Monday, November 21, 2016

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។ RFA/Phann Yasy

ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​រយៈពេល ១​សប្ដាហ៍​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​ដាស់តឿន​ថា ការ​ខកខាន​មិន​បាន​ទៅ​ចុះ​ឈ្មោះ ស្មើ​នឹង​ការ​បោះបង់​ចោល​សិទ្ធិ​បោះឆ្នោត។

ថ្លែង​ពី​ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ទទូច​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្លៀត​ពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨៖ «នេះ​ជា​ការ​អំពាវនាវ​របស់​ខ្ញុំ ព្រះករុណា​ខ្ញុំ យ៉ាង​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​អំពាវនាវ​ចំពោះ​មន្ត្រី​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ញាប់​ដៃ​ញាប់​ជើង ចុះ​ឈ្មោះ​បោះឆ្នោត​ជូន​ប្រជាពលរដ្ឋ​របស់​យើង»។

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

តួលេខ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ វិច្ឆិកា មាន​ប្រជាពលរដ្ឋ​ចំនួន ៧​លាន ៤​សែន​នាក់ (៧.៣៨១.៣១៥​នាក់) ឬ ៧៦% (៧៦,៣៨%)។ ពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​អាច​មាន​សិទ្ធិ​បោះឆ្នោត​មាន​ចំនួន ៩​លាន ៧​សែន​នាក់ (៩.៦៦៤.២១៦​នាក់)។
អង្គការ​ខុមហ្វ្រែល (COMFREL) ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន ១​ពាន់​នាក់​ទូទាំង​ប្រទេស។ មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បង្ហាញ​ថា ឧបសគ្គ​ចម្បងៗ​ដែល​មាន​ប្រជាពលរដ្ឋ ១​ភាគ​៤ មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​បញ្ហា​ជន​ចំណាក​ស្រុក​មិន​បាន​ត្រឡប់​មក​ចុះ​ឈ្មោះ និង​បញ្ហា​ខ្វះ​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​ការ​ចុះ​ឈ្មោះ។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា មាន​ជន​គ្រប់​អាយុ​ដែល​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ជាង ១​លាន​នាក់។

ជន​ចំណាក​ស្រុក​ទាំងនោះ ត្រូវ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ប្រសិន​បើ​គេ​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត។ បើ​តាម​ក្រុម​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ចំនួន​តិចតួច។

អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​ថា ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ជា​តួលេខ​ល្អ​ដែល​អាច​ទទួល​យក​បាន៖ «យើង​រំពឹង​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចុះ​ឈ្មោះ​ទៀត ហើយ​នឹង​បន្ថែម​ការ​អប់រំ​ផ្សព្វផ្សាយ​ទៀត»។

ទោះ​បី​ចំនួន​អ្នក​មិន​ទាន់​ចុះ​ឈ្មោះ​មាន​ចំនួន​ច្រើន​ក៏ដោយ ការ​ពន្យារ​ពេល​ចុះ​ឈ្មោះ​មិន​ទាន់​ប្រាកដ​ថា​នឹង​កើត​ឡើង​នោះ​ទេ។ លោក ហង្ស ពុទ្ធា ពន្យល់​ថា ការ​ពន្យារ​ពេល​នេះ អាច​ដឹង​ថា​កើត​មាន ឬ​អត់ លុះត្រា​តែ​ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ តែ​ប្រជាពលរដ្ឋ​ផ្តុំ​គ្នា​មាន​ចំនួន​ច្រើន មិន​ទាន់​បាន​ចុះ​ឈ្មោះ ហើយ​មាន​ឆន្ទៈ​ទៅ​ចុះ​ឈ្មោះ៕

គ្រូពេទ្យ​ខេត្ត​កំពង់ធំ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

គ្រូពេទ្យ​ខេត្ត​កំពង់ធំ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល​៥​ថ្ងៃ

 គ្រូពេទ្យ​ពិនិត្យ​ភ្នែក​ជូន​ពលរដ្ឋ​នា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Den Ayuthyea


គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ នឹង​ផ្ដល់​ការ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​ឥត​បង់​ថ្លៃ​រយៈពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២១ ដល់​ថ្ងៃ​សុក្រ ទី​២៥ វិច្ឆិកា។

ប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ វេជ្ជបណ្ឌិត កាក់ កក្កដា មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ឥត​បង់​ថ្លៃ​នេះ គឺ​នៅ​មណ្ឌល​សុខភាព​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ សេវា​មិន​បង់​ប្រាក់​នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​គ្រប់​ប្រភេទ ហើយ​ការ​វះ​កាត់ គឺ​ផ្ដោត​លើ​ប្រភេទ​ជំងឺ​ភ្នែក​ឡើង​បាយ៕

សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​ដែល​ថៅកែ​ថៃ​បាញ់​សម្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌

សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​ដែល​ថៅកែ​ថៃ​បាញ់​សម្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌

រថយន្ត​ដឹក​សាកសព​ពលករ​ខ្មែរ​ដែល​ត្រូវ​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ ដឹក​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ចាប់​ថៅកែ​ជនជាតិ​ថៃ ដែល​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​នៅ​ក្នុង​ទឹកដី​ថៃ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ជាក់​ថា សមត្ថកិច្ច​នៅ​ពុំ​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ខាង​សាច់ញាតិ​ជន​រងគ្រោះ ដើម្បី​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ឲ្យ​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​នៃ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ការ​នៅ​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវ​តែ​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ដើម្បី​មាន​វិធានការ​ចាប់​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា យក​មក​ផ្ដន្ទាទោស​ជា​បន្ទាន់។

លោក​បន្ថែម​ថា ករណី​នេះ​ប្រសិន​បើ​សមត្ថកិច្ច​មិន​ជួយ​សាច់ញាតិ​ជន​រងគ្រោះ​ទេ នោះ​សំណុំ​រឿង​នេះ​នឹង​មិន​អាច​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​បាន​នោះ​ឡើយ៖ «រដ្ឋ​អាជ្ញា​ជា​ដើម​បណ្ដឹង និង​សមត្ថកិច្ច​ដែល​ជា​សេនាធិការ​របស់​ព្រះរាជអាជ្ញា ត្រូវ​ចាត់ការ​ទៅ​តាម​ច្បាប់ ព្រោះ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ បើ​សិន​ជា​រង់ចាំ​ពាក្យ​បណ្ដឹង​ពលរដ្ឋ ហើយ​ពេល​ណា​ទៅ​ទើប​ចាប់​ជន​សង្ស័យ​បាន»។
លិខិត​នាំ​សព​ពលករ​វិល​ត្រឡប់​មក​កម្ពុជា ដែល​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ លោក ង៉ែត ប៊ុនលី ចុះ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឲ្យ​ដឹង​ថា កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​ម្នាក់​ឈ្មោះ សរ ងី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​តាទយ ឃុំ​ចារឈូក ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ត្រូវ​បាន​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយសារ​តែ​រឿង​ទំនាស់​ពាក្យ​សម្ដី។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ដើម្បី​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា ថៅកែ​ជនជាតិ​ថៃ បាន​បាញ់​សម្លាប់​ពលករ​ដក​ដំឡូង​ក្នុង​រឿង​ទំនាស់​ពាក្យ​សម្ដី​នៅ​ក្នុង​ចម្ការ​ដំឡូង​ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ករណី​នេះ​គឺ​សាច់ញាតិ​ជន​រងគ្រោះ​ពុំ​ទាន់​ដាក់​ពាក្យ​បណ្ដឹង​មក​ការិយាល័យ​របស់​លោក ដើម្បី​ជំរុញ​ទៅ​ខាង​សមត្ថកិច្ច​ថៃ ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថៅកែ​ថៃ នោះ​នៅ​ឡើយ​ទេ៖ «ខាង​ថៃ គេ​ថា​គេ​ចាំ​តែ​សហការ​ជាមួយ​យើង​ទេ ឲ្យ​តែ​មាន​ពាក្យ​បណ្ដឹង ឬ​ក៏​មាន​ឯកសារ​ជាក់លាក់ ព្រោះ​បើ​គ្មាន​ឯកសារ ឬ​ពាក្យ​បណ្ដឹង​ជាក់លាក់​ទេ សមត្ថកិច្ច​យើង​ទៅ​ប្ដឹង គឺ​ដូច​គ្មាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​ប្ដឹង​ទៅ​ថៃ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា ពន្យល់​ថា ករណី​នេះ គឺ​ជា​បទល្មើស​ជាក់ស្ដែង​ដែល​សមត្ថកិច្ច​អាច​ចាត់​វិធានការ​ទៅ​លើ​ជន​សង្ស័យ​បាន ដោយ​ពុំ​ចាំបាច់​ឲ្យ​សាច់ញាតិ​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្ដឹង​នោះ​ឡើយ៖ «បើ​សិន​ជា​មាន​ការ​សម្លាប់​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​បន្ត​ទៀត វា​អាច​នឹង​កើត​មាន​បញ្ហា​រើសអើង​ពូជ​សាសន៍ ដូចជា​ខ្មែរ​ចូល​ទៅ​ត្រូវ​ថៃ ធ្វើ​បាប ហើយ​ថៃ ចូល​មក​ខ្មែរ ក៏​ត្រូវ​ពលរដ្ឋ​ខ្មែរ​វាយ​ធ្វើ​បាប​ដូច​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ហើយ​គឺ​ជា​ការ​មួយ​ដែល​យើង​ព្រួយ​បារម្ភ»។

