Friday, January 20, 2017

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​វិធានការ​ធ្ងន់ធ្ងរ​លើ​អាជីវករ​ដែល​ដាក់​សារធាតុ​គីមី​រក្សា​ទំនិញ


អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea



មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​មាន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ទៅលើ​ក្រុម​អាជីវករ​ទាំងឡាយ​ណា ដែល​មុខ​ទំនិញ​របស់​ពួកគេ ត្រូវ​មន្ត្រី​ជំនាញ​រក​ឃើញ​មាន​សារធាតុ​គីមី ដាក់​លក់​នៅ​លើ​ទីផ្សារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ធ្វើ​ពិសោធន៍​រក​ឃើញ​សារធាតុ​គីមី នៅ​លើ​គ្រឿង​សមុទ្រ​ស្រស់​មួយ​ចំនួន ដែល​អាជីវករ​ដាក់​លក់​នៅ​លើ​ទីផ្សារ​វាលរេញ និង​ផ្សារ​លើ។​

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ដុត​បំផ្លាញ បង្គា និង​មឹក​ស្រស់​សរុប​មាន​ចំនួន​ជាង ៥០​គីឡូក្រាម ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចាប់ និង​ដកហូត ពី​ក្រុម​អាជីវករ នៅ​ផ្សារ​វាលរេញ និង​ផ្សារ​លើ។

មន្ត្រី​ជំនាញ​រូប​នេះ ព្រួយបារម្ភ​អំពី​ខុស​ភាព របស់​ប្រជាពលរដ្ឋ នៅ​គ្រា​ស្ថាប័ន​នេះ បាន​នាំ​យក​មន្ទីរ​ពិសោធន៍​ចល័ត​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល មក​ពិសោធន៍​គ្រឿង​សមុទ្រ ឬ​ម្ហូប​សមុទ្រ​ស្រស់ៗ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ហើយ​បាន​រក​ឃើញ បង្គារ និង​មឹក​ស្រស់ ព្រមទាំង​ស្ពៃ​ជ្រក់ មាន​មាន​ផ្ទុក​សារធាតុ​គីមី ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ទៅលើ​ចំណីអាហារ។

លោក ជា ប៉ិច រៀបរាប់​ថា គ្រឿង​សមុទ្រ​ស្រស់ ដែល​អាជីវករ​ដាក់​លក់ នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ ៤ នៅ​ទល់មុខ​ផ្សារ​វាលរេញ ស្រុក​ព្រៃនប់ មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​មុខទំនិញ ២០​ប្រភេទ​ផ្សេងគ្នា បាន​រក​ឃើញ​ស្តង់​លក់​គ្រឿង​សមុទ្រ​ស្រស់ ២​តូប មាន​ផ្ទុក​សារធាតុ​គីមី ទៅលើ​បង្គារ​ស្រស់​ប្រមាណ ១៤​គីឡូក្រាម។ ចំណែក​នៅ​ផ្សារ​លើ ការ​ត្រួតពិនិត្យ ទៅលើ​ស្តង់ ឬ​តូប​អាជីវករ​លក់ដូរ នៅ​ក្នុង​ផ្សារ​នេះ​ចំនួន ៥៣​តូប រក​ឃើញ​តូប​លក់ដូរ​ចំនួន ១១ តូប ដាក់​លក់​គ្រឿង​សមុទ្រ​ស្រស់ គឺ​ប្រភេទ​បង្គារ និង​មឹក​ស្រស់​ជិត ៤០​គីឡូក្រាម មាន​ដាក់​សារធាតុ​គីមី ដែល​មន្ត្រី​ជំនាញ​ហាមឃាត់។


លោក ជា ប៉ិច បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ​លក់ដូរ​ចំណីអាហារ​ទូទៅ ត្រូវ​មាន​ភាព​ស្មោះត្រង់ ដោយ​មិន​ត្រូវ​លួច​ដាក់​សារធាតុ​គីមី ទៅលើ​ចំណីអាហារ ដើម្បី​ទុក​លក់ដូរ​បាន​យូរ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​អ្នក​ទទួលទាន​នោះ​ទេ ៖ «ខ្ញុំ​ស្នើសុំ​ទៅដល់​អាជីវករ​លក់ដូរ​ម្ហូប​អាហារ និង​ចំណីអាហារ​គ្រប់​ប្រភេទ ទាំង​អ្នក​បោះ​ដុះ​លក់ និង​អ្នក​លក់រាយ នៅ​លើ​ទីផ្សារ សូម​មេត្តា បញ្ឈប់​នូវ​ការប្រើប្រាស់​សារធាតុ​គីមី ហាមឃាត់​ទៅលើ​គ្រឿង​សមុទ្រ និង​មុខម្ហូប​គ្រប់​ប្រភេទ​ជា​បន្ត​ទៅ​ទៀត»។

មន្ត្រី​ជំនាញ​ចំណីអាហារ លោក ជា ប៉ិច ស្នើ ឲ្យ​ក្រុម​អាជីវករ​លក់ដូរ​បន្លែ​ត្រី​សាច់​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​រក​សារធាតុគីមី នៅ​លើ​ចំណីអាហារ នៅ​តាម​ទីតាំង​ផ្សេងៗ មាន​ទីផ្សារ​ជាដើម ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​អាច​នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់ បើ​ក្រុម​អាជីវករ​រូប​ណា​រឹងទទឹង មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ។

មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​សាធារណៈ​ជន​ទូទៅ បាន​គាំទ្រ​សកម្មភាព របស់​មន្ត្រី​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ក្នុង​ការងារ​ចុះ​ត្រួតពិនិត្យ​រក​សារ​ធាតុគីមី​ជា​បន្តបន្ទាប់ ទៅលើ​ចំណីអាហារ និង​បន្លែ​ផ្លែឈើ​ជាដើម ដើម្បី​ចូលរួម​ថែរក្សា​សុខភាព​ពលរដ្ឋ​។​

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​មន្ត្រី ជំនាញ​កាំកុងត្រូល ឲ្យ​បង្កើន​សកម្ម​ភាព​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នេះ ឲ្យ​បាន​ញឹកញាប់​ជាប្រចាំ​ថ្ងៃ ឬ​យ៉ាង​ហោច​ឲ្យ​បាន ១​សប្ដាហ៍​ម្ដង។

អ្នកស្រី សុធារី ដែល​ជា​ស្ត្រី​មេផ្ទះ និង​មាន​កូនស្រី​ក្នុង​បន្ទុក មាន​ជំងឺ​ក្រពះ​ពោះវៀន​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ទៅតាម​វេជ្ជបញ្ជា ជាប្រចាំ​ផង​នោះ​។

អ្នកស្រី បាន​ទទូច​ដល់​មន្ត្រី​កាំ​កុង សាខា​ខេត្ត​ព្រះសីហនុ បើ​រក​ឃើញ​អាជីវករ និង​អ្នក​ជាប់​ពាក់ព័ន្ធ​រូប​ណា បាន​ដាក់​សារធាតុ​គីមី ម្ហូបអាហារ និង​មុខទំនិញ​គ្រប់​ប្រភេទ ដើម្បី​អាច​រក្សាទុក​លក់ដូរ​បា​ន​យូរ ត្រូវតែ​នាំ​ជន​ប្រព្រឹត្តិ​ល្មើស​ទាំងនោះ ទៅ​ផ្ដន្ទាទោស​តាមច្បាប់ ឬ​ដាក់​ពិន័យ ឲ្យ​បាន​ធ្ងន់ធ្ងរ ទើប​ពួកគេ​រាងចាល៖ «សូម​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ និង​ម្ហូបអាហារ​ដាក់​លក់​នៅ​លើ​ទីផ្សារ ឲ្យ​បាន​ញឹកញាប់ ហើយ​បើសិនជា​រក​ឃើញ​គួរ​តែ​មាន​ការ​ផាក​ពិន័យ និង​គួរ​មាន​បម្រាម​បិទ​ដាក់​នៅ​តាម​ទីតាំង​នីមួយៗ​ដើម្បី​ជា​ការ​ពញាក់​ស្មារតី ដល់​សាមី​ខ្លួន​ផង និង​ប្រាប់​ទៅដល់​អតិថិជន​ផង។ ប៉ុន្តែ​បើ​មន្ត្រី​យើង​គ្រាន់តែ​ទៅ​ដក​ហូត​យក​គ្រឿង​សមុទ្រ ឬ​មុខទំនិញ​ទាំងនោះ​យក​មក ដុត​កម្ទេច​ចោល ដោយ​មិនបាន​អប់រំ និង​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ នៅ​ពេល​ភ្លេចត្រចៀក​នឹង​ទំនិញ​មាន​ដាក់​សារធាតុ​គីមី​ទាំងនោះ នឹង​វិល​ត្រឡប់មកវិញ​។ សព្វ​ថ្ងៃ​នេះ មនុស្ស​យើង​ភាគច្រើន​ចង់​មាន​ចង់​បាន ដោយ​លែង​ខ្វល់ខ្វាយ​ពី​សុខភាព​អ្នកណា​ទាំងអស់ ដោយសារតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ម្នាក់ៗ»។

យ៉ាងណា​ក៏​ដោយ​ចុះ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ប្រកាស​លេខ​ទូរស័ព្ទ ជូន​ដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ បើ​មាន​ព័ត៌មាន​សង្ស័យ​ថា ទីតាំង​ណាមួយ​មាន​លក់​អាហារ​ស្រស់ ឬ​ចំណីអាហារ​ទាំង​ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន ឲ្យ​បាន​ឆាប់ មកកាន់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាមរយៈ​លេខ​៖ ០៩៨ ៥៥៥ ៦៦៦- ០១៧ ៤៤ ៣៧ ៣៧ និង ០១២ ៩៤៦ ០៤៦៕

ពលរដ្ឋ​ថា​ឈ្មួញ​បន្ត​ដាក់​តាំង​លក់​សត្វ​ព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​ជា​សាធារណៈ

សត្វ​ស្វា​ព្រៃ​ដែល​អ្នក​ភូមិ​ក្នុង​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាញ់​បាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Men Sothyr



ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ជា​ថ្មី​ទៀត ដល់​រដ្ឋាភិបាល​ឲ្យ​លប់​បំបាត់​ការ​ជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់ ដ្បិត​ឈ្មួញ​នៅតែ​បន្ត​ដាក់​លក់​ជា​សាធារណៈ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង បើទោះបីជា មន្ត្រី​ជំនាញ​ធ្លាប់​បាន​បង្ក្រាប​ច្រើន​សា​ក្ដី។ សង្គម​ស៊ីវិល​ចាត់​ទុក​ការ​បណ្ដោយ​ឲ្យ​ឈ្មួញ​លក់​សត្វព្រៃ និង​ការអនុវត្ត​ច្បាប់​ធូររលុង គឺជា ការ​រួម​ចំណែក​បំផ្លាញ​សត្វព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​ជួញ​ដូរ​សត្វព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​កំពុង​បើក​ទូលាយ​ជា​សាធារណៈ និង​លក់​ជាប្រចាំ​ថ្ងៃ ដូចជា​សត្វ​ឈ្លូស ប្រើស ត្រកូត និង ជ្រូកព្រៃ​ជាដើម ពុំ​ឃើញ​មាន​ស្ថាប័ន​ណា បង្ហាញ​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ​។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក(ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៩ មករា​ថា ឈ្មួញ​មុខ​ដដែលៗ​បាន​លក់​សត្វព្រៃ​នៅ​ផ្សារ​ខែត្រ​ស្ទឹងត្រែង​ចំនួន ៤ ទៅ ៥ ទីតាំង​ច្រើន​ឆ្នាំ​មក​ហើយ កម្រ​ឃើញ​សមត្ថកិច្ច​ឃាត់​ជនល្មើស​ឲ្យ​ទទួលខុសត្រូវ​ទណ្ឌកម្ម​ច្បាប់​ឡើយ គឺ​ឃើញ​តែ​រឹបអូស​សត្វព្រៃ និង​វត្ថុ​តាង​ដុត​បំផ្លាញ​ចោល​។

ក្រៅពី​នេះ​នៅ​ភោជនីយដ្ឋាន​មួយ​ចំនួន នៅ​ខែត្រ​ស្ទឹងត្រែង ក៏​មាន​ដាក់​លក់​សត្វព្រៃ​ដែរ។ លោក​រិះគន់ អាជ្ញាធរ​រដ្ឋាភិបាល​ថា គ្មាន​ឆន្ទៈ​លប់​បំបាត់​ការ​ជួញដូរ​សត្វព្រៃ​នោះ​ទេ បែរជា​បណ្ដោយ​ឲ្យ​ករណី​នេះ​កើតឡើង​ដដែលៗ ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​អស់​ជំនឿ ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​៖ «គ្រាន់តែ​ធ្វើ​លំៗ​កន្ទេល​ធំ​ប្រ​ឡំ​ដេក​ដែរ​ហ្នឹង រហូតដល់​ពេលខ្លះ​ទាល់តែ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដូចជា​ក្រសួង​ចុះ​មក​ធ្វើការ​បង្ក្រាប​អីចឹង​ទៅ ប៉ុន្តែ​ដោយឡែក​ជំនាញ​នៅ​ក្នុង​ខែត្រ​នេះ​ដូចជា មិន​​បាន​ធ្វើ​អី​ទេ​ទាំង​បទល្មើស​សត្វព្រៃ ទាំង​បទល្មើស​ព្រៃឈើ​ទាំង​បរិស្ថាន​អី​យើង​ឃើញ​ថា ដូចជា​មិន​មាន​ចំណាត់​ការ​អី​ឲ្យ​ធំដុំ»។
កាលពី​ចុង​ឆ្នាំ ២០១៦ មន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​អាវុធហត្ថ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង​រឹបអូស​បាន​សាច់​សត្វ​ព្រៃ​រាប់​រយ​គីឡូក្រាម ព្រមទាំង​ឃាត់ខ្លួន​ជនល្មើស​បាន ៣​នាក់ និង​ត្រូវ​បាន​ដោះលែង​វិញ។ សត្វព្រៃ​ដែល​អាជ្ញាធរ​ជំនាញ​បង្ក្រាប​នោះ​មាន​ដូចជា​ឈ្លូស​ប្រើស ស្វា​អណ្ដើក​ជ្រូកព្រៃ ត្រកួត​និង​រញី​ជាដើម។ ក្រោយពី​ការ​បង្ក្រាប​បាន ៤​ថ្ងៃ​មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​នៅតែ​ប្រទះឃើញ​ឈ្មួញ​ដាក់​លក់​សត្វព្រៃ​ដដែល។

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បានទេ​នៅ​ថ្ងៃ​ទី ១៩ មករា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Birth Life international) លោក ប៊ូ វីរសក្ស សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​ការ​ចរាចរ​លក់​សត្វព្រៃ​នៅតែ​កើតមាន​គគ្រឹក​គគ្រេង។

បញ្ហា​នេះ​អង្គការ​លោក​កំពុង​ជួយ​ដល់​មន្ទីរ​បរិស្ថាន ក្នុង​កិច្ច​ការងារ​គ្រប់គ្រង​អនុវត្ត​ច្បាប់ គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង​ខាងលិច នៅ​គ្រា​ដែល​បទល្មើស​បរបាញ់​ដោយ​កាំភ្លើង​ច្នៃ និង​ការ​ដាក់​អន្ទាក់​កើន​ឡើង។

លោក​ថា ការប្រើប្រាស់​កាំភ្លើង​កែច្នៃ និង​ការ​ដាក់​អន្ទាក់​គឺជា​មូលហេតុ​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ចាប់​សត្វព្រៃ​ធ្វើ​អាជីវកម្ម ហេតុនេះ​លោក​ចង់​ឃើញ អាជ្ញាធរ​ជំនាញ​ទទួលខុសត្រូវ​ក្នុង​ការ​បង្ក្រាប និង​គ្រប់គ្រង​អាវុធ​កែច្នៃ​គ្រប់​ប្រភេទ​៖ «ជា​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​ដែរ​គាត់​នៅ​ជិត​ទីផ្សារ​ជាងគេ​ហ្នឹង ទាំង​រដ្ឋបាល​ព្រៃឈើ​ទាំង​មន្ទីរ​បរិស្ថាន​ខែត្រ សួ​ម​ជួយ​ផង​ក្នុង​ការ​ពិនិត្យមើល​ពី​លទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​សត្វព្រៃ​ហ្នឹង»។

