង់​នៅ​ពេល​មាន​ឈ្មោះ​ល្បីល្បាញ៖ «ចង់​បង្ហាញ​គំរូ​ថា អ្នកដឹកនាំ​នៅ​ស្ថាប័ន​ណា​មួយ​គួរ​តែ​ហ៊ាន​លាលែង អ៊ីចឹង​ហើយ​លាលែង​ទាន់​ខ្លួន​កំពុង​ល្បី​និង​គេ​គោរព កុំ​ចាំ​អស់​អំណាច​គេ​ដេញ​ចេញ ហើយ​អាត្មា​លាលែង​នៅ​ពេល​វេលា​សមរម្យ។ ទី​១ ចង់​ឃើញ​អ្នក​ដឹក​នាំ​ថ្មី ទី​២ ផ្ដល់​ឱកាស និង​ទី​៣ ចង់​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​បណ្ឌិត ដូច​លោក​បណ្ឌិត កែម ឡី ដែល​ធ្វើ​ការ​បាន​ល្អ...»។
ទោះបីជា​ព្រះអង្គ​លា​ឈប់​ពី​តំណែង​ក៏​ពិត​មែន តែ​ព្រះអង្គ​នៅ​តែ​បន្ត​គាំទ្រ និង​ជួយ​ផ្ដល់​ដំបូន្មាន​ដដែល​ដល់​ប្រធាន​ថ្មី គឺ​ព្រះតេជព្រះគុណ ថង ណារិទ្ធ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​បញ្ចប់​បរិញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​សង្គមវិទ្យា​នៅ​សកលវិទ្យាល័យ​ម៉ុមបៃយ៍ (University of Mumbai) ប្រទេស​ឥណ្ឌា (India) កាល​ពី​ខែ​មេសា ឆ្នាំ​២០១១។ បន្ទាប់​មក​ព្រះអង្គ​បាន​ធ្វើ​ការ​ជា​អ្នក​គ្រប់គ្រង​នៅ​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា រយៈពេល ២​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០១៣ ព្រះអង្គ​ក៏​បាន​លា​ឈប់​នៅ​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ហើយ​បាន​បង្កើត​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម៕

អ្នក​នយោបាយ​និង​ពលរដ្ឋ​ខ្មែរ​ចាប់​អារម្មណ៍​ពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៣ នា​វិមាន​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev


មន្ត្រី​គណបក្ស​ប្រឆាំង គាំទ្រ​លទ្ធផល​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក ដោយ​យល់​ឃើញ​ថា ការ​បោះឆ្នោត​នៃ​ប្រទេស​នេះ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ជា​លទ្ធផល​មួយ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​អាមេរិកាំង។ គណបក្ស​នេះ​នឹង​អបអរ​សាទរ ហើយ​ត្រៀម​ខ្លួន​ធ្វើ​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធានាធិបតី​ថ្មី​នេះ។ ការ​ថ្លែង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​មាន​បេក្ខភាព​លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ឈ្នះ អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​អ្នក​នយោបាយ អ្នក​វិភាគ និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍ និង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​កម្ពុជា មាន​ការ​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​ប្រកួត​ប្រជែង​មាន​លទ្ធភាព​ធ្វើ​ការងារ​ឃោសនា ដើម្បី​ទាក់ទាញ​ការ​គាំទ្រ ហើយ​គួរ​ឲ្យ​មាន​ការ​ជជែក​ត​ទល់​ផ្ទាល់​ពី​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទូលំទូលាយ​មួយ ដែល​គ្រប់​គ្នា​បាន​ដឹង​បាន​ឃើញ​នៅ​សហរដ្ឋ​អាមេរិក ហើយ​យក​មក​អនុវត្ត​ប្រហាក់ប្រហែល​គ្នា​ក្នុង​ប្រទេស​កម្ពុជា៖ «ឃើញ​ថា​ការ​បោះឆ្នោត​នៃ​សហរដ្ឋ​អាមេរិក គេ​ធ្វើ​ដោយ​ភាព​សេរី និង​យុត្តិធម៌។ អ្វី​ដែល​ជា​លទ្ធផល គឺ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​អាមេរិកាំង។ លោក ត្រាំ ឈ្នះ​នេះ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​អាមេរិកាំង គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​អបអរ​សាទរ»។

បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត​នា​ទីក្រុង​ញូវយ៉ក (New York) ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo AFP
ភ្លាមៗ​បន្ទាប់​ពី​ចេញ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​មាន​បេក្ខភាព​លោក ដូណាល់ ត្រាំ (Donald Trump) មក​ពី​គណបក្ស​សាធារណរដ្ឋ ឈ្នះ អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​លោក ត្រាំ ដែរ។ ក្រៅ​ពី​សម្ដែង​ការ​សាទរ​លោក ដូណាល់ ត្រាំ ដែល​ជាប់​ឆ្នោត លោក ហ៊ុន សែន បាន​សរសេរ​ហាក់​ចំអក​ថា ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ពេល​ដែល​លោក​បង្ហាញ​ការ​គាំទ្រ​លោក ដូណាល់ ត្រាំ មាន​មនុស្ស​មួយ​ចំនួន​បាន​ចេញ​មក​វាយ​ប្រហារ​លោក រហូត​ចោទ​លោក ត្រាំ ថា​ជា​មនុស្ស​ផ្ដាច់ការ ទើប​មាន​មនុស្ស​ដូចជា​លោក​ទៅ​គាំទ្រ។ លោក​នាយក​រដ្ឋមន្ត្រី​សរសេរ​បន្ត​ថា ពេល​នេះ​អ្វីៗ​ច្បាស់​ហើយ គឺ​ប្រជាជន​អាមេរិក ត្រូវ​ការ​លោក ត្រាំ ដឹកនាំ ហើយ​ការ​គាំទ្រ​របស់​លោក​ក៏​មិន​ខុស​ដែរ។

ថ្វី​បើ​អ្នក​នយោបាយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ចំណែក​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ដែរ។

នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះ​ថា អេឡិចសិន វ៉ច ផាតធី (Election watch party) ដែល​កម្មវិធី​នេះ​ជា​ការ​ជួបជុំ​មើល​លទ្ធផល​បោះឆ្នោត​ផ្សាយ​ផ្ទាល់​ពី​សហរដ្ឋ​អាមេរិក និង​ផ្ដល់​ឲ្យ​អ្នក​ចូលរួម​មាន​ការ​បោះឆ្នោត​សាកល្បង។

«សំឡេង​អ៊ូអរ​ក្នុង​ស្ថានទូត»

អតីត​និស្សិត​នៃ​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​អ្នក​ដឹកនាំ​វ័យ​ក្មេង​នៅ​អាស៊ី​អាគ្នេយ៍ អ្នក​នាង ហេង សុខហ្គិច ដែល​បាន​ចូលរួម​ទស្សនា​លទ្ធផល​បោះឆ្នោត​នៅ​ស្ថានទូត​អាមេរិក ថ្លែង​ថា ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក មាន​តម្លាភាព ធ្វើ​ឲ្យ​នាង​មាន​ទំនុក​ចិត្ត​ចំពោះ​លទ្ធផល ហើយ​ភាគរយ​នៃ​ការ​បន្លំ​សន្លឹក​ឆ្នោត​វិញ គឺ​ស្ទើរ​តែ​គ្មាន បើ​ប្រៀប​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា នាង​ហ៊ាន​និយាយ​ថា​ពុំ​មាន​តម្លាភាព​នោះ​ទេ៖ «ខ្ញុំ​អត់​មាន​ជំនឿ​ទាក់ទង​នឹង​តម្លាភាព​នៃ​ការ​បោះឆ្នោត​ទេ។ ទាក់ទង​ការ​បន្លំ​សន្លឹក​ឆ្នោត ទាក់ទង​អី​អ៊ីចឹង ខ្ញុំ​ជឿ​ថា​វា​នៅ​មាន​ភាគរយ​ច្រើន​ទាំង​ប្រព័ន្ធ និង​គណៈកម្មការ​បោះឆ្នោត។ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្លួន​ខ្ញុំ​អត់​មាន​ជំនឿ​ទៅ​លើ​គណៈកម្មការ​នេះ​ទេ។ ជាទូទៅ​នៅ​ស្រុក​ខ្មែរ យើង​នៅ​កន្លែង​ណា​ក៏​មាន​ឥទ្ធិពល​អ្នក​នយោបាយ​ដែរ។ យើង​អត់​អាច​ចែក​គ្នា​ដាច់​រវាង​បក្ស​នយោបាយ ការងារ​សង្គម និង​ការងារ​ជាតិ​ទេ»។