កន្លង​ទៅ ករណី​ថៅកែ​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់​ពលករ​ខ្មែរ កើត​មាន​ជាច្រើន​ករណី​មក​ហើយ មាន​ជាអាទិ៍ ករណី​ថៅកែ​កាស៊ីណូ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ វាយ​សម្រាត​ខោ​អាវ​នារី​ខ្មែរ ហើយ​ថែម​ទាំង​បាន​បង្ហោះ​រូបភាព​អាក្រាត​នោះ​តាម​បណ្ដាញ​ហ្វេសប៊ុក (Facebook) កាល​ពី​ឆ្នាំ​២០១៤ និង​ករណី​កម្មករ​សំណង់​ម្នាក់​ទៀត ក៏​ត្រូវ​បាន​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កាល​ពី​ឆ្នាំ​២០១៥ ជាដើម។ រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ៕

ក្រុម​អតីត​ស្ត្រី​បឹងកក់​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​រឿង​ផ្ដល់​កម្ចី​ឲ្យ​រដ្ឋាភិបាល

ក្រុម​អតីត​ស្ត្រី​បឹងកក់​ដែល​ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ ធ្វើ​ពិធី​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Rann Samnang

ក្រុម​អតីត​ស្ត្រី​បឹងកក់ ដែល​ត្រូវ​គេ​បណ្ដេញ​ដោយ​បង្ខំ​ប្រមាណ ៣០​នាក់ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នាំ​គ្នា​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) បន្ទាប់​ពី​ដឹង​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​មិន​ខ្វាយខ្វល់​ពី​ញត្តិ​របស់​ពួក​គេ​ដែល​ដាក់​អស់​ជាច្រើន​ខែ​មក។ ចំណែក​មន្ត្រី​ធនាគារ​ពិភពលោក ឆ្លើយតប​ថា សំណើ​ទាំងនោះ ធនាគារ​ពិភពលោក​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា រួច​រាល់​ហើយ។

ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​នេះ បន្ទាប់​ពី​ពួក​គេ​ដឹង​ថា ធនាគារ​ពិភពលោក​នៅ​តែ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ថ្មី​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ ១៣០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ពួក​គាត់​យល់​ថា ដោយសារ​តែ​ទឹកប្រាក់​របស់​ធនាគារ​ពិភពលោក ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខ្ចី​យក​មក​អភិវឌ្ឍ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង និង​មុខ​របរ​ចិញ្ចឹម​ជីវិត រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ការ​ធ្វើ​ពិធី​ដុត​ធូប​ដាក់​បណ្ដាសា​នេះ គឺ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​ក្រុម​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ជាច្រើន​នាក់។

តំណាង​អតីត​ស្ត្រី​នៅ​តំបន់​បឹងកក់ កញ្ញា អ៊ឹម ស្រីទូច និយាយ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​ឈាន​ដល់​ដាក់​បណ្ដាសា​ធនាគារ​ពិភពលោក​នៅ​ពេល​នេះ ដោយសារ​តែ​ការ​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​របស់​ស្ថាប័ន​មួយ​នេះ ចូលរួម​ចំណែក​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ច្រើន​ឡើង ជាពិសេស​ពលរដ្ឋ​រងគ្រោះ​ពី​ជម្លោះ​ដីធ្លី៖ «នៅ​ឆ្នាំ​២០១៣ គាត់​បាន​សន្យា​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​យើង តែ​មក​ដល់​ឆ្នាំ​២០១៦ ហើយ​អត់​មាន​បាន​ដំណោះស្រាយ​មួយ​គ្រួសារ​ណា​សោះ។ ស្រាប់​តែ​គាត់​បែរ​ជា​ផ្ដល់​លុយ​មក​ឲ្យ​រដ្ឋាភិបាល​ទៀត។ អ៊ីចឹង​ធនាគារ​ពិភពលោក មាន​ចេតនា​សម្លាប់​ពលរដ្ឋ​ខ្មែរ។ ចឹង​យើង​ដាក់​បណ្ដាសា​សូម​ឲ្យ​ធនាគារ​ពិភពលោក ត្រូវ​តែ​វិនាស​រលាយ​ផុត​ពី​ប្រទេស​កម្ពុជា ឆាប់ៗ​ចា៎»។
ឆ្លើយតប​នឹង​ការ​ទាមទារ​នេះ មន្ត្រី​ព័ត៌មាន​ប្រចាំ​ការិយាល័យ​ធនាគារ​ពិភពលោក​នៅ​កម្ពុជា លោក ប៊ូ សារឿន និយាយ​ថា ប្រធាន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បាន​ផ្ដល់​ព័ត៌មាន​ពី​រឿង​ញត្តិ​របស់​អ្នក​បឹងកក់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​រួច​ហើយ។ លោក ប៊ូ សារឿន ថា​ការ​ទាមទារ​របស់​អ្នក​បឹងកក់​ដែល​ចង់​ជួប​អ្នកស្រី អ៊ីហ្គូណា ដូប្រាចា មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។