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ទទូច​ឲ្យ​រដ្ឋាភិបាល​លប់​បំបាត់​ការប្រើប្រាស់​កាំភ្លើង​ច្នៃ​គ្រប់​ប្រភេទ នៅ​គ្រា​ដែល​អ្នកភូមិ​មួយ​ចំនួន​នៅ​ជនបទ​ភាគច្រើន​ប្រើប្រាស់​ដើម្បី​បាញ់​សត្វព្រៃ។ លោក​ចាត់​ទុក​កាំភ្លើង​ទាំងនេះ ជា​ប្រភព​វិនាសកម្ម​សត្វព្រៃ និង ប៉ះពាល់​សុវត្ថិភាព​រស់នៅ​របស់​ពលរដ្ឋ​ផង​៖ «បើ​ថា​កាំភ្លើង​ខ្យល់​ហ្នឹង​ឃើញ ៥​បាន ៥ បើ​ឃើញ​១០​គឺ​បាន​ទាំង ១០ គិត​ទៅ​វា​ចង់​ខ្លាំង​ជាង​កាំភ្លើង​មែនទែន​ផង​។ បើ​កាំភ្លើង​មែនទែន​បាញ់​ទៅ​អាច​ឮ​ដល់​ប៉ូលិស​គេ​ទៅ​ដក​យក​ទៅ​ខាន​ទៅ។ បើ​កាំភ្លើង​ខ្យល់​ឆ្ងាយ​ពី​គ្នា ប្រហែល​២០​ទៅ ៣០​ម៉ែត្រ​ក៏​អត់​ដឹង​ដែរ»។

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា សត្វព្រៃ​ដែល​ឈ្មួញ​ដាក់​លក់ ទំនងជា​ត្រូវ​បាន​ចរាចរ​ពី តំបន់​ព្រៃ​ការងារ​សៀម​ប៉ាង​ខាងលិច តំបន់​ព្រៃ​ឡង់ ស្រុក​ថាឡាបរិវ៉ាត់ តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ក្នុងស្រុក​សៀម​ប៉ាង និង​តំបន់​ព្រៃស្រោង​មួយ​ចំនួន​ទៀត​នៃ​ស្រុក​សេសា​ន និង​ស្រុក​សៀម​បូក ខែត្រ​ស្ទឹងត្រែង។

ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​៤៩ ចែងថា ហាមឃាត់​ដាច់ខាត​រាល់​សកម្មភាព​បរបាញ់ យាយី​បំផ្លាញ​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការនាំចេញ​នាំចូល៕

ទស្សនៈ​ជុំវិញ​គម្រោង​ផ្លាស់ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ

កម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​លោក កែវ ភីរម្យ យក​ចូល​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។ RFA/Uon Chhin
 

សាលា​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​គម្រោង​កែ​លម្អ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី មុន​នឹង​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់ បន្ទាប់​ពី​​ទទួល​បាន​គោលការណ៍​សម្រេច​ពី​ក្រសួង​មហាផ្ទៃ កាលពី​​​ដើម​ខែ​មករា។ ពលរដ្ឋ​មួយ​ចំនួន​ ​មិន​ជំទាស់​នឹង​គម្រោង​ផ្លាស់ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។ ក៏ប៉ុន្តែ ពលរដ្ឋ​ខ្លះ​ យល់​ថា ទីតាំង​ថ្មី​នេះ មិន​សក្ដិសម​សម្រាប់​ធ្វើ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។ សម្រាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​វិញ ទីលាន​ប្រជាធិបតេយ្យ​ចាស់​នៅ​ក្បែរ​វត្ត​ភ្នំ ជា​និមិត្ត​រូប​នៃ​សេរីភាព និង​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ក្រោក​ឡើង​ទាមទារ​ស្វែង​រក​យុត្តិធម៌ និង​សមភាព​ សម្រាប់​ការ​រស់នៅ ដែល​គួរ​រក្សា​ទុក​ជា​អនុស្សាវរីយ៍។

មាន​ផ្ទៃ​២ម៉ឺន​ម៉ែត្រ​ការ៉េ សួនច្បារ​គីឡូម៉ែត្រ​លេខ​៦ ជា​កន្លែង​ហាត់ប្រាណ កន្លែង​សម្រាក​កម្សាន្ត​ និង​កន្លែង​លក់​អាហារ​ ភេសជ្ជៈ​ របស់​ពលរដ្ឋ​នៅ​តំបន់​នេះ។ វា​ស្ថិត​នៅ​មុខ​ស្ថានីយ​​ស្តុក​ប្រេង​ឥន្ធនៈ​សូគីម៉ិច (Sokimex) អម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ទិដ្ឋភាព​នៃ​សួន​​​នេះ នឹង​ប្រែប្រួល។

កាលពី​ដើម​ខែ​ធ្នូ ២០១៦ លោក​នាយករដ្ឋមន្ត្រី ប្រកាស​ផ្លាស់ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ ទៅ​ជាយ​ក្រុង​ភ្នំពេញ​វិញ ដើម្បី​រៀបចំ​កន្លែង​ពាណិជ្ជកម្ម និង​សួន​ច្បារ​សាធារណៈ។

ទីលាន​ប្រជាធិបតេយ្យ ជា​កន្លែង​សម្រាប់​ជួប​ជុំ​ បញ្ចេញ​មតិ តវ៉ា​អហិង្សា។ វាមាន ទំហំ​ទទឹង ៥៥​ម៉ែត្រ និង​បណ្ដោយ ១៩៨​ម៉ែត្រ។ ទីលាន​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ កាល​ពី​ឆ្នាំ​២០១០ ដោយ​អតីត​អភិបាល​ក្រុង លោក កែប ជុតិមា។

ប្រជាពលរដ្ឋ​ដែល​តែង​ទៅ​អង្គុយ​ជ្រក​ម្លប់ រត់​ហាត់​ប្រាណ និង​លក់​ភេសជ្ជៈ នៅ​សួន​ច្បារ​គីឡូម៉ែត្រ​លេខ​៦​ មួយ​ចំនួន​ ដែល​អាស៊ីសេរី​បាន​ជួប​សម្ភាស ថ្លែង​ថា ពួកគេ​មិន​បាន​ដឹង​ពី​គម្រោង​ប្រែក្លាយ​សួន​ច្បារ​នេះ ជា​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ក្រោយ​ពី​ដឹង​ពី​គម្រោង​នេះ​ហើយ អ្នក​ខ្លះ មិន​ជំទាស់​នឹង​គម្រោង​នេះ​ទេ។ «»

​ទោះយ៉ាងណា អ្នក​ខ្លះ​ទៀត យល់​ថា ទីតាំង​សួន​ច្បារ​នេះ មិន​សក្ដិសម​សម្រាប់​ធ្វើ​ទីលាន​ប្រជាធិបតេយ្យ​ទេ។«»

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន សាលារាជធានី​ភ្នំពេញ កំពុង​សិក្សា​​គម្រោង​ប្រែ​ក្លាយ​ទីតាំង​សួនច្បារ​នេះ ទៅ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ។«»

លោក​បន្ថែម​ទៀត​ថា បើ​ទោះ​ជា​សួន​នេះ ត្រូវ​​រៀបចំ​ហើយ​សម្រាប់​ការ​ប្រមូល​ផ្ដុំ​តវ៉ា ប្រជាពលរដ្ឋ នៅ​អាច​មក​កម្សាន្ត និង​ហាត់​កីឡា បាន​ធម្មតា។

ប្រសិន​បើ​ពលរដ្ឋ ចង់​ស្នើ​សុំ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា លោក ភក្តី​ ឲ្យ​ដឹង​ថា ពលរដ្ឋ​អាច​ប្រើ​ទីតាំង​ចាស់​បាន នៅ​ពេល​សួនច្បារ​មិន​ទាន់​រៀបចំ​ហើយ។

ត្រឹម​ថ្ងៃ​ទី​១៩ មករា នៅ​ទីតាំង​សួនច្បារ​គីឡូម៉ែត្រ​លេខ​៦ អាស៊ីសេរី​មិន​ឃើញ​មាន​សកម្មភាព​រៀបចំ ឬ​កែលំអ​ ដើម្បី​ប្រែក្លាយ​សួន​ច្បារ​ទៅ​ជា​ទីលាន​ប្រជាធិបតេយ្យ​នៅ​ឡើយ។