ចំណែក​យុវជន​មួយ​រូប​ទៀត គឺ​យុវជន កេត មុន្នីវឌ្ឍនា វ័យ ២៤​ឆ្នាំ ជា​ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក បង្ហាញ​ការ​យល់​ឃើញ​ជុំវិញ​ការ​បោះឆ្នោត​នៃ​សហរដ្ឋ​អាមេរិក ថា ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក គឺ​ជា​ការ​បោះឆ្នោត​ដែល​មាន​ភាព​ភ្ញាក់​ផ្អើល និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ស្ទើរ​ពាសពេញ​ពិភពលោក។ ពិត​ណាស់​ថា​ការ​ផ្លាស់ប្ដូរ​បេក្ខភាព​មក​ពី​គណបក្ស​នីមួយៗ មាន​ឥទ្ធិពល​ទៅ​ដល់​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​នឹង​ប្រទេស​ជុំវិញ​ពិភពលោក។ យុវជន​ដដែល​បន្ត​ថា គាត់​ចង់​ឃើញ​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជិត​មក​ដល់ មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខកខាន​ក្នុង​ការ​បោះឆ្នោត៖ «គេ​បោះឆ្នោត​នៅ​អាមេរិក បេក្ខភាព​នៅ​អាមេរិក យើង​ជនជាតិ​ខ្មែរ ប៉ុន្តែ​មាន​អារម្មណ៍​ថា​យើង​ម្នាក់ៗ​ស្គាល់ ដូណាល់ ត្រាំ ស្គាល់ ហ៊ីលឡារី គ្លីនតុន ច្រើន»។

ជុំវិញ​លទ្ធផល​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នេះ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ មាន​ទស្សនៈ​ថា ទោះ​បី​ជា​បេក្ខភាព​មក​ពី​គណបក្ស​ណា​មួយ​ជាប់​ឆ្នោត​ក៏ដោយ​ចុះ គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​បំពាន​ស្ថាប័ន និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក បាន​នោះ​ទេ។ ដូច្នេះ ទោះ​បី​ជា​បេក្ខភាព​ណា​មួយ​ជាប់​ឆ្នោត គឺ​នៅ​តែ​មាន​ការ​ធានា​នូវ​ស្ថិរភាព​ប្រជាធិបតេយ្យ៖ «»។

ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​មើល​លទ្ធផល​បោះឆ្នោត​ផ្សាយ​ផ្ទាល់​ពី​សហរដ្ឋ​អាមេរិក អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅ​តែ​រឹងមាំ មិន​ថា​អ្នក​ណា​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នោះ​ទេ។ ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ពេល​នេះ គឺ​ធ្វើ​កិច្ចការ​ឲ្យ​ល្អ​តាម​ដែល​អាច​ធ្វើ​បាន រហូត​ដល់​ចប់​អាណត្តិ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៧ ហើយ បន្ទាប់​ពី​នោះ ប្រធានាធិបតី​ថ្មី​នឹង​ចូល​កាន់​តំណែង និង​កំណត់​ពី​ទិសដៅ​នៃ​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​កម្ពុជា។ លោក​ថា នៅ​ពេល​គិត​ទៅ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​ពេល​គិត​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន រវាង​ប្រពៃណី​នៃ​ប្រទេស​ទាំង​ពីរ លោក​អាច​រំពឹង​ថា ទំនាក់ទំនង​នេះ​នឹង​នៅ​តែ​បន្ត​មិន​ថា​អ្នក​ណា​ឈ្នះ​ឆ្នោត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ បង្ហាញ​មោទនភាព​ចំពោះ​ប្រពៃណី និង​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល ២៤០​ឆ្នាំ ដែល​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជាង ៥០​លើក ព្រម​ទាំង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក៕

ព្រះមហាក្សត្រ​យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣


ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

ក្នុង​ទិវា​នេះ​មាន​ការ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​ជាន់ខ្ពស់​ជាតិ​គ្រប់​ស្ថាប័ន មន្ត្រី​ទូត មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​សិស្សានុសិស្ស ប្រមាណ​ ២​ម៉ឺន​នាក់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​នេះ...

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chevឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chevទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chevទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chevទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chevទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev