Tuesday, January 10, 2017

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​​នៅ​បន្ត​រិះគន់​ចំណាត់​ការ​របស់​តុលាការ​លើ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

                                                                                                                                                                                 ទាំង​អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​នានា នៅ​តែ​រិះគន់​ចំណាត់​ការ​របស់​តុលាការ និង​រដ្ឋាភិបាល​ថា ពុំ​មាន​ឆន្ទៈ​សើរើ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។ ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ​ឲ្យ​ដឹង​ថា ពួក​គាត់​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នេះ​នៅ​ឡើយ​ទេ ក្រោយ​ឃាតកម្ម​កើត​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ​មក។ ជុំវិញ​រឿង​នេះ តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ កំពុង​ពិនិត្យ​លើ​សំណុំរឿង​នេះ​ទាំង​មូល ក្រោយ​ពី​បិទ​ការ​សាកសួរ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៦ មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​នៅ​ពេល​ខាង​មុខ​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មករា គឺ​​មាន​រយៈពេល ៦​ខែ​គត់​ហើយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ក៏ប៉ុន្តែ​តម្រុយ​ណា​មួយ​ថ្មី​ដែល​អាច​កំណត់​មុខ​សញ្ញា​ឃាតកម្ម​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​បាញ់​ប្រហារ​នេះ នៅ​ពុំ​ទាន់​មាន​ពន្លឺ​នៅ​ឡើយ​ទេ។

លទ្ធផល​ជា​ផ្លូវ​ការ​មក​ដល់​ពេល​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក លី សុផាណា បញ្ជាក់​តាម​បណ្ដាញ​ទំនាក់​ទំនង តេឡេក្រាម (Telegram) ថា តុលាការ​ក្រុង​ភ្នំពេញ កំពុង​បន្ត​ចំណាត់​ការ​នៅ​ក្នុង​នីតិវិធី​នៃ​ការ​បិទ​ការ​ស៊ើបសួរ​នេះ​ហើយ។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង បាន​ប្រកាស​ជូន​ដំណឹង​ដល់​លោក​ស្រី ប៊ូ រចនា ពី​ការ​បិទ​បញ្ចប់​នៃ​ការ​សាកសួរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ។

បើ​ទោះ​ជា​បែប​ណា ក្រុម​អ្នក​ឃ្លាំ​មើល​ព្រឹត្តិការណ៍​សង្គម​កម្ពុជា រិះគន់​ថា ក្នុង​សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ​វា​មិន​ពិបាក​ទេ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នោះ ព្រោះ​នៅ​ក្នុង​ហាង​ស្តារម៉ាត (Star Mart) មាន​កាមេរ៉ា​សុវត្ថិភាព​ដែល​អាច​មើល​ឃើញ​មុខ​ឃាតក​បាន​យ៉ាង​ងាយ។ ប៉ុន្តែ​វៀរលែងតែ​តុលាការ និង​រដ្ឋាភិបាល​មិន​ចង់​វែកមុខ ឬ​ប្រហែល​ចង់​ការពារ និង​ជួយ​បិទ​បាំង​ការពិត​ដល់​អ្នក​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​នេះ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (Central) លោក មឿន តុលា យល់​ឃើញ​ថា វិធី​ដែល​ងាយ​បំផុត​នោះ​គឺ​តុលាការ​បញ្ចេញ​វីដេអូ ដែល​ថត​បាន​សកម្មភាព​បាញ់​ប្រហារ​នៅ​ម្ដុំ​ស្ថានីយ​សាំង​កាល់តិច (Caltex) ទៅ​គឺ​ចប់​រឿង​បាត់​ទៅ​ហើយ៖ «»។


អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​គឺ​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​កាមេរ៉ា​សុវត្ថិភាព​ស្ទើរ​គ្រប់​ជ្រុង និង​នៅ​ចំ​កណ្ដាល​ទីប្រជុំជន។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បទឧក្រិដ្ឋ​នេះ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ជុំវិញ​ការ​ស៊ើបអង្កេត ថា​តើ​មាន​មូលហេតុ​អ្វី​បាន​ជា​តុលាការ និង​រដ្ឋាភិបាល​មិន​បញ្ចេញ​រូបភាព​​ពិត​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ភ្លាមៗ។

បើ​ទោះ​ជា​បែប​ណា អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​លោក​វិភាគ​លើ​របាយការណ៍​ស្រាវជ្រាវ​ដ៏​ស៊ីជម្រៅ​មួយ​របស់​អង្គការ គ្លបល វីនេស (Global Witness) ដែល​និយាយ​ពី​អាណាចក្រ​ជំនួញ​​របស់​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"។

ទាក់ទិន​រឿង​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម និង​នយោបាយ​លោក ហេង ស្រ៊ាង បាន​ព្រមាន​រដ្ឋាភិបាល​ថា មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​ឃ្លាំមើល​ការវិវត្តន៍​នៃ​អំពើ​បាញ់​ប្រហារ​នេះ​នឹង​បោះ​ឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ពុំ​អាច​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី បាន​ទេ។ សារ​ព្រមាន​របស់​អ្នក​វិភាគ​សង្គម​រូប​​នេះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ធ្វើ​ឡើង​ស្រប​ពេល​ខួប ៦​ខែ​គត់​នៃ​អំពើ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ មករា នេះ។

បើ​ទោះ​ទោះ​ជា​បែប​ណា លោក លី សុផាណា អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ អះអាង​ថា តំណាង​អយ្យការ​កំពុង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​ទាំង​មូល​ហើយ មុន​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើបសួរ​​បន្ត​នីតិវិធី​ក្នុង​ដំណាក់កាល​នៃ​ការ​បិទ​បញ្ចប់​ការ​សាកសួរ​នេះ។ យ៉ាង​ណា​តុលាការ​ក៏​បាន​សន្យា​ដែរ​ថា នឹង​ធ្វើ​សេចក្ដី​សម្រេច​ថ្ងៃ​ខាង​មុខ​ដោយ​មិន​កំណត់​ពេល។ ផ្អែក​នីតិវិធី​សម្រាប់​សំណុំរឿង​នៃ​បទឧក្រិដ្ឋ តុលាការ​អាច​មាន​ពេល​ស៊ើប​អង្កេត​របស់​ខ្លួន​ក្នុង​រយៈពេល ១៨​ខែ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ តុលាការ​អាច​មាន​សិទ្ធិ​ចេញ​ដីកា​ដំណោះស្រាយ សម្រេច​បន្ត​នីតិវិធី ឬ​ទម្លាក់​សំណុំរឿង​ចោល។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា មាន​ជំនឿ​ថា ឃាតក​ពិត​ក្នុង​អំពើ​បាញ់​ប្រហារ​នេះ គឺ​ឈ្មោះ ជួប សម្លាប់ គឺ​ពុំ​មែន​ជា​ជន​ដៃ​ដល់​ទេ។លោក​បន្ត​ថា តាំង​ពី​ដំណាក់កាល​បាញ់​ប្រហារ​រហូត​ដល់​បិទ​ការ​សាកសួរ ឃាតកម្ម​នេះ​កាន់​តែ​មាន​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រឹត​តែ​មិន​អាច​ជឿជាក់​ថា ឃាតក​ពិត​គឺ​ជា​ឈ្មោះ ជួប សម្លាប់ ទេ៖ «»។

លោក មឿន តុលា ឲ្យ​ដឹង​ថា ការ​ដែល​ប្រពន្ធ ឬ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​ហើយ​ចាត់​ទុក​ថា ជា​កំហុស​នោះ គឺ​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ លោក មឿន តុលា ទម្លាក់​កំហុស​ក្នុង​រឿង​នេះ​ថា តាម​ពិត​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​ទៅ​វិញ​ទេ។ គិត​មក​ដល់​ពេល​នេះ រាល់​អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស ព្រះសង្ឃ អ្នក​សិល្បៈ អ្នក​ការពារ​បរិស្ថាន និង​ចុង​ក្រោយ​អ្នក​វិភាគ​សង្គម កម្រ​ឃើញ​តុលាការ និង​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​បាញ់​ប្រហារ​ទាំង​នោះ នាំ​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ​ទេ៕

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​កោះកុង​បន់ស្រន់​ឱ្យ​មន្ត្រី​រាជការ​គោរព​តាម​សម្បថ​មុន​ចូល​កាន់​តំណែង


ពលរដ្ឋ​​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើ​ពិធី​បន់ស្រន់​នៅ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha



ពលរដ្ឋ​ប្រមាណ ១០០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ  ឈ្មោះ​កោះកុង ផ្លេនថេសិន (Koh Kong Plantation) និង​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ ឈ្មោះ​កោះកុង ស៊ូហ្គើរ (Koh Kong Sugar) កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា បាន​ប្រមូល​គ្នា​បន់ស្រន់​ព្រះអង្គ​ដងកើ ជំរុញ​មន្ត្រី​រាជការ​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ដីធ្លី គោរព​ពាក្យ​សម្បថ​ដែល​បាន​ស្បថ​សច្ចា​មុន​ចូល​កាន់​តំណែង។

ការ​ងាក​មក​ទាមទារ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ ខណៈ​ក្រុម​ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​វិជ្ជមាន​ណា​មួយ​អំពី​ការ​ទូទាត់​សំណង​លើ​ដី​ធ្លី និង​ផ្ទះសម្បែង​របស់​ពួកគេ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ស្ករអំពៅ ឈូស​ឆាយ​បំផ្លាញ តាំង​ពី​ឆ្នាំ​២០០៦។

ពលរដ្ឋ​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​សរុប​ចំនួន ១៦២​គ្រួសារ មក​ពី​ភូមិ​ចំនួន​៧ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ថ្លែង​ថា ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួកគេ​ដែល​ដាក់​ទៅ​កាន់​ស្ថាប័ន​ផ្សេងៗ ត្រូវ​បាន​បង្វែរ​ទៅ​កាន់​ស្ថាប័ន​ផ្សេង ឬ​បដិសេធ​តែម្ដង​ដែល​ជា​ហេតុ​នាំ​ឱ្យ​ក្រុម​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​របស់​ពួកគេ​នឹង​មិន​មាន​ដំណោះស្រាយ។ លោកស្រី​អះអាង​ថា ក្រុម​ពលរដ្ឋ​តវ៉ា​គឺ​ដើម្បី​ទាមទារ​ដីធ្លី និង​ផ្ទះសម្បែង​ដែល​បាន​ខូចខាត​តែប៉ុណ្ណោះ គឺ​មិនមែន​ធ្វើ​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​នោះ​ទេ៖ «ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បី​បង្ហាញ​នូវ​ការ​ពិត ព្រះអង្គ​ដងកើ។ ទី​នេះ​គឺ​ជា​កន្លែង​គោរព​សក្ការៈ​បូជា ជាពិសេស​គឺ​ជា​កន្លែង​ដែល​រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ជាពិសេស​មេ​ឃុំ មេ​ប៉ូលិស ប៉េអឹម​ផ្សេងៗ​ដែល​លោក​បាន​តំណែង​ហ្នឹង គឺ​គាត់​បាន​មក​ស្បថ​នៅ​ទី​នេះ​ថា លោក​នឹង​គោរព​ទៅ​តាម​ស្ថាប័ន​ដែល​បាន​អោយ​អនុវត្ត អ៊ីចឹង​ប្រសិនបើ​គាត់​អត់​បាន​អនុវត្ត គាត់​ប្រហែល​ជា​ចាញ់​សម្បថ​នេះ ពីព្រោះ​អី​ពួក​ខ្ញុំ​មិន​មែន​ជា​ក្រុម​ប្រឆាំង​ទេ ពួក​ខ្ញុំ​សូម​ច្រាន​ចោល​រាល់​ទង្វើ ឬ​សកម្មភាព​ណា​ដែល​អោយ​តែ​ប្រជាពលរដ្ឋ​រង​គ្រោះ​ចោទ​ថា ប្រកាន់​បក្ស​នេះ​បក្ស​នោះ គឺ​ពួក​យើង​អត់​ទទួល​យក​ទេ»។
អ្នកស្រី ផាវ ញ៉ើង បន្ថែម​ទៀត​ថា ថ្មីៗ​នេះ​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​យល់​ព្រម​ទទួល​យក​សំណើ​ពលរដ្ឋ​ដែល​ស្នើ​សុំ​ដី​ទំហំ ២​ហិកតារ ក្នុង​មួយ​គ្រួសារ ផ្លូវ​ក្នុង​ភូមិ​ប្រវែង ៩០០​ម៉ែត្រ ដោយ​ឡែក​តែ​សំណើ​សុំ​សំណង​ជា​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ។

