អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការអភិរក្សធនធានធម្មជាតិ និងមន្ត្រីឧទ្យានជាតិជួរភ្នំក្រវាញ គ្រោងរួមគ្នាចុះល្បាតព្រៃ ដើម្បីបង្ក្រាបបទល្មើសរយៈពេលពីរសប្ដាហ៍ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ តទៅ។ គម្រោងចុះល្បាតនេះ ក្រោយពេលពលរដ្ឋអះអាងថា បានប្រទះឃើញគំនរឈើប្រណីតប្រមាណ ២០ម៉ែត្រគូប លើភ្នំក្រវាញ ហើយសង្ស័យថា មានបទល្មើសកន្លែងផ្សេងទៀត។
អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានផ្ញើលិខិតមួយច្បាប់ទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីសុំកម្លាំងសហការចុះល្បាតព្រៃជួរភ្នំក្រវាញ។
ជួរភ្នំក្រវាញ ដែលលាតសន្ធឹងជាប់ទឹកដីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកោះកុង ជាតំបន់ការពារដោយព្រះរាជ្យក្រឹត្យ និងអនុក្រឹត្យរបស់រដ្ឋាភិបាល។ ក្រុមល្បាតនឹងចំណាយពេលពីរសប្ដាហ៍ពេញ ដើម្បីចូលទៅកាន់តំបន់សំខាន់ៗ នៃទឹកដីរបស់ខេត្តទាំងបី ដែលមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋថា បទល្មើសព្រៃឈើនៅតែបន្តកើតមាន ហើយឈ្មួញលួចបញ្ចេញឈើទៅលក់ក្រៅប្រទេសស្ងាត់ៗ។
ប្រធានអង្គការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ លោក ជា ហ៊ាន ឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ថា អ្នកឡើងរកឈើខ្លឹមបានប្រាប់ពីកន្លែងលាក់ឈើដល់លោកនៅតំបន់អាតៃ នៃជួរភ្នំក្រវាញកណ្ដាល។ លោកបានបន្លំខ្លួនចូលទៅស្រាវជ្រាវបទល្មើសនៅទីតាំងនោះ និងថតរូបឈើប្រណីតទាំងនោះទុកជាភស្តុតាងទៀតផង ដើម្បីបង្ហាញដល់មន្ត្រីជំនាញមានវិធានការនៅពេលចុះល្បាតរួមគ្នា៖ «ខ្ញុំសង្ឃឹមថា បើអាជ្ញាធរ និងមន្ត្រីជំនាញបង្កលក្ខណៈងាយស្រួល ការបង្ក្រាបនឹងមានភាពជោគជ័យ។ ប្រជាពលរដ្ឋនៅជួរភ្នំក្រវាញ បានផ្ដល់ព័ត៌មានថា នៅតែមានសកម្មភាពកាប់ឈើក្នុងតំបន់អភិរក្សដដែល ដូច្នេះខ្ញុំនឹងចុះល្បាតព្រៃនៅសប្ដាហ៍ក្រោយនេះ។ សប្ដាហ៍ទី១ នៅភូមិសាស្ត្រស្រុកឱរ៉ាល់ សប្ដាហ៍ទី២ គឺនៅភូមិសាស្ត្រស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក សាន់ មរកត ដើម្បីសុំការបញ្ជាក់បន្ថែមពីសំណើនេះបានទេ នៅថ្ងៃទី២ ខែកុម្ភៈ។
ចំណែកនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ លោក អ៊ុន គឿន ដែលគ្រប់គ្រងតំបន់ជួរភ្នំក្រវាញ ដែរនោះ មិនបានបញ្ជាក់ពីស្ថានភាពបទល្មើសនៅតាមជួរភ្នំក្រវាញទេ ប៉ុន្តែថា ក្រុមការងារលោកដែលមានគ្នា ១០នាក់ បានចុះបង្ក្រាបបទល្មើសព្រៃឈើជាប្រចាំ ហើយលោកថា នឹងសហការកម្លាំងជាមួយស្ថាប័នផ្សេងៗ បើមានសំណើមកមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ ត្រឹមត្រូវ៖ «អូ! អាហ្នឹងមានអីយើងបន្ដធ្វើការងាររាល់ថ្ងៃ។ (ជិន ជេដ្ឋា៖ ប៉ុន្តែម៉េចដែរស្ថានភាពបទល្មើសនៅតាមជួរភ្នំហ្នឹង?) ឥឡូវគ្មានអ្វីតានតឹងទេបង ព្រោះយើងបានធ្វើការងាររាល់ថ្ងៃ»។
ប្រធានអង្គការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ លោក ជា ហ៊ាន បញ្ជាក់ថា ប្រតិបត្តិការចុះល្បាតនៅថ្ងៃខាងមុខនេះ ត្រូវប្រើកម្លាំងខាងលោកបីនាក់ និងស្នើសុំកម្លាំងឧទ្យានរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន ៥នាក់។ នៅក្នុងលិខិតដែលលោកស្នើសុំកម្លាំងសហការកាលពីថ្ងៃទី១ ខែកុម្ភៈ មិនទាន់មានការឆ្លើយតបនៅឡើយ ប៉ុន្តែលោកសង្ឃឹមថា មន្ទីរនឹងបញ្ជូនកម្លាំងទៅសហការតាមការស្នើសុំក្រោយបានចុះអនុស្សរណៈយោគយល់គ្នា៕