លោក ប៊ូ សារឿន ស្នើ​ឲ្យ​អតីត​ស្ត្រី​អ្នក​បឹងកក់​ពិចារណា​ឡើង​វិញ រឿង​ទាមទារ​ឲ្យ​ធនាគារ​ពិភពលោក​ឈប់​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ដល់​កម្ពុជា៖ «បង​ដឹង​ហើយ​បន្ទាប់​ពី​យើង​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ប្រជាជន​ជាង ៦០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​មាន​តម្រូវ​ការ​ច្រើន​ណាស់ មាន​តម្រូវ​ការ​អប់រំ ក្មេងៗ​តាម​ជនបទ​អត់​មាន​សាលា​រៀន ហើយ​អ្នក​ឈឺ​នៅ​តាម​ជនបទ​អត់​មាន​ការ​ព្យាបាល សុទ្ធតែ​ជា​រឿង​មួយ​ដែល​ប្រទេស​ខ្មែរ​ត្រូវ​ការ​ចាំបាច់ ហើយ​បង​កាត់​អា​ហ្នឹង​ដាច់​ប៉ាត់ បង​គិត​មើល! តើ​ប្រជាជន​មាន​បញ្ហា​កម្រិត​ណា? ហើយ​ខ្ញុំ​ដឹង​ថា​រឿង​របស់​បង​ថា​មាន​រឿង​ហើយ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ធនាគារ​ពិភពលោក​សម្រេច​ផ្ដល់​ប្រាក់​កម្ចី​គ្មាន​ការប្រាក់​ដល់​រដ្ឋាភិបាល​កម្ពុជា ចំនួន ១៣០​លាន​ដុល្លារ​លើ​គម្រោង​ចំនួន​៤ រួម​មាន​ផ្លូវ​ថ្នល់ ទឹក កសិកម្ម និង​សុខាភិបាល សម្រាប់​ឆ្នាំ​២០១៦-២០១៧។ កម្មវិធី​ទាំងនោះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​អត្រា​ក្រីក្រ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១% ក្នុង​មួយ​ឆ្នាំៗ។

គម្រោង​ទាំងនោះ​ផ្ដោត​លើ​គម្រោង​សមធម៌ និង​ការ​លើក​កម្ពស់​គុណភាព​សុខភាព គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​ទន្លេ​មេគង្គ គម្រោង​គ្រប់គ្រង​ផ្លូវ​ថ្នល់​ទី​២ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​លើ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​កំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្ត​ក្រចេះ គម្រោង​បែងចែក​ដី​សម្រាប់​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ជូន​សម្រាប់​សេវា​បណ្ដុះបណ្ដាល​វិស័យ​កសិកម្ម​ដល់​ប្រជាជន​ក្នុង​សហគមន៍​ចំនួន​១៤ នៅ ៥​ខេត្ត ដែល​មាន​ប្រជាជន​ច្រើន​ជាង ៥.០០០​គ្រួសារ។

កាល​ពី​ឆ្នាំ​២០១១ ធនាគារ​ពិភពលោក បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​អាច​បន្ត​ប្រាក់​ជំនួយ លុះត្រា​តែ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ចប់​សំណង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៣​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​គំរាម​កំហែង និង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន។

ទោះ​បី​ជា​មាន​ការ​ពន្យល់​ពី​មន្ត្រី​ធនាគារ​ពិភពលោក ពី​រឿង​ប្រាក់​កម្ចី​នេះ​យ៉ាង​ណា​ក្ដី ក្រុម​អតីត​ស្ត្រី​អ្នក​បឹងកក់​បញ្ជាក់​ថា ពួក​គេ​នឹង​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ឈប់​ផ្ដល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យខាងតែ​បាន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត៕

ឈើ​ខ្មែរ​នៅ​តែ​ត្រូវ​គេ​នាំ​ចេញ​យ៉ាង​គំហុក​​ទៅ ​វៀតណាម

បុរស​ម្នាក់​ដឹក​ឈើ​លើ​គោយន្ត​ឆ្លង​ខេត្ត​ក្រចេះ ទៅ​ព្រំដែន​​កម្ពុជា-វៀតណាម កាល​ពី​ដើម​ឆ្នាំ​នេះ។ ផា លីណា