​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ របស់​ឧកញ៉ា ហេង ហ៊ុយ អំពាវនាវ​ដល់​ព្រះមហាក្សត្រ ព្រម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «គេ​ឈូស​ដំណាំ​មួយ​កំណាត់​ក្រោយ​របស់​ខ្ញុំ ឡើង​អស់​រលីង​តែម្ដង រួច​អស់​ដី​មួយ​កំណាត់​ក្រោយ​ហើយ គេ​ដុត​ផ្ទះ​ខ្ញុំ​ចោល ដល់​ពេល​អត់​មាន​ដំណោះស្រាយ អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​ដើរ​តវ៉ា ដើរ​ទាមទារ​ដើម្បី​ជីវភាព​ក្រីក្រ។ រាល់​ថ្ងៃ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ ខ្ញុំ​អត់​មាន​លុយ​មើល ខ្ញុំ​មក​នេះ​ខ្ញុំ​ចង​ការ​លុយ​គេ ហើយ​សូម​សំណូមពរ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មេត្តា​មើល​កូនចៅ​ក្រីក្រ​នៅ​តាម​ជនបទ​ផង។ អ្នក​មាន​អំណាច មាន​លុយ​ហ្នឹង​ធ្វើ​បាប​ប្រជាជន​ក្រីក្រ​ណាស់ ហើយ​ចំពោះ​ខ្ញុំ បើ​ខ្ញុំ​អត់​បាត់បង់​ដីធ្លី អត់​បាត់បង់​ផ្ទះសម្បែង​អី​ទាំង​អស់ ខ្ញុំ​អត់​ចាំបាច់​មក​ដើរ​នៅ​ភ្នំពេញ​ទេ។ ខ្ញុំ​នៅ​ផ្ទះ​ខ្ញុំ ខ្ញុំ​ស៊ី​បាយ ស៊ី​អំបិល​ប្រហុក​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ខ្ញុំ​ដែរ មិន​មែន​ចង់​មក​ដើរ​យំ ដើរ​ស្រែក​អ៊ីចេះ​ទេ។ សូម​មេត្តា​សម្ដេច ហ៊ុន សែន ជួយ​មើល​កូន​ចៅ​មែន​ទែន»។

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បញ្ជាក់​ថា លោក​នឹង​យក​សំណើ​របស់​ក្រុម​ពលរដ្ឋ​ទៅ​ដាក់​ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ។ ដោយ​ឡែក​ប្រាក់ ៥​ពាន់​ដុល្លារ លោក​ថា ហាក់​មិន​សូវ​មាន​សង្ឃឹម​ថា ក្រុមហ៊ុន​នឹង​ចេញ​សង​នោះ​ឡើយ ដោយសារ​ដី​ដែល​ប៉ះពាល់​គឺ​ជា​ដី​របស់​រដ្ឋ ដែល​បាន​ជួល​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន​ទៅ​ហើយ៖ «យើង​រដ្ឋាភិបាល​មាន​លុយ​ឯ​ណា​ទូទាត់ មាន​តែ​ក្រុមហ៊ុន​ហ្នឹង​ហើយ។ ក្រុមហ៊ុន​ម៉េច​ទូទាត់ បើ​ដី​ហ្នឹង​ជា​ដី​របស់​រដ្ឋ។ ដល់​អ៊ីចឹង​ទៅ ដល់​យើង​ទៅ​ឱ្យ​ក្រុមហ៊ុន​ជួយ​ចេញ​សង​ជំនួស​គេ​ម៉េច​ព្រម»។

ទោះ​យ៉ាង​ណា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន រូប​នេះ មើល​ឃើញ​ថា បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ កំពុង​ខិត​មក​ជិត​ដល់​ផ្លូវ​ដំណោះស្រាយ​ហើយ។

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​អះអាង​ថា ពួកគេ​សង្ឃឹម​ថា ប្រមុខ​ដឹកនាំ​នឹង​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ៕

សហគមន៍​អេកូ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​សំណូមពរ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អភិរក្ស​សត្វ​ផ្សោត


ក្រុម​យុវជន​ជាង ៣០​នាក់ មក​ពី​សាកលវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​យុវជន​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ.អ.ឌី.ភី (YRDP) ចុះ​កម្មសិក្សា​ពី​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo of YRDP Youth


សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ដែល​កំពុង​រងគ្រោះ​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) របស់​ឡាវ អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ឡាវ រក​មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​នៅ​ដង​ទន្លេ​មេគង្គ​ឲ្យ​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​វិស័យ​ទេសចរណ៍។ ការ​លើក​ឡើង​នេះ នៅ​គ្រា​ដែល​លោក ហ៊ុន សែន គ្រោង​មក​ទស្សនកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១០ មករា។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មករា ថា អាជ្ញាធរ​ខែត្រ​បាន​សហការ​ជាមួយ​គណៈកម្មការ​ការពារ​សន្តិសុខ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​វត្តមាន​ប្រមុខ​រដ្ឋាភិបាល​គ្រោង​ចុះ​បំពេញ​ទស្សនកិច្ច​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​១០ មករា។ ដំណើរ​ទស្សនកិច្ច​នោះ ដើម្បី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល និង​អគារ​ត្រូវ​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​ថា កម្មវិធី​សម្ពោធ​នេះ​ធ្វើ​ឡើង​រួម​គ្នា​ជាមួយ​ភាគី​ឡាវ ដែល​មាន​មនុស្ស​ចូលរួម​ទាំង​ខ្មែរ និង​ឡាវ ជិត ១​ពាន់​នាក់ (៨៤០​នាក់)។ ចំណែក​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ថា លោក ហ៊ុន សែន នឹង​ពិនិត្យ​ស្ថានភាព​ទំនប់​វារីអគ្គិសនី​ដន​សាហុង ឬ​យ៉ាង​ណា​នោះ លោក​មិន​អាច​បញ្ជាក់​បាន​ទេ គឺ​អាស្រ័យ​ទៅ​លើ​កម្មវិធី​ជាក់ស្តែង៖ «ដោយសារ​យើង​សម្ពោធ​រួម​គ្នា​ជាមួយ​នឹង​ភាគី​ឡាវ ចឹង​ហើយ​ម្ខាងៗ​មាន ៤២០​នាក់»។

ក្លៀវ​ទេសចរ​មក​កម្សាន្ត​មើល​សត្វ​ផ្សោត​នៅ​តំបន់​អភិរក្ស​សត្វ​ផ្សោត​អន្លង់​ឈើទាល ក្នុង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជាប់​នឹង​ព្រំដែន​ទឹក​ឡាវ។ រូបថត​អង្គការ​ទន្លេបី រូបថត​អង្គការ​ទន្លេបី

ពលរដ្ឋ​រស់នៅ​ឃុំ​ព្រះរំកិល និង​ជា​គណៈកម្មការ​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល លោក ផយ វណ្ណា ឲ្យ​ដឹង​ថា ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាក់ទង​ការ​អភិរក្ស​តំបន់​ត្រី​ផ្សោត និង​និរន្តរភាព​នៃ​ភ្ញៀវ​ទេសចរ​ចូល​មក​តំបន់​កម្សាន្ត​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ គឺ​ជា​រឿង​សំខាន់ ទាក់ទិន​ការ​បែងចែក​ផល​ប្រយោជន៍​ចំនួន​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំង​ពីរ ក្រោយ​ពី​មាន​វត្តមាន​ទំនប់​វារីអគ្គិសនី​ដន​សាហុង នៅ​តំបន់​នោះ។ បញ្ហា​នេះ ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ និង​ឡាវ ស្រាយ​បំភ្លឺ​រួម​គ្នា​ស្ដីពី​ការ​ធានា​អភិរក្ស​សត្វ​ផ្សោត​តាម​ដង​ទន្លេ​មេគង្គ។