សាលារាជធានី​ភ្នំពេញ មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ពិតប្រាកដ​ ថា​ពេល​ណា ការ​រៀបចំ​នេះ នឹង​ត្រូវ​បញ្ចប់​នោះ​ទេ តែ​នឹង​ព្យាយាម​ធ្វើឲ្យ​កាន់​តែ​ឆាប់​ចប់។

តំណាង​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី​១៨ មករា ២០១៧ បាន​ឈរ​​ជាមួយ​អាស៊ីសេរី នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ និយាយ​រំលឹក​ពី​ពេល​ដែល​អ្នកស្រី​រៀបចំ​​បាតុកម្ម​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ។

ទីលាន​ប្រជាធិបតេយ្យ​ ធ្លាប់​ត្រូវ​ក្រុម​សហជីព អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង យក​ជា​កន្លែង​ប្រមូល​ផ្ដុំ​គ្នា ស្រែក​តវ៉ា។ ក្នុង​ពេល​ភាព​ជាប់​គាំង​នយោបាយ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះជាតិ ក៏​បាន​បោះតង់​ ធ្វើ​ឆាក ដើម្បី​តវ៉ា​ទាក់​ទង​នឹង​លទ្ធផល​បោះឆ្នោត និង​ស្នើសុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ចុះ​ចេញ​ពី​តំណែង។​

ក៏ប៉ុន្តែ ការ​តវ៉ា​ត្រូវ​បាន​អាជ្ញាធរ​បំបែក។ សព្វថ្ងៃ មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ជាង​១០​នាក់ ត្រូវ​តុលាការ កាត់ទោស​ដាក់​ពន្ធនាគារ ​ទាក់ទង​នឹង​ការ​រឿង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ចង្អុល​ទៅ​ទី​ចំណុច​មួយ​នៅ​ខាង​លិច​ទីលាន​ប្រជាធិបតេយ្យ អ្នកស្រី​ មូរ សុខហួរ បញ្ជាក់​ថា ទីលាន​ប្រជាធិបតេយ្យ ជា​និមិត្ត​រូប​នៃ​ការ​តស៊ូ​ព្យាយាម នៃ​ការ​​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ដើម្បី​ស្វែង​រក​យុត្តិធម៌ និង​ការ​រស់នៅ​ប្រសើរ​ឡើង។«»

អ្នកស្រី មូរ សុខហួរ មិន​ចង់​ឃើញ​ការ​បំបាត់​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ បើ​ទោះជា​នឹង​មាន​កន្លែង​ថ្មី សម្រាប់​ការ​ប្រមូល​ផ្តុំ​ក៏ដោយ។«»

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​លក់​ដូរ​នៅ​ជុំ​វិញ​ទីលាន​ប្រជាធិបតេយ្យ ដែល​ហ៊ុម​ព័ន្ធ​ទៅ​ដោយ​អាគារ​ពាណិជ្ជកម្ម​រាប់​សិប​ជាន់ និង​ការដ្ឋាន​សំណង់​ផ្សេង​ៗ​ទៀត ថ្លែង​ថា ការ​ផ្លាស់​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ ជា​សិទ្ធិ​សម្រេច​របស់​អាជ្ញាធរ។

ក៏ប៉ុន្តែ អ្នក​តាម​ស្ថានការណ៍​កម្ពុជា យល់​ថា ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ដែល​ស្ថិត​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​បែប​នេះ អាច​នឹង​ត្រូវ​ធ្វើ​ទៅ​ធ្វើ​អាគារ​ពាណិជ្ជកម្ម ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​រាជធានី​ កំពុង​ហក់​ឡើង​ខ្លាំង។

អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស មើល​ឃើញ​ថា ការ​ផ្លាស់​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​ជាយ​ក្រុង នឹង​កាត់​បន្ថយ​ប្រសិទ្ធិ​ភាព​នៃ​ការ​តវ៉ា ដែល​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋ មិន​អើពើ ចំពោះ​ការ​ទាមទារ ហើយ​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ ដែល​នឹង​ពិបាក​ដោះស្រាយ។

មាត្រា​២៨ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ដែល​ប្រកាស​ឲ្យ​អនុវត្ត​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ បាន​ចែង​ថា អាជ្ញាធរ​រាជធានី និង​ខេត្ត​នីមួយៗ ត្រូវ​បង្កើត​កន្លែង​បញ្ចេញ​មតិ​ជា​សាធារណៈ។ រហូត​មក​ដល់​ពេល​នេះ ក្រៅ​ពី​នៅ​​រាជធានី​ភ្នំពេញ អាជ្ញាធរ​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ​មិន​ទាន់​ឃើញ​បង្កើត​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ដែន​ដី​ខ្លួន​នៅ​ឡើយ​ទេ៕

Thursday, January 19, 2017

កសិករ​ខេត្ត​ប៉ៃលិន​ត្អូញត្អែរ​ពី​តម្លៃ​ផ្លែ​តាង៉ែន​ចុះ​ថោក ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ


កសិករ​ប្រមូល​ផល​ផ្លែ​តាង៉ែន​នៅ​ភូមិ​សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided



ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ត្អូញត្អែរ​អំពី​តម្លៃ​ផ្លែ​តាង៉ែន​ចុះ​ថោក​ខ្លាំង ធ្វើ​ឲ្យ​លក់​មិន​បាន​ប្រាក់​កម្រៃ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ អ្នក​ភូមិ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លែ​តាង៉ែន​លក់​មិន​បាន​ប្រាក់​កម្រៃ ដោយសារ​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ យក​ប្រាក់​ពី​រថយន្ត​ឈ្មួញ​ជនជាតិ​ថៃ ច្រើន​ហួសហេតុ។

ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ កំពុង​ព្រួយ​បារម្ភ​ខ្លាច​រក​ប្រាក់​សង​បំណុល​គេ​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើមទុន​ដាំ​តាង៉ែន​មិន​បាន ដោយសារ​តាង៉ែន​ចុះ​ថោក។

ប្រជា​កសិករ​ម្នាក់​រស់នៅ​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ លោក គង់ សារ៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មករា ថា លោក​ដាំ​តាង៉ែន​ចំនួន ២​ហិកតារ ហើយ​ចំណាយ​ដើមទុន​អស់​ប្រមាណ ៦​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ថែម​ថា ផ្លែ​តាង៉ែន​ឆ្នាំ​នេះ​ចុះ​ថោក គឺ​ឈ្មួញ​ក្នុង​ស្រុក​ប្រមូល​ទិញ​តាង៉ែន​ល្អ​តម្លៃ ២​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​តាង៉ែន​មិន​សូវ​ល្អ ១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

លោក​អះអាង​ថា សព្វថ្ងៃ​មាន​ឈ្មួញ​មក​ពី​ប្រទេស​ថៃ ចូល​ទិញ​ឲ្យ​តម្លៃ​សមរម្យ​ប្រមាណ ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំងនោះ​តម្រូវ​ឲ្យ​កសិករ​ជា​អ្នក​ចំណាយ​ថ្លៃ​បង់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ដែល​រថយន្ត​ចំណុះ ២​តោន​ចំនួន ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង។ លោក​ថា តម្លៃ​ទាំងអស់​នេះ​លក់​មិន​បាន​ប្រាក់​ចំណេញ​នោះ​ឡើយ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​មើល​ច្រក​ព្រំដែន​ផ្សារ​ព្រំ​ផង ព្រោះ​ដោយសារ​តែ​ច្រក​មួយ​នេះ​ធ្វើ​ឲ្យ​ឈ្មួញ​ពិបាក​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ថៃ ខ្លាំង​ណាស់។ ឥឡូវ​កសិករ​បាក់​លែង​ចង់​ដាំ​ដំណាំ​តាង៉ែន​ហើយ ដោយសារ​ពិបាក​រឿង​នាំ​ចេញ ហើយ​គ្មាន​ទីផ្សារ​លក់​ផ្លែ​តាង៉ែន»។


ចម្ការ​តាង៉ែន​នៅ​ភូមិ​សួនអំពៅលិច សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided

អាស៊ីសេរី ពុំ​អាច​ទាក់ទង​សមត្ថកិច្ច​ប្រចាំ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ មករា។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​ថា ឈ្មួញ​ជនជាតិ​ថៃ នៅ​តែ​បន្ត​ទទួល​ទិញ​តាង៉ែន​ពី​កសិករ​រៀង​រាល់​ថ្ងៃ បើ​ទោះ​ជា​តម្លៃ​ចុះ​ថោក​បន្តិច​ក៏ដោយ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​កសិករ​ជួប​បញ្ហា​តម្លៃ​តាង៉ែន​ចុះ​ថោក គឺ​ពួក​គាត់​អាច​មក​ទាក់ទង​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​អន្តរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​លិខិត​បញ្ជាក់​គុណភាព​អនាម័យ​កសិផល ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ងាយ​ស្រួល៖ «ក្នុង​នោះ​មិន​ជា​យូរ​ទេ ព្រោះ​ថា​ខាង​ជំនាញ​គេ​ដឹង​ថា យើង​ចេញ​ទំនិញ​ស្រស់​អ៊ីចឹង គេ​មិន​ទុក​ឲ្យ​យូរ​ទេ គឺ​យ៉ាង​យូរ​មួយ​សប្ដាហ៍ ឬ​ក៏​មិន​ដល់​ផង ព្រោះ​ប្រទេស​គេ​ភ័យ​ខ្លាច​យើង​នាំ​ទំនិញ​ទៅ​មិន​មាន​អនាម័យ​ត្រឹមត្រូវ ឆ្លង​ដល់​ប្រទេស​គេ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី វ៉ែន ដារ៉ា មាន​ប្រសាសន៍​ថា ទិន្នផល​តាង៉ែន​នៅ​ខេត្ត​ប៉ៃលិន មាន​ស្ទើរ​គ្រប់​រដូវ ក៏ប៉ុន្តែ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មករា ដល់​ចុង​ខែ​កុម្ភៈ មាន​ច្រើន​ជាង​គេ។ អ្នកស្រី​បន្ថែម​ថា បញ្ហា​ទិន្នផល​របស់​កសិករ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ចុះ​ថោក រួម​មាន​ដំឡូងមី ពោត និង​ដំណាំ​តាង៉ែន តែង​ជួប​ប្រទះ​ជា​រៀង​រាល់​ឆ្នាំ៖ «អ៊ីចឹង​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ អត់​មាន​ទីផ្សារ​សម្រាប់​ឲ្យ​កសិផល​របស់​ពួក​គាត់ ដែល​ស្ថិត​ក្នុង​តម្លៃ​សមរម្យ​នៅ​ឡើយ​ទេ។ ខ្ញុំ​ប្រជុំ​លើក​ណា ក៏​ខ្ញុំ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​រក​ទីផ្សារ​លក់​កសិផល​ជូន​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ​ទេ»។

របាយការណ៍​មន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា កសិករ​ដាំ​ដំណាំ​តាង៉ែន​នៅ​ក្នុង​ខេត្ត​នេះ​មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ​នៅ​ស្រុក​សាលាក្រៅ និង​ក្រុង​ប៉ៃលិន។

រដ្ឋធម្មនុញ្ញ​មាត្រា​៦២ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិតផល ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល។ ចំណែក​មាត្រា​៦៣ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សមរម្យ៕

សហគមន៍​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​ស្នើ​ឱ្យ​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ឈើ

គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ជាប់​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈ​ប្រជា​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ចុះ​ល្បាត​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo provided


ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​តុលាការ ធ្វើ​យ៉ាង​ណា​ស៊ើបអង្កេត​រក​ឈ្មួញ​ឈើ​ធំៗ ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង។ ការ​ស្នើ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ចាប់​បាន​មនុស្ស​ចំនួន ៦​នាក់ បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​សហគមន៍​យល់​ថា ពួកគេ​ទាំង​នោះ​គឺ​ជា​កម្មករ ពុំ​មែន​ជា​មេខ្លោង​នោះ​ឡើយ។

​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ បញ្ជាក់​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ នឹង​លែង​កើត​មាន ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​តុលាការ​អាច​ស៊ើប​អង្កេត​រក​មេខ្លោង​ធំៗ ដែល​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ទាំង​នោះ​ឃើញ។ បន្ថែម​ពី​នេះ គឺ​ជួយ​ឱ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ការពារ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ជា​ជាង​ចាប់​ខ្លួន​កូន​ចៅ ឬ​កម្មករ​តូចតាច​នោះ។

ប្រជា​សហគមន៍​នៅ​ស្រុក​សណ្ដាន់ ម្នាក់ លោក ជុំ យីន មាន​ប្រសាសន៍​ថា យុទ្ធនាការ​បង្ក្រាប​កន្លែង​ស្តុក​ឈើ​ប្រណិត​នៅ​ក្បែរ​ផ្ទះ​របស់​អធិការ​ស្រុក​សណ្តាន់ គឺ​លោក អួង ម៉ូលី កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា គឺ​ទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ច្រើន។ លោក​បន្ត​ថា យុទ្ធនាការ​បង្ក្រាប​នេះ គឺ​សមត្ថកិច្ច​ចាប់​បាន​រថយន្ត​ដឹក​ឈើ​មួយ​ចំនួន និង​មនុស្ស​ចំនួន ៦​នាក់ ប៉ុន្តែ​លោក​ថា អាច​ជា​កម្មករ​ច្រើន​ជាង។

លោក​បញ្ជាក់​ថា កន្លែង​ស្តុក​ទុក​ឈើ​ក្បែរ​គេហដ្ឋាន​លោក អួង ម៉ូលី គឺ​អាច​មាន​ពាក់ព័ន្ធ​ជាមួយ​អធិការ​ស្រុក​សណ្ដាន់ រូប​នេះ ពិសេស ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ផានី ព្រម​ទាំង​ឈ្មួញ​ឈើ​ធំៗ​ផ្សេង​ទៀត៖ «សហគមន៍​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ចំពោះ​សកម្មភាព​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ ទាន់​ពេល​វេលា​ទី​មួយ។ ទី​ពីរ ខ្ញុំ​ស្នើ​ឱ្យ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពង់ធំ ចុះ​ស៊ើប​អង្កេត​មន្ត្រី​ស្ថាប័ន​ជា​អ្នក​ពាក់ព័ន្ធ»។
​សកម្មជន​ការពារ​ព្រៃឡង់ ដដែល​បញ្ជាក់​ថា មុន​ពេល​បង្ក្រាប​បទល្មើស​កើត​ឡើង សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ គឺ​មាន​ច្រើន ដោយ​សម្រុក​ដឹក​ចូល​ទីតាំង​ក្បែរ​ផ្ទះ​អធិការ​ស្រុក​សណ្ដាន់ ប៉ុន្តែ​ក្រោយ​ពេល​បង្ក្រាប​រួច​មក សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​គឺ​ស្ងប់ស្ងាត់​ទៅ​វិញ។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា មាន​ប្រសាសន៍​ថា ជន​ទាំង ៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត។ លោក​បន្ត​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​រួច​ហើយ ប៉ុន្តែ​ប្រសិនបើ​គេ​រក​ឃើញ​ថា ជន​ទាំង ៦​នាក់​នោះ មិន​បាន​ប្រព្រឹត្ត​ទេ នឹង​ត្រូវ​ដោះលែង​វិញ។ ចំណែក​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​យ៉ាង​ណា គឺ​ជា​ភារកិច្ច​របស់​ចៅក្រម​ស៊ើបសួរ៖ «ជា​ធម្មតា​ចៅក្រម​គាត់​ស៊ើបសួរ​សិន ប្រសិនបើ​រក​ឃើញ​ថា ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ទេ អា​ហ្នឹង​គេ​ឱ្យ​គាត់​ទៅ​វិញ»។

​ជុំវិញ​ករណី​នេះ អធិការ​ស្រុក​សណ្ដាន់ លោក អួង ម៉ូលី មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​ថា លោក​ជាប់​ប្រជុំ។ ប៉ុន្តែ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក អួង ម៉ូលី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​ថា រថយន្ត​ដឹក​ឈើ​មិន​មែន​ជា​របស់​លោក​ទេ ហើយ​ប្រពន្ធ​របស់​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​ដែរ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​កម្មករ​អារ​ឈើ​ឱ្យ​ប្រពន្ធ​អធិការ​ស្រុក​សណ្ដាន់ បញ្ជាក់​ថា អ្នកស្រី ផានី គឺ​ជា​មេខ្លោង​ជួល​ពួកគាត់​ឱ្យ​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់។