ភ្នំពេញៈ បើ​ទោះបី​ជា​មាន​ការ​បង្កើត​​​ក្រុម​ការងារ​ពិសេស​​ប្រឆាំង​នឹង​ការ​កាប់​ឈើ​​ និង​អនុវត្ត​ការ​​ហាមប្រាម​​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​ឈើ​​ក៏ដោយ​ក៏​​​កម្ពុជា​បាន​នាំ​ចេញ​ឈើ​​​ចំនួន ​​១២១ ​លាន​ដុល្លារ​ទៅ​កាន់​​ប្រទេស​វៀតណាម​​ក្នុង​រយៈកាល​ ៩ ​​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​​ទិន្នន័យ​​​គយ​វៀតណាម​ដែល​បាន​ចែក​រំលែក​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​អង្គការ Forest Trends។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ថ្លែង​ថា​ទិន្នន័យ​នេះ​​បង្ហាញពី​ការ​កុហក​​ចំពោះ​ការ​អះអាង​ជា​ដដែលៗ​របស់​រដ្ឋាភិបាល​នា​ឆ្នាំ​នេះ​​ថា​ការ​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ និង​ការ​​នាំ​ចេញ​​​ទៅ​វៀតណាម​​ត្រូវ​បាន​បញ្ចប់​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក Marcus Hardtke ​​អ្នក​អភិរក្ស​បរិស្ថាន​បាន​ថ្លែង​តាម​​អ៊ីមែល​​កាលពី​ម្សិលមិញ​ថា​៖ «​​ឧកញ៉ា​រកស៊ី​ឈើ​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​មាន​អំណាច​កំពុង​មាន​រោងចក្រ​អារ​ឈើ​​ និង​​ទិញ​ឈើ​​យ៉ាង​ច្រើន»។ ​លោក​និយាយ​ថា៖«​វា​ជា​​ការ​រៀបចំ​​ និង​​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​ជា​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​​គ្រប់គ្រង​ព្រៃឈើ​»​។
ការ​ថ្លែង​​របស់​លោក​​ត្រូវ​បាន​បន្ទរ​​ដោយ​លោក​ អ៊ូច ឡេង ​អ្នក​អភិរក្ស​​ដែល​ឈ្នះ​​រង្វាន់​បុរស​មាស​​ដែល​បាន​សរសេរ​តាម​អ៊ីមែល​ថា​៖ «​​ខ្ញុំ​បាន​រកឃើញ​ថា​អាជីវកម្ម​​នេះ​គឺ​មាន​អាទិភាព​ជាង​​ការ​ការពារ​ព្រៃឈើ។ អ្វី​ដែល​ពួកគេ​គិត​​គឺ​​​ត្រូវ​រក​លុយ​ពី​ឈើ​»​។

Julian Newman ​ប្រធាន​យុទ្ធនាការ​​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​​ (EIA) ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​ឡុងដ៍​ដែល​បាន​ស្រាវជ្រាវ​យ៉ាង​​ទូលំ​ទូលាយ​​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​​នៅ​ក្នុង​តំបន់​​មេគង្គ​បាន​សរសេរ​តាម​​​អ៊ីមែល​​ថា​វា​មិន​អាច​ទៅ​រួច​ទេ​ដែល​ការ​កាប់​ឈើ​ទ្រង់ទ្រាយ​តូច​អាច​បង្កើត​ឲ្យ​មាន​ការ​នាំ​ចេញ​ឈើ​​​​តម្លៃ​ ១២១ ​លាន​ដុល្លារ​​ក្នុង​រយៈកាល​ ៩ ​ខែ​ «​លុះត្រា​តែ​​វា​ជា​ឈើ​​ប្រណីត​តម្លៃ​ខ្ពស់​»។

នៅពេល​ទាក់ទង​កាល​ពី​ល្ងាច​ម្សិលមិញ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត បាន​ថ្លែង​ថា​ខណៈ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​​​ដោយ​ផ្ទាល់​អំពី​ទិន្នន័យ​គយ​វៀតណាម​ដោយ​មិន​​ទាន់​​ធ្វើការ​ផ្ទៀងផ្ទាត់​ជំហរ​ផ្លូវការ​របស់​រដ្ឋាភិបាល​គឺ​ថា​ការ​នាំ​ចេញ​​​ឈើ​ទ្រង់ទ្រាយ​ធំ​​ទាំងអស់​​ក្នុង​ប្រទេស​កម្ពុជា​គឺ​ត្រូវ​បាន​បញ្ចប់​ហើយ​។