លោក​កត់​សម្គាល់​ថា ច្រើន​ខែ​មក​ហើយ​ដែល​សត្វ​ផ្សោត​រស់នៅ​អូរឈើទាល នៃ​ឃុំ​ព្រះរំកិល បាន​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែ​ទឹក​ខាង​លើ ហើយ​សត្វ​ផ្សោត​រស់នៅ​អូរឈើទាល​កន្លង​មក​មាន ៦​ក្បាល ក្រោយ​ពី​សាងសង់​ទំនប់​ដន​សាហុង នៅ​តំបន់​នោះ​គេ​ឃើញ​មាន​តែ ៣​ក្បាល​ងើប​បង្ហាញ​ខ្លួន។ បញ្ហា​នេះ លោក​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជជែក​ពិភាក្សា​ជាមួយ​ភាគី​ឡាវ រក​វិធានការ​ដោះស្រាយ និង​ទទួល​ខុស​ត្រូវ​លើ​ការ​សាងសង់​ទំនប់​នេះ៖ «តស៊ូ​មតិ​កន្លង​មក គឺ​ចង់​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ហ្នឹង​ហើយ។ ចុះ​បើ​គាត់​ធ្វើ​ទៅ​ខាង​គាត់​តែ​វា​ប៉ះពាល់​ដល់​ខាង​យើង។ តើ​បើ​គាត់​មិន​ទទួល​ស្គាល់​ចុះ​យើង​ធ្វើ​ម៉េច​ទៅ»។

លោក ផយ វណ្ណា បន្ថែម​ថា ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជាច្រើន​គ្រួសារ​មាន​ជីវភាព​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដែល​មក​ទស្សនា​សត្វ​ផ្សោត ដូចជា​លក់​សំបុត្រ​ចូល​ទស្សនា ផ្តល់​កន្លែង​ស្នាក់​នៅ បម្រើ​សេវា​ដឹក​ជញ្ជូន​ជូន​ភ្ញៀវ​ទេសចរ និង​លក់​ម្ហូប​អាហារ​បាន​ធ្លាក់​ចុះ​បណ្ដើរៗ ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ ហើយ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​លក់​សំបុត្រ​មួយ​ថ្ងៃ​បាន​ពី ៥០០​ដុល្លារ​ដល់ ១.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក តែ​បច្ចុប្បន្ន​ការ​លក់​សំបុត្រ​មិន​បាន ១០០​ដុល្លារ​ផង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF-Cambodia) លោក ឈិត សំអាត ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​ជា​រឿង​សំខាន់ ហើយ​លោក​ជឿជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួល​យក​នូវ​ក្តី​កង្វល់​របស់​សហគមន៍​ទៅ​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ឡាវ ទាក់ទិន​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​ដន​សាហុង។ លោក​ទទួល​ស្គាល់​ថា ចំនួន​សត្វ​ផ្សោត​រស់នៅ​ក្នុង​តំបន់​នោះ​កាន់​តែ​ធ្លាក់​ចុះ ហើយ​ការ​បន្ត​ពូជ​របស់​សត្វ​ផ្សោត ក៏​ពុំ​មាន​ដែរ។ បញ្ហា​នេះ សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ឡើង​វិញ​ដោយ​ឯករាជ្យ​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ លោក​ចង់​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​ឆ្ងាយ​ពី​តំបន់​ឆ្លង​ដែន​ប្រទេស​ទាំង​ពីរ​ប្រមាណ ១០​គីឡូម៉ែត្រ ថា​តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ និង​មាន​វិធានការ​អ្វី​ខ្លះ​ដែល​ត្រូវ​ដោះស្រាយ?៖ «តែ​យើង​ទាមទារ​ឲ្យ​មាន​ការ​សិក្សា ១០​គីឡូម៉ែត្រ​ពី​ទំនប់​ហ្នឹង​មក​ក្រោម ជាពិសេស​តំបន់​ឆ្លង​ដែន​ប្រទេស​កម្ពុជា យើង តើ​វា​មាន​ហេតុ​ប៉ះពាល់​អី​ខ្លះ? តើ​វិធានការ​អី​ខ្លះ​ដែល​គាត់​បកស្រាយ? តាម​ខ្ញុំ​ដឹង គឺ​មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន»។

លោក ឈិត សំអាត យល់​ថា ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋ និង​សហគមន៍​រង​ផល​ប៉ះពាល់​មាន​សិទ្ធិ​លើក​ឡើង​ពី​ផល​លំបាក​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល ឬ​អ្នក​ធ្វើ​គោល​នយោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ដោះស្រាយ។

ត្រី​ងាប់​នៅ​ក្បែរ​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) ក្នុង​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ជាប់​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៦ រូបភាព​ដោយ​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន រូបភាព​ដោយ​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន

ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ទាំង​យប់​ថ្ងៃ ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ រហូត​មក​ទល់​ពេល​នេះ សម្រេច​បាន​ជាង ៤០​ភាគរយ។ ក្រុមហ៊ុន មេហ្គា​ហ្វើស (Mega First Corporation Berhad) ទទួល​បន្ទុក​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង មាន​កម្ពស់​ពី ៣០​ម៉ែត្រ​ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ។ ចំណែក​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី គឺ​មាន​ចាប់​ពី ២៤០​មេហ្គា​វ៉ាត់​ទៅ ៣៦០​មេហ្គា​វ៉ាត់ គ្រោង​ចំណាយ​ថវិកា​អស់ ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទំនប់​នេះ​មាន​ចម្ងាយ ១​គីឡូម៉ែត្រ​កន្លះ (១.៥០០​ម៉ែត្រ) ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។

អតីត​អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ពុំ​មាន​សង្ឃឹម​សោះ​ឡើយ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឡាវ ពិចារណា​ទំនប់​វារីអគ្គិសនី​ដន​សាហុង​ឡើង​វិញ ខណៈ​ដំណើរ​ការ​សាងសង់​សម្រេច​បាន​ជាង ៤០​ភាគរយ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​ថ្លែង​គាំទ្រ​ឲ្យ​មាន​ការ​កសាង​ទំនប់​ដន​សាហុង​ដែរ​នោះ។ យ៉ាង​ណា លោក​ចង់​ឃើញ​ថា​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ធានា​ឲ្យ​បាន​ចំពោះ​ការ​ថែ​រក្សា​សត្វ​ផ្សោត​ឲ្យ​គង់វង្ស និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឡាវ បើក​ផ្លូវ​ទឹក​នៅ​តំបន់​ណា​មួយ​ជាក់លាក់ ដែល​អនុញ្ញាត​ឲ្យ​ត្រី​អាច​បន្លាស់​ទី​ទៅ​ផ្នែក​ខាង​លើ​បាន៖ «មិន​មែន​ប្រើ​តែ​ពាក្យ​ថា ទំនប់​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​សត្វ​ផ្សោត គឺ​យើង​មិន​ជឿ​ទេ។ ចំណុច​ត្រង់​ហ្នឹង​មិន​អាច​ទទួល​យក​បាន​ទេ។ រដ្ឋាភិបាល​ត្រូវ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថា ប្ដេជ្ញា​ក្នុង​ការ​ថែ​រក្សា​សត្វ​ផ្សោត​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ជំនួប​ប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នៅ​ខេត្ត​សៀមរាប ដោយ​បញ្ជាក់​ថា កម្ពុជា បាន​ពិនិត្យ​ទិដ្ឋភាព​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង​រួច​ហើយ​ឃើញ​ថា ពុំ​មាន​ប៉ះពាល់​ចលនា​របស់​ត្រី និង​កង្វះ​ខាត​ទឹក​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល បង្ហើប​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មួយ​ចំនួន​នៅ​ខែត្រ​ស្ទឹងត្រែង គ្រោង​ដាក់​ញត្តិ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ ខណៈ​វត្តមាន​លោក ហ៊ុន សែន មក​ខែត្រ​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៦ ពួក​គាត់​បាន​ខកខាន​មិន​បាន​ដាក់​ញត្តិ​ដោយសារ​សមត្ថកិច្ច​រារាំង៕