​បុរស​ដដែល​បន្ត​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​ពួកគាត់​អះអាង​ថា ក្រុម​គ្រួសារ​អធិការ​ស្រុក​សណ្ដាន់ បាន​បង់​ប្រាក់​ប្រចាំខែ​មួយ​ចំនួន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្នូរ​ការ​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ព្រៃឡង់ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក អួង ម៉ូលី ទាត់​ចោល ដោយ​លើក​ឡើង​ថា ជា​ការ​បង្ខូច​កិត្តិយស​ក្រុម​គ្រួសារ​របស់​លោក​ទៅ​វិញ។

​មន្ត្រី​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​នៅ​តែ​កើត​មាន​ឡើង បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​មាន​វិធានការ​តឹងរ៉ឹង​ក៏ដោយ។ លោក​យល់​ថា បទល្មើស​នៅ​តែ​កើត​ឡើង គឺ​ដោយសារ​តែ​មាន​អំពើ​ពុករលួយ​តែម្ដង ហើយ​ករណី​នេះ លោក​ពុំ​មាន​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ ឬ​តុលាការ​អាច​ស្វែង​រក​មេខ្លោង​ឃើញ​ណាស់៖ «ប្រសិនបើ​ចាប់​បាន​អ្នក​កាប់​ព្រៃឈើ​គ្មាន​ខ្សែ​បណ្ដាញ មនុស្ស​គ្មាន​បុណ្យ​ស័ក្ដិ​អី គឺ​យើង​ឃើញ​ថា មាន​ប្រសិទ្ធភាព​ច្រើន ប៉ុន្តែ​ប្រសិនបើ​ចាប់​បាន​ឈើ​ខុស​ច្បាប់​របស់​មន្ត្រី​រាជរដ្ឋាភិបាល របស់​មន្ត្រី​មាន​អំណាច​ហ្នឹង គឺ​យើង​ឃើញ​ថា មិន​ដែល​មាន​ប្រសិទ្ធភាព​ទេ»។

បើ​ទោះ​បី​ជា​មិន​សូវ​មាន​ជំនឿ​លើ​ការ​ស៊ើប​អង្កេត​រក​មេខ្លោង​ក៏ដោយ ប៉ុន្តែ​លោក សេង សុខហេង យល់​ថា ដើម្បី​ឱ្យ​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព គឺ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​រក​អ្នក​នៅ​ពី​ក្រោយខ្នង​ឱ្យ​បាន​ច្បាស់លាស់។ បន្ថែម​ពី​នេះ ត្រូវ​ដាក់​ទោសទណ្ឌ​ជន​ទាំង​នោះ​ដោយ​គ្មាន​ការ​លើក​លែង៕

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះវិហារ​ប្រកប​របរ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​លើ​ភ្នំ​ត្បែង


យុវជន ឡន លន់ ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth


ភ្នំ​ត្បែង ឋិត​នៅ​ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ទិស​ទក្សិណ​ពី​ទី​រួម​ខេត្ត​ព្រះវិហារ។ ទីនោះ​ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៤ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​សង្គមថ្មី ស្រុក​គូលែន និង​ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ។ នៅ​លើ​ខ្នង​ភ្នំ​ត្បែង បច្ចុប្បន្ន​មិន​មាន​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ស្អាត​សម្រាប់​ឲ្យ​អ្នក​ដំណើរ ឬ​ក៏​ប្រជាពលរដ្ឋ​អាច​ដឹក​ជញ្ជូន​អីវ៉ាន់ ឬ​ក៏​កសិផល​នានា​បាន​ដោយ​ងាយ​ស្រួល​ទេ។

អ្នក​ដំណើរ ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង គឺ​ត្រូវ​តែ​ប្រើ​កម្លាំង​កាយ​ដើរ​ដោយ​ថ្មើរ​ជើង ហើយ​ប្រសិន​បើ​មាន​អីវ៉ាន់​ច្រើន គឺ​ត្រូវ​ជួល​កម្លាំង​មនុស្ស​ខ្លះ​ឲ្យ​ជួយ​ស្ពាយ ឬ​ក៏​លី​ឡើង​ទៅ​លើ​ភ្នំ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាច់ស្រយាល​ខ្លះ​នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ស្រុក​ត្បែងមានជ័យ និង​ស្រុក​គូលែន របស់​ខេត្ត​ព្រះវិហារ កំពុង​នាំ​គ្នា​ទៅ​ធ្វើ​ជា​កម្មករ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​គ្រប់​ប្រភេទ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង នា​ពេល​បច្ចុប្បន្ន។

ការ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​ប្រមាណ ៦០០​ម៉ែត្រ​តាម​ជណ្ដើរ​ចំនួន​រហូត​ដល់​ទៅ ៣.០០០​កាំ​នោះ គឺ​ប្រើ​កម្លាំង​កាយ​សុទ្ធសាធ ប៉ុន្តែ​ពួក​គេ​នៅ​តែ​តស៊ូ​ធ្វើ​ការងារ​នេះ ពីព្រោះ​មិន​មាន​ការងារ​អ្វី​ផ្សេង​ទៀត​នៅ​ជិត​តំបន់​ដែល​ពួក​គេ​រស់នៅ​ឡើយ។

យុវជន​អាយុ​ជាង ២០​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​ជាច្រើន​ទៀត​ដែល​កំពុង​អង្គុយ​នៅ​ជើង​ភ្នំ​ត្បែង រង់ចាំ​អ្នក​មក​ជួល​ឲ្យ​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ គឺ​លោក ឡន លន់។ គាត់​មាន​ប្រសាសន៍​ថា រូប​គាត់​មាន​ស្រុក​កំណើត​នៅ​ឃុំ​សាលាវិស័យ នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​មាន​ប្រពន្ធ​នៅ​ភូមិ​ក្រាំងដូង ឃុំ​ព្រះឃ្លាំង នៃ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។
ឡន លន់ ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ព្រឹក​ព្រលឹម គាត់​តែង​ចេញ​ពី​ផ្ទះ​មក​អង្គុយ​នៅ​ជើង​ភ្នំ​ត្បែង ដើម្បី​រង់ចាំ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​របស់​ភ្ញៀវ ឬ​ក៏​លី​គ្រឿង​សំណង់​របស់​ព្រះសង្ឃ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង។ គាត់​ធ្វើ​ការងារ​ដ៏​លំបាក​បែប​នេះ ដោយសារ​តែ​គ្មាន​ការងារ​អ្វី​ផ្សេង​ទៀត​ទេ៖ «ស្ពាយ​ឡើង​ភ្នំ​រាល់​ថ្ងៃ និយាយ​ពី​ពិបាក​លើស​ពី​ពិបាក​ហើយ។ ខ្ញុំ​យក​ការងារ​នេះ​ធ្វើ​ជា​មុខ​របរ​យូរ​ដែរ​ហើយ ចុះ​ឡើងៗ​បាន​ប្រាក់​តិចតួច មិន​ដែល​សល់​ទុក​ទេ»។

ជា​រៀង​រាល់​ថ្ងៃ ក្រុម​កម្មករ​ស៊ី​ឈ្នួល​លី និង​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ត្បែង ទទួល​រ៉ាប់រង​ស្ពាយ​អីវ៉ាន់​គ្រប់​មុខ​ទាំងអស់ ឲ្យ​តែ​ភ្ញៀវ​ត្រូវ​ការ​ជួល​ពួក​គេ។ ពួក​គេ​ម្នាក់ៗ​អាច​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ចាប់​ពី​ទម្ងន់ ៣០​គីឡូក្រាម​ឡើង​ទៅ​ដល់ ៧០​គីឡូក្រាម ដោយ​ទទួល​បាន​កម្រៃ​ប្រហែល ១៥.០០០​រៀល​ទៅ ២០.០០០​រៀល​ក្នុង​មួយ​ជើងៗ។ ជួនកាល ពួក​គេ​មិន​ត្រឹម​តែ​ស្ពាយ​អីវ៉ាន់​ឡើង​ទៅ​ដល់​ទី​វត្ត​ដំបូក​ខ្មៅ នៃ​កំពូល​ភ្នំ​ត្បែង​ប៉ុណ្ណោះ​ទេ គឺ​គេ​បាន​ស្ពាយ​ដើរ​ថ្មើរ​ជើង​រហូត​ទៅ​ដល់​ភូមិ​ថ្មបីដុំ ដែល​នៅ​ឆ្ងាយ​ប្រហែល ៨​គីឡូម៉ែត្រ​ថែម​ទៀត​ផង។