លោក សុផល្លែត ​​បន្ត​ថា​៖ «​​តាម​ដែល​យើង​ដឹង​ការ​កាប់​ឈើ​ធំៗ​ទាំងអស់​​ត្រូវ​បាន​បញ្ចប់​​ក្នុង​រយៈកាល​​ប៉ុន្មាន​ខែ​ចុងក្រោយ​ដោយ​​ក្រុម​ការងារ​ពិសេស​​ប្រឆាំង​ការ​កាប់​ឈើ​»។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​ក្រុម​ការងារ​ពិសេស​ប្រឆាំង​ការ​កាប់​ឈើ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​ឆ្នាំ​នេះ​​​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដើម្បី​​លុប​បំបាត់​​ការ​កាប់​ឈើ​ខុស​ច្បាប់​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​​​អំពី​ទិន្នន័យ​នេះ​កាលពី​ម្សិលមិញ។

ទិន្នន័យ​នេះ​គឺ​គ្រប​ដណ្តប់​ពី​ខែ​មករា​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ​។ ក្នុង​អំឡុង​ពេល​នោះ​អាជ្ញាធរ​គយ​វៀតណាម​បាន​​ចុះ​បញ្ជី​ឈើ​ចំនួន ១១៥៦៩៤ ម៉ែត្រ​គុប​នៃ​ឈើ​ដែល​ត្រូវ​បាន​អារ​នៅ​តម្លៃ ១០៥,៩ លាន​ដុល្លារ​​ដែល​នាំ​ចូល​ពី​កម្ពុជា​ និង ៥៩១២៨ ​ម៉ែត្រ​គិប​នៃ​កំណាត់​ឈើ​​​​ដែល​មាន​តម្លៃ​​ ១៥,៥ លាន​ដុល្លារ​។

លោក Hardtke ដែល​ជា​អ្នក​អភិរក្ស​បាន​កត់សម្គាល់​ថា​ការ​នាំ​ចេញ​​ឈើ​ពី​កម្ពុជា​គឺ​ខុស​ច្បាប់​ដោយសារ​វា​ត្រូវ​បាន​ហាមប្រាម​​​កាលពី​ពាក់​កណ្តាល​ខែ​មករា។

លោក Hardtke ​​បាន​សរសេរ​ថា​៖ «​​ប្រសិន​បើ​យើង​មើល​ទៅ​​ឈើ​ពី​ព្រៃ​ធម្មជាតិ​វា​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​​​ដោយ​មាន​ការ​​ឃុបឃិត​​ពី​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា​​ ឬ​ខាង​ [វៀតណាម​] គឺ​​​បញ្ចូល​​ឈើ​រត់​ពន្ធ​ទៅ​ក្នុង​ទិន្នន័យ​របស់​ពួកគេ​»​​។

លោក Newman ​នៅ​អង្គការ EIA បាន​ថ្លែង​ថា​ការ​ទទួល​យក​របស់​វៀតណាម​ចំពោះ​ឈើ​កម្ពុជា​​បើ​ទោះបី​ជា​​​រដ្ឋាភិបាល​​កម្ពុជា​ហាមឃាត់​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​ឈើ​​មាន​ន័យ​ថា​វៀតណាម​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​​មួយ​ចំនួន​​ចំពោះ​ការ​កាប់​ឈើ​ក្នុង​ប្រទេស​កម្ពុជា​។ «​​ខ្លួន​គួរ​តែ​គោរព​ច្បាប់​​ និង​បទប្បញ្ញតិ្ត​របស់​​ប្រទេស​ជិត​ខាង​»។

ទាំង​លោក Newman និង​ លោក ឡេង ដែល​ជា​អ្នក​អភិរក្ស​​​ឈ្នះ​​ពាន​រង្វាន់​បុរស​មាស​ខាង​បរិស្ថាន​បាន​ក្រើន​រំឭក​​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ថា​សហភាព​អឺរ៉ុប​ផង​ដែរ​អាច​នឹង​មាន​ហានិភ័យ​​នៃ​ការ​​​ជាប់​ក្នុង​ការ​ឃុបឃិត​​​នៅ​ក្នុង​​ពាណិជ្ជកម្ម​ឈើ​របស់​កម្ពុជា​ប្រសិន​បើ​ខ្លួន​មិន​ប្រុង​ប្រយ័ត្ន។

លោក Newman ​​បន្ត​ថា​៖ «​​វៀតណាម​បច្ចុប្បន្ន​នេះ​កំពុង​ពិភាក្សា​​អំពី​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​ឈើ​​ជាមួយ​សហភាព​អឺរ៉ុប​»​។ «អង្គការ EIA កំពុង​ជំរុញ​ឲ្យ​មាន​ការ​ធានា​ថា​ក្រោម​កិច្ចព្រមព្រៀង​នេះ​វៀតណាម​ត្រូវ​​តែ​​មិន​រួម​បញ្ចូល​​ឈើ​ខុស​ច្បាប់​​ពី​​ទីផ្សារ​របស់​ខ្លួន​»​។