បុរស​ជនជាតិ​អាមេរិក​ចាប់​អាជីព​ជា​អ្នក​បកប្រែ​ភាសា​ខ្មែរ

                                                                                                                                                                            ក្នុង​ពេល​បច្ចុប្បន្ន​មាន​ជន​បរទេស​ជា​ច្រើន​បាន​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍​ដើម្បី​មក​ធ្វើ​ការងារ​ផ្សេងៗ ចូល​មក​រស់​នៅ និង​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជា​ដើម។ ពួកគេ​ខ្លះ​មាន​ចំណូល​ចិត្ត​រៀន​អក្សរ និង​និយាយ​ភាសា​ខ្មែរ។

«ខ្ញុំ​ស្រលាញ់​ការងារ​បកប្រែ​ត្រង់ ពេល​យើង​ធ្វើ​ការងារ​បកប្រែ​មាន​អារម្មណ៍​ថា យើង​ជួយ​គេ​ច្រើន ជា​ពិសេស​អ្នក​អត់​ចេះ​អង់គ្លេស ដែល​កំពុង​រស់​នៅ​ស្រុក​អាមេរិក ការងារ​ដែល​ខ្ញុំ​ធ្វើ​ភាគ​ច្រើន​គឺ​នៅ​ផ្នែក​ពេទ្យ និង​ផ្នែក​តុលាការ​នៅ​សហរដ្ឋ​អាមេរិក ហើយ​ភាគ​អ្នក​ដែល​អត់​ចេះ​អង់គ្លេស នៅ​អាមេរិក គាត់​ត្រូវ​ការ​ជំនួយ​ច្រើន ហើយ​នៅ​ពេល​យើង​បក​ឲ្យ​គាត់​យល់​គាត់​អរគុណ​យើង»៖ នេះ​ជា​សម្ដី​របស់​ជនជាតិ​អាមេរិក ស្បែក​ស​ម្នាក់​គឺ​លោក ថេន័រ អ៊ិលស្វត (Tanner Ellsworth) ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​រដ្ឋ​វឺជីនៀ (Virginia) នៃ​សហរដ្ឋ​អាមេរិក។

ក្នុង​វ័យ ៣៣​ឆ្នាំ លោក ថេន័រ អ៊ិលស្វត កើត​នៅ​រដ្ឋ​យូថា (Utah) នៃ​សហរដ្ឋ​អាមេរិក មាន​បងប្អូន ៩​នាក់ ប្រុស​៨ និង​ស្រី​ម្នាក់ ហើយ​គាត់​ជា​កូន​ទី​២។

មាន​មាឌ​ធំ​ដំបង សក់​ពណ៌​ទង់ដែង បុរស​ជនជាតិ​អាមេរិក រូប​នេះ បាន​រៀបរាប់​ពី​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ថា លោក​បាន​ចាប់​អាជីព​ជា​អ្នក​បកប្រែ​ភាសា​ខ្មែរ​ជាង ១០​ឆ្នាំ​ហើយ រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក។ លោក ថេន័រ និយាយ​ថា នេះ​ជា​ការងារ​ដ៏​ប្រសើរ​មួយ​ដែល​លោក​ចូលចិត្ត​ធ្វើ​បំផុត។ ចំណុច​ខ្លាំង​ទី​១​នោះ ក្រៅ​អំពី​ការ​ជួយ​មនុស្ស ការងារ​នេះ​មិន​បាន​ដាក់​បន្ទុក​ឲ្យ​គាត់ ដូចជា​ត្រូវ​ធ្វើ​របាយការណ៍​នៅ​ពេល​បញ្ចប់​ការងារ​នោះ​ទេ ដូច្នេះ​វា​មាន​ភាព​ដាច់​ស្រឡះ។ ជាង​នេះ ទៅ​ទៀត ឪពុក​របស់​លោក​ក៏​មាន​ប្រវត្តិ​ការងារ​ជា​អ្នក​បកប្រែ​ដែរ៖ «ការងារ​បក​ប្រែ ពេល​ខ្ញុំ​បកប្រែ​ឲ្យ​គេ​ម្ដងៗ គេ​ហាម​មិន​ឲ្យ​ខ្ញុំ​ឲ្យ​លេខ​ទូរស័ព្ទ ដើម្បី​កុំ​ឲ្យ​មាន​ភាព​លំអៀង...»។

ឪពុក​របស់​លោក ជា​មន្ត្រី​ទូត​របស់​ក្រសួង​ការបរទេស​អាមេរិក គាត់​ធ្លាប់​ជា​អ្នក​បកប្រែ​ភាសា​អេស្ប៉ាញ រុស្សី ភាសា​អារ៉ាប់ ភាសា​បារាំង និង​ភាសា​អាល្លឺម៉ង់។ បច្ចុប្បន្ន​ឪពុក​របស់​គាត់​ក៏​ចេះ​អាន​ភាសា​ខ្មែរ ប៉ុន្តែ​មិន​សូវ​ជា​ចេះ​និយាយ​នោះ​ទេ។


នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វី​លោក ថេន័រ អាច​ប្រើប្រាស់​ភាសា​ខ្មែរ ទាំង​សរសេរ អាន និង​និយាយ​បាន​ល្អ​ដូច្នេះ?