យុវជន សារឿន រ៉ា (ឆ្វេង) និង​មិត្តភ័ក្ដិ​របស់​គាត់​ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ ឈប់​សម្រាក​នៅ​ក្នុង​ទី​វត្ត​ដំបូក​ខ្មៅ ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth

យុវជន​ម្នាក់​ទៀត​ជា​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ដែរ មក​ពី​ឃុំ​សាលាវិស័យ នៃ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ លោក សារឿន រ៉ា ឲ្យ​ដឹង​ថា គាត់​មិន​មាន​ចំណេះ​វិជ្ជា​សម្រាប់​ធ្វើ​ការងារ​អ្វី​ចិញ្ចឹម​ជីវិត​ទេ ពីព្រោះ​គាត់​មិន​ចេះ​អក្សរ​ខ្មែរ​ទាល់​តែ​សោះ។ យុវជន​ដដែល​បញ្ជាក់​ថា តាំង​តែ​ពី​កុមារភាព រូប​គាត់​តែង​ប្រើ​កម្លាំង​ដើរ​ស៊ី​ឈ្នួល​គេ គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវិត ពីព្រោះ​តែ​ដី​ស្រែ​ចម្ការ​មាន​តិចតួច៖ «ស្ពាយ​ស៊ីម៉ងត៍ លី​អីវ៉ាន់​គ្រប់​យ៉ាង​ទាំងអស់ ពិបាក​ណាស់! ណា​វា​ហត់​ផង ណា​ចុក​ជើង​ចុក​ដៃ សរសៃសសូង​គ្រប់​កន្លែង​ទាំងអស់។ សំណួរ៖ ចុះ​កម្រៃ​ដែល​រក​បាន​យក​ទៅ​ធ្វើ​អ្វី​ខ្លះ? ឆ្លើយ៖ យក​ទៅ​ឲ្យ​ប្រពន្ធ​ធ្វើ​ស្រែ​ភ្ជួរ​រាស់​ដី​ជាដើម»។

ភាគច្រើន​នៃ​អីវ៉ាន់​ដែល​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​ឡើង​លើ​ភ្នំ​ត្បែង​នោះ គឺ​ជា​សម្ភារ​សំណង់​របស់​ព្រះសង្ឃ​ដែល​កំពុង​តែ​ត្រូវ​ការ​កសាង​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ ដូចជា​ការ៉ូ ឥដ្ឋ ស៊ីម៉ងត៍ ព្រម​ទាំង​ដែក​ជាដើម។

អ្នក​គ្រប់គ្រង​ការ​សាងសង់​អារាម​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ លោក ឌុក វុទ្ធី មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​កម្មករ​ប្រុសៗ​ជាច្រើន​នាក់​មក​ពី​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ មក​ពី​ស្រុក​ត្បែងមានជ័យ និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាដើម តែង​មក​ស៊ី​ឈ្នួល​លី និង​ស្ពាយ​សម្ភារ​សំណង់​មក​សាងសង់​ទី​វត្ត។ លោក ឌុក វុទ្ធី បញ្ជាក់​ថា បច្ចុប្បន្ន​ដំណើរ​ការ​សាងសង់​ទី​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ នៅ​លើ​ខ្នង​ភ្នំ​ត្បែង​នេះ បើ​កុំ​តែ​បាន​កម្លាំង​កម្មករ​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ កុំ​អី​មិន​អាច​ដំណើរ​ការងារ​គ្រប់​យ៉ាង​បាន​ទេ៖ «កាល​មុន​វា​មាន​ច្រើន ប៉ុន្តែ​ឥឡូវ​ដល់​រដូវ​គេ​ដក​ដំឡូង គឺ​កម្មករ​ខ្លះ​បាន​ទៅ​ដក​ដំឡូង​ហើយ។ នៅ​ទីនេះ​បើ​កម្មករ​មួយ​ក្រុម​រវល់​ទៅ គឺ​កម្មករ​មួយ​ក្រុម​ទៀត​មក​ប្ដូរ​វេន​គ្នា»។

ចាប់​តាំង​តែ​ពី​ជើង​ភ្នំ​រហូត​ទៅ​ដល់​កំពូល​ភ្នំ​ត្បែង គឺ​មិន​សូវ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ទេ។ ក្រុម​កម្មករ​ដែល​ស៊ី​ឈ្នួល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ទាំងអស់ ប្រសិន​បើ​គេ​ចុះ​មក​ជើង​ភ្នំ​អង្គុយ​ចាំ​ស្ពាយ​អីវ៉ាន់​យូរ គឺ​ពួក​គេ​ប្រាកដ​ជា​ដាច់​បាយ​ថ្ងៃ​ត្រង់ ប៉ុន្តែ​បើ​ពួក​គេ​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាន់​ពេល​ព្រះសង្ឃ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់ គឺ​អាច​បាន​ចង្ហាន់​ដែល​នៅ​សេសសល់។

ព្រះ​ភិក្ខុ រី បូរិន គង់​នៅ​វត្ត​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ មាន​ព្រះ​ថេរ​ដីកា​ថា បច្ចុប្បន្ន​នៅ​ទី​វត្ត​លើ​កំពូល​ភ្នំ គឺ​មាន​ព្រះសង្ឃ​តែ ៣​អង្គ​គង់​នៅ និង​មាន​តា​យាយ​ចំនួន ៦​នាក់​នៅ​ជួយ​ធ្វើ​ចង្ហាន់​ប៉ុណ្ណោះ មិន​មាន​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ទេ។ ភិក្ខុ រី បូរិន បញ្ជាក់​ថា សព្វថ្ងៃ ព្រះអង្គ និង​ព្រះសង្ឃ ២​អង្គ​ផ្សេង​ទៀត​ក៏​មិន​មាន​ចង្ហាន់​គ្រប់គ្រាន់​ដូចជា​ព្រះសង្ឃ​ដែល​គង់​នៅ​ទីក្រុង​ដែរ ប៉ុន្តែ​ចេះ​តែ​ជួយ​ដល់​កម្មករ​ដែល​ស្ពាយ​អីវ៉ាន់​ឡើង​ភ្នំ​ទាំងនោះ ឲ្យ​គ្នា​បាន​អាហារ​គ្រាន់​តែ​ចម្អែត​ក្រពះ​ទៅ៖ «ចង្ហាន់​សព្វថ្ងៃ​ហ្នឹង​ជួន​ណា​ទៅ​ក៏​មាន​បន្លែ​បេះ​ពី​ក្នុង​ព្រៃ ហើយ​មាន​មើម​ដំឡូង​អី​ខ្លះ​ទៅ។ ជួនកាល​ក៏​មាន​ញាតិញោម​យក​មក​ពី​ឆ្ងាយ​ប្រគេន​ខ្លះ​ទៅ»។

លើ​ខ្នង​ភ្នំ​ត្បែង ថ្វីត្បិតតែ​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ មាន​ទឹក​ធ្លាក់ និង​ព្រៃ​ភ្នំ​ស្រស់​បំព្រង ក៏ប៉ុន្តែ​មិន​មាន​អ្នក​ទេសចរ​ពី​ចម្ងាយ​ឡើង​ទៅ​កម្សាន្ត​នៅ​ឡើយ​ទេ។ អ្នក​ដែល​ឡើង​ទៅ​កាន់​តំបន់​ភ្នំ​នេះ ភាគច្រើន គឺ​សុទ្ធតែ​មាន​ឥរិយាបថ​ចម្លែកៗ​មិន​សូវ​ចាប់​អារម្មណ៍​ពី​ការ​រីក​ចម្រើន​របស់​សង្គម​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អ្វី​ទេ ច្រើន​តែ​របៀប​ជា​តាបស និង​លោកធុតង្គ ស្វែងរក​ធម៌ និង​អំណាច​ខាង​សាសនា​ប៉ុណ្ណោះ។

បច្ចុប្បន្ន ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​ដំបូក​ខ្មៅ កំពុង​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​នៅ​លើ​កំពូល​ភ្នំ​ត្បែង ក្នុង​បំណង​ចង់​ឲ្យ​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នោះ ដើម្បី​ធ្វើ​បុណ្យ​ទាន​ផង និង​កម្សាន្ត​សប្បាយ​ជាមួយ​ធម្មជាតិ​ផង​ក្នុង​ពេល​អនាគត៕