ការ​នាំ​ចូល​ឈើ​បាន​កើនឡើង​​ខ្លាំង​ក្នុង​ខែ​មេសា និង​ឧសភា​ដោយ​សរុប​ទៅ​មាន​ចំនួន​ ២៧​ លាន​ដុល្លារ​គឺ​ជិត​មួយ​ភាគ​​បួន​​នៃ​ការ​នាំ​ចូល​ឈើ​ក្នុង​រយៈកាល​ ៩ ​ខែ​។

លោក Hardtke ​​​បាន​​សរសេរ​​ទៀត​ថា​៖ «​​វា​អាច​ជា​ឈើ​ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​អំឡុង​ការ​ចុះ​បង្ក្រាប​​​ក្នុង​តំបន់​ភាគ​ខាង​កើត​​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុង​ដឹក​ឆ្លង​ដែន​រួច​ហើយ​​»៕ PS

គណបក្ស​ពីរ​ជំរុញ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ

លោក ហ៊ុន សែន ឲ្យ​អាជ្ញាធរ​បន្ត​ពន្យល់​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ រូបថត ហ្វេសប៊ុក

ភ្នំពេញ: មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ពីព្រោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា​នេះ បើ​ទោះ​បី​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ប្រមាណ​មួយ​លាន​នាក់​ជាង​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​នឹង​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​ចំណោម​អ្នក​មាន​សិទិ្ធ​ចុះ​ឈ្មោះ ៩ លាន​នាក់​ជាង។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា៖ «តាម​ការ​ប៉ាន់ស្មាន​ជា​បឋម​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង​មួយ​លាន​នាក់​នឹង​ខកខាន​មិន​បាន​ចុះ​ឈ្មោះ​ទាន់​តាម​ពេលវេលា​ដែល​បាន​កំណត់​ដោយសារ​តែ​បញ្ហា​ចំណាក​ស្រុក​ស្វែងរក​ការងារ»។

លោក ពុទ្ធា ថ្លែង​បើ​ទោះបី​ជា​មាន​ការ​ខកខាន​មិន​បាន​ចុះ​ឈ្មោះ​ក៏ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា​តើ​នឹង​មាន​ការ​ពន្យារពេល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ។
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ដំណើរ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក និង​មន្ត្រី​រាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ពន្យល់ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា៖ «ត្រូវ​បន្ត​ពន្យល់​ និង​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ឆាប់​រហ័ស និង​គ្រប់​គ្នា​ព្រោះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេលឆាប់ៗ​នេះ​ហើយ»។ «សំខាន់​ខ្លាំង​ណាស់​គឺ​នៅ​សល់​តែ ១០ ថ្ងៃ​ទៀត​ទេ! សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​បើក​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍ និង​អាទិត្យ»។

ចំណែក​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​សារ​ជា​បន្ត​បន្ទាប់​តាំងពី​ដើម​ខែ​វិច្ឆិកា​មក​គឺ​មាន​ទាំង​សារ​សរសេរ​ជា​អក្សរ និង ជា​វីដេអូ​ឃ្លីប​ដែល​បាន​រៀបរាប់​ពី​ផលប្រយោជន៍​នៃ​ការ​ចុះ​ឈ្មោះ និង ការ​បោះឆ្នោត។

លោក លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​អំពាវនាវ​ដល់​កម្មករ​រោងចក្រ​ និង​កម្មករ​ទាំង​អស់​មកពី​ជនបទ​ហើយ​ធ្វើការ​តាម​ទីប្រជុំជន​ធំៗ​ដូចជា​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត បើ​សិន​ចង់​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​លក្ខខណ្ឌ​ការងារ និង​ជីវភាព​ល្អ​ប្រសើរ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​បាន​នៅ​ពេល​ដឹកនាំ​រដ្ឋាភិបាល​ហើយ​នឹង​ប្ដេជ្ញា​ចិត្ត​បំបាត់​អំពើ​ពុករលួយ និង​ជំរុញ​យុត្តិធម៌​សម្រាប់​សង្គម»។

កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​រយៈពេល ៩០ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី ១ កញ្ញា រហូត​ដល់​ថ្ងៃ​ទី ២៩ វិច្ឆិកា។ រហូត​ដល់​ថ្ងៃ​ទី ២០ ខែ​វិច្ឆិការ​នេះ​នៅ​សល់​ប្រជាពលរដ្ឋ​ជាង ២ លាន​នាក់​ទៀត​ដែល​គ្រប់​អាយុ​តែ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​ឆ្នោត។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដែរ​បាន​ថ្លែង​សំណេះ​សំណាល​ទៅ​កាន់​ក្រុម​ទ្រទ្រង់​ចលនា​យុវជន និង​ចលនា​ស្ត្រី​ខេត្ត​កំពង់ចាម​ដោយ​បាន​រៀបចំ​យុទ្ធនាការ​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ផ្ដោត​ទៅ​លើ​ឃុំ សង្កាត់​ណា​ដែល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ចំនួន​តិច​នៅ​ឡើយ។