លោក​បាន​ឆ្លើយ​តប​ថា កាល​ពី​ឆ្នាំ​២០០២ ថ្នាក់​ដឹកនាំ​នៃ​ព្រះវិហារ​គ្រិស្ត​សាសនា​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​សាលារៀន​មួយ​នៅ​ក្នុង រដ្ឋ​យូថា រយៈពេល ២​ខែ ជាមួយ​គ្រូ​ដែល​ជា​ជនជាតិ​អាមេរិក ដូច​គ្នា ដើម្បី​រៀន​ភាសា​ខ្មែរ​ក្នុង​មួយ​ថ្ងៃ ៨​ម៉ោង ដែល​ពេល​នោះ​លោក​បាន​ចេញ​ទៅ​រៀន​ជាមួយ​ជនជាតិ​អាមេរិក ៤​នាក់​ផ្សេង​ទៀត។ លោក​បាន​រំលឹក​ថ្ងៃ​ដំបូង​ដែល​លោក​ចាប់​ផ្ដើម​រៀន​ភាសា​ខ្មែរ​ដូច្នេះ៖ «ខ្ញុំ​គ្រាន់​តែ​ចាំ​ថ្ងៃ​ដំបូង គ្រូ​ចូល​មក ៣​នាក់...»។

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​រៀន​ចប់​រយៈពេល ២​ខែ គេ​បាន​តម្រូវ​ឲ្យ​លោក​ចុះ​បេសកកម្ម​ចំណាយ​ពេល​រៀន​មួយ​ថ្ងៃ​មួយ​ម៉ោង​បន្ថែម​ទៀត។ គាត់​គិត​ថា ខ្លួន​ដូច​ជា​រៀន​ចេះ​ច្រើន​គ្រាន់​បើ​ដែរ ប៉ុន្តែ​នៅ​ពេល​ជួប​ជនជាតិ​ខ្មែរ គាត់​ស្ដាប់​ការ​សន្ទនា​មិន​បាន​សោះ។ លោក​បាន​ប្រសើរ​បន្តិច បន្ទាប់​ពី​លោក​បាន​ធ្វើការ​ជាមួយ​ជនជាតិ​ខ្មែរ​ច្រើន​នៅ​ក្នុង​ព្រះវិហារ និង​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ៖ «ពេល​ជួប​ខ្មែរ​ម្ដងៗ ឃើញ​គេ​ស្រី​ក៏​ហៅ​លោក​ពូៗ​ដែរ គេ​អស់​សំណើច (សំឡេង​សើច...)»។

លោក​បាន​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៤ លោក​បាន​ស៊ី​ឈ្នួល​បក​ប្រែ​ឲ្យ​ក្រុម​វិទ្យាសាស្ត្រ និង​អ្នក​អភិរក្ស​បរិស្ថាន ក្នុង​សិក្ខាសាលា​មួយ​ដែល​មាន​អ្នក​ស្រាវជ្រាវ​មក​ពី​ទូទាំង​ពិភពលោក​កំពុង​ធ្វើ​ការ​លើ​គម្រោង​អភិរក្ស​ប្រភេទ​សត្វ និង​រុក្ខជាតិ​ផ្សេងៗ នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ហើយ​ក្នុង​នោះ​គឺ​មាន​អ្នក​អភិរក្ស​ខ្មែរ​ម្នាក់ ក្នុង​គម្រោង​អភិរក្ស​សត្វ​អណ្ដើក​នៅ​តំបន់​ភ្នំ​ក្រវាញ។

លោក​ថា លោក​មាន​ការ​ពិបាក​ខ្លាំង​មែន​ក្នុង​ការ​បក​ប្រែ​នៅ​ពេល​នោះ។ ប៉ុន្តែ​លោក​មិន​ពិបាក​ដូច​ពី​មុន​ទេ ការ​ស្ដាប់ និង​និយាយ​ភាសា​ខ្មែរ​របស់​លោក​ឥឡូវ​បាន​ប្រសើរ​ច្រើន​ណាស់។ នៅ​ពេល​បកប្រែ​ម្ដងៗ លោក​តែង​ទទួល​បាន​ការ​គាំទ្រ និង​ការ​សរសើរ​ពី​អ្នក​ដែល​ទទួល​សេវា​បកប្រែ​ពី​លោក ដោយសារ​ការ​បក​ប្រែ​របស់​លោក​នៅ​ពេល​បច្ចុប្បន្ន​ស្ទាត់​ជំនាញ ទោះ​បក​ប្រដេញ​ពី​ភាសា​អង់គ្លេស មក​ភាសា​ខ្មែរ ឬ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស​ក្ដី៖ «»។

ធ្វើ​ការ​ក្នុង​នាម​ជា​សាសនា​វិទូ​នៃ​ព្រះវិហារ​សាសនា​ព្រះយេស៊ូវគ្រីស្ទ សម្រាប់​ពួក​បរិសុទ្ធ ថ្ងៃ​ចុង​ក្រោយ នៅ​ទីក្រុង​ថាខូម៉ា (Tacoma) និង​ទីក្រុង​សៀអាថល (Seattle) រដ្ឋ​វ៉ាស៊ីនតោន រយៈពេល ២​ឆ្នាំ មាន​ក្រុម​ជំនុំ​ជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន។ នៅ​ទី​នោះ លោក​បាន​បង្រៀន​ភាសា​អង់គ្លេស​ដល់​ខ្មែរ បង្រៀន​ថ្នាក់​ចូល​សញ្ជាតិ​ផង និង​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ខ្មែរ​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក ដោយ​ស្ម័គ្រ​ចិត្ត។

ភាសា​ខ្មែរ​នេះ​ហើយ គឺ​ជា​យាន​មួយ​ជំរុញ​ឲ្យ​លោក​កាន់​តែ​មាន​បេះដូង និង​មាន​ទំនាក់ទំនង​កាន់​តែ​កៀក​ជាមួយ​ខ្មែរ។

នៅ​ខែ​កញ្ញា ឆ្នាំ​២០០៥ លោក​បាន​ទៅ​លេង​ស្រុក​ខ្មែរ​ជា​លើក​ដំបូង។ នៅ​ឆ្នាំ​២០០៦ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​អ្នក​បកប្រែ​ពេញ​ម៉ោង។ នៅ​ស្រុក​ខ្មែរ លោក​ធ្លាប់​ធ្វើ​ជា​ពិធីករ​ឲ្យ​ស្ថានីយ​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) ទូរទស្សន៍ ម៉ាយធីវី (MYTV) ក្នុង​កម្មវិធី Cellcard Star។ នៅ​ពេល​ដែល​លោក​មក​ស្រុក​ខ្មែរ​នោះ​ហើយ លោក​បាន​ស្គាល់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ឆក់​យក​បេះដូង​បុរស​ជនជាតិ​អាមេរិក​រូប​នេះ។

នៅ​ឆ្នាំ​២០០៨ លោក ថេន័រ បាន​រៀបការ​ជាមួយ​លោកស្រី ស៊ុំ សាវលីន (Savlin Sum) ហៅ​វិសុទ្ធ។ នៅ​ឆ្នាំ​២០០៩ លោក​បាន​ធានា​ភរិយា​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​លោក​មាន​កូន ៣​នាក់ ប្រុស​ម្នាក់ និង​ស្រី ២​នាក់។