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់


បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea


មន្ត្រី​គណៈកម្មការ​ចម្រុះ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​វាស់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ដើម្បី​អភិរក្ស​បឹង​ទឹក​សាប​មួយ​នេះ​ឲ្យ​បាន​គង់វង្ស និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជក្រឹត្យ។ មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម គាំទ្រ​សកម្មភាព​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុម​គណៈកម្មការ​ចម្រុះ​ចុះ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឈាន​ដល់​ដក​ហូត​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដែល​មន្ត្រី​មាន​អំណាច និង​បុគ្គល​មួយ​ចំនួន​ចាក់​ដី​រំលោភ​យក​កន្លង​ទៅ យក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រុម​ការងារ​ចម្រុះ​កំពុង​ចុះ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បង្កើត​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់ ដែល​មាន​ផ្ទៃដី​រង​ទឹក​ភ្លៀង​ចំនួន​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) ដើម្បី​ធានា​ថែ​រក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ដឹកនាំ​ដោយ​រូប​លោក និង​មាន​ការ​ចូលរួម​ពី​ប្រធាន​មន្ទីរ សុរិយោដី​ខេត្ត មន្ទីរ​បរិស្ថាន មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរ​ក្រុង-សង្កាត់ បាន​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ជា​ជំហាន​ដំបូង​រួច​ហើយ​នៅ​ខែ​មករា ឆ្នាំ​២០១៧ នេះ ដើម្បី​រៀបចំ​ឯកសារ​ទាំងនេះ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​បរិស្ថាន ជាដើម ដើម្បី​ឈាន​ដល់​កំណត់​ព្រំ​ច្បាស់លាស់​រក្សា​ការពារ និង​អភិរក្ស​តំបន់​ប្រភព​ទឹក​ស្អាត​នៃ​បឹង​ទឹក​សាប​ព្រែក​ទប់ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឡើង​វិញ។

លោក ស្រ៊ុន ស្រ៊ន់ បាន​បញ្ជាក់​ថា ដោយសារ​តែ​កន្លង​ទៅ នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ទឹក​សាប​ព្រែក​ទប់ ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​ហ៊ុមព័ទ្ធ​របង និង​ចាក់​ដី​ចូល​មាត់​បឹង រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​ឈាន​ដល់​រដ្ឋាភិបាល​មាន​ផែនការ​ការពារ​ឲ្យ​បាន​គង់វង្ស​នា​ថ្ងៃ​អនាគត។


មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្នើ​ឲ្យ​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ចុះ​អនុវត្ត​ការងារ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឈាន​ដល់​អាច​រក្សា​ផ្ទៃ​បឹង​ឲ្យ​បាន​គង់វង្ស​នា​ពេល​ខាង​មុខ។

មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ បាន​រិះគន់​សកម្មភាព​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ផ្ដើម​ដោយ​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាណត្តិ​មុនៗ​ដែល​ឃុបឃិត​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ពី​មាន​វិសាលភាព​ធំ​ទូលាយ មក​សល់​ត្រឹម​ជាង ១៦​ហិកតារ​នៅ​ពេល​នេះ៖ «ផ្ទៃ​បឹង​ពី​មុន​ធំធេង​រាប់​សិប​ហិកតារ ហើយ​ឥឡូវ​នៅ​សល់​តែ ១៦​ហិកតារ ឃើញ​ថា​បាត់​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​នេះ​យ៉ាង​ធំ បាន​ធ្លាក់​ទៅ​ដល់​ដៃ​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​ពុះ​ច្រៀក​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ តាម​រយៈ​ប្រព័ន្ធ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទឹក​សាប​មួយ​នេះ​នៅ​សល់​តែ ១៦​ហិកតារ។ យើង​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ហើយ​ទោះ​បី​នៅ​សល់​តែ ១៦​ហិកតារ​ក៏ដោយ បើ​សិន​ជា​យើង​អភិរក្ស​បោះ​បង្គោល​ព្រំ​កំណត់​ផ្ទៃ​បឹង​ក៏ដោយ ក៏​ផ្ទៃ​បឹង​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បាន​ធំ​ទូលំទូលាយ​ដូច​កាល​ពី​ដើម​ឡើយ»។

បន្ថែម​លើ​នេះ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល​គួរ​ត្រូវ​ពិនិត្យ​មើល​ទិដ្ឋភាព​ផ្លូវ​ច្បាប់ ដើម្បី​ឈាន​ដល់​រឹប​អូស​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ដែល​ត្រូវ​មន្ត្រី​មាន​អំណាច និង​បុគ្គល​មួយ​ចំនួន​បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​កន្លង​ទៅ យក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សង្គម​រូប​នេះ ហាក់​មាន​ជំនឿ​តិចតួច​ថា គណៈកម្មការ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អាច​ចុះ​អនុវត្ត​ការងារ​ការពារ និង​អភិរក្ស​បឹង​ព្រែក​ទប់​មាន​ប្រសិទ្ធភាព ព្រោះ​អ្នក​មាន​ចំណែក​ដី​ភាគច្រើន​នៅ​ជុំវិញ​បរិវេណ​តំបន់​បឹង​ព្រែក​ទប់ គឺ​ជា​ឈ្មួញ​មាន​ទ្រព្យ និង​ជា​អ្នក​មាន​ឋានៈ​ខ្ពស់ៗ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន។

បឹង​ព្រែកទប់ ស្ថិត​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចុះ​បោះ​បង្គោល​កំណត់​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទឹក​សាប​ព្រែក​ទប់ ជា​ការ​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្ដីពី​ការងារ​ថែ​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​នេះ ក៏​ដើម្បី​ត្រៀម​រៀបចំ​សង់​ទំនប់​ការពារ និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹកសាប​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​តំបន់​នេះ​នា​ថ្ងៃ​ខាង​មុខ។

លោក នួន ប៉ុក ឲ្យ​ដឹង​ទៀត​ថា តំបន់​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ នឹង​ត្រូវ​ធានា​ថែ​រក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ និង​អភិរក្ស​បឹង​ព្រែក​ទប់​មួយ​នេះ​ឲ្យ​បាន​គង់វង្ស សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​រួម​របស់​សាធារណជន​ទូទៅ។

ចំណែក​អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​វាស់​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់ ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ និង​ត្រូវ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​ចង់​និយាយ​ថា ពី​មុន​ផ្ទៃ​បឹង​ហ្នឹង​មិន​មាន​ត្រឹម​តែ​ជាង ១៦​ហិកតារ​ហ្នឹង​ទេ គឺ​មាន​ទំហំ ឬ​ផ្ទៃ​បឹង​ធំ​ទូលាយ​ណាស់។ តាំង​ពី​ដើម​មក យើង​ជា​សង្គម​ស៊ីវិល​បាន​តស៊ូ​មតិ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចេញ​មុខ​ប្ដឹង​ទាមទារ​យក​ចំណី​ផ្ទៃ​បឹង​ធម្មជាតិ​បឹង​ព្រែក​ទប់ មក​ដាក់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គ្រប់គ្រង​វិញ ព្រោះ​មាន​តែ​អាជ្ញាធរ​ខេត្ត​នេះ​ហើយ ដែល​តំណាង​ឲ្យ​រដ្ឋ​នៅ​ក្នុង​ការងារ​ប្ដឹង​ទាមទារ​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ យក​មក​ថែ​រក្សា​ទុក​វិញ។ ក៏ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ហ្នឹង​ទេ»។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​ផែនការ​អភិរក្ស​ការពារ​បឹង​ព្រែក​ទប់ របស់​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​ដាក់​បញ្ចូល​តំបន់​បឹង​ព្រែក​ទប់ ការពារ​ដោយ​ព្រះរាជក្រឹត្យ​ឲ្យ​មាន​ប្រសិទ្ធភាព។

ជាង​នេះ​ទៀត សាធារណជន​ក៏​ទន្ទឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​បុគ្គល​ដែល​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ហើយ​មាន​បុគ្គល​ខ្លះ​ត្រូវ​មន្ទីរ​ជំនាញ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់​ស្រប​ច្បាប់​ផង​នោះ ថា​តើ​រដ្ឋាភិបាល​នឹង​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ចំពោះ​បុគ្គល​ខ្លះ ដើម្បី​ឈាន​ដល់​ដក​ហូត​យក​ចំណែក​ដី​មាត់​បឹង​ព្រែក​ទប់ ដែល​ត្រូវ​រំលោភ​បំពាន​ទាំងនោះ យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៕