លោក សុខា ក៏​បាន​ថ្លែង​ថា​គណបក្ស​ត្រៀម​រៀបចំ​ប្រកាស​ជ្រើសរើស​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដោយ​ផ្ដោត​លើ​បេក្ខជន​ដែល​មាន​គុណភាព ប្រជាប្រិយភាព និង​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ហើយ​គណបក្ស​ប្រឆាំង​នឹង​បន្ថែម​លើ​ការ​រិះគន់​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ៕

តុលាការ​នឹង​បញ្ចប់​សំណុំ​រឿង​ទី​២​នៃ​រឿង​ក្ដីក្ដាំ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​២៣​វិច្ឆិកា

 សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ប្រឆាំង​នឹង​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Leng Maly

សាលា​ក្ដី​ខ្មែរ​ក្រហម ធ្វើ​សន្និសីទ​កាសែត​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ប្រឆាំង​នឹង​ជន​ជាប់​ចោទ ខៀវ សំផន និង នួន ជា នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា សប្ដាហ៍​នេះ។

ការ​ប្រកាស​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា គឺ​ជា​ការ​បញ្ចប់​សំណុំ​រឿង​ទី​២ នៃ​រឿង​ក្ដីក្ដាំ​របស់​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

សាល​ដីកា​ស្ថាពរ​នោះ គឺ​សម្រេច​អំពី​ការ​មិន​សុខ​ចិត្ត​របស់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​១ ក្រោយ​ពេល​ធ្វើ​សវនាការ​អស់​រយៈពេល ២២២​ថ្ងៃ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ​ថា ជន​ជាប់​ចោទ​មាន​ពិរុទ្ធភាព​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា មន្ត្រី​ផ្នែក​ច្បាប់​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ឡាស អូលសិន (Lars Olsen) រំឭក​ឡើង​វិញ​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ជំទាស់​ការ​ផ្ដន្ទាទោស​នេះ​ថា​ខុស​អង្គ​ហេតុ និង​អង្គ​ច្បាប់ ហើយ​ធ្វើ​បណ្ដឹង​សាទុក្ខ​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ឬ​ត្រូវ​ដោះលែង​ពួក​គាត់៖ «»។


ក្រៅ​ពី​ការ​មិន​សុខ​ចិត្ត​របស់​ភាគី​ជន​ជាប់​ចោទ ភាគី​សហ​ព្រះរាជអាជ្ញា ក៏​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដែរ ដោយ​សុំ​សាលា​ក្ដី​នេះ ពង្រីក​ការ​អនុវត្ត​ទម្រង់​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” ដើម្បី​ឲ្យ​អ្នក​ក្នុង​ក្រុម​ប្រព្រឹត្ត​បទឧក្រិដ្ឋ អាច​ជាប់​ពាក់ព័ន្ធ​ការ​ទទួល​ខុស​ត្រូវ ហើយ​យក​មក​ជំនុំ​ជម្រះ​ក្ដី​បាន។

ជន​ជាប់​ចោទ ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ត្រូវ​បាន​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ពេល​ជម្លៀស​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាង​ហោច ២​លាន​នាក់ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្តបន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង​ការ​កាប់​សម្លាប់​អតីត​មន្ត្រី​រដ្ឋការ​សម័យ លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

ការ​ប្រកាស​សាល​ដីកា​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា គឺ​ជា​ការ​ប្រកាស​លទ្ធផល​នៃ​បណ្ដឹង​សាទុក្ខ​របស់​ភាគី​ទាំង​ពីរ ហើយ​ក៏​ជា​ការ​ប្រកាស​បិទ​ផ្លូវ​តវ៉ា​ទាំងអស់​សម្រាប់​ការ​ជំនុំ​ជម្រះ​វគ្គ​១ នៃ​សំណុំ​រឿង​០០២។ មន្ត្រី​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​នឹង​ត្រូវ​គេ​យក​ទៅ​ឃុំឃាំង​នៅ​ឯណា​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​សិន។

កាល​ពី​សំណុំ​រឿង​០០១ ដែល​មាន​បណ្ដឹង​សាទុក្ខ​ដូច​គ្នា លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ យក​ទៅ​ឃុំឃាំង​នៅ​គុក​ខេត្ត​កណ្ដាល រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