ក្រៅ​អំពី​ឈ្មោះ ថេន័រ លោក​ក៏​មាន​ឈ្មោះ​ហៅ​ក្រៅ​ជា​ភាសា​ខ្មែរ​ដែរ គឺ​ឈ្មោះ​ថា សុភណ្ឌ។ លោក​ថា លោក​ពេញ​ចិត្ត​ឈ្មោះ​នេះ​ណាស់​ព្រោះ​មាន​អត្ថន័យ​ល្អ។

លោក ថេន័រ គឺ​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​លេង​សើច និង​ចេះ​យក​អាសា​អ្នក​ដទៃ។ លោក​អាច​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​ខ្មែរ​យ៉ាង​រលូន និង​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស ចេះ​និយាយ​ពាក្យ​គ្រលាស់ និង​ចេះ​និយាយ​កំប្លុកកំប្លែង​លេង​សើច​ទៀត​ផង។ អ្នក​នៅ​ក្បែរ​គាត់​ភាគ​ច្រើន តែង​ទទួល​បាន​ភាព​រីករាយ​តាម​រយៈ​សំដីសំដៅ​ប៉ៃឡាំ​របស់​គាត់៖ «»។

ងាក​មក​រឿង​ហូប​ចុក​វិញ ថេន័រ បាន​ឆ្លើយ​រៀបរាប់​យ៉ាង​សាមញ្ញ​នូវ​មុខ​ម្ហូប ឬ​ចំណី​ខ្មែរ​ជា​ច្រើន​មុខ​ដែល​គាត់​ចូល​ចិត្ត៖ «ខ្ញុំ​ចូលចិត្ត​ខ​សាច់​ជ្រូក នំ​បញ្ចុក បាញ់ឆែវ ឆា​ខ្ញី ខ្ញុំ​ចូល​ចិត្ត​ច្រើន​មុខ ទោះ​ជា​ចង្រិត អាពីង អង្ក្រង​អី​ក៏​ខ្ញុំ​ញ៉ាំ​ដែរ។ (ម្ហូប) ខ្លះ​ប្រពន្ធ​ខ្ញុំ​អត់​ហ៊ាន​តែ​ខ្ញុំ​ហ៊ាន ប្រពន្ធ​ខ្ញុំ​អត់​ចេះ​ញ៉ាំ​អាពីង ខ្ញុំ​ដាក់​អាពីង​វ៉ាប់ៗ (សើច...) វា​ឆ្ងាញ់។ ដំបូង​ញញើត​ដែរ ដំបូង​ធ្វើ​លក្ខណៈ​របៀប​ដូច​យើង​ចង់​បង្ហាញ​ថា យើង​ហ៊ាន ដល់​ឆ្ងាញ់​ទៅ​ចេះ​តែ​ញ៉ាំ​ទៀត (សើច...)»។

ក្រៅ​អំពី​ចំណូល​ចិត្ត​ក្នុង​អាជីព​ការងារ​ជា​អ្នក​បកប្រែ​នេះ ប្រាក់​ចំណូល​បាន​ពី​ការងារ​នេះ​បាន​ច្រើន​គួរ​សម​ដែរ។ លោក​អាច​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃ​លោក​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រមាណ ៥០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ។

លោក​បាន​រៀបរាប់​ថា ពី​គោលបំណង​ក្នុង​ជីវិត​គ្រួសារ​ដូច្នេះ៖ «យើង​ជា​ឪពុក ឬ​ម្ដាយ គោលបំណង​របស់​យើង​ឥឡូវ​វា​ខុស​ប្លែក​ពី​កាល​យើង​នៅ​ក្មេង។ ខ្ញុំ​មាន​កូន ៣​នាក់ ខ្ញុំ​ចង់​ផ្ដល់​ជីវភាព​ល្អ ជា​គោលបំណង​សំខាន់​ទី​១​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ចិញ្ចឹម​គាត់​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ល្អ ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ដើរ​តាម​ព្រះ»។

ថ្វី​បើ​លោក​ចេះ​ភាសា​ខ្មែរ ទាំង​អក្សរ និង​និយាយ​ក្ដី លោក​មាន​ចំណូល​ចិត្ត​ក្នុង​ការ​រៀន​ភាសា​ផ្សេងៗ​ទៀត។ ទន្ទឹម​នឹង​គ្នា​នេះ លោក​ក៏​ចេះ​ភាសា​វៀតណាម អេស្ប៉ាញ ហើយ​បច្ចុប្បន្ន​លោក​បាន​ចាប់​ផ្ដើម​រៀន​ភាសា​ចិន មួយ​ទៀត៕

តុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​ពី​បទ​ធ្វើ​​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់

                                                                                                                                                                           ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ពីរ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ដើម្បី​ស៊ើប​អង្កេត​បទ​ចោទ​ប្រកាន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​​ច្បាប់។ ស្ត្រី​ទាំង​ពីរ​នាក់​មាន​ឈ្មោះ សំ យ៉េត អាយុ ៤៤​ឆ្នាំ និង​ឈ្មោះ ស៊ូ ម៉ាយ៉ាន អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​​ពូទុង ឃុំ​ចុងឆ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

​ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា បញ្ជាក់​ថា មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ស្ត្រី​ទាំង​ពីរ​តាម​ច្បាប់​រ៉ែ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួកគេ​បញ្ជូន​មក​ស្ថាប័ន​អយ្យការ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា។ លោក​ថា បាន​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត៖ «រឿង​ពាក់ព័ន្ធ​ធ្វើ​រ៉ែ អត់​មាន​ការ​អនុញ្ញាត ឥឡូវ​យើង​នាំ​គាត់​មក​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ»។

​ចំណែក​ប្រធាន​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី លោក អាន គឹមឡុង បញ្ជាក់​ដែរ​ថា ជន​ជាប់​ចោទ​ត្រូវ​បាន​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រួច​ហើយ​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ។

សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ឃុំ​ចុងឆ្លាស់ ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់​ពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ចុះ​បង្ក្រាប​នៅ​កន្លែង​ជីក​រ៉ែ​មាស នៅ​ភូមិ​ពូទុង ខណៈ​នោះ​ដែរ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​លើក​គ្នា​មាន​កាំបិត​ពូថៅ​រារាំង​ក្រុម​សមត្ថកិច្ច។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស បដិសេធ​មិន​អធិប្បាយ​ពី​រឿង​នេះ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ពីព្រោះ​លោក​ថា កំពុង​ឋិត​នៅ​ក្រុង​ភ្នំពេញ៕

WWF គាំទ្រ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​សូកហ្វីន​ដែល​ប្រកាន់​គោលការណ៍​មិន​កាប់​ព្រៃ​ឈើ

WWF គាំទ្រ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​សូកហ្វីន​ដែល​ប្រកាន់​គោលការណ៍​មិន​កាប់​ព្រៃ​ឈើ

ក្រុម​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ខេត្ត​រតនគិរី ចុះ​បង្ក្រាប​ទីតាំង​កាប់​ឈើ​នៅ​ភ្នំ​ជង ក្នុង​ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ រូបថត​សហគមន៍រ



អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ប្រចាំ​កម្ពុជា ហៅ​កាត់​ថា WWF-កម្ពុជា (WWF-Cambodia) ប្រកាស​គាំទ្រ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សូកហ្វីន (Socfin) ដែល​ប្រកាន់​គោលការណ៍​មិន​កាប់​បំផ្លាញ​ព្រៃ​ឈើ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ WWF-កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឲ្យ​ដឹង​ថា ក្រុមហ៊ុន សូកហ្វីន ជា​ក្រុមហ៊ុន​ទី​មួយ​ដែល​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ប្រកាន់​គោលការណ៍​មិន​កាប់​បំផ្លាញ​ព្រៃ​ឈើ។

WWF-កម្ពុជា ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ល្អ​នៅ​កម្ពុជា ហើយ​អង្គការ​នេះ​សង្ឃឹម​ថា នឹង​មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នឹង​យក​គំរូ​តាម​ក្រុមហ៊ុន​នេះ។ WWF-កម្ពុជា បន្ត​ថា នេះ​ជា​ជំហាន​ដំបូង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​អនុវត្ត​ផែនការ​សកម្មភាព​ជាក់ស្ដែង ដែល​នឹង​ត្រូវ​តាមដាន និង​ត្រួត​ពិនិត្យ ដើម្បី​ធានា​ថា ក្រុមហ៊ុន​នេះ​ពិត​ជា​អនុវត្ត​តាម​គោលការណ៍​មិន​កាប់​បំផ្លាញ​ព្រៃ​ឈើ។

WWF-កម្ពុជា បញ្ជាក់​ថា តំបន់​ខ្ពង់រាប​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា គឺ​ជា​តំបន់​សំខាន់​មួយ​របស់​ពិភពលោក​សម្រាប់​ជីវចម្រុះ ហើយ​ក្រុមហ៊ុន​ឯកជន​នានា​ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ដែល​ទាមទារ​ឲ្យ​មាន​គោលការណ៍​ប្រកប​ដោយ​ចីរភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ៕

សាក្សី​ រឿង​ឡាន​បុក​ប៉ូលិស​សន្លប់ ​ត្រូវ​ចូល​បំភ្លឺ​តុលាការ​ថ្ងៃ​នេះ


អ្នក​ដើរ​ដែល​គេ​សង្ស័យ​ថា​លោក ឈាន ពិសិដ្ឋ (ឆ្វេង) និង ឌិន ពុទ្ធី ហៅ ម៉ង់ ពុទ្ធី (ដៃ​ជាប់​ខ្នោះ)។ ហ្វេសប៊ុក



បន្ទាយមានជ័យៈ សាក្សី​ ៣ ​នាក់​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​​នេះ​លើ​សំណុំ​រឿង​លោក ឌិន ​ពុទ្ធី ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ជា​សមាជិក​សកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​រឿង​បើក​រថយន្ត​បុក​លោក​ឈាន​ ពិសិដ្ឋ​ ជា​មន្រ្តី​ប៉ូលិស​អន្តោប្រវេសន៍​ឲ្យ​សន្លប់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​កាលពី​ពេល​កន្លង​មក​។

លោក​ គឹម​ សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​​ ឌិន ពុទ្ធី​ បាន​ឲ្យ​ដឹង​ថា​សាក្សី​ ៣ ​នាក់​នឹង​ត្រូវ​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​ស្នើសុំ​ក្នុង​នាម​ជា​សាក្សី​។

លោក​ថា​៖ «យើង​បាន​ដាក់​សាក្សី​ ៤ ​នាក់​ស្នើ​ទៅ​តុលាការ​តែ​តុលាការ​ព្រម​ឲ្យ​​ ៣ ​នាក់​ ដូច្នេះ​ពួកគេ​នឹង​ត្រៀម​ឡើង​ទៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​»។

សាក្សី​ទាំង​ ៣ ​នោះ​មាន​ឈ្មោះ ញ៉ែត​ នាង,​ហ៊ុន សេងអឿន និង អ៊ុន ជីវន។

លោក ញ៉ែត នាង ជា​សាក្សី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​លោក​​ត្រៀម​រួចរាល់​ក្នុង​បំភ្លឺ​នៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ដែល​បាន​ឃើញ​ និង​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ។


លោក​ថា​៖ «សាក្សី​ដែល​ឃើញ​គឺ​ច្រើន​ណាស់​នៅ​កន្លែង​កើត​ហេតុ​យើង​ត្រៀម​រួច​ហើយ​ក្នុង​ការ​បំភ្លឺ​ជា​សាក្សី​ដល់​តុលាការ​ថា​លោក​ ពុទ្ធី មិន​បាន​បើក​បុក​លោក​ ពិសិដ្ឋ ​នោះ​ទេ»។

ចំណែកឯ​លោក ឌិន ភារិទ្ធ​ ជា​ប្អូន​លោក​ ឌិន ពុទ្ធី បាន​ឲ្យ​ដឹង​ថា​ខាង​ក្រុម​គ្រួសារ​ និង​ខាង​សមាគម​នឹង​តាមដាន​ករណី​នេះ​បើ​តុលាការ​មិន​ផ្តល់​យុត្តិធម៌​ទេ​លោក​នឹង​ដឹកនាំ​ការ​តវ៉ា​ម្ដង​​ទៀត។

លោក​បញ្ជាក់​ថា​៖ «ចាំ​មើល​ករណី​នេះ​តើ​តុលាការ​សម្រេច​យ៉ាង​ណា​​បើ​គ្មាន​យុត្តិធម៌​យើង​នឹង​តវ៉ា​ម្តង​ទៀត​ដើម្បី​ស្វែងរក​យុត្តិធម៌»។

ទោះ​ជា​យ៉ាង​ណា​កាលពី​ថ្មីៗ​នេះ​ក្រសួង​មហាផ្ទៃ​ និង​ស្ថាប័ន​តុលាការ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​លោក​ឈាន​ ពិសិដ្ឋ ពិតជា​រងរបួស​ដោយសារ​ការ​បុក​ពី​លោក​ ឌិន ពុទ្ធី​ ពិត​មែន​ដោយ​បាន​សំអាង​ថា​ជន​រងគ្រោះ​មាន​ឯកសារ​បញ្ជាក់​ពី​ខាង​មន្ទីរពេទ្យ​។

ប៉ុន្តែ​បើ​តាម​ហ្វេសប៊ុក​ជាច្រើន​ឡាន​នោះ​នៅ​ស្ងៀម​ រីឯ​ឃ្លីប​វីដេអូ​ដែល​គេ​អះអាង​ថា​ថត​ពេល​ជនរងគ្រោះ​នៅ​ប្រទេស​ថៃ​ឃើញ​គាត់​ដើរ​ជាមួយ​នារី​ម្នាក់​ហាក់​ដូចជា​មនុស្ស​ជា​ធម្មតា​៕